ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ស៊ីមបាវ៉េ​ប្រកាស​ស្ថានភាព​គ្រោះ​មហន្តរាយ​ចំពោះ​ការ​ខ្វះ​ស្បៀង​អាហារ


លោក​ Robert Mugabe ប្រធានាធិបតី​របស់​ប្រទេស​ស៊ីមបាវ៉េ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នៃ​សហភាព​អាហ្វ្រិក​នៅ​ក្នុង​ក្រុង​អាឌីសអាបេបា (Addis Ababa) ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។
លោក​ Robert Mugabe ប្រធានាធិបតី​របស់​ប្រទេស​ស៊ីមបាវ៉េ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នៃ​សហភាព​អាហ្វ្រិក​នៅ​ក្នុង​ក្រុង​អាឌីសអាបេបា (Addis Ababa) ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។

លោក​ Robert Mugabe ប្រធានាធិបតី​របស់​ប្រទេស​ស៊ីមបាវ៉េ​បាន​ប្រកាស​ស្ថានភាព​គ្រោះ​មហន្តរាយ​នៅ​ក្នុង​តំបន់​ជនបទ​ជា​ច្រើន​ក្នុង​ប្រទេស​ស៊ីមបាវ៉េ ខណៈ​ដែល​មាន​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​២៦​ភាគរយ​នៃ​ប្រជាជន​សរុប​ប្រឈម​នឹង​ការខ្វះខាត​ស្បៀង​អាហារ។ ​

រដ្ឋាភិបាល​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គ្រោះ​រាំង​ស្ងួត​នេះ​កើត​ឡើង​ដោយសារ​បាតុភូត​អាកាសធាតុ​ El Nino និង​បាន​បណ្តាល​ឲ្យ​ប្រជាជន​២៦ភាគរយ​នៃ​ប្រជាជន​សរុប​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ។ ​

លោក Saviour Kasukuwere រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​សាធារណៈ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា សូចនាករ​បឋម​បាន​បង្ហាញ​ថា ប្រជាជន​ជាង​២លាន​៤​សែន​នាក់​កំពុង​តែ​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង​អាហារ ដោយ​រួម​បញ្ចូល​ទាំង​ឃុំ​នៅ​ជនបទ​ទាំង​៦០​នៅ​ស៊ីមបាវ៉េ​ផង​ដែរ។

អ្នក​រិះគន់​លោក​ប្រធានាធិបតី​ក៏​បាន​បន្ទោស​ទៅ​លើ​កំណែ​ទម្រង់​នៃ​ការ​ប្រើប្រាស់​ដី​ដែល​ចម្រូងចម្រាស់​របស់​លោក​ប្រធានាធិបតី Mugabe ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០០០​ ដែល​បាន​ធ្វើ​ឲ្យ​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កាន់​តែ​ធ្ងន់ធ្ងរ​ និង​កាត់បន្ថយ​ទិន្នផល​កសិកម្ម​របស់​ខ្លួន។ ​

ប្រទេស​ជិត​ខាង​ស៊ីមបាវ៉េ​នៅ​អាហ្វ្រិក​ខាង​ត្បូង​ក៏​កំពុង​តែ​រងគ្រោះ​ពី​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត​នេះ ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ឆ្នាំ​ដែល​ក្តៅ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ក្នុង​ពេល​ថ្មីៗ​នេះ។ នេះ​បើ​យោង​តាម​ក្រុម​មន្រ្តី​អាកាសធាតុ​របស់​អាមេរិក៕

XS
SM
MD
LG