ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​បាន​ឃាត់​ខ្លួន​មន្រ្តី​ប្រទេស​កាមេរូន​១៤​​នាក់​បន្ថែម​ទៀត


រូបភាពឯកសារ៖ ក្រដាស​ប្រាក់​ហ្រ្វង់​​ CFA ដែល​បោះ​
ដោយ​ធនាគារកណ្តាល​នៃ​ប្រទេស​អាហ្រ្វិក​ខាង​លិចបាន​រក​ឃើញ​នៅរដ្ឋធានី​ N'djamena​ ប្រទេស​ Chad កាលពី​ថ្ងៃ​ទី​១៩ មេសា ២០១៦។
រូបភាពឯកសារ៖ ក្រដាស​ប្រាក់​ហ្រ្វង់​​ CFA ដែល​បោះ​ ដោយ​ធនាគារកណ្តាល​នៃ​ប្រទេស​អាហ្រ្វិក​ខាង​លិចបាន​រក​ឃើញ​នៅរដ្ឋធានី​ N'djamena​ ប្រទេស​ Chad កាលពី​ថ្ងៃ​ទី​១៩ មេសា ២០១៦។

ប្រទេស​កាមេរូន​បាន​ចាប់​ខ្លួន​មន្រ្តី​រដ្ឋបាល​ និង​អ្នក​គ្រប់គ្រង​គម្រោង​ជាង​១០​នាក់​ ហើយ​បាន​ឃុំ​ខ្លួន​ពួកគេ​នៅ​ក្នុង​ការ​បង្រ្កាប​អំពើ​ពុក​រលួយ​មួយ។ ប៉ុន្តែ​ មនុស្ស​ជា​ច្រើន​គិត​ថា​ប្រធានាធិបតី​ Paul Biya ដែល​បាន​កាន់​អំណាច​អស់​៣៤​ឆ្នាំ កំពុង​បិទ​មាត់​គូ​ប្រកួត​ប្រជែង​របស់​គាត់។​

ក្នុង​ចំណោម​មន្រ្តី​ជាន់​ខ្ពស់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​ចំនួន​១៤នាក់​កាលពី​ ២សប្តាហ៏​មុន ក៏​មាន​លោក Joseph Andre Eyebe Eyebe មន្រ្តី​ជាន់​ខ្ពស់​បំផុត​នៅ​ទីក្រុង​ Bangante នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។

មន្រ្តី​ក្រសួង​យុត្តិធម៌​របស់​ប្រទេស​កាមេរូន​និយាយ​ថា​ លោក​ព្រម​ទាំង​មន្រ្តី​១៣នាក់​ទៀត ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ករណី​ពុករលួយ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​ពិសេស​របស់​ប្រទេស​នេះ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ក្នុង​រដ្ឋធានី​យុនដេ។​

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិធម៌ លោក​ Etienne Dika និយាយ​ថា​មនុស្ស​១៤​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​បន្លំ​លួច​ថវិកា​ចំនួន​៩លាន​ដុល្លារ។ ថវិកា​នេះ​គឺ​សម្រាប់​ទូទាត់​សង​ប្រជាជន​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ដី​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​សាងសង់​កំពង់ផែ​សមុទ្រ​ដ៏​ជ្រៅ​មួយ​នៅ​ទី​ក្រុង​ Kribi។​

លោក Dika​ និយាយ​ថា​ជនជាតិ​កាមេរូន​ដែល​គាំទ្រ​តម្លាភាព​ គួរ​តែ​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ជា​ជាង​ត្អូញត្អែ​អំពី​ការ​ថ្កោលទោស​ផ្នែក​នយោបាយ។​ លោក​និយាយ​ថា​ការ​ចាប់​ខ្លួន​ជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នឹង​ជួយ​បញ្ចេញ​ការ​ពិត។

យ៉ាង​ហោច​ណាស់​អតីត​មន្រ្តី​២៤នាក់​ រួម​ទាំង​អតីត​នាយក​រដ្ឋមន្រ្តី​ លោក​ Ephraim Inoni​ និងថ្នាក់​ដឹកនាំ​នៃ​សាជីវកម្ម​រដ្ឋ​ផ្សេងៗ ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។​

លោក Marafa Hamidou Yaya ជា​អតីត​រដ្ឋមន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។​ លោក​បាន​អះអាង​ថា​ ជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​នោះ​គឺ​ជា​ជន​រងគ្រោះ​នៃ​មហិច្ឆិតារបស់​លោកប្រធានាធិបតី Paul Biya ក្នុង​ការ​កាន់​កាប់​អំណាច​មួយ​ជីវិត។​

នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដែល​លោក Yaya​ បាន​បញ្ជាក់​នៅក្នុង​ឆ្នាំ​២០០៨ លោក​បាន​ណែនាំ​លោកប្រធានាធិបតី​ Biya​ កុំ​ឲ្យ​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ដែល​កំណត់​អាណត្តិ​របស់​លោក។​ ប៉ុន្តែ​ លោក​ប្រធានាធិបតី​មិន​ខ្វល់​ពី​ការ​ដាស់​តឿន​របស់​លោក ដោយ​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ ឈរឈ្មោះ​ប្រធានាធិបតី​ហើយ​ត្រូវ​បាន​ប្រកាស​ជា​អ្នក​ឈ្នះ។

លោក Etienne Haman នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៃ​ប្រទេស​កាមេរូន​ «សិទ្ធិ​របស់​មនុស្ស ឬ​ People's Rights» និយាយថា​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ​ ដូច​ជា​សំដៅ​រក​គូ​ប្រកួត​ប្រជែង​របស់​លោក Biya។

លោក​និយាយ​ថា​មនុស្ស​គ្រប់​គ្នា​គិត​ថា​ការ​ឃុំ​ខ្លួន​មន្រ្តី​ពុក​រលួយ​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ​ដោយសារ​តែ​អំពើ​ពុករលួយ​នៅ​តែ​បន្ត ទោះ​បី​ជា​មាន​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ជន​សង្ស័យ​ទ្រង់ទ្រាយ​ធំ​ក៏​ដោយ។ លោក​និយាយ​ថា​ប្រជាជន​កាមេរូន​ជា​ច្រើន​មិន​បាន​អើពើ​អំពី​ការ​ចាប់​ខ្លូន​ដែល​ពី​ដំបូង​គឺ​ដើម្បី​បន្លាច​អ្នក​ដែល​លួច​ថវិកា​រដ្ឋ​នោះ​ទេ។

អ្នក​ស្រី Beatrice Animbom លេខាធិការ​ផ្នែក​ទំនាក់​ទំនងរបស់​គណបក្ស​ប្រឆាំង​ចម្បង​នៃ​ប្រទេស​កាមេរូន​ «Social Democratic Front» និយាយ​ថា​លោកប្រធានាធិបតី​ Biya គួរ​តែ​សុំ​ឲ្យ​ជនសង្ស័យ​ប្រគល់​ថវិកា​មក​វិញ​ជាជាង​ចាប់​ខ្លួន​ពួកគេ។​

«ដំបូង​ ជន​បន្លំ​ប្រាក់​គឺ​រដ្ឋ​មន្រ្តីនៃ​ប្រទេស​នេះ និង​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​តំណែង​ទាំង​នោះ។ ឥឡូវ​ ដល់​វេន​អ្នកដឹក​នាំ​ផ្នែក​រដ្ឋបាល​តាម​តំបន់។ ប្រជាជន​កាមេរូន​កំពុង​សួរ​ថា​តើ​ជន​បន្លំ​ប្រាក់​ទាំង​នេះ​នឹង​ប្រគល់​ប្រាក់​ត្រឡប់​មក​រតនាគារ​វិញ​ដើម្បី​ជួយ​សាងសង់​ផ្លូវ និង​ផ្គត់​ផ្គង់ទឹក ​និង​អគ្គិសនី​ដែរ​ឬ​ទេ។ នោះ​ជា​អ្វី​ដែល​ប្រជាជន​កាមេរូន​ចង់​បាន»។

រដ្ឋាភិបាល​បាន​ត្អូញត្អែ​អំពី​ដំណើរ​ការ​ច្បាប់​ដែល​មាន​រយៈពេល​យូរ​ និង​ផលវិ​បាក​ក្នុង​ការ​តាម​ដាន​ថវិកា​ដែល​ត្រូវ​បាន​លួច​នៅ​ឯ​ធនាគារ​បរទេស។ ប៉ុន្តែ​ ឆ្នាំ​មុន ប្រទេស​កាមេរូន​បាន​និយាយ​ថា​ខ្លួន​ទទួល​បាន​ថវិកា​សាធារណៈ ចំនួន​៤លាន​ដុលា្លរ​មក​វិញ។​

រដ្ឋ​ប៉ាន់​ស្មាន​ថា ថវិកា​សាធារណៈ​ប្រមាណ​ជា​ ១៥២ ​លាន​ដុល្លារ​ត្រូវ​បាន​លួច។

ច្បាប់​ប្រទេស​កាមេរូន​បាន​បញ្ជាក់​ថា​ជន​សង្ស័យ​ក្នុង​អំពើ​ពុក​រលួយ​អាច​ត្រូវ​ឃុំ​ខ្លួន​ ហើយ​ឯកសារ​សម្រាប់​ធ្វើ​ដំណើរ​របស់​ពួក​គេ​ត្រូវ​បាន​រឹបអូស​ក្នុង​ពេល​ស៊ើបអង្កេត៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG