អ្នកគាំទ្របានច្រៀងថា លោក Paul Biya គឺជាអ្នកដឹកនាំនិងជាឪពុករបស់ពួកគេ ហើយទោះបីជាលោកមានអាយុ៨៤ឆ្នាំក៏ដោយ ក៏លោកនៅតែជាបុរសរឹងមាំសម្រាប់តំណែងជាប្រធានាធិបតី ដរាបណាលោកនៅតែចង់ធ្វើ។
សារស្រដៀងគ្នានេះ ត្រូវបានបន្ទរឡើងនៅឯពិធីជាច្រើននៅទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា ខណៈដែលគណបក្សកាន់អំណាច គឺគណបក្សចលនាប្រធានាធិបតីប្រជាជនកាមេរូន(Cameroon People's Democratic Movement) ហៅកាត់ថា CPDM ប្រារព្ធខួបទី៣១របស់ខ្លួន។
លោក Charlemagne Messanga Nyamding សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្ស CPDM និយាយថា ពេលនេះពួកគេចង់ឲ្យលោក Biya ធ្វើការផ្លាស់ប្តូរនៅក្នុងរដ្ឋធម្មនុញ្ញនិងរៀបចំឲ្យមានការបោះឆ្នោតមុនការកំណត់។
លោកនិយាយថា ប្រជាជនកាមេរូន តែងតែស្រឡាញ់និងនៅតែបន្តស្រឡាញ់លោក Biya។ លោកនិយាយបន្តទៀតថាប្រជាជនកាមេរូន បន្តការជឿជាក់លើលោក Biya ពីព្រោះថា លោកបានបង្ហាញឲ្យឃើញថា លោកគឺជា មនុស្សដែលល្អបំផុតក្នុងការអភិវឌ្ឍ ការពារប្រទេសពីវិបត្តិ និងពីការគម្រាមកំហែងសន្តិសុខនៅក្នុងប្រទេសកាមេរូន តាមរយៈភាពអង់អាច ការប្តេជ្ញាចិត្ត និងបទពិសោធន៍របស់លោក។
ប៉ុន្តែខណៈពេលដែលគណបក្សកាន់អំណាចបានប្រារព្ធខួបកំណើតគណបក្សខ្លួននៅទូទាំងក្រុងនានា នៅថ្ងៃទី២៤ ខែមីនានេះ គណបក្សប្រឆាំងក៏បានរៀបចំឲ្យមានការតវ៉ាប្រឆាំងផងដែរ។
លោកស្រី Patricia Ndam Njoya តំណាងរាស្រ្តនៃគណបក្ស CDUនិយាយថា ប្រទេសកាមេរូន គួរតែផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាបន្ទាន់ច្រើនជាងនេះដូចជាការអភិវឌ្ឍ ការកែទម្រង់ច្បាប់បោះឆ្នោត និងការបង្រ្កាបក្រុមសកម្មប្រយុទ្ធ Boko Haram ដែលក្រុមនេះបានវាយប្រហារលើកងកម្លាំងសន្តិសុខ និងប្រជាពលរដ្ឋស៊ីវិលនាភាគខាងជើងចាប់តាំងពីឆ្នាំមុន។
លោកស្រីនិយាយថា ជាមួយនឹងការកើនឡើងនៃការគម្រាមកំហែងសន្តិសុខពីក្រុមភេរវករ Boko Haram និងក្រុមបះបោរពីសាធារណរដ្ឋអាហ្រ្វិកកណ្តាល វាគឺរឿងគួរឲ្យងឿងឆ្ងល់ណាស់ដែលលោក Biya ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធានាតំណែងប្រធានាធិបតីអស់មួយជីវិតទៅវិញ។ លោកស្រីនិយាយថា វាគឺជារឿងអយុត្តិធម៌ទាំងស្រុង។
ការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិបន្ទាប់គឺ ត្រូវបានកំណត់ធ្វើនៅឆ្នាំ ២០១៨។
លោកស្រី Nyoya និយាយថា គណបក្សប្រឆាំងត្រូវតែរួបរួមគ្នា នៅពីក្រោយបេក្ខជនឈរឈ្មោះតែមួយ គឺជាអ្វីដែលពួកគេមិនដែលអាចធ្វើបានពីមុនមក។
លោក Benoit Ndong Soumet សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកាន់អំណាចនិយាយថា លោកមិនមានការព្រួយបារម្ភនោះទេ។
លោកនិយាយថា ប្រជាជនដែលនិយាយថា ពួកគេមើលមិនឃើញពីអ្វីដែលលោក Biya កំពុងតែធ្វើនោះ គឺសុទ្ធតែពិការភ្នែកហើយរមិលគុណ។
លោក Biya បានធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០០៨ ដើម្បីដកចេញនូវការកម្រិតអាណត្តិប្រធានាធិបតី។ លោកគឺជា ប្រធានាធិបតីអាហ្រ្វិកដែលមានវ័យចំណាស់ជាងគេ បន្ទាប់ពីលោក ប្រធានាធិបតី Mugabe របស់ប្រទេសស៊ីមបាវ៉េ។
មានមនុស្សមួយចំនួនបានព្យាករថា យុគសម័យរបស់បុរសខ្លាំងអាហ្វ្រិករូបនេះនឹងត្រូវបានបញ្ចប់កាលពីឆ្នាំ២០១៤ នៅពេលដែលមានការតវ៉ាប្រឆាំងជាលក្ខណៈទ្រង់ទ្រាយធំមួយក្នុងប្រទេសប៊ូរគីណាហ្វាសូ (Burkina Faso) ដែលបានបណ្តេញលោកប្រធានាធិបតី Blaise Compaore ចេញពីតំណែងបន្ទាប់ពីកាន់អំណាចអស់រយៈពេល២៧ឆ្នាំ។
ប៉ុន្តែសម្រាប់មេដឹកនាំកាន់អំណាចយូរឆ្នាំរបស់ប្រទេសអ៊ូហ្គង់ដា (Uganda)សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo) ទើបតែឈ្នះឆ្នោតសម្រាប់អាណត្តិថ្មីទៀត បើទោះបីជាលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសទាំងពីរនេះមានការជំទាស់ក៏ដោយ។
ប្រទេសរវ៉ាន់ដា (Rwanda) បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់នៅក្នុងខែធ្នូ ឆ្នាំកន្លងទៅដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួន ដូច្នេះលោកប្រធានាធិបតី Paul Kagame អាចបន្តឈរឈ្មោះជាប្រធានាធិបតីបាន៣អាណត្តិទៀត។ ហើយលោក Idris Deby ប្រធានាធិបតីប្រទេសឆាដ (Chad) មើលទៅដូចជានឹងឈ្នះជាលើកទី៥សម្រាប់តំណែងនេះនៅក្នុងការបោះឆ្នោតខែមេសា នាពេលខាងមុខនេះ។
នៅពេលនេះ សំណួរនេះគឺសំដៅទៅប្រទេសកាមេរូន ហើយលោក Paul Biya មិនបានបង្ហាញសញ្ញាថា លោកនឹងមានគម្រោងចូលនិវត្តន៍នោះទេ៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា