លោក Robert Mugabe ប្រធានាធិបតីស៊ីមបាវ៉េបានថ្លែងកាលពីដើមខែមីនាថា លោកនឹងមិនរាថយទេចំពោះការសម្រេចចិត្តរបស់លោកក្នុងការក្តោបក្តាប់ការគ្រប់គ្រងលើឧស្សាហកម្មរ៉ែពេជ្រ។ កាលពីខែកុម្ភៈ លោក Mugabe បានទុកពេល ៩០ថ្ងៃឲ្យក្រុមហ៊ុនជីករ៉ែបរទេសដើម្បីបញ្ឈប់ការងាររបស់ខ្លួន ហើយត្រូវចាកចេញពីប្រទេសស៊ីមបាវ៉េ។ ការបំភ័យអ្នកវិនិយោគបរទេសឲ្យចាកចេញពីប្រទេស អាចជារឿងចុងក្រោយដែលប្រទេសស៊ីមបាវ៉េត្រូវតែធ្វើក្នុងពេលឥឡូវនេះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋ លើប្រធានបទផ្សេងៗ លោកប្រធានាធិបតី Robert Mugabe បាននិយាយថា ប្រទេសស៊ីមបាវ៉េទទួលបានប្រាក់តិចជាង ២ពាន់លានដុល្លារសម្រាប់អ្វីដែលលោកនិយាយថា ប្រទេសលោកគួរតែទទួលបាន ១៥ ពាន់លានដុល្លារដែលជាតម្លៃពេជ្រដែលបានជីកយកចាប់តាំងពីឆ្នាំ២០០៩ មក។
«អញ្ចឹង តើត្បូងរាប់ការ៉ាត់របស់យើងទៅណា? យើងខ្លួនឯងត្រូវបានគេបំភាន់ភ្នែក។ ការឆបោកនិងការរត់ពន្ធចេញខុសច្បាប់ជាច្រើនបានកើតឡើង ហើយក្រុមហ៊ុនជាច្រើនដែលកំពុងរុករករ៉ែ ស្ទើរតែប្លន់យកទ្រព្យរបស់យើងទៅហើយ។ នេះជាមូលហេតុដែលយើងសម្រេចចិត្តថា កន្លែងនេះគួរតែជាកន្លែងផ្តាច់មុខ ហើយមានតែរដ្ឋប៉ុណ្ណោះដែលគួរតែអាចរុករករ៉ែនៅក្នុងតំបន់នោះបាន។ អ្នកមិនអាចទុកចិត្តក្រុមហ៊ុនឯកជនណាមួយនៅក្នុងតំបន់នោះទេ គ្មានទាល់តែសោះ។ ហើយយើងគួរតែរៀនពីបទពិសោធន៍របស់ប្រទេសបុតស្វាណា (Botswana) ប្រទេសអង់ហ្គោឡា (Angola) និងប្រទេសណាមីប៊ី (Namibia) ជាដើម។
លោក Mugabe ក៏បានលើកឡើងពីក្រុមហ៊ុនរុករករ៉ែចិនឈ្មោះ Anjin ផងដែរ នៅក្នុងការចោទប្រកាន់របស់លោក ដែលការលើកឡើងនេះធ្វើឲ្យអ្នកអង្កេតស្ថានការណ៍មួយចំនួនមានការភ្ញាក់ផ្អើល។
ប្រទេសចិនជាដៃគូវិនិយោគដ៏សំខាន់មួយសម្រាប់ប្រទេសស៊ីមបាវ៉េ។ ក្រុមមន្រ្តីបានហៅប្រទេសចិនថាជាប្រទេស «មិត្តភក្តិគ្រប់រដូវ» ចាប់តាំងពីពេលដែលសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបបានដាក់ទណ្ឌកម្មលើប្រទេសនេះក្នុងឆ្នាំ២០០២ ដោយសារការរំលោភបំពានសិទ្ធិមនុស្ស និងការបន្លំសន្លឹកឆ្នោត។
ប៉ុន្តែ លោក Mugabe និយាយថា លោកបានបង្ហាញក្តីបារម្ភរបស់លោកអំពីក្រុមហ៊ុនចិន Anjin នេះទៅមេដឹកនាំចិន លោក Xi Jinping នៅក្នុងដំណើរទស្សនកិច្ចសំខាន់មួយទៅកាន់ប្រទេសស៊ីមបាវ៉េកាលពីឆ្នាំមុន។
«ខ្ញុំមិនគិតថា វាប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងនោះទេ។ ខ្ញុំមិនគិតដូច្នោះទេ។ ខ្ញុំបានប្រាប់លោកប្រធានាធិបតី Xi Jinping ថា យើងមិនបានចំណេញអ្វីច្រើនពីក្រុមហ៊ុននោះទេ ហើយយើងមិនចង់ឲ្យក្រុមហ៊ុននេះស្ថិតនៅក្នុងប្រទេសយើងទៀតទេ។ យើងចង់ឲ្យក្រុមហ៊ុននេះត្រឡប់ទៅវិញ។ ខ្ញុំបានប្រាប់គាត់អញ្ចឹង»។
ក្រុមហ៊ុន Anjin ជាក្រុមហ៊ុនបរទេសមួយក្នុងចំណោមក្រុមហ៊ុនបរទេសរុករករ៉ែចំនួន៩ ដែលបានប្តឹងតទល់នឹងចំណាត់ការរបស់លោក Mugabe ទៅកាន់តុលាការ។ រឿងក្តីនេះបានចាប់ផ្តើមកាលពីសប្តាហ៍ទី១ ខែមីនានេះ នៅក្នុងក្រុងហារ៉ារ៉េ។
រដ្ឋាភិបាលបាននិយាយកាលពីខែកុម្ភៈ ថា នៅក្រោមប្រព័ន្ធថ្មី ក្រុមហ៊ុនពេជ្ររួបរួមស៊ីមបាវ៉េ ឬហៅជាភាសាអង់គ្លេសថា Zimbabwe Consolidated Diamond Company ដែលរដ្ឋាភិបាលនឹងមានភាគហ៊ុនយ៉ាងតិច ៥១ភាគរយក្នុងក្រុមហ៊ុននេះ នឹងធ្វើការរុករករ៉ែនៅក្នុងប្រទេសនេះ។
ប៉ុន្តែ លោក John Robertson អ្នកសេដ្ឋសាស្ត្រស៊ីមបាវ៉េនិយាយថា រដ្ឋាភិបាលមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេក្នុងការរុករករ៉ែនេះ។
«នោះជាសេចក្តីថ្លែងការណ៍មិនសមហេតុសមផល។ អ្នកពិតជាត្រូវការប្រាក់ដើម្បីធ្វើការរុករករ៉ែ។ ឥឡូវនេះ ពួកគេត្រូវការដើមទុន ត្រូវការនាំចូលបច្ចេកវិទ្យាដើម្បីទាញយករ៉ែដែលមានតម្លៃពិតប្រាកដពីអ្វីដែលមាននៅទីនោះ។ ហើយប្រាក់សម្រាប់ធ្វើកិច្ចការទាំងនោះមិនមានទេពេលនេះ។ អ្នកដែលត្រូវយកប្រាក់មកវិនិយោគបានបាក់ទឹកចិត្តទាំងស្រុង ដោយសារពួកគេត្រូវតែវិនិយោគ ១០០ភាគរយ នៃដើមទុនសរុប តែពួកគេអាចទទួលបានប្រាក់ចំណូលតែ ៤៩ភាគរយពីដើមទុននោះប៉ុណ្ណោះ»។
រដ្ឋាភិបាលនិយាយថា ប្រព័ន្ធថ្មីនេះស្របនឹងគោលនយោបាយជនជាតិដើមភាគតិចដែលទូលំទូលាយជាងមុន ដែលចាប់តាំងពីឆ្នាំ២០០៨ មក បានបង្ខំក្រុមហ៊ុនបរទេស និងអ្នកកាន់កាប់ដីឲ្យប្រគល់សិទ្ធិគ្រង់គ្រង់ទៅឲ្យជនជាតិស៊ីមបាវ៉េស្បែកខ្មៅវិញ។
លោក Mugabe និយាយថា ច្បាប់នេះមានគោលបំណងប្រគល់សេដ្ឋកិច្ចត្រឡប់ទៅឲ្យជនជាតិស្បែកខ្មៅដែលមិនត្រូវបានគេផ្តល់តម្លៃក្នុងរបបអាណានិគមអង់គ្លេស។
ប៉ុន្តែ អ្នកវិភាគនិយាយថា គោលនយោបាយនេះនិងគោលនយោបាយផ្សេងទៀតបានធ្វើឲ្យសេដ្ឋកិច្ចស៊ីមបាវ៉េធា្លក់ដល់កម្រិតទាបដែលមិនធ្លាប់មានពីមុនមក។ អត្រានៃភាពគ្មានការងារធ្វើគឺ មានខ្ពស់ជាង៨០ភាគរយ ហើយរដ្ឋាភិបាលពឹងផ្អែកលើជំនួយបរទេសដើម្បីជួយដល់វិស័យសង្គមដូចជាវិស័យអប់រំនិងវិស័យសុខាភិបាល។
នៅក្នុងឆ្នាំ២០០៨ ស្ថាប័នផ្តល់វិញ្ញាបនបត្រ Kimberly Process បានផ្អាកមិនឲ្យប្រទេសស៊ីមបាវ៉េធ្វើពាណិជ្ជកម្មពេជ្រ បន្ទាប់ពីមានរបាយការណ៍ថា ក្រុមមន្រ្តីយោធា និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់បានគ្រប់គ្រងលើវិស័យរ៉ែ និងបានជួញដូរត្បូងដ៏មានតម្លៃដោយខុស។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានរាយការណ៍ថា ត្បូងពេជ្រទាំងនោះទទួលបានមកតាមរយៈកម្លាំងពលកម្មដោយបង្ខំ។
ការផ្អាកនោះត្រូវបានដកចេញវិញនៅក្នុងឆ្នាំ២០០៩ នៅពេលដែលរដ្ឋាភិបាលក្រុងហារ៉ារ៉េបានបង្ហាញដល់ស្ថាប័ន Kimberly Process ដែលជាស្ថាប័នពិភពលោកមានគោលបំណងបញ្ឈប់ជម្លោះត្បូងពេជ្រ ថា ប្រទេសនេះបានត្រឡប់មកស្ថានភាពដូចដើមវិញហើយ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ