ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កាន់​តែ​ច្រើនឡើង​ទាមទារ​ឱ្យ​លោក​ហ៊ុន សែន​ចុះចេញ​ពី​តំណែង


អ្នកទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះចេញ​ពី​តំណែង និង​ឲ្យ​បោះឆ្នោត​ឡើងវិញ​ លើកដៃ​ទៅហ៊ោកញ្ជ្រៀវ​
អ្នកទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះចេញ​ពី​តំណែង និង​ឲ្យ​បោះឆ្នោត​ឡើងវិញ​ លើកដៃ​ទៅហ៊ោកញ្ជ្រៀវ​
មនុស្ស​រាប់​សែន​នាក់​បាន​ទាមទារ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​និង​បោះឆ្នោត​សារ​ឡើង​វិញ​ក្នុង​មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ​ ដែល​ជា​មហាបាតុកម្ម​ធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​ហើយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា​ចំនួន​បាតុករ​ដ៏​ច្រើន​នេះ​ស្មើ​នឹង​ជ័យ​ជម្នះ​របស់​ខ្លួន​លើ​ការ​បោះឆ្នោត​កន្លង​មក។

ក្រុម​បាតុករ​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​រួម​មាន​ព្រះ​សង្ឃ​ កម្មករ​រោងចក្រ ​កសិករ ​អ្នក​រត់​រ៉ឺម៉ក​និង​ម៉ូតូ​កង់​បី និង​សហគមន៍​រងគ្រោះ​ដោយ​ការ​បណ្តេញ​ដោយ​បង្ខំ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ។ ហើយ​ក្បួន​បាតុកម្ម​ដ៏​វែង​អន្លាយ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ​និង ​លោក កឹម សុខា ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ​ដោយ​ជិះកង់ ​ជិះ​ម៉ូតូ ​រ៉ឺម៉ក​កង់បី ​និង​ជិះ​ឡាន ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ពីរ​រសៀល​កាត់​តាម​មហាវិថី​ព្រះ​មុនីវង្ស ​ឆ្ពោះ​ទៅ​កាន់​ដល់​ស្តុប​ក្បាល​ថ្នល់​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ ​ទើប​ត្រឡប់​មក​វិញ​នៅ​ពេល​ល្ងាច។

លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប៉ាន់​ប្រមាណ​ថា​អ្នក​ចូលរួម​បាតុកម្ម​នេះ​មាន​រហូត​ដល់​ជាង​១​លាន​នាក់។

«មិន​មែន​ថា​យើង​ប៉ុន្មាន​សែន​ឬ​ចូល​ដល់​មួយ​លាន​នាក់​នឹង​ទេ​ មិន​មែន​ទេ ​គឺ​ប្រជា​ពលរដ្ឋ​តាម​ផ្លូវ​រាប់​លាន​រាប់​សែន​នាក់​ទៀត​គាំទ្រ​យើង​សម្បើម​ណាស់ ​គ្មាន​អ្នក​ណា​មាន​ការ​គាំទ្រ​ច្រើន​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នេះ​ទេ។ ការ​បោះឆ្នោត​ថ្ងៃ​នេះ​គឺ​ដូច​ការ​បោះឆ្នោតម្តង​ទៀត​ហើយ ​ព្រោះ​អ្នក​បោះឆ្នោត​ម្នាក់​មាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក»។

អ្នកស្រី កែវ សុផាត ​ម្តាយ​កូន​ពីរ​នាក់​និង​ជា​កម្មករ​រោងចក្រ​ម្នាក់​ថ្លែង​ថា​អ្នក​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​នេះ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឱ្យ​បាន​សមរម្យ។

«នៅ​លើ​ទីផ្សារ​យើង​អ្វី​ក៏​ឡើង​ថ្លៃ​ដែរ​ ៨៥​ដុល្លារ​ក្នុង​មួយ​ខែ​ហ្នឹង​គឺ​ចាយ​មិន​គ្រប់​ទេ។ ប្រាក់​ខែ​យើង​ប៉ុណ្ណឹង​មិន​អាច​ឱ្យ​កូន​យើង​រៀន​បាន​និង​មាន​ជីវភាព​ធូរធា​ទេ»។

លោក សម រង្ស៊ី ​មុន​នឹង​ដឹកនាំ​ក្បួន​បាតុកម្ម​នៅ​ព្រឹកមិញ​នេះ​បាន​ទទូច​បន្ថែម​ទៀត​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ​ដល់​កម្មករ​រោងចក្រ។

ដោយ​ឡែក​កាល​ពី​ព្រឹកមិញ​នេះ ​ក៏​ឃើញ​មាន​បាតុកម្ម​ទ្រង់​ទ្រាយ​តូច​ៗ​មួយ​ចំនួន​ទៀត​នៅ​ខាង​មុខ​ស្ថាប័ន​របស់​រដ្ឋ ​ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ឃ ​និស្សិត ​សមាគម​និង​សហគមន៍​រងគ្រោះ​នានា​ក្នុង​ប្រទេស។

លោក រ័ត្ន ច័ន្ទ​ថន ​អាយុ​៦៥​ឆ្នាំ​ជា​កសិករ​ម្នាក់​មក​ពី​ខេត្ត​តាកែវ​ និង​ជា​បាតុករ​ម្នាក់។ កំពុង​អង្គុយ​លើ​រ៉ឺម៉ក​កង់បី​ដែល​ចេញ​ដំណើរ​យឺត​ៗ លោក​រៀបរាប់​បន្ថែម។

«ដើម្បី​ទាមទារ​ឱ្យ​ស្រូវ​ឡើង​ថ្លៃ​សាំង​និង​ជី​ចុះ​ថោក​ដើម្បី​ស្រណុក​កម្មករ ​កសិករ​ធ្វើ​ស្រែ ​និង​ឱ្យ​កម្មករ​រោងចក្រ​បាន​ឡើង​ប្រាក់ខែ​ដល់​១៦០​ដុល្លារ ​ព្រោះ​ប្រាក់​ខែ​ហូប​មិន​គ្រប់ ​កិន​អង្ករ​មក​ឱ្យ​រាល់​ខែ ​គ្រាន់​តែ​ថ្លៃ​ម្ហូប​ថ្លៃ​ផ្ទះ​ថ្លៃ​ទឹក​ភ្លើង ​អស់​រលីង ​គ្មាន​សល់​ទេ»។

បន្ទាប់​មក​បាតុករ​ក្នុង​ក្បួន​បាតុកម្ម​តូច​ៗ​ទាំង​នេះ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីធ្លា​ខាង​មុខ​វត្ត​ភ្នំ ​មុន​នឹង​ចូលរួម​បាតុកម្ម​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទី​លាន​ប្រជាធិបតេយ្យ។

ប៉ុន្តែ​លោក ជាម យៀប ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ថ្លែង​ថា​បាតុកម្ម​នេះ​មិន​ធ្វើ​ឱ្យ​គណបក្ស​លោក​រង​សម្ពាធ​ណា​មួយ​ទេ។

«ចង់​ធ្វើ​២០​បាតុកម្ម​ក៏​ដោយ​គឺ​ចេញ​ពី​មូលដ្ឋាន​តែ​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ សម រង្ស៊ី ​និង​កឹម សុខា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​លទ្ធផល​បោះឆ្នោត​នា​ពេល​កន្លង​មក​ដែល​ខ្លួន​ទទួល​បាន​៥៥​អាសនៈ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ​ដោយ​ចោទ​ថា​ការ​បោះឆ្នោត​កន្លង​មក​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ និង​បាន​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផលនេះ​ជា​បន្ត​បន្ទាប់។ ចំណែក​ឯ​ការ​ចរចា​នា​ពេល​កន្លង​មក​រវាង​គណបក្ស​ទាំង​ពីរ​មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា​នោះ​ទេ។

ក្នុង​សន្និសីទ​កាសែត​របស់​ខ្លួនកាល​ពី​ថ្ងៃ​ម្សិល​មិញ​លោក សម រង្ស៊ី ​បាន​ស្នើ​ឱ្យ​ចរចា​ជា​ថ្មី​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ៕
XS
SM
MD
LG