ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ CIA ថា កុំ​មើលស្រាល​មហិច្ឆតា​របស់​លោក Xi Jinping ចំពោះ​តៃវ៉ាន់


រូបឯកសារ៖ ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក (CIA) លោក William Burns ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ CIA នៅ​រដ្ឋ Virginia កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក (CIA) លោក William Burns ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ CIA នៅ​រដ្ឋ Virginia កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

កាលពី​ថ្ងៃ​ទី ២ ខែ​កុម្ភៈ ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក (CIA) លោក William Burns បាន​និយាយ​ថា គេ​មិន​គួរ​មើលស្រាល​មហិច្ឆតា​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ចំពោះ​កោះ​តៃវ៉ាន់​នោះ​ទេ បើ​ទោះបីជា​លោក Xi ទំនង​ជា​មិន​និយាយ​អ្វី​អំពី​ប្រតិបត្តិការ​របស់​កង​យោធា​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Burns បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ដឹង «តាម​ការ​ស៊ើបការណ៍​សម្ងាត់» ថា លោក Xi បាន​បញ្ជា​ឱ្យ​កង​យោធា​របស់​លោក​ត្រៀម​លក្ខណៈ​ធ្វើការ​លុកលុយ​កោះ​តៃវ៉ាន់​នៅ​ត្រឹម​ឆ្នាំ ២០២៧ ខាង​មុខ។

លោក Burns បាន​ថ្លែង​ប្រាប់​ការ​ប្រជុំ​មួយ​នៅ​សាកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ថា៖ «នៅ​ពេល​នេះ ករណី​នេះ​មិនមែន​មាន​ន័យ​ថា​លោក Xi បាន​សម្រេច​ធ្វើ​ការ​លុកលុយ​នៅ​ក្នុង​ឆ្នាំ ២០២៧ ឬ​នៅ​ឆ្នាំ​ណា​មួយ​ទៀត​នោះ​ទេ ប៉ុន្តែ​នេះ​គឺជា​ការ​រំឭក​អំពី​ការ​ផ្តោត​និង​អំពី​មហិច្ឆតា​របស់​លោក Xi»។

លោក​បាន​បញ្ជាក់​បន្ត​ថា៖ «ការ​វាយតម្លៃ​របស់​យើង​នៅ​ទីភ្នាក់ងារ CIA គឺ​ថា ខ្ញុំ​មិន​មើលស្រាល​មហិច្ឆតា​របស់​លោក Xi ទេ​ទាក់ទិន​នឹង​រឿង​តៃវ៉ាន់»។

លោក​បាន​បន្ថែម​ថា មេដឹកនាំ​ចិន​រូប​នេះ​ហាក់ដូចជា «ភ្ញាក់ផ្អើល​និង​មួម៉ៅ» ហើយ​ព្យាយាម​ទាញ​យក​មេរៀន​ពី «កិច្ច​ប្រតិបត្តិការ​មិន​ដំណើរការ​ល្អ» របស់​កង​យោធា​រុស្ស៊ី​និង​ប្រព័ន្ធ​អាវុធ​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

រុស្ស៊ី​និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាព​ដៃគូ «គ្មាន​កម្រិត» កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន គឺ​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​មុន​ពេល​កង​កម្លាំង​របស់​រុស្ស៊ី​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន ហើយ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នេះ​បាន​រីក​ចម្រើន​នៅ​ពេល​ដែល​ទំនាក់ទំនង​របស់​រុស្ស៊ី​ជាមួយ​ក្រុម​បស្ចិម​ប្រទេស​បាន​ធ្លាក់ចុះ។

ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​បណ្ដា​បស្ចិម​ប្រទេស​កាន់តែ​មាន​ក្ដី​កង្វល់​ថា ប្រទេស​ចិន​អាច​មាន​វិធានការ​ស្រដៀង​គ្នា​នេះ​លើ​កោះ​តៃវ៉ាន់​ដែល​ជា​កោះ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​រដ្ឋាភិបាល​ចិន​អះអាង​ថា​ជា​ដែនដី​របស់​ខ្លួន។

កន្លង​មក ចិន​មិន​បាន​ថ្កោលទោស​កិច្ច​ប្រតិបត្តិការ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ទេ ប៉ុន្តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​មិន​ផ្តល់​ការ​គាំទ្រ​ខាង​សម្ភារ​ដោយ​ផ្ទាល់​ណា​មួយ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​ក្រុម​បស្ចិម​ប្រទេស​ដូច​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ដាក់​លើ​រុស្ស៊ី​ដែរ។

លោក Burns បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា វា​គឺ​ជា​កំហុស​មួយ​ដែល​មើលស្រាល​លើ​ការ​តាំងចិត្ត​ទៅវិញ​ទៅមក​វវាង​ចិន​និង​រុស្ស៊ី​ចំពោះ​ភាព​ជា​ដៃគូ​នេះ ប៉ុន្តែ​វា​មិនមែន​ជា​មិត្តភាព​ដែល​គ្មាន​កម្រិត​ទាំងស្រុង​នោះ​ទេ»។

លោក Burns បាន​ហៅ​ប្រទេស​ចិន​ថា​ជា «ឧបសគ្គ​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​បំផុត» ដែល​សហរដ្ឋ​អាមេរិក​ប្រឈម​ជាមួយ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិន​មាន​លក្ខណៈ​ពិសេស ហើយ​វា​មាន​ស្ទើរតែ​ក្នុង​គ្រប់​ផ្នែក​ទាំងអស់ មិន​មែន​តែ​ក្នុង​ផ្នែក​យោធា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្នុង​ផ្នែក​មនោគមវិជ្ជា សេដ្ឋកិច្ច បច្ចេកវិទ្យា ដែន​អ៊ីនធឺណិត និង​ផ្នែក​អវកាស​ទៀត​ផង។ វា​គឺជា​ការ​ប្រកួតប្រជែង​សាកល​ដែល​ខ្លាំង​ជាង​ការ​ប្រកួត​ប្រជែង​ជាមួយ​ពួក​សូវៀត​កាលពី​ពេល​មុន​ទៅ​ទៀត»។

គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​បន្ទាន់​ណា​មួយ​ពី​ស្ថានទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ឡើយ​ទេ​ទាក់ទិន​នឹង​ការ​លើកឡើង​ទាំង​នេះ​របស់​លោក Burns៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG