ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាជន​​ហ្ស៊ីមបាវ៉េ​ ងាក​ទៅ​រក​ការ​លក់​សត្វ​ចិញ្ចឹម​ដើម្បី​បន្ធូរបន្ថយ​ភាព​អត់ឃ្លាន

  • Sebastian Mhofu

គ្រួសារ​មួយ​ក្នុង​ភូមិ​ Chachacha ក្នុង​ស្រុក Chipinge កំពុង​រៀបចំ​ដាំ​បបរ​ sadza ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​ហ្ស៊ីមបាវ៉េ។ នៅ​ពេល​នេះ ​ប្រទេស​នេះ​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​យ៉ាង​ធ្ងន់​ធ្ងរ។

គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​​​​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ភាគ​ខាងត្បូង។ នៅ​ក្នុង​ប្រទេស​ហ្ស៊ីមបាវ៉េ​ ក្រុម​គ្រួសារ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​លក់​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ ដើម្បី​ទិញ​ម្ហូប​អាហារ​ ស្រប​ពេល​ដែល​ដំណាំ​ ពុំ​បាន​ផល​ល្អ។

ទី​នេះ​គឺ​ជា​ភូមិ ​Chachacha​ នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ។ បុរសៗ​ក្នុង​ភូមិ​នេះកំពុង​ដេញ​សត្វគោ​ក្របី​របស់​ពួក​គេ ​ឲ្យ​ចូល​ទៅ​ក្នុង​រថយន្ត​មួយ ​ដើម្បី​ដឹក​ទៅ​កាន់​ទីផ្សារ។

ភាព​រាំង​ស្ងួត​បណ្ដាល​មក​ពី​អាកាសធាតុ​ El Nino​ ធ្ងន់ធ្ងរ​ ​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ហ្ស៊ីមបាវ៉េ​ និង​អាហ្វ្រិក​ខាង​ត្បូង ​រស់​នៅ​ដោយ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់។

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហប្រជាជាតិ​ បាន​និយាយ​ថា រដូវ​វស្សា​នា​ឆ្នាំ​នេះ​ មាន​ភាព​រាំង​ស្ងួត​ខ្លាំង​បំផុត​ក្នុង​រយៈពេល​៣៥​ឆ្នាំ​ មក​នេះ។

លោក​ Johannes Chibvongodze ​និយាយ​ថា ​លោក​កំពុង​លក់​គោ​របស់​លោក ពីព្រោះ​លោក​មិន​អាច​មាន​លទ្ធភាព​ចិញ្ចឹម​ពួកវាទៀត​ទេ។ ការ​ធ្លាក់​ភ្លៀង​តិច​តួច បានធ្វើ​ឲ្យវាល​ស្មៅ​ថយ​ចុះ។

លោក​បាន​និយាយ​ថា៖ «យើង​បាន​ប្រើ​អស់​ហើយ​ផល​ដែល​យើង​បាន​ប្រមូល​ពីឆ្នាំ​មុន ដូច្នេះ​យើង​បាន​ងាក​ទៅ​រក​ការលក់​សត្វ​ចិញ្ចឹម​របស់​យើង​ម្ដង ​ដើម្បី​បាន​ប្រាក់​ទិញ​អាហារ»។

លោក​និយាយ​ថា ​ការងារ​នៅ​ទីនេះ​គឺ​ពិបាក​រក​ណាស់​ ហើយ​ប្រជាជន​នៅ​ទី​នេះ ​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​នឹង​មនុស្ស​ជាច្រើន​ទៀត​មក​ពី​ប្រទេស​ម៉ូសំប៊ិក​ ដែល​កំពុង​ស្វែងរក​ការងារ។

លោក​Johannes Chibvongodze បាន​បន្ត​ថា ឆ្នាំ​នេះ​មាន​ភ្លៀងធ្លាក់​ដែរ​ ប៉ុន្តែ​វា​យឺត​ពេល​ហើយ។

លោកនិយាយ​ថា ​ដំណាំ​ដែល​ប្រជាជន​នៅ​ទីនេះ បាន​ដាំ ​វា​បាន​ក្រៀម​ស្វិត​អស់​ទៅ​ហើយ។ គាត់​យល់​ឃើញ​ថា នៅ​ពេលនេះ ការ​ដាំ​ដំណាំ​អ្វី​ថ្មី​ក៏​ដោយ ក៏​វា​គ្មាន​បាន​ផល​អ្វី​ដែរ។

រដ្ឋធានី​ហារ៉ារ៉េ ស្ថិត​នៅ​ប្រហែល​ជា ​៦០០ ​គីឡូ​ម៉ែត្រ​ពី​ទី​នេះ។ អ្នក​ភូមិ​បាន​និយាយ​ថា ​ជំនួយ​របស់​រដ្ឋាភិបាល​ បាន​មក​ដល់​ប៉ុន្តែ​មាន​ភាព​យឺត​យ៉ាវ។

អង្គការ​ស្បៀង​អាហារនិង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ បាន​ផ្គត់​ផ្គង់​កសិករ​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ស្រុក ​Chipinge​ ដោយ​ការ​លក់​ចំណី​សត្វក្នុង​តម្លៃ​ទាប​ ដើម្បីឲ្យ​ពួក​គេ​ចិញ្ចឹម​សត្វ​ពួក​គេ​ឲ្យ​បាន​ធំ​ធាត់។

កសិករ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ Chipinge ​កំពុង​មមាញឹក​ក្នុង​ការ​ដាំ​ដំណាំ ​បើ​ទោះ​បី​ជា​អគ្គនាយកដ្ឋាន​សេវា​ឧតុនិយម​របស់​ប្រទេស​ហ្ស៊ីមបាវ៉េ ​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ថា​ រដូវ​វស្សា​ដ៏​ខ្លី​នេះ​ នឹង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ខែ​មេសា​ក៏​ដោយ។

អ្នកស្រី​ Taringa Makiwa​ គឺ​ជា​បុគ្គលិក​ធ្វើការ​ក្នុង​សេវា​ពង្រីក​ផ្នែក​កសិកម្ម​របស់​រដ្ឋ​ ដែល​បាន​ផ្ដល់​នូវ​ដំបូន្មាន​ដល់​ប្រជាជន​ហ្ស៊ីមបាវ៉េ​ក្នុង​ការ​ធ្វើ​កសិកម្ម។

«ពួក​យើង​នឹង​ជំរុញ​ឱ្យ​កសិករ​ប្រើ​គ្រាប់​ធញ្ញជាតិ​តូចៗ​ប្រសើរ​ជាង​ ជា​ពិសេស​គឺ​ស្រូវ​ប្រភេទ​ finger millet ស្រូវ ​pearl millet ​និង​ស្រូវ​ sorghum ​ពី​ព្រោះ​ស្រូវ​ទាំង​នេះ​មាន​លក្ខណៈ​ធន់​នឹងភាពរាំងស្ងួត​បាន​មួយ​កម្រិត។

កសិករយើង​ភាគច្រើន​ធ្លាប់​ជ្រើស​យកដំណាំ​ពោត។ ចំ​ពោះ​ការ​ដាំដុះ ​ដំណាំ​ពោត​ងាយ​ស្រួល​ជាង​ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​គ្រាប់​ដំណាំ​តូចៗ ​ប៉ុន្តែ​នៅ​ចុង​បញ្ចប់​ បើ​គិត​ជា​ទិន្នផល​វិញ ​យើង​ពិត​ជា​គ្មាន​បាន​ច្រូត​កាត់​អ្វី​ទេ។ ដូច្នេះ​ គ្រាប់​ដំណាំ​តូចៗ​ អាច​ធន់​ទ្រាំ​នឹង​គ្រោះ​រាំងស្ងួត​បាន។ ដូច្នេះ ​យ៉ាង​ហោច​ណាស់ ​កសិករអាច​ទទួល​បានផល​ចេញ​ពី​ដំណាំ​ទាំង​នោះ​បាន»។

ទោះ​យ៉ាង​ណា​ ប្រជា​ជន​ហ្ស៊ីមបាវ៉េ ​នៅ​តែ​ចូល​ចិត្ត​ដាំ​ដំណាំ​ពោត។ ពោត​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើ​ជា​បបរ​ខាប់​ដ៏​ពេញ​និយម​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា​ sadza​ ដែល​ធ្វើ​ពីពោត ​ហើយ​ត្រូវ​គេ​បរិភោគ​ជាមួយ​ជ្រក់។

​គ្រួសារ​ភាគ​ច្រើន​បរិភោគ​បបរ ​sadza ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ និង​អាហារ​ពេល​ល្ងាច។

តម្លៃ​អាហារ​ធ្វើ​ពី​ពោត ​បាន​កើន​ឡើង​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក ​ដោយសារ​តែ​ពោត​ការ​មិន​សម្បូរ។

រដ្ឋាភិបាល​និយាយ​ថា​ ខ្លួន​ត្រូវការ​ប្រាក់ ​១៦០០​លាន​ដុល្លារ​ពី​ជំនួយ​អន្តរជាតិ​ដើម្បី​នាំ​ចូល​ធញ្ញជាតិ​ និងផ្ដល់​ជា​ជំនួយ​ផ្សេង​ទៀត ​ប៉ុន្តែ​ការ​ប៉ាន់​ស្មាន​នេះ​ ត្រូវ​ភ្នាក់​ងារ​ផ្ដល់​ជំនួយ​អន្តរជាតិវិភាគ​ថា​មាន​ចំនួន​ខ្ពស់​ពេក។

អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ខ្លួនរៃអង្គាស​បាន​ប្រហែល​ ៨០​លាន​ដុល្លារ​ សម្រាប់​ផ្ដល់​ជា​ជំនួយ​ស្បៀង​អាហារឱ្យ​ទៅ​ប្រទេស​ហ្ស៊ីមបាវ៉េ។

ប្រទេស​ចិន ក៏​បាន​បរិច្ចាគអង្គរ​ដែល​មាន​តម្លៃ​ស្មើ​នឹង​ ២៤,៦​ លាន​ដុល្លារ ​ទៅ​ឲ្យ​ប្រទេស​ហ្ស៊ីមបាវ៉េ​កាល​ពី​ខែ​មីនា។

ប្រជាជន​ក្នុង​ស្រុក​ ​Chipinge ​សង្ឃឹម​ថា​ ជំនួយ​នឹង​មក​បាន​លឿន។ ការ​លក់​សត្វ​ពាហនៈ​របស់​ពួក​គេ​អាច​ជា​ដំណោះ​ស្រាយ​រយៈ​ពេលខ្លី​តែ​ប៉ុណ្ណោះ​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​រងគ្រោះ​កាន់​តែ​ខ្លាំង​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត៕

ប្រែសម្រួល​ដោយ ឆាយ​ គីមហ៊ង

XS
SM
MD
LG