អ្នកវិភាគ​អបអរ​ការ​វិល​មកកាន់​តុ​ចរចាគ្នា​នៃ​គណបក្ស​ធំ​ឈ្នះឆ្នោត​ទាំងពីរ

លោក​គុច ច័ន្ទលី ​ជនជាតិខ្មែរ​អាមេរិកាំង និង​​ជា​អ្នក​វិភាគ​​នយោបាយ​​ឯករាជ្យ​​អំពី​កម្ពុជា​

ក្រុមអ្នក​វិភាគ​អបអរ​សាទរ​ចំពោះ​ការ​វិល​មកកាន់​តុ​ចរចា​គ្នា​ឡើងវិញ​រវាង​អ្នក​នយោបាយ​ ដោយ​និយាយ​ថា​ នេះ​ជាការ​ចង់​បាន​របស់​ពលរដ្ឋ​កម្ពុជា​និង​សហគមន៍​អន្តរជាតិ។​

ការចរចា​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​កំណើន​ប្រជា​ពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​កើន​ឡើង​ដល់​រាប់សែន​នាក់​ដែល​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ​ និង​សុំឲ្យ​លោក​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ចេញ​ពីមុខ​តំណែង។​

គណបក្ស​ប្រជែង​ផ្នែក​នយោបាយ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​ថា​ នឹង​ជួប​ចរចា​គ្នា​ឡើង​វិញ​ដើម្បី​ដោះ ស្រាយ​បញ្ហា​ជាប់គាំង​ផ្នែក​នយោបាយ​ បន្ទាប់​ពីភាគី​ទាំងពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​លក្ខខណ្ឌ​នានា​ទៅវិញ​ទៅមក។​ ការ​វិល​មកកាន់​តុ​ចរចា​វិញនេះ​ត្រូវ​គេចាត់​ទុក​ថា ​ជារឿង​ដែល​ពលរដ្ឋ​កម្ពុជា​ និង​សហគមន៍​អន្តរជាតិ​ចង់​ឃើញ​ក្នុងការ​ទម្លុះ​ទម្លាយភាព​ទល់ច្រក​ផ្នែក​នយោបាយ​ដែល​ក្រុម​អ្នក​វិភាគ​ខ្លះ​ចាត់​ទុក​ថា ​ការ​បោះឆ្នោត​ឡើង​វិញ​ជា​ជម្រើសល្អ​មួយ។​

ក្រុម​ការងារ​បច្ចេក​ទេស​នៃ​គណបក្ស​ទាំងពីរ​ដែល​មាន​តំណាង​បី​រូប​ម្ខាងៗ​បាន ប្រកាស​ថា​ នឹង​ជួបគ្នា​នៅ​ថ្ងៃ​ទី៣ ​ខែ​មករា​ឆ្នាំ​២០១៤​ក្នុងវិមាន​ព្រឹទ្ធ​សភា​មុន​ពេល​ មេដឹក​នាំ​កំពូល​ត្រូវ​ជួប​គ្នា។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ជាចុង​ក្រោយ​ ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ និង​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ និង​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ឲ្យ​បាន​ឯករាជ្យ ​អាច​ទទួល​យក​បាន​ក្រោយ​ពី​ការ​បន្ត​ធ្វើ​ពហិការ ​មិន​ទទួល​ស្គាល់​រដ្ឋសភា ​និង​រដ្ឋាភិបាល​ថ្មី​កើត​ចេញ​ពីការ​បោះឆ្នោត ​ដែល​គេ​ចាត់​ទុក​ថា មាន​ការ​គៃ​បន្លំ​ដោយ​មាន​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់​ធ្ងរ​នោះ។​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​បាន​អះអាង​ថា​ ខ្លួន​នៅតែ​លើក​យក​របៀបវារៈ ​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ជំនួប​ដំបូង​រវាង​មេដឹកនាំ​កំពូល​ទាំងពីរ​កាលពី ​ថ្ងៃទី​១៦ ​ទី​១៧​ ខែ​កញ្ញា​កន្លង​មក​ រួម​ទាំង​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត។​

ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​សាទរ​ចំពោះ​ការ​វិល​មក​កាន់​តុចរចា​វិញ​នេះ​ថា ​ជា រឿង​ដែល​គេគួរ​ធ្វើ​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​បង្ក​បញ្ហា​ញ៉ាំញី​ដល់ សង្គម។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​គឺ​ខុមហ្រ្វែល​ ចង់​ឃើញ​អ្នក​នយោបាយ​ផ្លាស់ប្តូរ​របៀប​របប​ដោះស្រាយ​ផ្នែក​នយោបាយ​ដើម្បី​ បញ្ជៀស​ការ​ជាប់​គាំង។​

«គណបក្ស​ប្រជាជន​កម្ពុជាក៏​គិត​ថា ​ខ្លួន​ឯង​ជាអ្នក​ឈ្នះ​ គណបក្ស​សង្គ្រោះជាតិ​ ក៏​គិត​ថា​ ឈ្នះ។ ​តែបញ្ហា​ត្រង់​ថា ​គាត់អត់​មាន​រូបមន្ត​នៃការ​ចែកគ្នា​អំពី​រឿង​ឈ្នះ​ហ្នឹង ​ដើម្បី​ត្រួត​ពិនិត្យ​លើ​កិច្ចការ​រដ្ឋ​ហ្នឹង។​ ម្ល៉ោះ​ហើយ​រឿង​ហ្នឹង​ជា​បញ្ហា»។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ចុង​ឆ្នាំ​ទៅ​ មិន​បាន ត្រូវ​រ៉ូវ​គ្នា​អំពី​បញ្ហា​កែ​ទម្រង់​ស្ថានប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​សភា​ និង​រដ្ឋាភិ បាល​ទេ។​ លោក​គល់ បញ្ញា​បាន​អះអាង​ថា ​ជម្រើស​ដ៏ល្អ​ពេលនេះ​គឺការ​បោះឆ្នោត​ ឡើង​វិញ​ ទោះជា​ត្រូវ​ការ​ពេល​វេលា​បន្តិច​ដើម្បី​រៀបចំ​ឲ្យ​អាច​ទទួល​យក​បាន​ក្តី។​

«ខ្ញុំមើល​ទៅ​មានតែ​បញ្ហា​ហ្នឹង​ឯង ​មានតែ​បញ្ហា​ប្រកួត​គ្នា​ដោយ​ការ​បោះឆ្នោត​ ឡើង​វិញ​ទៅ​ ហើយ​គ្រាន់​តែ​ថា ​មើល​ពេល​វេលា​ទៅ។ ​គ្រាន់តែ​ពេលវេលា​ឆាប់​វា​ ទៅ​មិនរួច​ អាច​ពេល​វេលាយូរ​១​ឆ្នាំ​កន្លះ​ទៅ»។​

លោក​ថ្លែង​ថា​ ការ​ប្រកួត​ប្រជែង​ឡើងវិញ​ជារឿង​ធម្មតា​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិប​តេយ្យ។​

លោក​បណ្ឌិត​ សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ និង​ជា​អ្នក វិភាគ​ម្នាក់​ បាន​អះអាង​ថា​ លោក​មាន​ការ​រីករាយ​មែនទែន​ដែល​អ្នក​នយោបាយ​ វិល​មក​រកការ​ចរចា​គ្នា​ដោយ​សន្តិវិធី។ ​លោក​ថា​ អ្នក​នយោបាយ​កម្ពុជា​ត្រូវតែ​កែ ប្រព័ន្ធ​បោះឆ្នោត​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ធានា​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ត្រឹមត្រូវ ​បើ​ពុំដូច្នោះ​ទេ​ បញ្ហា​នឹង​មាន​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​ ដូចគ្នា​ មិនចេះ​ចប់​នៅ​ពេល​គណបក្ស​មួយ​ឈ្នះ​ ហើយ​គណបក្ស​មួយ​ទៀត​មិន​ទទួល​ស្គាល់។​

«គណបក្ស​ណាឈ្នះ​ក៏ដោយ​ ត្រូវតែ​បោះឆ្នោត​ឡើងវិញ​ ហើយ​ការ​បោះឆ្នោត​ ឡើង​វិញ​នោះ ​វា​ជា​ការ​លំបាក​ នៅពេល​ដែល​យើង​គ្មាន​រដ្ឋាភិបាល​អន្តរកាល។​ វាខុស​ពីប្រទេស​ថៃ ​ដែល​មាន​រដ្ឋាភិបាល​អន្តរកាល។​ ប្រសិន​បើ​មាន​បញ្ហា​ណា មួយ​ ទាហាន​គេមក​កាន់​អំណាច​ ហើយ​គេ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ ​និង​យុត្តិធម៌​ អ្នក​ឈ្នះ​ឡើង​មក​កាន់​អំណាច​វិញ។​ ហើយ​កម្ពុជា​នរណា?​ អញ្ចឹង​បើអ្នក​ឈ្នះ​ ហើយ​មក​ឈរ​នៅ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ ហើយ​អ្នកទី២​ជឿ​ទេ​ ហើយ​បើ បោះ​ឆ្នោត​ចុងក្រោយ​មក​នៅតែ​ឈ្លោះគ្នា​ដដែល។​ អញ្ចឹងទេ​ យើង​ត្រូវ​ពង្រឹង​ យន្ត​ការ យើង​ត្រូវ​ពង្រីក​សមត្ថភាព​មន្ត្រី​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​ជោគជ័យ​ នៅ​ពេល​ខាង​មុខ»។​

លោក​សុខ ទូច​បាន​អះអាង​បន្ត​ថា​ ឆ្លងតាម​រយៈ​ភាព​តាន​តឹង​ដែល​មាន​កំណើន​ បាតុកម្ម​ទាមទារ​ឲ្យមាន​ការ​បោះឆ្នោត​ឡើង​វិញ​ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ចុះ​ចេញពីមុខ​តំណែង​ ប៉ុន្មាន​ថ្ងៃនេះ​កម្ពុជា​ហាក់ដូច​ជា​មាន​ការ​បែង ចែក​សង្គម​ជា​ពីរ។​

លោក​ព្រមាន​ថា​ អ្នក​នយោបាយ​ត្រូវ​មើល​អំពី​ប្រវត្តិ​សាស្ត្រ​ ខ្មែរ​ឡើង​វិញ ​អំពី​ខ្មែរ​កម្ពុជា​ក្រោម​ ខ្មែរ​កម្ពុជា​លើ​ ឬការ​បែកបាក់​ក្នុង​អតីត​កាល។​ ហើយ​លោក​ជឿ​ថា ​គ្មានអ្វី​ដោះ​ស្រាយមិនចេញ​ទេ ​បើសិន​ជាអ្នក​នយោបាយ​ តម្កល់​ផល​ប្រយោជន៍​ជាតិ​ជាធំ។​

«បើ​សិន​ជា​ម្នាក់ៗ​គិតតែ​ពី​ខ្លាំង​រៀង​ខ្លួន​ គិតតែ​បែរ​ខ្នង​ដាក់​គ្នា​រៀង​ខ្លួន​ នោះ​កម្ពុជា ​នឹង​វិល​ត្រឡប់​ទៅរក​ទសវត្សរិ៍​ទី​៧០​វិញ»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​យោងទៅ​លើ​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បន្ត​ឲ្យ​មាន​ របប​វាល​ពិឃាដ្ឋ​ខ្មែរ​ក្រហម។​

ចំណែក​លោក​ច័ន្ទលី គុជ​ អ្នកវិភាគ​ម្នាក់​ក្នុង​រដ្ឋ​ម៉ារីឡែន​ ស.រ.អា. បាន​អះអាង​ថា​ អ្វីដែល​ពលរដ្ឋ​កម្ពុជា​ចង់​បាន​គឺ​អ្នក​នយោបាយ​ត្រូវ​ស្តាប់​ប្រជា​ពលរដ្ឋ​ ហើយ​នឹង សហគមន៍​អន្តរជាតិ​ ដែលចង់​បាន​សន្តិភាព ​មិនមែន​សង្គ្រាម​ទេ។​

«នៅ​ប្រទេស​ជឿន​លឿន​ទាំងអស់​ដែល​គេ​កំពុងតែ​ក្រឡេក​មើល​ប្រទេស​ខ្មែរ​ យើង​ហ្នឹង​គឺ​ថា ​គេចង់​ឲ្យមាន​ការ​ចរចា​គ្នា។​ នេះ​ហើយ​ជាវិធី​មួយ​ដែល​ប្រទេស​ មហា​អំណាច ​និង​អ.ស.ប.ចង់​ឲ្យ​កើត​មាន​ឡើង​រវាង​គូ​បដិបក្ខ​ក្នុង​ប្រទេស​ខ្មែរ ​យើង​ ព្រោះ​គេ​ពុំចង់​ឃើញ​មាន​សង្គ្រាម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទៀត​ទេ»។​

លោក​បាន​កោត​សរសើរ​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​ហ៊ាន​ងើប​ឈរ​ឡើង​ដើម្បី​ ចូល​ប្រឡូក​ក្នុង​នយោបាយ​ដំបូង​ក្នុង​ប្រវិត្តសាស្ត្រ​ ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ ជាតិ​ និង​ប្រជាធិប​តេយ្យ។​

មេដឹកនាំ​គណបក្ស​ទាំងពីរ​នឹង​កំណត់​ពេល​ជួប​ប្រជុំគ្នា​ ក្រោយ​ពេល​ដែល​ក្រុម​បចេ្ចក​ទេស​ជួប​ពិភាក្សា​គ្នា​បាន​លទ្ធផល​នៅថ្ងៃ​ទី៣​ ខែ​មករា​ខាង​មុខ៕​