សមាជិករដ្ឋសភាកំពូលមួយរូបខាងគណបក្សសាធារណរដ្ឋលោក Mike McCaul បាននិយាយកាលពីថ្ងៃទី ២៩ ខែមករាថា ឱកាសនៃការមានជម្លោះជាមួយនឹងប្រទេសចិនទាក់ទិននឹងរឿងតៃវ៉ាន់ «គឺខ្ពស់ខ្លាំង»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក McCaul បានអះអាងដូច្នេះ បន្ទាប់ពីនាយឧត្តមសេនីយ៍សហរដ្ឋអាមេរិកមួយរូបបានបញ្ជាក់នៅក្នុងសារមួយដែលធ្វើឱ្យមានការភ្ញាក់ផ្អើលថា សហរដ្ឋអាមេរិកអាចប្រយុទ្ធជាមួយនឹងប្រទេសចិននៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
នៅក្នុងសារមួយចុះថ្ងៃទី ១ ខែកុម្ភៈ ប៉ុន្តែបានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែមករា លោកនាយឧត្តមសេនីយ៍ Mike Minihan ដែលដឹកនាំបញ្ជាការដ្ឋានទ័ពអាកាសចល័ត បានសរសេរទៅកាន់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានដែលមានសមាជិកប្រហែល ១១០.០០០ នាក់នេះថា៖ «អារម្មណ៍របស់ខ្ញុំប្រាប់ខ្ញុំថា យើងនឹងប្រយុទ្ធនៅឆ្នាំ ២០២៥ ខាងមុខ»។
លោក McCaul ដែលជាប្រធានថ្មីនៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃទី ៣០ ខែមករាថា៖ «ខ្ញុំសង្ឃឹមថាវាមិនពិត...ប៉ុន្តែខ្ញុំគិតថា លោក [Mike Minihan] និយាយត្រឹមត្រូវ»។
ទស្សនៈរបស់លោកនាយឧត្តមសេនីយ៍ Minihan នេះមិនតំណាងឱ្យទស្សនៈរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែបានបង្ហាញក្ដីបារម្ភកម្រិតខ្ពស់បំផុតរបស់យោធាសហរដ្ឋអាមេរិកទាក់ទិននឹងការប៉ុនប៉ងដែលអាចទៅរួចរបស់ចិននៅក្នុងការដាក់ការត្រួតត្រាលើកោះតៃវ៉ាន់ ដែលជាកោះដែលចិនអះអាងថាជាខេត្តពិបាកគ្រប់គ្រងមួយរបស់ខ្លួន។
ទាំងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់សុទ្ធតែនឹងធ្វើការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤ ខាងមុខ ដែលអាចបង្កើតឱកាសសម្រាប់ចិននៅក្នុងការចាត់វិធានការយោធា។ នេះបើយោងតាមសាររបស់លោក Minihan។
លោក McCaul បាននិយាយថា ប្រសិនបើចិនបរាជ័យនៅក្នុងការដណ្ដើមត្រួតត្រាតៃវ៉ាន់ដោយគ្មានការបង្ហូរឈាម នោះ «ចិននឹងងាកទៅរកវិធីឈ្លានពានបែបយោធា។ យើងត្រូវតែត្រៀមខ្លួនសម្រាប់រឿងនេះ»។
លោក McCaul បានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថាបានបង្ហាញឱ្យឃើញនូវភាពទន់ខ្សោយ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកកងទ័ពដោយមិនទំនងចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលអាចធ្វើឱ្យសង្គ្រាមជាមួយនឹងចិនអាចទំនងជានឹងកើតឡើង។
លោក McCaul បញ្ជាក់ដូច្នេះថា៖ «ឱកាសគឺមានខ្ពស់ខ្លាំងដែលយើងអាចឃើញមានជម្លោះរវាងចិននិងតៃវ៉ាន់នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
សេតវិមានបានបដិសេធមិនធ្វើការបញ្ចេញយោបល់ណាមួយទាក់ទិននឹងការលើកឡើងរបស់លោក McCaul នេះទេ។
សមាជិករដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Adam Smith ដែលជាអនុ ប្រធានគណៈកម្មាធិការកិច្ចការការពារជាតិនៃរដ្ឋសភា បាននិយាយថា លោកមិនយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោក Minihan ទេ។
លោក Smith បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃទី ២៩ ខែមករាថា សង្គ្រាមជាមួយនឹងចិន «មិនត្រឹមតែអាចបញ្ចៀសបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនទំនងនឹងកើតឡើងទៀតផង។ យើងឃើញមានស្ថានការណ៍គ្រោះថ្នាក់នៅក្នុងប្រទេសចិន។ ប៉ុន្តែ ខ្ញុំគិតថា នាយឧត្តមសេនីយ៍ [សហរដ្ឋអាមេរិក] ចាំបាច់ត្រូវប្រយ័ត្នប្រយែងក្នុងការនិយាយថាយើងនឹងធ្វើសង្គ្រាម»។
លោក Smith បានបញ្ជាក់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវស្ថិតនៅក្នុងជំហរកម្លារារាំងប្រទេសចិនកុំឱ្យធ្វើសកម្មភាពយោធាប្រឆាំងនឹងតៃវ៉ាន់ «ប៉ុន្តែ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា យើងអាចបញ្ចៀសជម្លោះនេះបាន ប្រសិនបើយើងចាត់វិធានការត្រឹមត្រូវ»។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានថ្លែងកាលពីដើមខែមករាថា លោកមិនយល់ថាការបង្កើនសកម្មភាពយោធារបស់ចិននៅជិតច្រកសមុទ្រតៃវ៉ាន់គឺជាសញ្ញានៃការឈ្លានពានដែលជិតកើតឡើងណាមួយរបស់ចិនលើកោះតៃវ៉ាន់នោះទេ។
មន្ត្រីក្រសួងការពារជាតិអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃទី ២៨ ខែមករាថា ការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ Minihan ខាងលើមិន «តំណាងឱ្យទស្សនៈរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកចំពោះប្រទេសចិននោះឡើយ»៕
មន្ត្រីកំពូលអាមេរិកខាងបក្សសាធារណរដ្ឋថាមានឱកាស«ខ្ពស់ខ្លាំង»ដែលយោធាអាមេរិកអាចមានជម្លោះជាមួយចិន
- Reuters
វ៉ាស៊ីនតោន —