ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីមបាវ៉េ​ប្រុងប្រយ័ត្ន​ពី​ការ​រីករាលដាល​ជំងឺ​អាសន្នរោគ


អ្នកជំងឺរងចាំទទួលការព្យាបាលជំងឺអាសន្នរោគ​នៅ​គ្លីនិក​មួយ​ក្នុង​រដ្ឋធានី​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា​ ឆ្នាំ​២០១៨។

ជំងឺ​អាសន្នរោគ​បាន​ផ្ទុះរាលដាល​ក្នុង​ប្រទេស​ស៊ីមបាវ៉េកាល​ពី​ឆ្នាំ២០០៨ និង​បាន​សម្លាប់​មនុស្ស​ប្រហែល៥.០០០នាក់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ។

ក្រុមមន្រ្តី​សុខាភិបាល​ប្រទេស​ស៊ីមបាវ៉េកំពុង​តាមដាន​យ៉ាង​ដិតដល់​បន្ទាប់​ពី​មាន​មនុស្ស៥នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​អាសន្នរោគ​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​កំពុង​រាលដាល​នៅក្នុង​រដ្ឋធានី​ហារ៉ារ៉េ។ ជំងឺ​អាសន្នរោគ​បាន​រាលដាល​កាល​ពី​ឆ្នាំ២០០៨ និង​បាន​សម្លាប់​មនុស្ស​ចំនួន​៥.០០០នាក់​នៅក្នុង​ប្រទេសអាហ្វ្រិក​ខាងត្បូង ដែល​ការណ៍​នេះ​បាន​ផ្តល់​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ផ្តល់​ទឹកស្អាត​ និង​ការ​រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ។

អ្នកស្រី Lizzy Maupaយក​ធុងត្រង​ទឹក​ដែល​អ្នកស្រី​ងូត​រួច​សម្រាប់​ទុក​ចាក់លាង​បង្គន់។ អ្នកស្រី​មាន​កូន​ពីរនាក់​ មួយ​អាយុ៣ឆ្នាំ​ និង​មួយ​ទៀត​ទើប​តែ​មាន​អាយុ៤អាទិត្យ​អ្នកស្រី Maupaបាន​និយាយ​ថា​ សេវា​ផ្គត់ផ្គង់​ទឹក​ក្នុង​ទីក្រុង​បាន​ផ្អាក​ផ្គត់ផ្គង់​ទឹក​ពេញ​មួយ​ខែ។ ដូច្នេះ​អ្នកស្រី​ទៅ​ដង​ទឹក​ពី​ទន្លេ​ក្បែរ​នោះ​មក​ដាំ​ឲ្យ​ពុះ​ទុក​ប្រើប្រាស់។ អ្នកស្រី Maupaមាន​ការប្រយ័ត្នប្រយែង​ក្នុងការ​ប្រើប្រាស់​ទឹក​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ស៊ីមបាវ៉េបាន​ប្រកាស​ពី​ការផ្ទុះរាលដាល​ជំងឺ​អាសន្នរោគ​នៅ​តាម​កន្លែង​មួយ​ចំនួន​ក្នុង​ទីក្រុង​កាល​ពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ។ អ្នកស្រី MAUPA បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ឮ​ព័ត៌មាន​នេះ។ ខ្ញុំ​បាន​ឮ​ព័ត៌មាន​ផ្សាយ​កាល​ពី​យប់​មិញ។ ដូច្នេះហើយ​ខ្ញុំ​ព្យាយាម​រក្សា​អានាម័យ​សម្រាប់​កូន​តូចៗ​របស់​ខ្ញុំ។ យើង​បាន​ជួប​ការលំបាក​ពី​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់»។

លោក David Parirenyatwa រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ស៊ីមបាវ៉េ ដែល​ជិត​ចេញ​ពី​តំណែង​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ​មនុស្ស​ប្រហែល៤០នាក់​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​អាសន្នរោគ​ ហើយ ​អ្នកជំងឺ៥នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​រាគរូស​ និង​ក្អួតចង្អោរ​ ដែល​ជា​រោគសញ្ញា​ជំងឺ​អាសន្នរោគ​ដោយសារ​ប្រើប្រាស់​ទឹក​មិន​ស្អាត។ នៅ​អំឡុងពេល​ទស្សនកិច្ច​នៅ​ជំរំ​ព្យាបាល​ជំងឺ​អាសន្នរោគ​បណ្តោះអាសន្ន​មួយ​ក្នុង​ទីក្រុងហារ៉ារ៉េ​ លោករដ្ឋមន្រ្តី​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​លាងដៃ​និង​បរិភោគ​ទឹកស្អាត។

លោករដ្ឋមន្រ្តី David Parirenyatwaបាន​ថ្លែង​ថា៖ «ជា​ធម្មតា​វា​បង្ក​ឡើង​ពី​ទឹក​មិន​ស្អាត។ អ្នក​ជំងឺ​ទាំងនេះ​បាន​ប្រើប្រាស់​ទឹក​ដែល​យក​ពី​អណ្តូង​មួយ​ឬ​ពីរ​កន្លែង​ ដែល​យើង​សង្ស័យ​ថា​ មាន​ផ្ទុក​បាក់តេរី​ ហើយ​ក្រុម​ការងារ​បាន​យក​សំណាក​ទៅ​ត្រួតពនិត្យ។ ប្រសិន​បើ​រក​ឃើញ​ថា​វា ​មាន​ផ្ទុក​បាក់តេរី​ នោះ​យើង​នឹង​បិទ​អណ្តូង​នោះ​ឈប់​ឲ្យ​ប្រើប្រាស់។ ស្ថានភាព​នៅ​ទីនេះ​កំពុង​មាន​ភាពប្រសើរ​ឡើង។​ ការ​ទប់ស្កាត់​គឺ​ជា​គន្លឹះ​យ៉ាង​សំខាន់​ បើ​មិន​ដូច្នោះ​ទេ​យើង​នឹង​ប្រឈម​នឹង​ការផ្ទុះ​រាលដាល​នៅ​ទូទាំង​ប្រទេស»។

ជំងឺ​អាសន្នរោគ​បាន​ផ្ទុះរាលដាល​ក្នុង​ប្រទេស​ស៊ីមបាវ៉េកាល​ពី​ឆ្នាំ២០០៨ និង​បាន​សម្លាប់​មនុស្ស​ប្រហែល៥.០០០នាក់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ។

ការ​រាលដាល​ត្រូវ​បាន​ទប់ស្កាត់​បន្ទាប់​ពី​ក្រុមអង្គការអន្តរជាតិ​មួយ​ចំនួន​ ដូចជា​ទីភ្នាក់ងារ USAIDបាន​ផ្តល់​ថ្នាំពេទ្យ​និង​ថ្នាំ​សម្រាប់​សម្អាត​ទឹក។

លោក Calvin Fambiraiជា​ប្រធាន​ក្រុមវេជ្ជបណ្ឌិត​នៃ​អង្គការសិទ្ធិមនុស្ស​បាន​ព្រមាន​ថា​ប្រទេសស៊ីមបាវ៉េត្រូវ​បង្កើន​ការ​យក​ចិត្តទុកដាក់​ការ​ធ្វើ​អនាម័យ​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះរាលដាល​នៃ​ជំងឺ​នេះ​ទៅ​ថ្ងៃអនាគត។ លោកCalvin Fambiraiបាន​ថ្លែង​ថា៖

«ស្ថានភាព​ដែល​បណ្តាល​ឲ្យ​មាន​ការ​រីករាលដាល​ជំងឺ​អាសន្នរោគ​ និង​ជំងឺ​គ្រុន​ពោះវៀន​ក្នុង​ប្រទេសស៊ីមបាវ៉េនៅ​មិន​ទាន់​បាន​ផ្លាស់ប្តូរ​ទេ។ វា​កាន់​តែ​មាន​សភាព​អាក្រក់​ឡើងៗ​ជា​រៀងរាល់​ថ្ងៃ។ បញ្ហា​ទីមួយ​ដែល​យើង​កំពុង​ប្រឈម​គឺ​ក្រុមអាជ្ញាធរ​មិន​បាន​ផ្តល់​ធនធាន​ចាំបាច់​ដើម្បី​បង្កើន​សេវាកម្ម​នៅក្នុង​ប្រទេស​ដើម្បី​ធានា​ឲ្យ​បាន​ថា​ជំងឺ​ដែល​កើត​ជា​យូរមក​ហើយ​នេះ​នឹង​មិន​បន្ត​ផ្ទុះឡើង​ទៀត​នោះ​ទេ»។

លោក Fambiraiបាន​គូស​បញ្ជាក់​ថា​ បញ្ហា​កង្វះ​អនាម័យ​ ទឹក​មិន​ស្អាត​ និង​ការ​ចោល​សម្រាម​នៅ​តាម​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ នៅ​តែ​ជា​បញ្ហា​មិន​ទាន់​ដោះស្រាយ​បាននៅឡើយ។​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​តែងតែ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ និង​គ្មាន​សេវា​ប្រមូល​សម្រាម​រាប់​សប្តាហ៍។

លោករដ្ឋមន្រ្តី​សុខាភិបាល Parirenyatwaបាន​ថ្លែង​ថា​បញ្ហា​អនាម័យ​នឹង​មាន​ភាពប្រសើរ​ឡើង​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ពាក្យ​សន្យា​ដែល​ពលរដ្ឋ​ជាច្រើន​ធ្លាប់​បាន​ឮ​ពី​មុន​មក​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG