ទីក្រុង​បូស្តុន​ឋិត​ក្នុង​ស្ថានភាព​តវ៉ា​អហិង្សា

ហ្វូង​បាតុករ​កំពុង​ដើរ​ទៅ​កាន់​ទីលាន Boston Commons ដើម្បី​ធ្វើ​ការ​តវ៉ា​ក្នុង​ការ​ជួប​ជុំ​មួយ​ដែល​គេ​ហៅ​ថា ការ​ជួប​ជុំ​គ្នា​ដើម្បីសេរីភាព​នៃ​ការ​បញ្ចេញ​មតិ នៅ​ទីក្រុង​បូស្តុន រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក។

បាតុករ​ជាង​៤ម៉ឺន​នាក់​ កាល​ពី​ថ្ងៃ​សៅរ៍​ បាន​នាំ​គ្នា​ធ្វើ​ការតវ៉ា​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​បូស្តុន​ រដ្ឋ​ម៉ាសាឈូសេត​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បញ្ចេញមតិ​ដោយ​សេរី​ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុមអភិរក្ស​​ស្តាំ​និយម​ជ្រុល។

ក្រុម​មន្ត្រី​ក្រុង​បារម្ភ​ថា​ ការតវ៉ា​ប្រមូលផ្តុំ​ដែល​ប្រជែង​គ្នា​នេះ​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ ដូច​ទៅ​នឹង​ការតវ៉ា​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ក្នុង​ក្រុង Charlottesville រដ្ឋVirginia ដែល​បាន​បណ្តាល​ឲ្យ​ស្រី្ត​ម្នាក់​ស្លាប់​ ក្នុង​ហេតុការណ៍​អ្នក​តវ៉ា​ជនជាតិ​ស្បែកស​ប្រកាន់​ពូជ​សាសន៍​ម្នាក់​ បាន​បើក​រថយន្ត​បុករះ​លើ​ហ្វូង​ក្រុម​បាតុករ​ផ្សេង​ទៀត។ ប៉ូលិស​ក្រុង​បូស្តុន​បាន​ព្រមាន​ភាគី​ទាំង​សងខាង​កុំ​ឲ្យ​បង្ក​ជា​អំពើ​ហិង្សា។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ មាន​ការតវ៉ា​ប្រឈម​ដាក់​គ្នា​រវាង​បាតុករ​ពីរ​ក្រុម​ក្នុង​ក្រុង​បូស្តុន។ នៅឯ​ជ្រុង​ផ្លូវ​ម្ខាង​ទៀត​ មាន​ក្រុមសេរី​និយម​មួយ​ក្រុម​ធំ​ កំពុង​គាំទ្រ​ភាពចម្រុះ​ជាតិ​សាសន៍​ និង​កំពុង​តែ​ស្រែក​បញ្ចេញ​កំហឹង។ អ្នក​តវ៉ា​ឈ្មោះ James Patinស្រែក​តវ៉ា​ថា៖ «ទាំងនេះ​គឺ​ជា​ក្រុម​ហ្វាស៊ីស​ស្តាំ​និយម​ជ្រុល​ ដែល​មិន​គួរ​មាន​នៅក្នុង​សហគមន៍​យើង​ទេ»។

អ្នក​តវ៉ា​ម្នាក់​ទៀត​ឈ្មោះ​ថា​ Kate Losey បាន​ស្រែក​ថា៖ «ខ្ញុំ​ចេញ​មក​តវ៉ា​នៅ​ថ្ងៃ​នេះ​ ដើម្បី​ប្រាប់​ក្រុម​ណាស៊ីស​ឲ្យ​ត្រឡប់​ចូល​ទៅ​រូង​របស់​គេ​វិញ​ទៅ»។

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ដាក់​គ្នា​រាប់​រយ​នាក់​នេះ​មក​ពី​ក្រុម​ផ្សេងគ្នា​ ប៉ុន្តែ​ពួកគេ​គាំទ្រ​រឿងដូចគ្នា។ ឥឡូវនេះ​ប៉ូលិស​មិន​បារម្ភ​ពី​ពួក​គេ​ទេ​ ប៉ុន្តែ​បារម្ភ​ថា​តើ​ពេល​ណា​ពួក​គេ​ដើរ​ទៅ​ដល់​ទិសដៅ​របស់​គេ​ ហើយ​ថា​តើ​នឹង​មាន​រឿង​អ្វី​កើតឡើង​នៅ​ពេល​ពួក​គេ​ជួប​ក្រុម​តវ៉ា​ផ្សេង​ទៀត​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​ខ្លួន​នោះ។

ក៏ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​ពួកគេ​បាន​ឃើញ​នៅ​ពេល​ពួកគេ​ទៅ​ដល់​សួន​ Boston Common។ នៅ​ទីនោះ​មាន​ក្រុម​ស្តាំ​និយមជ្រុល​ប្រហែល​៣០​នាក់ ប្រមូលផ្តុំ​គ្នា​ដែល ត្រូវ​បាន​គេ​ហៅ​ថា​ជា​ការនិយាយ​ដោយ​សេរី។ ពួកគេ​បដិសេធ​ថា​ជា​ក្រុម​ណាស៊ីស ក្រុម​ KKK ​ឬជា​ក្រុម​ពួក​ស្បែកស​ប្រកាន់​ជាតិសាសន៍​ឬ​ហៅ​ថា​ White Supremacist ហើយ​បាន​និយាយ​ថា ​ពួក​គេ​មក​ប្រមូលផ្តុំ​តវ៉ា​នៅ​ថ្ងៃ​នេះ​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ។ ទោះ​ជា​យ៉ាងណា​ក៏​ពួក​អ្នកតវ៉ា​ទាំង​ពីរ​ក្រុម​នេះ​មិន​អាច​ស្តាប់​គ្នា​បាន​ ថា​ក្រុម​ណា​និយាយ​ពីអ្វី​ឡើយ។ ប៉ូលិស​ព្យាយាម​បំបែក​ក្រុម​ទាំងពីរ​ឲ្យ​ចេញ​ពី​គ្នា។

អ្នក​តវ៉ា​ឈ្មោះ​ថា ​Andrew​ ដែល​អះអាង​ថា​ជា​អ្នក​សេរីនិយម​នោះ​ បាន​ចេញ​មក​ដើម្បី​គាំទ្រ​ក្រុម​អភិរក្សនិយម​ ប៉ុន្តែ​លោក​និយាយ​លោក​មិន​អាច​ដើរ​ទៅ​ដល់​កន្លែង​តវ៉ា​បាន​ទេ។ លោក​បាន​ស្តី​បន្ទោស​ប៉ូលិស​ដែល​បាន​ដាក់​បន្ថែម​របាំង​ការពារ​សន្តិសុខ​រវាង​ក្រុម​ទាំង​ពីរ​នេះ​ និង​បាន​បង្អាក់​ដល់​សេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ក្រុម​នេះ។

លោក Andrew និយាយ​ថា៖ «វា​ហាក់​ដូចជា​ពួកប៉ូលិស​ចង់​ឲ្យ​ក្រុម​ភាគច្រើន​ស្រែក​ដាក់​ទៅ​ក្រុម​ភាគតិច​ជាជាង​ជួយ​សម្រួល​ឲ្យ​ពួក​គេ​ហែរក្បួន​តវ៉ា​ទៅ​ដោយ​សម្រួល»។

បន្ទាប់​ពី​ការតវ៉ា​ប្រមូលផ្តុំ​បាន​បញ្ចប់​ ប៉ូលិស​បូស្តុន​បាន​ចាប់ខ្លួន​ក្រុម​អភិរក្សនិយម​ប៉ុន្មាន​នាក់​ចេញ​ពី​ហ្វូង​ក្រុម​អ្នកតវ៉ា​ដើម្បី​រក្សា​សុវត្ថិភាព។ ប៉ុន្តែ​ភាព​តាន​តឹង​នៃ​ការ​ប្រឈម​ដាក់គ្នា​នេះ​នៅ​តែ​កើតឡើង។ នៅក្នុង​ហេតុការណ៍​នេះ​ មាន​ក្រុម​អ្នកតវ៉ា​ម្នាក់​ស្តី​បន្ទោស​អ្នក​គាំទ្រ​ឲ្យ​មាន​ការប្រមូលផ្តុំ​បញ្ចេញ​មតិ​ដោយ​សេរី​នេះ។

អ្នក​តវ៉ា​ទាំងពីរ​ក្រុម​បាន​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច្នេះ​ថា៖ «ឯង​ដូច​សំរាម​អញ្ជឹង។ អ្វី​ដែល​ឯង​បាន​និយាយ​ចេញ​ទៅ​ធ្វើ​ឲ្យ​គ្រួសារ​យើង​ មិត្តភ័ក្រ្ត​យើង​ និង​មនុស្ស​រាប់លាន​នាក់​ផ្សេង​ទៀត​ឈឺចាប់។ អ្នកឯង​អន់​ណាស់»។

ម្នាក់​ទៀត​និយាយ​ថា «យើង​គាំទ្រ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​សេរី។ យើង​ប្រឆាំង​រដ្ឋាភិបាល​ដែល​ព្យាយាម​បញ្ឈប់​ការ​ប្រមូលផ្តុំ​នេះ។ យើង​គ្មាន​មនោគមវិទ្យា​អ្វី​នោះ​ទេ»។

បន្ទាប់​ពី​បំបែក​ហ្វូង​បាតុករ​រួចមក មាន​ការមន្ទិល​សង្ស័យ​ថា​តើ​ការតវ៉ា​ប្រឈមមុខ​ដាក់​គ្នា​នេះ​បាន​សម្រេច​អ្វី​ខ្លះ? អ្នក​តវ៉ា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា៖ «នេះ​ជា​ការតវ៉ា​ដ៏​អស្ចារ្យ​ ប៉ុន្តែ​យើង​ដឹង​ថា​វា​នៅ​តែ​មាន​ការ​ប្រកាន់​ពូជសាសន៍​ជា​ប្រព័ន្ធ ហើយ​វា​មិន​អាច​បញ្ឈប់​បាន​ ដោយ​គ្រាន់​តែ​យើង​មក​ជួបជុំ​គ្នា​ស្រែក​តវ៉ា​ប៉ុណ្ណោះ​ទេ»។

ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​ទាន់​បាន​បញ្ចប់​ឡើយ។ ការ​តវ៉ា​ប្រឈមមុខ​ដាក់​គ្នា​នេះ​បាន​ប្តូរ​កន្លែង​ចេញ​ពី​សួន​ឧទ្យាន​មួយ​នេះ។ ក្រុម​បាតុករ​បាន​បន្ត​ស្រែក​ថា៖ «គ្មាន​ក្រុម​ណាស៊ីស​ណាមួយ​នៅ​ទី​នេះ​ទេ»។ «វា​គ្មាន​អ្វី​ទាក់ទង​ជាមួយ​លោក Trump និង​គ្មាន​អ្វី​ទាក់ទង​ជាមួយ​លោក​ Obama​ ទេ»។

រហូត​ដល់​ពេល​យប់​ មនុស្ស​រាប់សិបនាក់​ត្រូវ​ចាប់​ខ្លួន​ ហើយ​ប៉ូលិស​ត្រូវ​ឋិត​ក្នុង​ឯក​សណ្ឋាន​ការពារ​ខ្លួន​ ហើយ​វា​នៅ​តែ​ជា​បញ្ហា​របស់​ប្រទេស​ និង​នៅ​តែ​មាន​ការបែង​ចែក​ក្រុម៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា