ប្រទេសចិនបានដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងការវិនិយោគលើក្រុមហ៊ុនម៉ៅការសម្ភារៈយោធាអាមេរិកាំង Lockheed Martin និង Raytheon ចំពោះការផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ឲ្យនៅឯកោលើកោះដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយដែលទាមទារដោយបក្សកុម្មុយនិស្តចិនថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនត្រូវបានរារាំងមិនឲ្យនាំទំនិញចូលទៅក្នុងប្រទេសចិន ឬធ្វើការវិនិយោគទុនថ្មីនៅក្នុងប្រទេសទេ។
គេនៅមិនទាន់ដឹងច្បាស់ទេថា តើការដាក់ទណ្ឌកម្មនេះអាចមានផលប៉ះពាល់អ្វីខ្លះទៅលើ ក្រុមហ៊ុន Lockheed Martin ឬ Raytheon ។
សហរដ្ឋអាមេរិករារាំងការលក់ភាគច្រើននៃបច្ចេកវិទ្យាដែលទាក់ទងនឹងយោធាទៅឱ្យចិន ប៉ុន្តែក្រុមហ៊ុនដែលផ្គត់ផ្គង់សម្ភារៈយោធាមួយចំនួនក៏មានអាជីវកម្មស៊ីវិលផ្នែកលំហអាកាស និងទីផ្សារផ្សេងទៀតផងដែរ៕