កំណត់និពន្ធ៖ ក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន អ្នកជំនាញកំពុងមានការបារម្ភថា កម្ពុជានឹងមិនមានការប្រកួតប្រជែងគ្រប់គ្រាន់ជាមួយប្រទេសជិតខាងរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលលំហូរទំនិញនិងសេវាកម្មដោយសេរីរវាងប្រទេសជាសមាជិកអាស៊ានទាំង១០ត្រូវបានព្រមព្រៀង។ លោកស្រីសាស្ត្រាចារ្យ Pek Koon Heng Blackburn គឺជាសាស្ត្រាចារ្យនៃការសិក្សាអន្ដរជាតិនិងជានាយកមជ្ឈមណ្ឌលការសិក្សាអាស៊ាននៅឯសាកលវិទ្យាល័យ American Universityក្នុង រដ្ឋធានីវ៉ាស៊ីនតោន។ នៅពេលនេះលោកស្រីបានផ្តល់បទសម្ភាសន៍ជាមួយលោកមាន ឥស្សរាយស នៃ VOA ដើម្បីពិភាក្សាអំពីការផ្តួចផ្តើមថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលសមាជិកអាស៊ានកំពុងស្វែងរកការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ច។ នៅក្នុងបទសម្ភាសន៍នេះលោកស្រី បានពន្យល់ពីគំនិតនៅពីក្រោយសហគមន៍សេដ្ឋកិច្ចនិងបញ្ហាប្រឈមដែលប្រទេសកម្ពុជាជួបប្រទះនៅពេលចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ច។
សូមចុចស្តាប់និងអានបទសម្ភាសន៍ទាំងស្រុងដូចតទៅ៖
Your browser doesn’t support HTML5
VOA Khmer: សូមអរគុណដែលបានចូលរួមនៅក្នុងបទសម្ភាសន៍នេះ។ តើអ្វីទៅជាសហគមន៍សេដ្ឋកិច្ចអាស៊ាន?
សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងត្រូវបង្កើតឡើងនៅក្នុងឆ្នាំនេះក្រោមការដឹកនាំរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន តាមពិតទៅគ្រាន់តែជាសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង៣របស់អាស៊ាន។ សហគមន៍អាស៊ានពឹងផ្អែកលើសហគមន៍ចំនួន៣ រួមមាន សហគមន៍សន្តិសុខនយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌សង្គម។ សហគមន៍សេដ្ឋកិច្ចអាស៊ានជា សហគមន៍មួយក្នុងចំណោមសហគមន៍ទាំងនោះ ហើយវាពិតជាមានសារៈសំខាន់ជាងគេសម្រាប់អាស៊ាន។ ដូច្នេះ សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងបង្កើតទីផ្សារតែមួយ ដែលមានមូលដ្ឋានលើផលិតកម្ម។ សហគមន៍នេះនឹងបង្កើតតំបន់សេដ្ឋកិច្ចដែលមានលក្ខណៈប្រកួតប្រជែងមួយ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមភាពជាងមុននៅក្នុងតំបន់អាស៊ាន ក៏ដូចជានឹងបញ្ចូលអាស៊ានកាន់តែខ្លាំងទៅក្នុងសេដ្ឋកិច្ចសាកលទាំងមូល។
នៅពេលដែលយើងនិយាយពីការបង្កើតទីផ្សារតែមួយនេះ យើងនឹងនិយាយសំដៅទៅលើទីផ្សារនៃអ្នកប្រើប្រាស់ចំនួន៦៣៣លាននាក់ នៅក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០។ ប្រទេសទាំងនេះមានផលិតផលក្នុងស្រុកសរុប (GDP) ចំនួន២.៣០០ពាន់លាន (២,៣ទ្រីលាន) ដុល្លារ ហើយមានអត្រាកំណើនដ៏ខ្ពស់បំផុតក្នុងតំបន់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ(២០០៨)មក។
នៅក្នុងឆ្នាំ២០១៤ អាស៊ានបានចុះបញ្ជីអត្រាកំណើន៥,៦ភាគរយ ដែលនេះជាមូលហេតុនាំឲ្យមានការចាប់អារម្មណ៍ជាច្រើនពីអន្តរជាតិ សហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ ដែលចង់ឃើញឲ្យមានការបង្កើតនូវទីផ្សាររួមតែមួយដែលមានមូលដ្ឋានលើផលិតកម្មនេះនឹងធ្វើឲ្យសម្រេចបាន។ អាស៊ានក៏ចង់បង្កើតនូវតំបន់សេដ្ឋកិច្ចដែលមានលក្ខណៈប្រកួតប្រជែងមួយ តាមរយៈការអនុវត្តគោលនយោបាយប្រកួតប្រជែង កម្មសិទ្ធិបញ្ញា (intellectual property rights) និងការការពារអ្នកប្រើប្រាស់។ ដូច្នេះ យើងអាចមានលក្ខណៈប្រកួតប្រជែងខ្លាំងជាងមុន ហើយយើងនឹងទាក់ទាញបានអ្នកវិនិយោគច្រើនបន្ថែមទៀត ដោយសារបញ្ញត្តិកម្មសិទ្ធិបញ្ញាប្រសើរជាងមុន។ ហើយបន្ទាប់មក វានឹងបន្ថយគម្លាតប្រាក់ចំណូលនៃបណ្តាប្រទេសនៅក្នុងអាស៊ានឲ្យទៅជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមភាព ហើយវានឹងបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដោយយើងសង្ឃឹមថានឹងមានមូលធនចំនួន១៣ពាន់លានដុល្លារដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចជាងគេ ដូចជាប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ ហើយនៅទីបំផុត វានឹងធ្វើសមាហរណកម្មទីផ្សារអាស៊ានចូលទៅជាសេដ្ឋកិច្ចសាកល និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership)។ វានឹងក្លាយជាតំបន់ពាណិជ្ជកម្មអាស៊ានជាមួយនឹងដៃគូរបស់អាស៊ាន។ ដូច្នេះ វានឹងមានប្រទេសសមាជិកចំនួន១៦ ដែលរួមមានឥណ្ឌានិងចិនផងដែរ។ នេះជាគោលដៅប្រកបដោយមហិច្ឆតាមួយ ហើយវានឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំនេះ។
VOA: អ្នកបានលើកឡើងពីធាតុនៃទីផ្សារតែមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ តើមានការចំណេញខាតអ្វីខ្លះសម្រាប់អាស៊ាន? បណ្តាប្រទេសសមាជិកអាស៊ានមាន២ប្រភេទ គឺអតីតអាស៊ាន៦ប្រទេសដំបូងដែលមានការអភិវឌ្ឍខ្លាំង និងសមាជិក៤ផ្សេងទៀតដែលមានការអភិវឌ្ឍយឺត។ តើទីផ្សារតែមួយនេះផ្តល់ប្រយោជន៍អ្វីខ្លះ និងមានផលវិបាកអ្វីខ្លះដល់ប្រទេសទាំងនោះ?
អ្នកត្រូវតែមើលទៅទាំងទីផ្សារតែមួយ និងទីផ្សារដែលមានមូលដ្ឋានលើផលិតកម្ម ពីព្រោះថា វាជារឿងដែលអ្នកប្រើប្រាស់ទិញផលិតផល និងវាក៏ជាបញ្ហាផលិតកម្មដែលមាននៅក្នុងប្រទេសទាំងនោះ។ សង្ឃឹមថា នឹងមានការវិនិយោគបន្ថែមទៅកាន់ប្រទេសសមាជិកអាស៊ានដែលមានការអភិវឌ្ឍតិចតួច។ នេះជាផលប្រយោជន៍ដែលប្រទេសទាំងនោះទទួលបាន ប្រសិនបើពួកគេអាចទាក់ទាញការវិនិយោគបន្ថែមបាន។ ផលប្រយោជន៍ហ្នឹងគឺថា សហគមន៍សេដ្ឋកិច្ចអាស៊ានបង្កើតអ្វីដែលគេហៅថា ទីផ្សារស្រដៀងគ្នា ដោយសារតែវាជាតំបន់ពាណិជ្ជកម្មសេរី។ តំបន់ពាណិជ្ជកម្មសេរីជាកន្លែងដែលអ្នកអាចធ្វើផលិតកម្មនៅក្នុងប្រទេសណាមួយក៏បាននៅក្នុងតំបន់អាស៊ាន។ ឧទាហរណ៍ថា នៅពេលដែលអ្នកធ្វើផលិតកម្មនៅប្រទេសឡាវ អ្នកមិនត្រឹមតែអាចលក់ផលិតផលដល់ប្រជាជនចំនួនដ៏តិចរបស់ប្រទេសឡាវនោះទេ ប៉ុន្តែក៏អាចដល់អ្នកប្រើប្រាស់ទាំង៦៣៣លាននាក់(របស់អាស៊ាន)តែម្តង។ នៅពេលអ្នកវិនិយោគនៅក្នុងប្រទេសណាមួយក្នុងចំណោមប្រទេសទាំង១០អ្នកនឹងមានមធ្យោបាយទៅប្រទេសទាំង១០តែម្តង។
ដើម្បីឲ្យប្រទេសទាំងនោះទាក់ទាញការវិនិយោគ ពួកគេត្រូវបន្ថយរបាំងពន្ធគយ បន្ថយរបាំងមិនមែនពន្ធគយ និងរបាំងច្បាប់ ឬបញ្ញត្តិនានា។ ពួកគេបន្ថយរបាំងពន្ធគយគឺ ដើម្បីទាក់ទាញការវិនិយោគ។ តាមពិតទៅ វាមានសារៈសំខាន់ណាស់ដែលថា ទីផ្សារតែមួយគឺជាទីផ្សារផលិតកម្មតែមួយ។ នឹងមានសេរីភាពក្នុងការធ្វើចរាចរណ៍ទំនិញ សេវាកម្ម ការវិនិយោគ ដើមទុន និងកម្លាំងពលកម្ម។ ឧទាហរណ៍ថា ក្រុមហ៊ុនពហុជាតិមួយរបស់អាមេរិកចង់ផលិតយានយន្តនៅក្នុងប្រទេសណាមួយ ឧបមាថា ប្រទេសកម្ពុជា នោះពន្ធគយ នីតិវិធីសុំ និងទម្រង់បែបបទមានលក្ខណៈដូចគ្នា។ នៅពេលចូលទៅកម្ពុជាហើយ នឹងមានស្តង់ដារ(រួម)តែមួយនៃពន្ធគយ និងបញ្ញត្តិឆ្លងកាត់ព្រំដែនដទៃៗទៀត។ វានឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើជំនួញនៅក្នុងប្រទេសអាស៊ាន មិនថាអ្នកនៅទីណានោះទេ។ ដូច្នេះ ចំណុចសំខាន់សម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបង្កើតបរិយាកាសល្អសម្រាប់ការធ្វើជំនួញ ដើម្បីឲ្យពួកគេអាចទាក់ទាញវិនិយោគបរទេសដោយផ្ទាល់(FDI) បាន ។
ប្រទេសអាស៊ានត្រូវតែបន្ថយរបាំងរបស់ខ្លួនដើម្បីធ្វើពាណិជ្ជកម្ម ហើយបើនិយាយពីពន្ធគយវិញ វាបានថយចុះជាង៩០ភាគរយហើយ។ ប្រទេសនានាបានបន្ថយរបាំងពន្ធគយនៅទូទាំងអាស៊ានបានជាង៩០ភាគរយ។ ប៉ុន្តែរបាំងមិនមែនពន្ធគយនិងបទបញ្ជាគ្រប់គ្រងនានានៅតែមានច្រើន ប្រសិនបើអ្នកមើលទៅរបាំងមិនមែនពន្ធគយ និងបទបញ្ញត្តិទាំងនោះ។ ប្រសិនបើអ្នកមើលប្រទេសសិង្ហបុរី ប្រទេសនេះជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហបំផុត។ ប្រទេសសិង្ហបុរីស្ទើរតែមិនមានរបាំងមិនមែនពន្ធគយ ប៉ុន្តែកម្ពុជា ឡាវ ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាវិញមានរបាំងច្រើន។ នេះហើយជាការងារជាច្រើនដែលយើងត្រូវធ្វើទៀត។
VOA Khmer: អ្នកបានលើកឡើងថា ប្រទេសដែលមានការអភិវឌ្ឍតិចត្រូវតែធ្វើកំណែទម្រង់ តើអ្នកកំពុងនិយាយពីកំណែទម្រង់អ្វីដែរ?
យើងចង់និយាយអំពីការកាត់បន្ថយគោលនយោបាយការពារបុព្វសិទ្ធិ(សិទ្ធិពិសេស)ពាណិជកម្មក្នុងស្រុក ឬគាំពារនិយម (Protectionism)។ ឧទាហរណ៍ ប្រទេសកម្ពុជានៅតែគាំពារវិស័យស្រូវអង្ករ ឬក៏អាចនិយាយបានថា ពួកគេគាំពារវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យសំណង់។ នៅក្នុងករណីប្រទេសវៀតណាម ពួកគេមានសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋដែលទទួលបានបុព្វសិទ្ធិពីរដ្ឋ ហើយពួកគេត្រូវតែបន្ថយរបាំងទាំងនោះ។ និយាយមួយបែបទៀត គឺថា អ្នកមិនអាចមានយន្តការគាំពារនិយមនេះទេ។ ពួកគេត្រូវកាត់បន្ថយបទបញ្ញត្តិរបស់រដ្ឋាភិបាល គោលនយោបាយពន្ធដារ ហើយពួកគេដោះស្រាយបញ្ហារបាំងមិនមែនពន្ធគយទាំងអស់។ សម្រាប់របាំងពន្ធគយ វាមានភាពងាយស្រួល វាមានតែ២ភាគរយប៉ុណ្ណោះលើការនាំទំនិញចូល។ ប៉ុន្តែនៅពេលដែលអ្នកនៅក្នុងប្រទេសទាំងនោះ ឧទាហរណ៍នៅក្នុងប្រទេសម៉ាឡេស៊ី ការផលិតរថយន្តកំពុងហូរចូលប្រទេសម៉ាឡេស៊ី ហើយរបាំងពន្ធគយបានថយចុះដល់ប្រមាណជា៥ភាគរយ។ ប៉ុន្តែម៉ាឡេស៊ីអនុវត្តលើលិខិតអនុញ្ញាត ប័ណ្ណបើកបរ ឬចំណាយផ្សេងៗ ហើយបន្ទាប់ពីបង់ពន្ធជូនរដ្ឋាភិបាលរួច លិខិតអនុញ្ញាត ថ្លៃប័ណ្ណបើកបរ និងតម្លៃពិតប្រាកដរបស់រថយន្តមួយនឹងកើនជាង៣០ភាគរយថែមពីលើការនាំចូលទៅទៀត។ ដូច្នេះ នេះហើយជាអ្វីដែលយើងហៅថា របាំងមិនមែនពន្ធគយ។
ដូចគ្នានេះផងដែរ របាំងមិនមែនពន្ធគយ នៅតែជាបញ្ហាសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន។ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានគ្រាន់តែជាការចាប់ផ្តើមកាត់បន្ថយបញ្ហាទាំងនេះ ហើយរបាំងមិនមែនពន្ធគយជាបញ្ហាប្រឈមធំរបស់ប្រទេសក្នុងតំបន់អាស៊ានត្រូវដោះស្រាយ។ ប្រទេសឡាវនិងកម្ពុជានៅតែមានគោលនយោបាយគាំពារច្រើនបែបច្រើនយ៉ាង។ ប្រទេសវៀតណាមនឹងបន្ថយរបាំងរបស់ពួកគេតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដូច្នេះវៀតណាមនឹងមានការនាំមុខជាមិនខាន។ ម៉ាឡេស៊ីនិងវៀតណាមនឹងធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចទៅដល់កម្រិតដ៏ខ្លាំងមួយជាងអ្នកដែលមិនស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។
VOA Khmer: តើប្រទេសកម្ពុជាអាចធ្វើអ្វីបានដើម្បីត្រៀមខ្លួនសម្រាប់សហគមន៍នេះ? តើរដ្ឋាភិបាលអាចធ្វើអ្វីបានខ្លះ? តើពលរដ្ឋកម្ពុជាអាចធ្វើអ្វីដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារនេះ?
ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនានាដូចជាប្រទេសឡាវនិងឥណ្ឌូណេស៊ី ដែលជាប្រទេសមានការគាំពារច្រើននោះ ដោយសារតែពួកគេបារម្ភអំពីក្រុមហ៊ុនក្នុងស្រុកដែលមានស្រាប់មិនខ្លាំងក្លាគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង។ សេដ្ឋកិច្ចកម្ពុជាត្រូវបានក្តោតក្តាប់ដោយក្រុមហ៊ុនចិននៅវិស័យកាត់ដេរ វិស័យថាមពល វិស័យសំណង់ និងការលក់រាយ។ ដោយសារក្រុមហ៊ុនសុទ្ធតែមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ពួកគេអាចចូលដល់ទីផ្សារដែលធំជាងនេះ(ផ្សារអាស៊ាន) ទោះណាជាមានក្តីកង្វល់លើបញ្ញត្តិស្តីពីប្រភពដើមក៏ដោយ។ និយាយមួយបែបទៀត ប្រសិនបើក្រណាត់ត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា ពួកគេអាចនាំចេញពីប្រទេសកម្ពុជាមិនជាប់ពន្ធនោះទេ ដោយពួកគេទទួលបានបុព្វសិទ្ធិ នានានៃទីផ្សារតែមួយនិងទីផ្សារផលិតកម្ម។ ប៉ុន្តែប្រសិនបើវត្ថុធាតុដើមយកមកពីប្រទេសចិន វាមិនអាចរួចផុតពន្ធនោះទេ។ មានបញ្ញត្តិស្តីពីប្រភពដើមដែលការពារផលិតកម្មក្នុងស្រុក។ វាគឺសម្រាប់ការពារផលិតកម្មដែលមានស្រាប់ក្នុងស្រុក ហើយវាការពារផលប្រយោជន៍អ្នកផលិត។
មិនមានជម្រើសឲ្យយើងអាចមិនចូលរួម ឬមិនធ្វើសេរីភាវូបនីយកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាននោះទេ។ ប្រសិនបើអ្នកមិនចូលរួម នោះអ្នកនឹងត្រូវបានគេទុកចោល។ ប្រទេសឡាវបានចូលរួមនៅក្នុងដំណើរការនេះ ដូច្នេះវាមានន័យថា ទុនវិនិយោគបន្ថែមទៀតនឹងហូរចូលប្រទេសឡាវ ហើយអាជីវកម្មជាច្រើននឹងចូលទៅប្រទេសឡាវ។ អ្វីដែលកម្ពុជានឹងត្រូវធ្វើ គឺធានាថា ខ្លួនមានតម្លាភាពជាងមុន។ ប្រទេសនេះត្រូវមានបញ្ញត្តិលើបញ្ហាហិរញ្ញវត្ថុ ហើយត្រូវតែកាត់បន្ថយអំពើពុករលួយ កាត់បន្ថយការគាំពារភាពផ្តាច់មុខ និងការប្រកាន់បក្សពួកនិយម (អ្នកជំនួញដែលរដ្ឋពេញចិត្ត)។ នេះជាអ្វីៗដែលកម្ពុជាត្រូវដោះស្រាយ។ វានឹងមានការពិបាក ដូច្នេះហើយបានខ្ញុំនិយាយពីដើមថា របាំងមិនមែនពន្ធគយគឺជាកន្លែងដែលត្រូវតែមានកំណែទម្រង់ ហើយមិនមានឆន្ទៈនយោបាយក្នុងការសម្រេចរឿងនេះនៅឡើយទេ។ ជាចុងក្រោយ អ្វីដែលសំខាន់គឺថា ប្រទេសអាស៊ានទាំង១០ រួមមានកម្ពុជាផង បានតាំងចិត្តធ្វើសេរីភាវូបនីយកម្មរយៈពេលយូរ ដោយសារតែមិនមានជម្រើសផ្សេងក្រៅពីការធ្វើសេរីភាវូបនីយកម្ម។ ប្រសិនបើអ្នកមិនធ្វើវា អាជីវកម្មនានា និងការវិនិយោគនឹងហូរទៅប្រទេសផ្សេង៕