ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​គ្រោង​​ផ្តល់​សេវា​ថែទាំ​យន្តហោះ​ចម្បាំង F-16​ របស់​បរទេស ដោយ​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ


រូបឯកសារ៖ យន្តហោះចម្បាំង F-16 របស់កោះតៃវ៉ាន់ ចាប់ផ្តើមហោះចេញពីមូលដ្ឋានយោធា ក្នុងអំឡុងសមយុទ្ធ Han Kuang ប្រចាំឆ្នាំ នៅទីក្រុង Chiayi កោះតៃវ៉ាន់ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។
រូបឯកសារ៖ យន្តហោះចម្បាំង F-16 របស់កោះតៃវ៉ាន់ ចាប់ផ្តើមហោះចេញពីមូលដ្ឋានយោធា ក្នុងអំឡុងសមយុទ្ធ Han Kuang ប្រចាំឆ្នាំ នៅទីក្រុង Chiayi កោះតៃវ៉ាន់ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។

មជ្ឈមណ្ឌល​ថ្មី​មួយ​របស់​តៃវ៉ាន់​សម្រាប់​ថែទាំ​យន្តហោះ​ចម្បាំង​ប្រភេទ F-16 សង្ឃឹម​ថា ​នឹងអាច​ផ្តល់​សេវា​ថែទាំ​យន្តហោះ​ផលិត​ដោយ​អាមេរិក​នេះ​ សម្រាប់​ប្រទេស​ជា​ច្រើន។ គោលដៅ​នេះ​ទំនង​នឹង​ធ្វើ​ឲ្យ​ប្រទេស​ចិន​ខឹង​សម្បារ ​ហើយ​អ្នក​ជំនាញ​ថា ​ប្រសិនបើ​ផែនការ​នេះ​បាន​សម្រេច ​វា​នឹងកែប្រែនយោបាយ​ការទូត​ខាង​យោធា​នៅ​អាស៊ី។

ប្រទេស​ចិន​ដីគោក​តែង​ទាមទារ​អធិបតេយ្យភាព​លើ​ដែល​កោះ​តៃវ៉ាន់​ ដែល​គ្រប់គ្រង​ខ្លួន​ឯង​នោះ ហើយ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​ដទៃ​នានា គាំទ្រ​រដ្ឋាភិបាល​តៃវ៉ាន់ ជា​ពិសេស​ក្នុង​វិស័យ​ការពារ​ជាតិ។ មន្ត្រី​ចិន​បាន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​រួច​ទៅ​ហើយ ​ចំពោះ​ការ​ដែលសហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Lockheed Martin លក់​យន្តហោះ​ចម្បាំង​ប្រភេទ ​F-16 ទៅ​ឲ្យ​តៃវ៉ាន់​នោះ។

មន្ត្រីតៃវ៉ាន់​ចង់​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​ពី​កងទ័ព​ចិន​ដីគោក ​ដែល​មាន​ចំនួន​ច្រើន​ជាង​ខ្លួន​លើស​លុប​នោះ និង​កសាង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ផ្សេង​ទៀត។ ការ​ស្ទង់​មតិ​មួយរបស់​រដ្ឋាភិបាលតៃវ៉ាន់ ​កាល​ពី​ឆ្នាំ​ ២០១៩ ​បានរក​ឃើញ​ថា ពលរដ្ឋ​តៃវ៉ាន់​ភាគ​ច្រើនថា ​ពួក​គេ​នឹង​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ប្រទេស​ចិន។

មជ្ឈមណ្ឌល​ថែទាំ ជួសជុល និង​រុះរើ​យន្តហោះ​ចម្បាំង F-16 របស់​ក្រុមហ៊ុន​ដេញ​ថ្លៃ​តៃវ៉ាន់​ឈ្មោះ Aerospace Industrial Development Corporation នឹង​ផ្តល់​សេវាកម្ម​ដល់យន្តហោះ F-16 ក្នុង​ស្រុក​ ហើយ​កំពុង​ស្វែង​រក​ឱកាស​ផ្តល់​សេវាកម្ម​ដល់​អ្នក​ប្រើប្រាស់​យន្តហោះ F-16 ពីក្រៅ​ប្រទេស​ដែរ។​

មជ្ឈមណ្ឌល​ដែល​មាន​តម្លៃ ៣.៧០០​ លាន​ដុល្លារ ​និង​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន Lockheed Martin នេះ​ត្រូវ​បាន​បើក​សម្ពោធ​ កាល​ពី​ថ្ងៃ​ទី ២៨ ​ខែ​សីហា។

លោក Lo Chih-cheng ​អ្នកតាក់តែង​ច្បាប់​មក​ពី​គណបក្ស​កាន់​អំណាច​តៃវ៉ាន់ ​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​អាច​ធ្វើ​ការ​សហការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​បាន នោះ​ខ្ញុំ​គិត​ថា វា​នឹង​ជា​ជំហាន​សំខាន់​មួយ​សម្រាប់​សមត្ថភាពផលិត​ និង​ថែទាំយន្តហោះ​ទាំង​នោះ​ក្នុង​ស្រុក​របស់​តៃវ៉ាន់»។​

លោក ​Lo បន្លែម​ថា៖ «យើង​មិន​ត្រឹម​តែ​សង្ឃឹម​ថា ​នឹង​ទិញ​សព្វាវុធ​ពី​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ។ យើង​ក៏​សង្ឃឹម​ថា នឹង​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដែរ ដូច្នេះ​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ផលប្រយោជន៍​ដោយ​ប្រយោល​ខ្លះ​ពី​រឿង​នេះ»។

នៅ​ជុំវិញ​ទ្វីប​អាស៊ី ប្រទេស​សិង្ហបុរី​មាន​យន្តហោះ​ចម្បាំងប្រភេទ F-16 ចំនួន​ ៦២ ​គ្រឿង កូរ៉េ​ខាង​ត្បូង​មាន ១៨០ គ្រឿង ជប៉ុនមាន ​៧៦ ​គ្រឿង ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន​អាមេរិក​និង​ជប៉ុន ​ដែល​ប្រើ​បច្ចេកវិទ្យា F-16។ ប្រទេស​ថៃ​មាន​យន្តហោះ​ប្រភេទ​នេះ​ចំនួន​ ៥៤​ គ្រឿង ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ ៣៣​ គ្រឿង។ កោះ​តៃវ៉ាន់​ខ្លួន​ឯង​មាន​យន្តហោះ​នេះ ១៤២​ គ្រឿង ដោយ​រំពឹង​ថា​នឹង​ទទួល​បាន ​៦៦ ​គ្រឿង​ទៀត ​នៅ​ត្រឹម​ឆ្នាំ​ ២០២៦។ ជា​ទូទៅ​ កងទ័ព​ជើង​អាកាស​បរទេស​តែង​ចុះ​កិច្ចសន្យា​ថែទាំ​យន្តហោះ​នេះ​ ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ដេញ​ថ្លៃ។​

រូបឯកសារ៖ គ្រាប់ផ្ទុះរបស់យន្តហោះចម្បាំង F-19 របស់អាមេរិក ត្រូវបានដាក់នៅក្នុងសមយុទ្ធយោធាមួយនៅក្រុង Chiayi កោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ គ្រាប់ផ្ទុះរបស់យន្តហោះចម្បាំង F-19 របស់អាមេរិក ត្រូវបានដាក់នៅក្នុងសមយុទ្ធយោធាមួយនៅក្រុង Chiayi កោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

លោក Shane Lee សាស្ត្រាចារ្យ​ចូល​និវត្តិន៍​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​នៃ​សាកលវិទ្យាល័យ​គ្រិស្តសាសនា Chang Jung នៅ​តៃវ៉ាន់​ថ្លែង​ថា៖ «តៃវ៉ាន់​ស្ថិតនៅក្បែរ ប្រទេស​ទាំង​នេះ ដូច្នេះ​តៃវ៉ាន់​អាច​ទទួលសេវា​ថែទាំ​ពី​បរទេស»។

បណ្តា​ប្រទេស​អាស៊ី​ដែល​មាន​យន្តហោះ F-16 ទទួល​ស្គាល់​ទំនាក់ទនង​ការ​ទូត​ផ្លូវជាមួយ​ចិន ​មិន​មែន​តៃវ៉ាន់​ទេ។ នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហាម​ឃាត់​ប្រទេស​ទាំង​នេះ ​មិន​ឲ្យ​មាន​ទំនាក់ទំនង​នយោបាយ ​ឬ​ទំនាក់ទំនង​យោធា​ជាន់ខ្ពស់ជាមួយ​តៃវ៉ាន់​ទេ។ អ្នក​វិភាគ​ថា កងទ័ព​អាកាស​នៃ​ប្រទេស​ទាំង​នេះ​ មិន​ចង់​ឲ្យ​ចិន​ឃើញ​ខ្លួន​បើក​យន្តហោះ ​F-16 ទៅ​ថែទាំ​នៅ​កោះ​តៃវ៉ាន់​ទេ។ រដ្ឋាភិបាល​ចិនពេល​ខ្លះ​អាច​កាត់​ផ្តាច់​ការគាំទ្រ​សេដ្ឋកិច្ច​ដល់​ប្រទេស ​ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​ពេញ​ចិត្ត។​

លោក Collin Koh អ្នក​ស្រាវជ្រាវ​ខាង​សន្តិសុខ​សមុទ្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​សិង្ហបុរី​ថ្លែង​ថា៖ «គោលដៅ​សម្រាប់​រយៈពេល​យូរអង្វែង​នៃ​ការធ្វើ​ឲ្យ​មជ្ឈមណ្ឌល​ថែទាំយន្តហោះ ​F-16 នេះ​ក្លាយ​ជា​មជ្ឈមណ្ឌលក្នុង​តំបន់ ខ្ញុំ​គិត​ថា​ ជា​គោលដៅ​ហួស​លទ្ធភាព​ខ្លាំង​ណាស់​នៅ​ពេល​នេះ ដោយ​សារ​ការ​បារម្ភ​ខាង​នយោបាយ»។

លោក Koh ទស្សន៍ទាយ​ថា អាទិភាព​ចម្បង​ខាង​សេវា​ថែទាំ​នៅ​ពេល​នេះ​ គឺ​សម្រាប់​យន្តហោះ F-16 របស់​តៃវ៉ាន់​ផ្ទាល់​ខ្លួន ខណៈ​ដែល​កង​ទ័ព​អាកាស​របស់​កោះ​នេះ មមាញឹក​តាមដាន​យន្តហោះ​យោធា​ចិន​ ដែល​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​រាយការណ៍​អំពីការ​កើន​ឡើង​ខ្លាំង​នៃ​ចំនួនលើក​ដែល​យន្តហោះ​ចិន​ហោះ​ចូល​ដែនការពារ​របស់​តៃវ៉ាន់​ក្នុង​ឆ្នាំ​នេះ។

លោក​បន្ថែម​ថា៖ «យ៉ាង​ណា​ក្តី​ខ្ញុំ​យល់​ឃើញ​ថា វា​ជា​វីធី​ល្អ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​មជ្ឈមណ្ឌល​នេះ។ បើ​អ្នក​អាច​បង្ហាញ​ពី​សមត្ថភាព​ថែទាំ​យន្តហោះ F-16 បាន​ត្រឹមត្រូវ ទៅ​អនាគត​អ្នក​នឹង​អាច​ទាក់ទាញ​អតិថិជន​បាន»។ ​

ឧបនាយករដ្ឋមន្ត្រី​តៃវ៉ាន់​លោក Shen Jong-chin ថ្លែង​កាល​ពី​ខែ​សីហា​ ដោយ​ត្រូវ​បាន​ដកស្រង់​សម្តី​លើ​គេហទំព័រ​ក្រុមហ៊ុន​ថែទាំ​នេះ​ថា មជ្ឈមណ្ឌល​ថ្មី​នេះ​នឹង​លើក​មុខ​កម្រិត​នៃ​វិស័យបច្ចេកវិទ្យា​ដែន​អាកាស​របស់​តៃវ៉ាន់ និង​ពង្រីក​វិស័យ​ផលិតកម្ម​ក្នុង​ស្រុក។

លោក Koh បន្ត​ថា ប្រទេស​ដទៃ​អាច​ជៀសវៀង​រឿង​ចម្រូងចម្រាស​ជាមួយ​ប្រទេស​ចិន​បាន ដោយជាវ​សេវា​ថែទាំ​យន្តហោះ F-16 របស់​តៃវ៉ាន់​នេះ​ តាម​មធ្យោបាយ​មិនមែន​រដ្ឋាភិបាល ដូច​ជា​តាម​រយៈ​ក្រុម​វិស្វ័ករ​ចូល​និវត្តន៍​ដើម។

លោក Stephen Nagy សាស្ត្រាចារ្យ​ខាង​នយោបាយ​និង​ទំនាក់ទំនង​អន្តរជាតិ​ នៅ​សាកលវិទ្យាល័យ​គ្រិស្តសាសនា​អន្តរជាតិ​ នៅ​ទី​ក្រុង​តូក្យូ ​និយាយ​ថា ប្រទេស​ជប៉ុន​អាច​បញ្ជូន​យន្តហោះ F-16 ទៅ​ជួសជុល​នៅ​តៃវ៉ាន់​តាម​រយៈ​អង្គារ​ក្រៅ​រដ្ឋាភិបាល ជា​ពិសេស​ប្រសិន​បើ​មាន​ប្រទេស​ផ្សេង​ទៀត​បាន​ធ្វើ​ដូច្នេះ​រួច​ហើយ​នោះ។

លោក Nagy បញ្ជាក់​ថា ទោះ​បី​ចិន​ប្រឆាំង​ឬ​មិន​ប្រឆាំង​ក៏​ដោយ៖ «ខ្ញុំ​គិត​ថា វា​អាស្រ័យ​លើ​វិធី​បញ្ជូន​គ្រឿង​សម្ភារៈ​នោះ​ទៅ​តៃវ៉ាន់។ សូម​កុំ​សង្ឃឹម​ថា​នឹង​មាន​ការ​ហោះហើរ [F-16] ​ផ្ទាល់​ទៅ​កោះតៃវ៉ាន់នៅ​ពេល​ឆាប់ៗ​នោះ ប៉ុន្តែ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​សង្វាក់​ផលិតកម្ម​[តំបន់]»៕

ប្រែ​សម្រួល​ដោយ​សឹង សុផាត

XS
SM
MD
LG