ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ទំនាស់​គ្នា​គ្រោង​ពិភាក្សា​លើ​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ


លោក​​ស ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​​ផ្ទៃ​ធ្វើសេចក្តី​​​ប្រកាស​ក្រោយពី​កិច្ច​ប្រជុំ​​​លលើកមុន​រវាងគណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះជាតិ។​
លោក​​ស ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​​ផ្ទៃ​ធ្វើសេចក្តី​​​ប្រកាស​ក្រោយពី​កិច្ច​ប្រជុំ​​​លលើកមុន​រវាងគណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះជាតិ។​
គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បង្កើត​ក្រុម​ការងារ​មួយដែល​មាន​សមាសភាព​ម្ខាងៗ​ចំនួន​បី​រូប​ដើម្បី​ជួប​ពិភាក្សា​គ្នា​មុន​នឹង​កិច្ច​ប្រជុំ​មន្ត្រី​ថ្នាក់​កំពូល​នៃ​គណបក្ស​ទាំងពីរ​ចាប់​ផ្តើម។​

លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​នឹង​ជជែក​គ្នា​អំពី​របៀប​វារៈ​ជាមុន​សិន​សម្រាប់​យក​ទៅ​ដាក់​ទៅ​ក្នុង​កិច្ច​ប្រជុំ​មន្ត្រី​ថា្នក់​កំពូល​ដែល​គ្រោង​ធ្វើ​នៅ​ពេល​ខាង​មុខ​នេះ។

លោក​កឹម សុខា​បាន​បញ្ជាក់​ថា​ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិមិនបាន​ផ្លាស់​ប្តូរទេ​គឺ​នៅ​តែទាម​ទារ​ឱ្យបោះឆ្នោត​ឡើង​វិញ​មុន​នឹង​គណបក្ស​ទាំង​ពីរ​ឈាន​ជើង​ចូល​រួម​តុ​ចរចា។​

លោក​និយាយ​ថា៖​«​រឿង​ដែល​ជួប​នេះ​គឺ​ត្រូវ​ធ្វើ​ប្រធាន​បទឱ្យច្បាស់​លាស់​មិន​មែន​ចេះ​តែ​ជួបៗ​ហើយ​អត់​បាន​ការ​អ្វីទេ។ ដូច​កន្លង​មកទេ​ ហើយ​របៀប​វារៈ​ដែល​គណបក្ស​សង្គ្រោះ ជាតិ​នឹង​អាច​ជួប​បាន​ទាល់​តែ​និយាយ​គ្នា​ពី​រឿង​បោះ​ឆ្នោត​ឡើង​វិញ​បើ​មិន​អញ្ចឹង​ទេ​អត់​មាន​ទេ»។​

កាលពី​សប្តាហ៍​មុន​គណបក្ស​សង្គ្រោះជាតិ​បាន​បង្ហាញ​ជំហរ​ជា​សាធារណៈ​ដោយ​បញ្ជាក់​ពី​គោល​បំណង​ចង់​ចូល​រួម​តុចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មានឡើង​ក្រោយ​ពី​ការ​បោះ​ឆ្នោត។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​និង​ជា​មន្ត្រី​ក្នុង​ក្រុម​ចរចា​ថ្នាក់​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្វាគមន៍​ឱ្យបង្កើត​ក្រុម​ការ​ងារ​នៃ​គណបក្ស​ទាំងពីរ​ដើម្បី​ពិភាក្សា​គ្នា​ជាមុន​សិន​មុន​នឹង​ដាក់​របៀប​វារៈ​សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ។​

លោក​ ស ខេង​ មិន​បាន​បញ្ជាក់​ថា​របៀប​វារៈ​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​យក​ទៅ​ដាក់​ជជែក​ក្នុងជំនួប​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​ទេ​ដោយ​លោក​គ្រាន់​តែ​បាន​អះអាង​ថា​រង់ចាំ​ការ​ជជែក​គ្នា​សិន។​

លោក​និយាយ​ថា៖​«ទុកឱ្យគេ​ជជែក​គ្នា​តាម​ការ​ជាក់​ស្តែង​ប៉ុន្តែ​គ្រាន់​តែ​យោបល់​កន្លង​ទៅ​គួរ​តែ​យើង​ពិនិត្យ​មើល​អ្វី​ដែល​យើង​បាន​ឯកភាព​គ្នា​ចៀសវាង​ថា​យើង​ឯកភាព​គ្នា​ហើយ​យើង​បោះ​បង់​ចោល។​អ្វី​ដែល​យើង​បាន​ឯកភាព​គ្នា​កន្លង​ទៅ​ជ្រើស​រើស​យក​មក​ ដើម្បី​ជជែក​គ្នា​រក​វិធី​អនុវត្ត​នេះ​ល្អជាង»។​

ក្រុម​ការ​ងារ​ទាំង​បី​រូប​មក​ពី​គណបក្ស​សង្គ្រោះជាតិ​រួម​មាន​លោក​ យឹម សុវណ្ណ​ លោក​ ប៉ុល ហំម​ និង​លោក​ កួយ ប៊ុនរឿន។ ​ចំណែក​ឯខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ព្រំ សុខា។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​លោកខៀវ កាញ៉ារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​និង​ជាអ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​យល់​ព្រម​ថា ​នឹង​ជួប​ជាមួយ​លោកសម រង្ស៉ី​នៅ​ថ្ងៃទី​២​ខែមករា​ដើម​ឆ្នាំ​ក្រោយ​នេះ។ ​តែ​ការ​អះអាង​នេះ​ត្រូវ​បាន​លោក​ សម រង្ស៊ី​និង​លោក​កឹម សុខា​បាន​បដិសេធ​ថា​មិន​ទាន់​កំណត់​ថ្ងៃ​ជួប​គ្នា​នៅ​ឡើយ។​

លោក​កឹម សុខា​ បាន​និយាយ​ថា៖​«​ដូច​លោក​ខៀវ កាញ៉ារិទ្ធ​គាត់​និយាយ​ផ្តេស​ផ្តាស​ដាក់​ថ្ងៃ​២ថ្ងៃ​ស្អី​នោះ​យើង​អត់​ដែល​មាន​និយាយ​ជាមួយ​ពួក​គាត់​ថា​ជួប​ថ្ងៃ​២​ថ្ងៃ​ស្អី​ទេ។ ​គាត់​និយាយ​បំពុល​បរិយាកាស។​ ដូច​គាត់​ធ្វើ​លទ្ធផល​បោះ​ឆ្នោត​អញ្ចឹង​គាត់​ដើរ​បំពុល​បរិយាកាស​បញ្ចេញ​លទ្ធផល​មុន​ដែល​គេ​រាប់​នោះ»។​

លោក​ ខៀវ កាញ៉ារិទ្ធ​ មិន​អាច​ស្នើសុំ​ដើម្បី​សេច​ក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​
គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​មិន​ទទួល​ស្គាល់ ​លទ្ធផល​ការ​បោះឆ្នោត​ និង​មិន ទទួល​ស្គាល់​សភា​ និង​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣​ទេ​ដោយ​ចាត់​ទុក​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ដោយ​ឯក​បក្ស។​

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​៦៨​ក្នុង​សភា​ដែល​មាន​អាសនៈ​សរុប​១២៣​ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​៥៥​អាសនៈ។​ សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះជាតិ​បាន​បន្ត​ធ្វើ​ពហិការ​មិនចូល​ប្រជុំ​សភា​ទេ ​រហូត​មកទល់​នឹង​ពេល​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ​បានបន្ត​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ទាមទារ​ឱ្យបោះ​ឆ្នោត​ឡើង​វិញ​និង​ផ្លាស់​ប្តូរ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចេញ​ក្រោយ​ពី​លោក​បាន​ត្រួតត្រា​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG