ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីមបាវ៉េ​ជំទាស់​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​របស់​សហរដ្ឋ​អាមេរិក


លោក Sibusiso Moyo រដ្ឋមន្ត្រី​ការបរទេស​ស៊ីមបាវ៉េ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ក្រុង​ហារ៉ារ៉េ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។
លោក Sibusiso Moyo រដ្ឋមន្ត្រី​ការបរទេស​ស៊ីមបាវ៉េ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ក្រុង​ហារ៉ារ៉េ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ស៊ីមបាវ៉េ​បាន​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​ស៊ីមបាវ៉េ​កាល​ពី​ពេល​ថ្មីៗ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែម​ទៀត​ដល់​សេដ្ឋកិច្ច​អន់​ថយ​របស់​ប្រទេស​ដែល​នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក​មួយ​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​វិសោធនកម្ម​ឆ្នាំ ២០១៨ ស្ដី​ពី​ការ​ងើប​ឡើង​វិញ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ីមបាវ៉េ ដែល​គេ​ស្គាល់​ថា​ច្បាប់ Zidera។

រដ្ឋមន្ត្រី​ការបរទេស​ស៊ីមបាវ៉េ​លោក Sibusiso Moyo មាន​ប្រតិកម្ម​ចំពោះ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​នេះ​យ៉ាង​ដូច្នេះ​ថា៖ «ពាណិជ្ជកម្ម​រវាង​ប្រទេស​ស៊ីមបាវ៉េ និង​សហរដ្ឋ​អាមេរិក​នៅតែ​រង​ការ​ប៉ះពាល់​ដោយសារ​ទំនាក់ទំនង​រវាង​ធនាគារ​និង​ធនាគារ​ដែល​មិន​ដែល​មាន​ទាល់តែ​សោះ។ ឥឡូវ​នេះ សូម្បីតែ​ច្បាប់​វិសោធនកម្ម Zidera នេះ ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​នូវ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែល​សម្រេច​បាន​ដោយ​រដ្ឋាភិបាល​ស៊ីមបាវ៉េ ហើយ​សំណើ​ច្បាប់​នេះ​បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​ស៊ីមបាវ៉េ​បាន​សង​បំណុល​របស់​ខ្លួន​រួច​ហើយ​ដល់​អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រឡូក​បន្ថែម​ទៀត​លើ​ផ្នែក​នេះ​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ផ្នែក​ផ្សេងៗ​ទៀត។ ទាំង​ក្រុមហ៊ុន​ស៊ីមបាវ៉េ និង​ក្រុមហ៊ុន​អាមេរិកាំង ក៏​ដូចជា​បុគ្គល​នីមួយៗ​ផង​ដែរ​គឺ​សុទ្ធតែ​អាច​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ទណ្ឌកម្ម​នេះ​ទាំង​អស់។ ដូច្នេះ គេ​មិន​ចេះ​តែ​អះអាង​ដោយ​គ្មាន​ការ​គិត​ពិចារណា​ថា ច្បាប់ Zidera នេះ ចង់​សំដៅ​លើ​បុគ្គល​តែ​ពីរ​បី​នាក់ និង​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ស៊ីមបាវ៉េ​នោះ​ទេ ដោយ​ហេតុ​ថា ពេល​ខ្លះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បាន​ប្រឌិត​រឿង​នេះ​ឡើង»។

សហរដ្ឋ​អាមេរិក និង​បណ្ដា​បស្ចិម​ប្រទេស​ភាគ​ច្រើន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របស់​ប្រទេស​ស៊ីមបាវ៉េ បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​នានា​អំពី​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ ២០០២ នៅ​ពេល​ដែល​លោក Robert Mugabe កំពុង​កាន់​តំណែង។

ច្បាប់ Zidera នេះ បាន​ដាក់​ចេញ​នូវ​វិធានការ​ឆ្ពោះ​ទៅ​មុខ​មួយ​ចំនួន ដែល​ប្រទេស​ស៊ីមបាវ៉េ​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ដក​ការ​ដាក់​ទណ្ឌកម្ម​នេះ​ចេញ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធានា​ថា ការ​បោះ​ឆ្នោត​កាល​ពី ខែ​មុន​គឺ​មាន​ភាព​សេរី និង​យុត្តិធម៌​ផង​ដែរ។

នៅ​ពេល​ដែល​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​បន្ត​ពី​លោក Mugabe កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​មក លោក Emmerson Mnangagwa បាន​សន្យា​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ប្រទេស​ស៊ីមបាវ៉េ​ជាមួយ​នឹង​បស្ចិម​ប្រទេស​មាន​ប្រក្រតី​ភាព​ឡើង​វិញ ដោយ​ដោះស្រាយ​បញ្ហា​ដែល​បស្ចិម​ប្រទេស​បាន​លើក​ឡើង។

កាល​ពី​ថ្ងៃ​ទី ១២ ខែ​សីហា លោក Sibusiso Moyo បាន​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក Mnangagwa មាន​ការ​ភ្ញាក់ផ្អើល​ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ទាំង​នេះ។

លោក Sibusiso Moyo និយាយ​ថា៖ «ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ យើង​មិន​ត្រូវការ​ការ​ដាក់​ទណ្ឌកម្ម​តឹងតែង​ណា​មួយ​លើ​ប្រទេស​យើង​នោះ​ទេ។ យើង​សាទរ​ដែល​មាន​ការ​បង្កើត​ច្បាប់ Zidera នេះ​ឡើង ហើយ​ដំណើរការ​នៃ​ការ​ដក​ទណ្ឌកម្ម​ចេញ​គឺ​ជា​ដំណើរការ​មួយ មិន​អាច​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ។ យើង​បាន​ទាក់ទង​រដ្ឋាភិបាល​អាមេរិក និង​ព្រឹទ្ធសភា​អាមេរិក​ទាក់ទិន​នឹង​បញ្ហា​នេះ​រួច​ហើយ ហើយ​យើង​ជឿ​ថា បញ្ហា​ភាគ​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់ Zidera នេះ គឺ​បាន​ដោះស្រាយ​រួច​រាល់​ហើយ»។

លោក Sibusiso Moyo ដែល​ជា​អតីត​ឧត្ដមសេនីយ៍​យោធា​រូប​នេះ បាន​ផ្ដល់​ឧទាហរណ៍​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ប្រទេស​ស៊ីមបាវ៉េ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ពាក់ព័ន្ធ​នឹង​ច្បាប់ Zidera នេះ​ដូចជា ការ​ស្ដារ​ឡើង​វិញ​នូវ​នីតិរដ្ឋ ការ​បោះ​ឆ្នោត​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន អព្យាក្រឹត​ភាព​របស់​យោធា​នៅ​ក្នុង​កិច្ចការ​ស៊ីវិល និង​ការ​អញ្ជើញ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ឲ្យ​ចូល​សង្កេតការណ៍​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នេះ​ជា​ដើម។

ប៉ុន្តែ គណបក្ស​ប្រឆាំង​បាន​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ហើយ​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ស៊ីមបាវ៉េ​ត្រូវ​គេ​រំពឹង​ថា​នឹង​បើក​សវនាការ​លើ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ។

គណបក្ស Zanu PF ដែល​ជា​គណបក្ស​កាន់​អំណាច ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​និយាយ​ថា​បាន​ធ្វើ​ឡើង​ដោយ​សន្តិវិធី បើ​ប្រៀប​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​លើក​មុនៗ។ ប៉ុន្តែ គេ​បាន​រាយការណ៍​ថា ពួក​យោធា​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​សម្លាប់​មនុស្ស​យ៉ាង​តិច ៦ នាក់ នៅ​ក្នុង​អំឡុង​ពេល​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ លោក Sibusiso Moyo បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​សីហា ថា រដ្ឋាភិបាល​ស៊ីមបាវ៉េ​សោកស្ដាយ​ដែល​ហេតុការណ៍​បាញ់​សម្លាប់​នេះ​កើត​ឡើង៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG