អ្នកវិភាគ​ថា ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ធ្វើ​ឱ្យ​ចិន​ប្រឈម​នឹង​ជម្រើស​ដ៏​ពិបាក​មួយ

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ការ​សម្រេច​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ការ​បញ្ជូន​កងទ័ព​ចូល​ទៅ​ក្នុង​តំបន់​ផ្ដាច់ខ្លួន​ពីរ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ប្រឈម​នឹង​ជម្រើស​ដ៏​ពិបាក​មួយ ដោយសារ​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាងមុន​ជាមួយ​ប្រទេស​រុស្ស៊ី និង​អាច​ប្រឈម​នឹង​ផល​អវិជ្ជមាន ប្រសិនបើ​គេ​មើលឃើញ​ថា ប្រទេស​នេះ​គាំទ្រ​លើ​ការ​គូស​ព្រំដែន​ជា​ថ្មី​ណា​មួយ​ជា​ឯកតោ​ភាគី [របស់​រុស្ស៊ី]។

កាលពី​ថ្ងៃ​ចន្ទ​ទី ២១ ខែ​កុម្ភៈ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​តំបន់ Donetsk និង​តំបន់ Luhansk ថា​ជា​តំបន់​ឯករាជ្យ។ តំបន់​ទាំងពីរ​នេះ​បាន​អះអាង​ខ្លួន​ឯង​ថា​ជា​សាធារណរដ្ឋ​ប្រជាមានិត។

ក្រោយពី​បាន​ប្រកាស​ទទួល​ស្គាល់​តំបន់​ទាំងពីរ​នេះ​មក លោក Putin បាន​បញ្ជា​ឱ្យ​កងទ័ព ដែល​ខ្លួន​ហៅ​ថា​ជា «កង​រក្សា​សន្តិភាព» ចូល​ទៅក្នុង​តំបន់​ដែល​មាន​ជម្លោះ​ទាំងពីរ​នោះ។

វិធានការ​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​លោក Putin បាន​ថ្លែង​សុន្ទរកថា​បែប​ក្ដៅ​ក្រហាយ​មួយ ដោយ​ចោទ​សួរ​អំពី​ភាព​ជា​ប្រទេស​ឯករាជ្យ​របស់​ប្រទេស​អ៊ុយក្រែន និង​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​ថា លោក​កំពុង​ត្រៀម​ឈ្លានពាន​អ៊ុយក្រែន​ទ្រង់ទ្រាយ​ធំ។

ស្ថានការណ៍​នេះ​មាន​លក្ខណៈ​ពិបាក​សម្រាប់​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​កាលពី​ដើម​ខែ​កុម្ភៈ​នេះ លោក​បាន​ប្រកាស​អំពី​ភាព​ជា​ដៃគូ «គ្មាន​កម្រិត» ជាមួយ​នឹង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Putin មក។

ជំនួប​រវាង​លោក Xi និង​លោក Putin នេះ គឺជា​ភស្តុតាង​ថ្មី​ចុងក្រោយ​បង្អស់​ដែល​បង្ហាញ​ថា រុស្ស៊ី​និង​ចិន​បាន​កៀក​កាន់តែ​ជិត​គ្នា ស្របពេល​ដែល​ប្រទេស​ទាំងពីរ​ព្យាយាម​ទប់ទល់​នឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​នៅលើ​ពិភពលោក។

ប៉ុន្តែ វិបត្តិ​អ៊ុយក្រែន​នេះ​កំពុង​សាកល្បង​ភាព​ជា​ដៃគូ​របស់​រុស្ស៊ី​និង​ចិន​នេះ​ថា​តើ​ភាព​ជា​ដៃគូ​នេះ​អាច​ថិតថេរ​បាន​យូរ​ប៉ុណ្ណា។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ប្រទេស​ចិន​ទំនងជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​ចលាចល​នៅ​បរទេស​នេះ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន ជាពិសេស​នៅក្នុង​អំឡុង​ពេល​នេះ​ដែល​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​នៃ​ការ​ចាត់ចែង​នយោបាយ​ក្នុង​ប្រទេស​ក្នុង​គោល​បំណង​រៀបចំ​នូវ​អ្វី​ដែល​គេ​រំពឹង​ថា​ជា​ការ​ដឹកនាំ​គ្មាន​ការ​កំណត់​របស់​លោក Xi។

ប្រទស​ចិន ដែល​បាន​ទទូច​ជា​យូរ​មក​ហើយ​ថា ខ្លួន​ប្រឆាំង​នឹង​ការ​ធ្វើ​អន្តរាគមន៍​ណា​មួយ​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ក៏​ប្រហែលជា​មាន​ការ​បារម្ភ​ផងដែរ​អំពី​ការ​បាត់បង់​កិត្តិនាម​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។

កាលពី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​ទីក្រុង Munich ស្ដីពី​សន្តិសុខ​ថា អធិបតេយ្យភាព​នៃ​ប្រទេស​ទាំងអស់​គួរតែ​ត្រូវ​បាន​គោរព។ លោក​បាន​បន្ថែម​ថា «ប្រទេស​អ៊ុយក្រែន​ក៏​ដូច​គ្នា​នេះ​ដែរ»។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​នៅក្នុង​វិបត្តិ​អ៊ុយក្រែន​រក្សា​ការ​អត់ធ្មត់ ក៏​ដូចជា​ត្រឡប់​ទៅរក​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ឡើងវិញ។ កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍​នេះ​មាន​បំណង​ស្ដារ​សន្តិភាព បន្ទាប់ពី​មាន​អំពើ​ហិង្សា​ផ្ទុះឡើង​នៅតាម​បណ្ដោយ​ព្រំដែន​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​កាលពី​ឆ្នាំ ២០១៤។

ប៉ុន្តែ តាមរយៈ​ការ​ទទួលស្គាល់​ដែនដី​ជម្លោះ​ពីរ​របស់​អ៊ុយក្រែន​នេះ លោក Putin «បាន​បំផ្លាញ» ដល់​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍ និង​កំពុង​បំផ្លាញ​ជាពិសេស​ដល់​ការ​អំពាវនាវ​ខាងលើ​របស់​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Derek Grossman អ្នក​វិភាគ​ជាន់ខ្ពស់​ដែល​ផ្ដោត​លើ​កិច្ចការ​អាស៊ី​នៃ​អង្គការ RAND Corporation ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​សាកលលោក មាន​មូលដ្ឋាន​នៅក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក។

លោក Grossman បាន​ប្រាប់ VOA មុនពេល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ថា៖ «រឿង​ទាំងអស់​នេះ​នឹង​ត្រូវ​ផាត់ចោល​ទាំងស្រុង ប្រសិនបើ​រុស្ស៊ី​ពិតជា​លុកលុយ​អ៊ុយក្រែន​មែន»។

តំណាង​អចិន្ត្រៃយ៍​នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​លោក Vasily Nebenzya (កណ្តាល) លើកដៃ​ជល់គ្នា​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត Zhang Jun តំណាង​អចិន្ត្រៃយ៍​នៃ​ប្រទេស​ចិន ខណៈ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​អ្នកស្រី Thomas-Greenfield និង​តំណាង​អចិន្ត្រៃយ៍​នៃ​ប្រទេស​ន័រវេស អ្នកស្រី Mona Juul សំឡឹង​មើល​កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២២។

នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្ដីពី​វិបត្តិ​អ៊ុយក្រែន កាលពី​យប់​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Zhang Jun បាន​ថ្លែង​យ៉ាង​ខ្លី ដោយ​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់ «រក្សា​ការ​អត់ធ្មត់»។ លោក​មិន​បាន​លើកឡើង​អំពី​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍​នោះទេ។

អ្នកស្រី Bonnie Glaser ប្រធាន​កម្មវិធី​អាស៊ី​នៃ​អង្គការ German Marshall Fund of the United States បាន​និយាយ​ថា៖ «ប្រទេស​ចិន​មិន​ទាន់​បាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អំពី​គោល​នយោបាយ​របស់​ខ្លួន​នៅក្នុង​ការ​ឆ្លើយតប [ចំពោះ​វិបត្តិ​អ៊ុយក្រែន] នៅឡើយ​ទេ»។

ក្នុង​ករណី​ខ្លះ ស្ថានការណ៍​នៅ​អ៊ុយក្រែន​នា​ពេល​បច្ចុប្នប្បន្ន​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ស្ថានការណ៍​កាលពី​ឆ្នាំ ២០១៤ ដែល​នៅ​ពេល​នោះ ប្រទេស​រុស្ស៊ី​បាន​ដណ្ដើម​កាន់កាប់​ឧបទ្វីប Crimea របស់​អ៊ុយក្រែន។ នៅ​ពេល​នោះ​ផងដែរ ប្រទេស​ចិន​បាន​ឆ្លើយតប​ដោយ​ទទូច​ថា អធិបតេយ្យភាព​ដែនដី​របស់​ប្រទេស​អ៊ុយក្រែន​គួរតែ​ត្រូវ​បាន​គោរព ប៉ុន្តែ​បាន​បញ្ជាក់​ថា ក្រុម​បស្ចិម​ប្រទេស​គួរតែ​ពិចារណា​អំពី «ក្ដី​បារម្ភ​ផ្នែក​សន្តិសុខ​ដ៏​សមហេតុ​សមផល» របស់​ប្រទេស​រុស្ស៊ី។

ទោះជា​យ៉ាងណា​ក៏ដោយ ចាប់​តាំងពី​ពេល​នោះ​មក ភូមិសាស្ត្រ​នយោបាយ​បាន​ប្រែប្រួល។ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​មាន​សភាព​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន ហើយ​ប្រទេស​ចិន​កាន់តែ​រីកចម្រើន​ជាង​មុន​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​យោធា ហើយ​ឥឡូវ​នេះ​ចិន​ហ៊ាន​ប្រឈម​ជាមួយ​នឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ លោក Ryan Hass ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​ប្រទេស​ចិន​នៃ​វិទ្យាស្ថាន Brookings ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា គេ​មិន​គួរ​សន្មត​ថា ប្រទេស​ចិន​បាន​ជ្រើស​យក​ការ​គាំទ្រ​ប្រទេស​រុស្ស៊ី​ទាក់ទិន​នឹង​វិបត្តិ​អ៊ុយក្រែន​នេះ​ទេ។

លោក​បាន​សរសេរ​នៅ​លើ Twitter មុន​ពេល​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ថា៖ «ប្រសិនបើ​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ប្រសិនបើ​ចិន​ប៉ុនប៉ង​ការពារ​រុស្ស៊ី​ពី​ការ​ថ្កោលទោស​របស់​អន្តរជាតិ នោះ​ប្រទេស​ចិន​ប្រហែលជា​នឹង​ធ្វើ​ឱ្យ​មាន​ផល​វិបាក​មក​លើ​ខ្លួន​ឯង តាម​រយៈ​ការ​បង្កើត​ជា​ប្លុក​ក្រុម​ប្រទេស​ផ្សេងៗ» ដែល​នៅក្នុង​នោះ ប្រទេស​ចិន​នឹង​ចង​សម្ព័ន្ធ​ជាមួយ​នឹង «ប្រទេស​មហា​អំណាច​ដែល​ខ្សោយ​បំផុត​ផ្សេង​ទៀត»។

ប្រទេស​ចិន​ក៏​ប្រហែល​ជា​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​នឹង​ទ្វីប​អឺរ៉ុប​ផងដែរ ដែល​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បាន​ប្រឆាំង​ខ្លាំងក្លា​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

លោក Hass បាន​និយាយ​ថា៖ «គេ​ត្រូវ​ជួយ​រដ្ឋាភិបាល​ចិន​ឱ្យ​យល់​ថា ការ​បង្កើន​ទំនាក់ទំនង​ជ្រុល​ពេក​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​នឹង​បណ្ដាល​ឱ្យ​មាន​ហានិភ័យ​ច្រើនជាង​ប្រយោជន៍»។

អ្នក​វិភាគ​ផ្សេង​ទៀត​មាន​ទុទ្ទិដ្ឋិនិយម​ជាង​នេះ។

ប្រទេស​រុស្ស៊ី​និង​ចិន​ប្រហែលជា​តាំងចិត្ត​បង្កើត​ទំនាក់ទំនង​មួយ ដែល​អាច​បំផ្លាញ​ភាគ​ច្រើន​ដល់​ឥទ្ធិពល​មាន​ប្រៀប​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Robert Kagan អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Brookings នៅ​ក្នុង​អត្ថបទ​បញ្ចេញមតិ​មួយ​ដែល​ចុះផ្សាយ​នៅក្នុង​សារព័ត៌មាន Washington Post។

លោក Kagan បាន​បញ្ជាក់​ដូច្នេះ​ថា៖ «វា​ពិតជា​បំណង​រួម​របស់​ប្រទេស​រុស្ស៊ី​និង​ចិន​នៅក្នុង​ការ​បង្អាក់​ដល់​ប្រព័ន្ធ​រៀបរយ​អន្តរជាតិ ដែល​បង្កើត​ឱ្យ​បាន​ប្រយោជន៍​រួម»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ