គណបក្ស​ភ្លើង​ទៀន៖ ​សកម្មជន​យ៉ាង​តិច​១០​នាក់​រង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ក្នុង​ខែ​មីនា

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀនធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ការិយាល័យ​កណ្តាល​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២២ ។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០២២​ មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ខិត​ជិត​មក​ដល់​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​យ៉ាង​តិច​១០​នាក់​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ ហៅ​ទៅ​សួរនាំ​ដោយ​គ្មាន​បង្ហាញ​ដីកា ​ឬ​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ។ ​នេះ​បើ​តាម​កំណត់​ហេតុ​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។​

គណបក្ស​ភ្លើង​ទៀន​ក៏​បាន​រាយ​ការណ៍​ថា​សកម្ម​ជន​គណបក្ស​ជា​ច្រើន​នាក់​ទៀត ​រង​ការ​បំភិត​បំភ័យគ្រប់​រូប​ភាព​ពី​មន្ត្រី​មូលដ្ឋាន ជា​ពិសេស​មេ​ភូមិ​មេឃុំ។​

កំណត់​ហេតុ​ស្តីពី​ការ​រំខាន​ផ្នែក​នយោបាយ​សម្រាប់​ខែ​មីនា​ ឆ្នាំ​២០២២ ​ គណបក្ស​ភ្លើង​ទៀន​បាន​កត់​ត្រា​ថា​ ក្នុង​១១​ខេត្ត​រាជធានី​មាន​សកម្ម​ជន​របស់​ខ្លួន​មិន​តិច​ជាង​១០​នាក់​ទេ​បាន​រង​ការ​គំរាម​កំហែង​ ធ្វើ​ទុក្ខ​បុកម្នេញ​គ្រប់​រូប​ភាព​ពី​មន្ត្រី​មូលដ្ឋាន​មាន​ការ​កោះ​ហៅ​សួរ​នាំ​ពី​មន្ត្រី​នគរបាល ​និង​តុលាការ​ជា​ដើម។​

បើ​តាម​កំណត់​ហេតុ ​ ​បេក្ខជន​ក្នុង​ឃុំ​ព្រះ​ផុស ​និង​ឃុំ​តាសែន​ក្នុង​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​មេ​ប៉ុស្តិ៍​នគរបាល​ហៅ​ដោយ​ផ្ទាល់​មាត់​ដើម្បី​សាក​សួរ​ ដោយ​គ្មាន​ដីកា ​និង​រង​ការ​គំរាម​ពី​មន្ត្រី​មូលដ្ឋាន​ឱ្យ​លា​លែង​ពី​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ ​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ មាន​សកម្ម​ជន​របស់​គណបក្ស​យ៉ាង​តិច​៤​នាក់​ រួម​មាន​លោក ​ស៊ឹម សុខឿន ​ប្រធាន​ក្រុម​ការងារ​គណបក្ស​បណ្តោះ​អាសន្ន​ប្រចាំ​ស្រុក​ក្រគរ ​និង​លោក ​ស៊ុំ លី ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រចាំ​ឃុំ​កំពង់ហ្លួង​ ត្រូវ​បាន​នគរបាល​ស្រុក​កោះ​ហៅ​ចូល​បំភ្លឺ​ដោយ​គ្មាន​មូល​ហេតុ។​លោក​ ឈួន យឿន ​បេក្ខ​ជនទី​១​នៃ​ឃុំ​ស្រែ​ស្តុក ​ ស្រុក​កណ្តៀង​ និង ​លោក​ អ៊ុក សៅវ៉ារិន​ បេក្ខជន​ទី​១​នៃ​ឃុំ​អន្សារ​ចំបក់​ ស្រុក​ក្រគរ​ ត្រូវ​បាន​អាជ្ញាធរ​នាំ​ខ្លួន​ទៅ​ស្នងការ​ខេត្ត​ និង​នាំ​ទៅ​តុលាការ​ពាក់​ព័ន្ធ​ក្លែង​បន្លំ​ឯកសារ​បញ្ជី​ឈ្មោះ​បេក្ខជន​បោះ​ឆ្នោត។​

គណបក្ស​ភ្លើង​ទៀន​ក៏​បាន​រាយ​ការណ៍​ថា​មាន​ការ​បំភិត​បំភ័យ ​គំរាម​កំហែង​លើ​បេក្ខជន ​ការ​ព្រមាន​ដក​ហូត​បណ្ណ​ក្រក្រី ​និង​ការ​មិន​ផ្តល់​សេវា​រដ្ឋបាល​ជាដើម​នៅ​ក្នុង​ខេត្ត​ផ្សេងៗ​ផង​ដែរ។​

លោក ​ស៊ឹម សុខឿន ​ប្រធាន​ក្រុម​ការងារ​បណ្តោះ​អាសន្ន​គណបក្ស​ភ្លើងទៀន​ប្រចាំ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់​ បាន​លើក​ឡើង​ថា​ អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​បាន​ចេញ​លិខិត​កោះ​ហៅ​លោក​ពាក់​ព័ន្ធ​ជា​មួយ​រឿង​ក្លែង​បន្លំ​ឯកសារ​បញ្ជី​ឈ្មោះ​បេក្ខជន។ លោក​បន្ថែម​ថា​ នគរបាល​ក៏​បាន​ចោទ​ប្រកាន់​រូប​លោក​ថា​បង្ខិត​បង្ខំ​ស្ត្រី​ម្នាក់​ឱ្យ​ចូល​រួម​គណបក្ស​ភ្លើង​ទៀន​ជា​មួយ​ខ្លួន។​

លោក​បន្ត​ថា​ ប៉ូលិស​បាន​ហៅ​លោក​ទៅ​សាក​សួរ​ម្តង​រួច​មក​ហើយ​ ហើយ​លោក​បាន​បញ្ជាក់​ថា​ លោក​មិន​ស្គាល់​ស្រី​ម្នាក់​នោះ​ទេ។​ទន្ទឹម​គ្នា​នេះ ​ពេល​ដែល​ប៉ូលិស​ហៅ​លោក​ទៅ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មីនា​នោះ​ លោក​ក៏​មិន​បាន​ជួប​ស្រ្តី​ម្នាក់​នោះ​ដែរ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​អត់​មាន​ការ​ភិត​ភ័យ​អី​ផង ​ ដោយ​សារ​ទី១​ខ្ញុំ​បាទ​យល់​ថា​ ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អ្វី​ខុស​ផ្ទុយ​ពី​ផ្លូវ​ច្បាប់​ផង»។​

បើ​តាម​សកម្ម​ជន​គណបក្ស​ប្រឆាំង​រូប​នោះ​លោក​ត្រូវ​បាន​ប៉ូលិស​ហៅ​ទៅ​ជួប​ម្តង​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​សារ​តែ​កាល​ពី​លើក​មុន​ដើម​បណ្តឹង​មិន​បាន​បង្ហាញ​ខ្លួន​ឡើយ។ ​ លោក​បន្ថែម​ថា៖​ «នគរបាល​ដាក់​ថា​នគរបាល​យុត្តិធម៌ ​ អ៊ីចឹង​គួរ​តែ​ផ្តល់​យុត្តិធម៌​ជូន​ខ្ញុំ​ព្រោះ​ខ្ញុំ​ជា​ជនរង​គ្រោះ​ ហើយ​ពី​ព្រោះ​គេ​ប្តឹង​ខ្ញុំ​ហ្នឹង ​ ខ្ញុំ​អត់​បាន​ស្គាល់​មុខ​ផង​ហើយ​ក៏​មិន​បាន​បំពេញ​បែប​បទ​តាម​អ្វី​ដែល​ចោទ​ប្រកាន់​នោះ​ទៀត»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​នៅ​ឡើយ​ទេ។

អ្នកស្រី ​ស៊ិន ចាន់ពៅរ៉ូហ្សេត ​សមាជិក​ក្រុម​ការងារ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​ភ្លើង​ទៀន ​ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​កំហែង​គ្រប់​រូបភាពដល់​បេក្ខ​ជន​ និង​សកម្មជន​គណបក្ស​ ហើយ​ទង្វើ​របស់​សមត្ថ​កិច្ច​នេះ ​មិន​មែន​កើត​ឡើង​តែ​ក្នុង​ឃុំ​ព្រះ​ផុស ​និង​ឃុំ​តាសែន ​ទេ ​គឺ​កើត​ឡើង​ច្រើន​ក្នុង​ខេត្ត​បាត់ដំបង​នេះ ​សូម្បី​តែ​ការ​ដាក់​ភ្នាក់ងារ​ និង​ការ​លើក​ស្លាក​គណបក្ស​ក៏​មាន​ការ​រំខាន​យាយី​ផង​ដែរ។​ អ្នកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ប្រជា​ពលរដ្ឋ​បន្ត​ទៀត។​

អ្នកស្រី​បន្ថែម​ថា៖​ «បើ​យើង​ចង់​ឱ្យ​ដំណើរ​ការ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ ប្រព្រឹត្ត​ទៅ​បាន​ល្អ​ សេរី ​ត្រឹមត្រូវ​ យុត្តិធម៌​សូម​ឱ្យ​អាជ្ញាធរ​ក៏ដូច​ជា​អ្នក​មាន​អំណាច​ សមត្ថ​កិច្ច​អី​ហ្នឹង​ មេត្តា​កុំ​មក​បំភិត​បំភ័យ​ គំរាម​កំហែង​ គូ​បដិបក្ខ​បែប​ហ្នឹង​ធ្វើ​អី។​ វា​អត់​ត្រឹម​ត្រូវ​ទេ»។​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក ​ថាច់ សេដ្ឋា ​ឱ្យ​ដឹង​ថា​ សកម្មជន​ និង​អ្នក​គាំទ្រ​របស់​គណបក្ស ​បាន​រង​ការ​គំរាម​កំហែង​គ្រប់​រូប​ភាព ហើយ​អាជ្ញាធរ​ថែម​ទាំង​បាន​ចាប់​ខ្លួន​សកម្ម​ជន​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​សកម្មជន​គណបក្ស​ និង​អ្នក​គាំទ្រ​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ការិយាល័យ​កណ្តាល​របស់​គណបក្ស​ភ្លើង​ទៀន ​ក្នុង​ខណ្ឌ​សែនសុខ​រាជធានី​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៤ ​ខែ​មេសា លោក ​ថាច់ សេដ្ឋា ​បាន​ថ្លែង​ថា៖​ «ហើយ​រឿង​ធ្វើ​ទុក្ខ​មុក​ម្នេញ ​ដូច​ការ​ចាប់​ខ្លួន​អីហ្នឹង​ ​ ពេល​នេះ​ប៉ូលិស​បាន​បំពាន​រំលោភ​ទៅ​លើ​ច្បាប់​បោះ​ឆ្នោត។​ ហើយ​ ក្នុង​កាលៈ​ទេសៈ​នេះ ​ ក្នុង​ពេល​វេលា​នៃ​ការ​បោះ​ឆ្នោត​ ចុះ​បញ្ជី​អី​ហ្នឹង​ ប្រសិន​រឿង​មិន​ពិត​យ៉ាង​ណា​អី​ គឺ​ទាល់​តែ​CEC​[គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ឃុំ​សង្កាត់]​ហ្នឹង​ បញ្ជាក់​សិន​ បាន​អាច​ថា​ អនុវត្ត​បន្ត​នីតិ​វិធី ​ហ្នឹង។ ​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ទទួល​បណ្តឹង​ភ្លាម​ ប៉ូលិស​ក៏​កោះ​ហៅ​មក​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ភិត​យ៉ាង​ខ្លាំង»។

លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រាន​ចោល​អ្វី​ដែល​គណបក្ស​ភ្លើង​ទៀន​លើក​ឡើង។ ​ លោក​ថា​នេះ​ជា​ចេតនា​មិន​ល្អ​របស់​គណបក្ស​នេះ ​ដែល​លោក​ថា​ ចង់​បង្កើត​រឿង​ឡើង ​ដើម្បី​បង្ហាញ​គេ​ថា​ បរិយាកាស​នយោបាយ​មិន​អំណោយ​ផល ​នៅ​មុន​ការ​បោះ​ឆ្នោត។​

លោក​បន្ត​ថា​ ប្រសិន​បើ​ពិត​ជា​មាន​ករណី​គំរាម​កំហែង​បែប​នេះ​ពិត​មែន​នោះ​ ពួក​គេ​ត្រូវ​ដាក់​ពាក្យ​ប្តឹង​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.) ​ភ្ជាប់​ជា​មួយ​នឹង​ភស្តុតាង​ច្បាស់​លាស់។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ដូច្នេះ​ហើយ​គឺ​ថា​បើ​ករណី​ដែល​គាត់​គ្រាន់​តែ​ស្រែក ​...​ វា​អត់​មាន​ដាក់​ពាក្យ​ប្តឹង​បាន​សេចក្តី​ថា​ ករណី​នេះ ​គឺ​អត់​មាន​ទេ។ ​អ៊ីចឹង​ការ​ស្រែក​នេះ​គ្រាន់​តែ​ជា​ការ​ស្រែក​អត់​បាន​ការ»។

លោក ​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ ក៏​បាន​ច្រាន​ចោល​ថា​ មិន​មាន​ករណី​គំរាម​កំហែង​ ឬ​ការ​បំភិត​បំភ័យ​ណា​មួយ​កើត​ឡើង​លើ​សកម្ម​ជន​នយោបាយ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ហើយ​ដោយ​ឡែក​ករណី​នីមួយៗ ឧទាហរណ៍​ថា​ ការ​ចាប់​ខ្លួន​ចាប់​អី​នេះ ​ អា​នេះ​រឿង​ធម្មតា​ មិន​ចាំបាច់​តែ​គណ​បក្ស​ណា​ទេ។​ យើង​មើល​ទៅ​ក្នុង​ពន្ធនាគារ​មើល៍​ គ្រប់​តែ​គណបក្ស​ហ្នឹង ​រួមទាំង​គណបក្ស​ប្រជាជន​ផង»។​

មន្ដ្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល ​លោក​ កន សាវាង្ស ​ថ្លែង​ថា​ ប្រសិន​បើ​មាន​ករណី​គំរាម​កំហែង​ ឬ​សមត្ថ​កិច្ច​កោះ​ហៅ​សកម្ម​ជន​គណបក្ស​ ដូច​ដែល​គណបក្ស​ភ្លើងទៀន​បាន​កត់ត្រា​មែន​នោះ វា​បង្ហាញ​ឱ្យ​ឃើញ​ថា​ ស្ថានភាព​នយោបាយ​បាន​បង្ក​ផល​អាក្រក់ ​និង​ប៉ះពាល់​សិទ្ធិ​នយោបាយ​ធ្ងន់ធ្ងរ​ណាស់។ លោក​បន្ត​ថាប្រសិន​បើ​ចង់​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ​ អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​តាម​តួនាទី ​និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អព្យាក្រឹត្យ ​កុំ​លម្អៀង​ផ្នែក​នយោបាយ​ ដោយ​ត្រូវ​គោរព​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៕