ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ជួប​ចរចាថ្នាក់​​កំពូល


លោកសម រង្ស៊ី​ដឹក​នាំ​បាតុកម្ម​ទាមទារ​ការបោះឆ្នោត​ឡើងវិញ​
លោកសម រង្ស៊ី​ដឹក​នាំ​បាតុកម្ម​ទាមទារ​ការបោះឆ្នោត​ឡើងវិញ​
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី ​បាន​អំពាវនាវ​នៅ​ថ្ងៃ​សៅរ៍​ឲ្យ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ជំទាស់​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

សំណើ​នេះ​ធ្វើឡើង​ដំណាល​គ្នា​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​វិល​ត្រឡប់មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្រោយ​ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​វៀតណាម។

​លោកសម រង្ស៊ី ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ទិដ្ឋភាព​កាន់តែ​មាន​ការ​រីករាលដាល​ហើយ​ការជួបប្រជុំ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ទាំង​នេះ។

«បំណង​នៃ​សន្និសីទ​កាសែត​របស់​យើង​នៅថ្ងៃ​នេះ​គឺ​មាន​សំណើ​ចង់​ឲ្យ​មាន​ការជួប​ចរចា​គ្នា​ជាទ្រង់​ទ្រាយ​ធំ​មួយ។​ ​មាន​អ្នក​ចូលរួម​ទាំង​គណបក្ស​នយោបាយ​ទាំង​សង្គម​ស៊ីវិល​ផង​នៅ​សប្តាហ៍​ក្រោយ​គឺ​ឆ្នាំ​ក្រោយ​នេះ​ដើម្បី​ជួប​ជជែក​គ្នា​ក្នុង​ស្មារតី​ស្ថាបនា​វិជ្ជមាន​ នាំ​មក​នូវ​ស្ថានការណ៍​ថ្មី​មួយ​ សេចក្តី​សង្ឃឹម​សម្រាប់​ប្រជារាស្ដ្រខ្មែរ»។

នេះ​គឺជា​ការស្វែងរក​ការចចារ​ជា​លើក​ដំបូង​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ជំទាស់​ក្រោយ​ពី​បាន​ដឹក​នាំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​អស់រយៈ​ពេល​ពីរ​សប្តាហ៍​ជាប់គ្នា​មក នេះ។​

លោកស ខេង ​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផៃ្ទ​និង​ជា​ប្រធាន​ក្រុម​ចរចា​ខាង​គណ​បក្ស​ប្រជាជន​កម្ពុជាមាន​ប្រសាសន៍​ថា​គណបក្ស​របស់​លោកនៅ​តែ​ប្រកាន់​ជំហរ​ចរចា។​

«គណបក្ស​ប្រជាជន​ប្រកាន់​ជំហរ​យូរ​ហើយ​តើ។គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ចេះ​តែ ផ្លាស់ ប្តូរ។​ ដូច្នេះ​គណបក្ស​ប្រជាជន​នៅ​តែ​រក្សា​ជំហរ​ដដែល​ហើយ​ក្រុម​(ចរចា)​មាន​ស្រាប់​ហើយ»។​

លោកស ខេង ​បញ្ជាក់​យ៉ាង​ដូច្នេះ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ភ្នំពេញក្នុង​ឱកាស​ការនិវត្តន៍​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​ប្រទេស​វៀតណាម។​

លោក​កៅ គឹមហួន ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា​ក្នុង​ឱកាស​ទស្សនកិច្ច​នោះក៏​មាន​ការ​ពិភាក្សា​អំពី​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ផងដែរ។ប៉ុន្តែ​លោក​មិន​បាន​លម្អិត​ព័ត៌​មាន​នោះ​ទេ។​

​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ជាប់​ឆ្នោត​បាន​ចរចា​គ្នា​ជាច្រើន​លើក​ក្រោយពី​មិនចុះ​សម្រុង​គ្នា​លើ​លទ្ធផល​បោះឆ្នោត​ក៏ប៉ុន្តែការចរចា​នោះ​មិន​បាន​ជោគ​ជ័យ​នោះ​ទេ។​

​គណបក្ស​ជំទាស់​បាន​បរិហារ​ពី​ការកេងបន្លំ​សន្លឹកឆ្នោត​ហើយ​បាន​ទាមទារ​ឲ្យមាន​ការ បោះឆ្នោតឡើង​វិញ​ប៉ុន្តែ​គណបក្ស​កាន់អំណាច​បញ្ជាក់​ថា​មិនអាចធ្វើ​ទៅ​បាន​នោះ​ទេ។​
​ដោយសារការ​មិន​ត្រូវរ៉ូវ​គ្នា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​បាតុកម្ម​ជា​បន្តបន្ទាប់​ដើម្បី​ដាក់​សម្ពាធ​លើ​ការចរចា។

នៅថ្ងៃ​សៅរ៍​នេះ​មនុស្ស​ច្រើន​ម៉ឺន​នាក់​បន្ត​ចូល​រួមបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បន្ត​ទាមទារ​ឲ្យ​មានការបោះឆ្នោត​ឡើងវិញ​និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ចុះ​ពី​អំណាច។​

​ដោយឡែក​នៅថ្ងៃនេះ​ដែរ​កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់​ក៏នៅ​តែបន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ការដំឡើងប្រាក់ខែ​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ដែរ។ការធ្វើ​បាតុកម្ម​ប្រព្រឹត្ត​ទៅ​នៅតាម​កន្លែង​ដោយ​ដោយ​ឡែកៗ​ពីគ្នា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG