ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ការ​ព្យាយាម​បញ្ឈប់​ការ​បរ​បាញ់​ដំរី​ខុស​ច្បាប់​ ប្រទេស​កេនយ៉ា​បាន​ដុត​កម្ទេច​ចោល​ភ្លុក​ដំរី​ជាង​១០០​តោន


លោក​ប្រធានាធិបតី​កេនយ៉ា Uhuru Kenyatta (រូប​ស្តាំ) និង​ប្រធាន​អង្គការ​សេវា​សត្វ​ព្រៃ​កេនយ៉ា លោក Richard Leakey ឈរ​ថត​រូប​បន្ទាប់​ពី លោក​ប្រធានាធិបតី​បាន​ដុត​ភ្លុក​ដំរី​ប្រមាណ​ជា​១០៥តោន និង​កុយ​រមាស​ប្រមាណ​ជា​១តោន ដែល​ត្រូវ​បាន​គេ​រឹបអូស​ពី​ឈ្មួញ​ និង​អ្នក​បរបាញ់​ខុស​ច្បាប់ នៅ​ឧទ្យាន​ជាតិ​ណៃរ៉ូប៊ី នៅ​ក្បែរ​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​កេនយ៉ា Uhuru Kenyatta (រូប​ស្តាំ) និង​ប្រធាន​អង្គការ​សេវា​សត្វ​ព្រៃ​កេនយ៉ា លោក Richard Leakey ឈរ​ថត​រូប​បន្ទាប់​ពី លោក​ប្រធានាធិបតី​បាន​ដុត​ភ្លុក​ដំរី​ប្រមាណ​ជា​១០៥តោន និង​កុយ​រមាស​ប្រមាណ​ជា​១តោន ដែល​ត្រូវ​បាន​គេ​រឹបអូស​ពី​ឈ្មួញ​ និង​អ្នក​បរបាញ់​ខុស​ច្បាប់ នៅ​ឧទ្យាន​ជាតិ​ណៃរ៉ូប៊ី នៅ​ក្បែរ​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ពិភពលោក​ថា​ ភ្លុក​ដំរី​មាន​តម្លៃ​ពេល​វា​នៅ​លើ​​សត្វ​ដំរី​ជាជាង​ភ្លុក​ដំរី​លើ​ទីផ្សារ កាលពី​ថ្ងៃទី​៣០​ខែ​មេសា​កន្លង​ទៅ​នេះ​ ប្រធានាធិបតី​ប្រទេស​កេនយ៉ា​លោក Uhuru​​ Kenyatta​ បាន​ដុត​កម្ទេច​​ចោល​គំនរ​ស្តុក​ភ្លុក​ដំរី​ក្នុង​ប្រទេស​ ដែល​នេះ​ជា​ការ​ដុត​កម្ទេច​ចោល​ភ្លុក​ដំរី​ដ៏​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។​

ពពក​ផ្សែង​ហុយ​ទ្រលោម​បាន​សាយភាយ​ពាស​ពេញ​ឧទ្យាន​ជាតិ​ក្រុង​ណៃរ៉ូប៊ី ​ខណៈ​ពេល​ដែល​លោក​ប្រធានាធិបតី​ប្រទេស​កេនយ៉ា​បាន​ចូល​រួម​ជា​គណៈ​អធិបតី​ក្នុង​ពិធី​ដុត​កម្ទេច​ចោល​ភ្លុក​ដំរី​១០៥​តោន​ និង​ កុយ​រមាស​១,៣៥​តោន។

លោក Kenyatta បាន​និយាយ​ថា «គំនរ​ភ្លុក​ដំរី​ដ៏​ខ្ពស់​នៅ​ខាង​មុខ​យើង​នេះ​ជា​ ការ​បង្ហាញ​ពី​ភាព​រឹងមាំ​នៃ​ការ​ប្តេជ្ញា​របស់​យើង។​ នៅ​ខាង​មុខ​លោក​ លោកស្រី​ អ្នក​នាង​កញ្ញាគឺជា ​គំនរ​ភ្លុក​ដំរី​ និង​កុយ​រមាស​ដែល​ត្រូវ​បាន​រឹបអូស​ក្នុង​ទំហំ​ដ៏ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ ដើម្បី​យក​មក​ដុត​កម្ទេច​ចោល​ក្នុង​ពេល​នេះ។​ យើង​មាន​ហេតុ​ផល ​យ៉ាង​ច្បាស់​ក្នុង​ការ​ដុត​កម្ទេច​ចោល​នេះ។ ​នឹង​មិន​មាន​នរណា​ម្នាក់​ ខ្ញុំ​សុំ​និយាយ​ម្តង​ទៀត​ នឹងមិន​មាន​នរណា​ម្នាក់​ធ្វើ​ជំនួញ​ភ្លុក​ដំរី​ ព្រោះ​ការ​ធ្វើ​ជំនួញ​ប្រភេទ​នេះ​គឺ​ជា​មរណភាព។​ មាន​ន័យ​ថា មរណភាព​នៃ​សត្វ​ដំរី​យើង ​និង​មរណភាព​នៃ​មតក​ធម្មជាតិរបស់​យើង»។

ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​ប្រទេស​កេនយ៉ា​ ក្នុង​ការ​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ការ​បរបាញ់​សត្វ​ខុស​ច្បាប់​ ដែល​នាំ​ឲ្យ​មាន​ការ​សម្លាប់​ដំរី​រាប់​ម៉ឺន​ក្បាល​ដើម្បី​យក​ភ្លុក​នៅ​ទូ​ទាំង​ទ្វីប​ទាំង​មូល។

សរុប​មក​ ភ្លុក​ដំរី​ដែល​ត្រូវ​បាន​ដុត​កម្ទេច​ចោល​នេះ​គឺ ​យក​មក​ពី​ដំរី​ប្រមាណ​ជា​៨.៥០០​ក្បាល​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​នៃ​អង្គការសេវា​សត្វ​ព្រៃ​កេនយ៉ា​ (Kenya Wildlife Service)។

អ្នក​រិះគន់​មួយ​ចំនួន​បាន​អះអាង​ថា​ ប្រទេស​ក្រីក្រ​ដូច​ប្រទេស​កេនយ៉ា​គួរ​តែ​លក់​ភ្លុកដំរី​ទាំង​អស់​នោះ​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្លួន​វិញ។ ក៏ប៉ុន្តែ​អង្គការ​សេវា​សត្វ​ព្រៃ​កេនយ៉ា​បាន​ឆ្លើយតប​វិញ​ថា ការ​លក់​ជ័យភណ្ឌ​ខុស​ច្បាប់​ទាំង​អស់​នេះ​នឹង​រឹត​តែ​បង្កើន​ការ​បរបាញ់​ដំរី​ខុស​ច្បាស់​កាន់​តែ​ច្រើន​ឡើង​ និង​គំរាម​កំហែង​ដល់​ការ​ផុត​ពូជ​សត្វ​ដំរី​យ៉ាង​ខ្លាំង។ ដំរី​រស់​គឺ​មាន​តម្លៃ​ ចំណែក​ឯ​ភ្លុក​ដំរី​មិន​មាន​តម្លៃ​ទេ។

អនុរដ្ឋមន្រ្តី​ក្រសួង​គ្រប់គ្រង​ និង​ធនធាន​របស់​សហរដ្ឋ​អាមេរិក​ លោកស្រី​ Heather​ Higginbottom​ ក៏​បាន​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ដែរ​ និង​មាន​ប្រសាសន៍​ថា ការ​សង្គ្រោះ​ដំរី​ គឺ​ជា​ការ​ជួយ​មនុស្ស​គ្រប់​គ្នា។

លោក​ស្រី​បាន​និយាយ​ថា «សត្វ​ដំរី​ផ្តល់​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ ដល់​វិស័យ​ទេសចរណ៍​ ប្រព័ន្ធ​អេកូឡូស៊ី​ និង​រក្សា​ស្ថិរភាព ហើយ​ធានាថា ​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើងៗ​ចង់​ឃើញ​ប្រភេទ​សត្វ​ដ៏​អស្ចារ្យ​នេះ។ ទាំង​អស់​នេះ​ហើយ​ នឹង​ជួយ​ប្រជាជន​កេនយ៉ា​ ក៏ដូច​ជា​សង្រ្គោះ​ជម្រក​សត្វ​ និង​ សត្វ​នានា»។

ការ​បរបាញ់​សត្វខុស​ច្បាប់​ មាន​ការ​កើន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​សត្វ​ដំរី​អំបូរ​អាហ្វ្រិក​ប្រហែល​ជា​១០០.០០០ក្បាល​ ត្រូវ​បាន​សម្លាប់​ចន្លោះ​ឆ្នាំ២០១០​ និង​ឆ្នាំ២០១២។ លោក James​ Isiche​ នាយក​ប្រចាំ​តំបន់​នៃ​មូលនិធិ​អន្តរជាតិ​ សម្រាប់​សុខុមាលភាព​សត្វ​ព្រៃ​នៅ​អាហ្វ្រិក​ខាងកើត​ បាន​និយាយ​ថា ​ចំនួន​នៃ​សត្វ​ដំរី​ខាង​លើនេះ​ តំណាង​ឲ្យ​ការ​គំរាម​កំហែង​ដល់​សត្វ​ដំរី​នៅ​គ្រប់​ទិសទី​ទាំងអស់។

លោក​បាន​និយាយ​ថា «ប្រសិនបើ​ វា​នៅ​តែ​បន្ត​ ប្រសិន​បើ​ការ​សម្លាប់​នៅ​តែ​បន្ត​ដូច​សព្វថ្ងៃ​ ពួកយើង​នឹង​មិន​អាច​ធានា​ និរន្តភាព​នៃ​ចំនួន​សត្វ​ដំរី​ក្នុង​រយៈពេល​២០ឆ្នាំ​ខាងមុខ​ឡើយ»។

ប្រទេស​កេនយ៉ា​ទទួល​បាន​នូវ​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​ ការ​បរបាញ់​សត្វ​ខុសច្បាប់​ ដែល​ចំនួន​សត្វ​ដំរី​ត្រូវ​បាន​សម្លាប់​បាន​ថយ​ពី​៣៨៤​ក្បាល​ ក្នុង​ឆ្នាំ២០១២​ មក​ត្រឹម​តែ​ចំនួន​ ៩៦​ក្បាល​ ក្នុង​ ឆ្នាំ២០១៥។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ អ្នក​អភិរក្ស​បាន​និយាយ​ថា​ ដំណើរការ​ទៅ​មុខនេះ​អាច​នឹង​វិល​ថយ​ក្រោយវិញ​យ៉ាង​ឆាប់​រហ័ស​ ប្រសិនបើ​ប្រជាជន​មិន​បន្ត​ការ​គាំពារ​ និង​កិច្ច​ប្រឹងប្រែង​អភិរក្ស​នោះ​ទេ។ ប៉ុន្តែ​ ប្រសិនបើ​ ប្រជាជន​អាច​បន្ត​ការ​គាំពារ​ និង​កិច្ច​ប្រឹងប្រែង​អភិរក្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការអភិរក្ស​សត្វ​ព្រៃ​ លោក Wildaid​ Peter​ Knights​ បាន​មាន​ប្រសាសន៍​ថា​ ការ​ដុត​កម្ទេច​ចោល​ភ្លុក​ដំរី​ ក្នុង​ឆ្នាំ២០១៦​ របស់​ប្រទេស​កេនយ៉ា​អាច​ជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ។

លោក​បាន​និយាយ​ថា «ខ្ញុំ​គិត​ថា បើ​យើង​ក្រឡេក​ក្រោយ​មើល​ប្រវត្តិសាស្រ្ត​នោះ យើង​សង្ឃឹម​ថា ​យើង​នឹង​មើល​ឃើញ​រូបភាព​មួយ​ដែល​បង្ហាញ​ពី​អវសាន​នៃ​ការ​ជួញដូរ​ភ្លុក​ដំរី។

លោក​ប្រធានាធិបតី​ Kenyatta​ មាន​ប្រសាសន៍​ថា​ លោក​នឹង​ស្វះស្វែង​ដើម្បី​ដាក់​បម្រាមទាំង​ស្រុង​លើ​ការ​ជួញ​ដូរ​ភ្លុក​ដំរី​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​ជួញ​ដូរ​សត្វព្រៃ​អន្តរជាតិ​នៃ​សន្ធិសញ្ញា​ CITES​ ដែល​នឹង​ប្រារព្ធ​ឡើង​នា​ខែ​កញ្ញា​ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG