ការ​រឹបអូស​ភ្លុក​ដំរី​ក្នុង​ប្រទេស​កាមេរូន​លាត​ត្រដាង​​​ផ្លូវ​រត់ពន្ធ​តាម​សមុទ្រ

ភ្លុក​ដំរី​ត្រូវ​បាន​ដុត​ចោល​ដោយ​ប្រទេស​កាមេរូន​ កាល​ពី​ខែ​មេសា ឆ្នាំ២០១៦។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​តម្រូវ​ការចាំបាច់​​ក្នុង​ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​ជំនួញ​ភ្លុក​ ដើម្បី​សង្គ្រោះ​សត្វ​ដំរី​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

ប្រទេស​កាមេរូន ​កំពុង​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​ការ​បាញ់​សម្លាប់​ដំរី​ និង​ការ​រត់​ពន្ធ​ភ្លុក​ដំរី។​ ការ​រឹបអូស​ភ្លុក​ដំរី​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​នាំ​ឱ្យ​ពួក​មន្ត្រី​បង្កើន​ការ​ឃ្លាំ​មើល​តាម​សមុទ្រ​និង​តំបន់​ព្រំដែន។​

បុរស​ដែល​កំពុង​និយាយ​នេះ​កំពុង​ជជែក​បង្ហាញ​ហេតុផល​ប្រាប់​ពួក​ប៉ូលិស​នៅ​ប៉ុស្តិ៍​របស់​ពួកគេ​នៅ​ជិតក្រុង ​Campo ​ដែលនៅ​ព្រំដែន​ខាង​ត្បូង​នៃ​ប្រទេស​ Cameroon ​ជាមួយ​ប្រទេស​ Gabon ​និង​ប្រទេស​ Equatorial Guinea។​ បុរស​នេះ​បាន​ត្រូវ​ចាប់​ខ្លួន​ជាមួយ​មនុស្ស​៤៥​នាក់​ទៀត។​ គាត់​និយាយ​ថា ​គាត់​គ្រាន់តែ​ជា​អ្នក​ដំណើរប៉ុណ្ណោះ​នៅ​ក្នុង​កប៉ាល់​នេះ។​

ក៏​ប៉ុន្តែលោក ​George Mouncharou ​មន្ត្រី​ជាន់ខ្ពស់របស់ Cameroon ​ខាងការពារ​សត្វព្រៃ​នៅ​ក្នុង​តំបន់​នោះ​ និយាយ​ថា​ នាវា​នោះ​មាន​ Conteneurs ផ្ទុក​ភ្លុក​ដំរី​ប្រមាណ​២០០​គ.ក្រ.។

ការ​រក​ឃើញ​នេះ​ជា​សំណាង​ល្អ​មួយ។​

លោក​ Mouncharou ​និយាយ​ថា​ កប៉ាល់​នេះ​បាន​បោះ​យុថ្កា​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​ Cameroon ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៤​ខែ​មិថុនា​ ដោយ​សារ​អស់​ប្រេង​ឥន្ធនៈ។​ នាវា​នេះ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ Gabon ​ទៅ​កាន់ប្រទេស ​Nigeria។​លោក​ថ្លែង​ថា ​ពួក​មន្ត្រី​ Cameroon ​ចាប់​អារម្មណ៍អំពី​កប៉ាល់​នេះ ​នៅ​ពេល​វា​កំពុង​ចាក់ប្រេង​ឥន្ធនៈ ​ហើយ​ក៏​សង្ស័យ​ថា ​នាវា​នេះអាចជា​របស់​ពួក​អ្នក​ជួញ​ដូរ​ភ្លុក​ដំរី​ ហើយ​ពួក​គេ​ក៏​បាន​ឡើង​លើ​កប៉ាល់​នោះ​ដើម្បី​ឆែកឆេរ។​ លោក​និយាយ​ថា ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អាជ្ញាធរ​ Cameroon ​បាន​រក​ឃើញ​ភ្លុកដំរី​នៅ​ក្នុង​កប៉ាល់​សមុទ្រ។​

លោក ​Mouncharou ​បាន​និយាយ​ថា​ អ្នកជិះ​នៅ​លើ​កប៉ាល់​នេះ​មក​ពី​ប្រទេស​ Nigeria, Benin, Cameroon, Gambia ​និង​ប្រទេស​ Nigeria។​ មនុស្ស​១២​នាក់​បាន​ត្រូវ​ឃាត់​ខ្លួន​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ថែម​ទៀត។​

លោក ​Kpwang Abessolo Francois ​ជា​មន្ត្រី​ជាន់ខ្ពស់​ខាង​កម្មវិធី​ក្នុង​ផ្នែក​កណ្តាល​នៃ​ទ្វីប​អាហ្វ្រិក​សម្រាប់​បណ្តាញ​ឃ្លាំ​មើល​ការ​ជួញដូរ​សត្វព្រៃ​ហៅ​កាត់​ថា ​TRAFFIC។​ លោក​និយាយ​ថា​ គេ​មាន​ជំនឿ​ថា​ ភ្លុក​ដំរី​ទាំង​នេះ​បាន​ត្រូវ​ប្រមូល​យក​ពីដំរី​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ប្រទេស ​Cameroon ​និង​ប្រទេស ​Gabon។​

លោក ​Francois ​និយាយ​ថា ​ពួក​ប្រទេស​អាស៊ី​ចង់បានវត្ថុ​ប្រណីត​ច្រើន​ជាង​មុន ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ភ្លុក​ដំរី​ផង​ដែរ ​នៅពេល​ដែល​ប្រាក់​ចំណូល​ពួក​គេ​បាន​កើន​ច្រើន។ ​លោក​ថ្លែង​ថា​ ការ​ស្រាវជ្រាវបាន​រក​ឃើញ​ថា​ ភ្លុក​ដំរី​អាហ្វ្រិក​ឡើង​ថ្លៃ​ដល់​៣​ពាន់​ដុល្លារ​ក្នុង​មួយ​គ.ក្រ.​ក្នុង​ផ្សារ​ងងឹត ​ហើយ​ដោយសារ​តែ​តម្លៃ​ដ៏​ថ្លៃ​នេះ​ហើយ​បាន​ជាពួក​អ្នក​ជួញដូរ​ភ្លុក​ដំរី​មក​ពី​ប្រទេស​នានា​ក្នុង​ប៉ែក​កណ្តាល​នៃ​ទ្វីប​អាហ្វ្រិក​ហ៊ាន​ប្រថុយ​គ្រោះ​ថ្នាក់។​

លោក​បាន​និយាយ​ថា​ ពួក​អ្នក​ជួញ​ដូរ​បាន​កាត់​ភ្លុក​ដំរី ​ហើយ​ដាក់​វា​ក្នុង​វត្ថុ​សិល្បៈ​ឬ​ក្នុងព្រំ ​ហើយ​ជួនកាល​គេ​កិន​ភ្លុក​ដំរី​ឱ្យ​ទៅ​ជា​ម្សៅ ​ហើយ​ដាក់​វា​ក្នុង​ធុង​ប្រេង។​

ទ្វីប​អាហ្វ្រិក​កំពុង​ជួប​ប្រទះ​នឹង​ការ​សម្លាប់​សត្វ​មាន​តម្លៃ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ​នៅ​តាម​ប្រទេស​នានា​ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស ​Cameroon ​ផង​ដែរ។​ ​តាម​ការ​ស្ទង់​ប្រមាណ​មួយ​បាន​ឲ្យ​ដឹង​ថា​ តំបន់​កណ្តាល​នៃ​ទ្វីប​អាហ្វ្រិក​បាន​បាត់​បង់​ជិត​ពីរ​ភាគ​បី​នៃ​ចំនួន​ដំរី​សរុប​នៅទីនោះចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក។​

ប្រទេស ​Cameroon​ បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ឧទ្យាន​ជាតិ ​ដោយ​បាន​ដាក់​ពង្រាយ​ពួក​ទាហាន​ដើម្បី​តាម​រក​ក្រុម​ជន​ប្រមាញ់​ដំរី​ផង​ដែរ។ ​កាលពី​ពេល​មុន​នេះ​ ក្នុង​ខែ​មិថុនា ​មនុស្ស​៧​នាក់ ដែល​មានភ្លុក​ដំរី​កាត់​ពី​ដំរី​២៤​ក្បាល​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ឱទ្យាន​ជាតិ ​Campo M'aan ​និង​នៅ​ឯ​ព្រំដែន​ខាង​ត្បូង​របស់​ប្រទេស​នេះ។​

លោក ​Joseph Achaleke ​នាយក​ផ្នែក​ការពារ​សត្វព្រៃ​ជិត​ផុតពូជ​នៃ​ប្រទេស​ Cameroon ​បាន​និយាយ​ថា​ ប្រហែល​មាន​ការ​ជួញ​ដូរ​ភ្លុក​ដំរី​តាម​សមុទ្រ​ច្រើន​ជាង​នេះ​ទៀត។​

លោក ​Achaleke​ និយាយ​ថា​ ពួក​គេ​បាន​ពង្រឹង​ការ​ឃ្លាំមើល​តាម​សមុទ្រ​ និង​បាន​ធ្វើការ​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​ឱ្យ​ដឹង​ឈ្មោះ​ពួក​ម្ចាស់​នាវា​ និង​ដើម្បី​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​ទាំង​នេះ​ផង​ដែរ។ ​ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា​ ពួក​គេ​ពឹង​ពាក់​ច្រើន​ណាស់​លើ​ប្រជារាស្ត្រ​ដើម្បី​ប្រាប់​ពួក​គេឱ្យ​ដឹង​អំពី​សកម្មភាព​ដែល​មាន​ការ​សង្ស័យ។​

កាល​ពី​ខែ​មេសា​ ប្រទេស ​Cameroon ​បាន​ដុត​ភ្លុក​ដំរី​ចំនួន​ពីរពាន់​ដែល​បាន​ត្រូវ​រឹប​អូស​យក​ ​ហើយ​នេះជា​ការ​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​ពួក​អ្នក​ប្រមាញ់​ដំរី។​ ពាណិជ្ជ​កម្ម​ភ្លុក​ដំរី​អន្តរជាតិ​បាន​ត្រូវ​ហាម​ប្រាម​តាំងពី​ឆ្នាំ​១៩៨៩៕​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ​