ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីមបាវ៉េ​ប្រតិកម្ម​​ក្រោយ​អាមេរិក​បញ្ចូល​ឈ្មោះ​កូន​ប្រុស​ប្រធានាធិបតី​​​ទៅ​​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម


រូបឯកសារ៖ ប្រធានាធិបតី​ស៊ីមបាវ៉េលោក Emmerson Mnangagwa ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​អាកាសធាតុ COP27 នៅ​ទីក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិបរទេសនៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​ និយាយ​ថា​ ខ្លួន​បាន​បន្ថែម​ឈ្មោះជន​ជាតិ​ស៊ីមបាវ៉េ​៤​នាក់​និង​ក្រុមហ៊ុន​២​របស់​ប្រទេស​នេះ​ ទៅ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន។​ ​បុគ្គល​ម្នាក់ក្នុង​ចំណោម​ជនជាតិ​ស៊ីមបាវ៉េ​ទាំង​៤​នាក់​នោះ ​គឺ​លោក Emmerson Mnangagwa, Jr ដែល​ជា​កូនប្រុសរបស់​ប្រធានាធិបតី​ស៊ីមបាវ៉េ​ ​នា​ពេល​បច្ចុប្បន្ន។​ បុគ្គល​ចំនួន​១៧​នាក់ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ទណ្ឌកម្ម​នោះ។​ ​

ការ​ដាក់​បញ្ចូលក្នុង​បញ្ជី​ទណ្ឌកម្ម​នេះ​ក៏​រួម​មាន​ក្រុមហ៊ុន​ស៊ីមបាវ៉េ​២​ផង​ដែរ​ គឺ​ក្រុមហ៊ុន Fossil Agro និង​ក្រុមហ៊ុន Fossil Contracting ដែល​សហរដ្ឋអាមេរិក​និយាយ​ថា​ បាន​ពាក់ព័ន្ធ​នឹង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ជា​មួយនឹង​រដ្ឋាភិបាល​ស៊ីមបាវ៉េ។ លោក​ George Charamba អ្នកនាំពាក្យប្រធានាធិបតី​ស៊ីមបាវ៉េ​ បាន​និយាយ​ថា​ លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ឡើយ​ ជា​មួយ​នឹង​ការ​ដាក់ក្នុង​បញ្ជី​ទណ្ឌកម្ម​ចុង​ក្រោយរបស់សហរដ្ឋអាមេរិក​នេះ។ លោក​ថ្លែង​ដូច​នេះ​ថា៖ ​

«គោលបំណងគឺ​មិន​មែន​ដើម្បី​វាយប្រហារ​បុគ្គល ដែល​មិនមាន​សារៈសំខាន់ក្នុង​រឿង​ទំនាក់​ទំងរវាង​ប្រទេស​នោះ​ឡើយ។​ ​គោល​បំណង​គឺចង់​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ស៊ីមបាវ៉េ​តែ​ម្តង ហើយ​វា​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ​ ដែលអាមេរិក​បានដាក់​ទណ្ឌកម្មទៅ​លើវិស័យ​ដ៏​សំខាន់នៃ​ការ​ផ្គត់​ផ្គង់​សេដ្ឋកិច្ច​របស់​យើង​ នោះ​គឺ​វិស័យ​កសិកម្ម។​ គេ​បាន​ធ្វើ​ដូច​នេះកាល​ពី​លើក​មុនដែរ​ ហើយ​ខ្ញុំធានា​ថា​ គេ​នឹង​ធ្វើ​វា​ទៀត​ក្នុង​ពេល​អនាគត​ផង​ដែរ»។ ​

លោកCharmba និយាយ​ថា​ សហរដ្ឋ​អាមេរិក​ កំពុង​ជំរុញ​ឱ្យ​ប្រទេស​ស៊ីមបាវ៉េ​ធ្វើ​តាម​ខ្លួន​ចង់​បាន ខណៈ ពេល​ដែល​ប្រទេស​នេះ​ កំពុង​ជំរុញ​នូវ​គោល​នយោបាយ​ជាតិ​ឯករាជ្យមួយ​ ដែល​មិនត្រូវមានឥទ្ធិពលពីបរទេស​នោះ»។

​លោកGift Mugano ​សាស្ត្រាចារ្យ​សេដ្ឋកិច្ចនៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Durban និយាយ​ថា​ ការ​ដាក់ទណ្ឌកម្ម​ ​ធ្វើឱ្យ​មាន​ការ​លំបាក​ខ្លាំងដល់​ប្រទេស​ស៊ីមបាវ៉េ​ ក្នុង​ការ​ទាក់​ទាញក្រុម​អ្នក​វិនិយោគ ដើម្បី​ដាក់​ទុន​រកស៊ី​ក្នុង​គម្រោង​សំខាន់ៗ​ ដូច​ជា​រោងចក្រ​ថាមពល​ជា​ដើម។​

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រទេស​ស៊ីមបាវ៉េ​ នៅ​តែ​មាន​បញ្ហាជា​មួយ​នឹង​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន។​ លោក​បាន​បន្ថែម​ដូច្នេះ​ថា៖

«នៅ​ពេល​ដែល​អ្នក​រងទណ្ឌកម្ម​ ​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ជាង​មុន​ នៅ​ពេលដែល​អ្នក​ប្រើប្រាស់​ធនធាន​របស់​ខ្លួន​នោះ។​ រឿង​នេះ​គឺ​ត្រង់​ចំណុច​ដែល​ទឹក​ប្រាក់​ប្រមាណ​៣៥​លាន​ដុល្លារអាមេរិក​ ​ត្រូវ​បានផ្តល់​ទៅ​សមាជិក​សភា​នានា​ និង​ក្រុម​រដ្ឋមន្ត្រី​ស៊ីមបាវ៉េ​ផង​ដែរ​។ នេះជា​កញ្ចប់​លុយដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​ទៅ​ឱ្យ​ក្រុម​មន្ត្រី​ទាំង​នោះ​ ខណៈពេល​ដែលមន្ទីរពេទ្យ​នានា​ក្នុង​ប្រទេស​នេះ​កំពុង​ត្រូវ​ការសម្ភារៈ​ចាំបាច់​នានា​នោះ។​ ទឹក​ប្រាក់​ចំនួន​៣៥​លាន​ដុល្លារ​នេះ អាច​ជា​កត្តា​ផ្លាស់ប្តូរមួយ​នៅ​ស៊ីមបាវ៉េ»។​

មិន​មែន​មនុស្ស​គ្រប់ៗ​គ្នាសុទ្ធ​តែ​ឯក​ភាព​ថា ប្រទេស​ស៊ីមបាវ៉េខ្លួន​ឯង​ជា​អ្នកធ្វើ​ឱ្យប៉ះពាល់​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ​ទេ​។​ លោក ​Gibson Nyikadzino​ អ្នក​វិភាគ​ឯករាជ្យមួយ​រូប​និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្ម​នេះ​ កំពុង​ប៉ះពាល់​យ៉ាងជាក់ស្តែងទៅ​លើ​វិស័យ​សេដ្ឋកិច្ច​របស់​ស៊ីមបាវ៉េ។​ លោក​ថ្លែង​បញ្ជាក់​ថា៖​

«ពី​ព្រោះ​តែ​ការ​បរាជ័យក្នុង​ការ​ប្រើប្រាស់ទុន​បរទេសនិង​ទីផ្សារ​មូលធន​នោះ​ ប្រទេស​នេះបាន​បរាជ័យ​ក្នុង​ការ​នាំចូល​ឧបករណ៍​សំខាន់ៗ​ពី​ក្រៅ​ប្រទេស។​ ​អ៊ីចឹង គំនិត​ទាំងស្រុងនៃ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ គឺ​ដើម្បី​ធានា​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ីមបាវ៉េ​ ​នឹង​រង​ការ​ប៉ះពាល់​ ហើយ​នេះ​ជា​មូលហេតុ​សំខាន់​ដំបូង​គេ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស ហើយ​រហូត​មក​ដល់​ពេល​នេះ​ សេដ្ឋកិច្ច​នេះកំពុង​ទទួល​រង​ការ​ប៉ះពាល់»។​ ​

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​ និង​សហភាព​អឺរ៉ុប បាន​បដិសេធ​ការ​ចោទ​ប្រកាន់ទាំងនោះដោយ​និយាយ​ថាការ​ដាក់​ទណ្ឌកម្មគឺ​សំដៅ​ទៅ​លើ​តែ​បុគ្គល​និង​ក្រុមហ៊ុនឯកជន​ ជាជាង​ស្ថាប័ន​រដ្ឋ។​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក James O’Brien​ អ្នក​សម្របសម្រួល​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​ការបរទេសសហរដ្ឋអាមេរិក​ បាន​និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្មរបស់​អាមេរិក មិន​ប៉ះពាល់​ដល់សេដ្ឋកិច្ច​របស់​ប្រទេស​ស៊ីមបាវ៉េ​នោះ​ឡើយ​ ​ដោយ​វា​មិន​ប៉ះពាល់​ទៅ​លើ​វិស័យ​ធនាគាររបស់​ប្រទេស​នេះ​ទេ។​ ​

លោក​បញ្ជាក់​ថា​ បញ្ហា​ដ៏​ធំ​ជាង​នេះ​នោះ​គឺ​ការ​បាត់​បង់​ចំណូល​ពន្ធរាប់​ពាន់​លាន​ដុល្លារ​ពី​ទី​ផ្សារ​ងងឹត​ ​ដូច​ជា​ការ​រត់ពន្ធ​ឆ្លងដែន​ ​ដែល​បាន​កើត​ឡើង​ជា​រាល់​ឆ្នាំ។​

​លោក​ Piers Pigou ជា​អ្នកពិគ្រោះ​យោបល់​ជាន់ខ្ពស់​របស់​អង្គការ​International Crisis Group ដែល​ជា​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្សនៃ​ទ្វីប​អាហ្វ្រិក​ប៉ែក​ខាង​ត្បូងបាន​លើក​ឡើង​ដូច​នេះ​ថា៖ ​

«វា​គ្មាន​ការ​សង្ស័យ​ណា​មួយទេ​ដែល​ថាការ​ដាក់​ទណ្ឌកម្ម​នេះប៉ះពាល់ដល់​សេដ្ឋកិច្ច​នោះ​ឡើយ។​ ដូច​ជា​ក្នុង​ករណី​ដោយ​ផ្ទាល់​ខ្លះ ដែល​ការ​ដាក់​ទណ្ឌកម្ម​នោះ​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថាប័ន​ឬ​បុគ្គលនៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​នោះ។​ ​អ្វី​ដែល​ពិបាក​នោះ​ គឺ​ការ​គណនាពី​ទំហំ​នៃ​ការ​ប៉ះពាល់​ ជា​ពិសេស​គឺក្នុង​បរិបទ​ដែលមាន​កត្តា​ចម្រុះ​ដទៃ​ផ្សេងៗ​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​កំហុស​ឆ្គង​និងអភិបាល​កិច្ច»។ ​

ប្រទេស​ស៊ីមបាវ៉េ​បាន​ប្រារព្ធ«ទិវា​ប្រឆាំងទណ្ឌកម្ម» ​នៅ​ថ្ងៃ​ទី​២៥​ ខែ​តុលា​ ដោយ​ស្នើ​សុំ​ឱ្យ​ប្លុក​តំបន់ SADC និង​សហភាព​អាហ្វ្រិក​ គាំទ្រ​ខ្លួន​ ក្នុងការ​សុំ​ឱ្យ​ដក​ចេញ​នូវ​ទណ្ឌកម្មផ្សេងៗ​មក​លើ​ខ្លួន​ ដែល​ត្រូវ​បាន​ដាក់ទៅ​លើ​ប្រទេស​នេះ​ ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​២០០០​មក​ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ការ​បន្លំ​ការ​បោះឆ្នោត​និង​ការ​រំលោភ​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​នេះ​មក។​

រដ្ឋាភិបាល​ស៊ីមបាវ៉េ​ កំពុង​រង​ការ​ដាក់​ពិន័យ​ទៅ​លើ​កម្មវិធី​កែ​ទម្រង់​ដី​ធ្លី​របស់​ខ្លួន នៅ​ក្រោមអតីត​ប្រធានាធិបតី​លោក Robert Mugabe ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ ដែល​ក្នុង​នោះ​ក្រុម​កសិករ​ពាណិជ្ជ​ស្បែកសត្រូវ​បានទាមទារ​ឱ្យ​លះ​បង់​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ៕​


ប្រែ​សម្រួល​ដោយ លោក​ ជ្រា​ វណ្ណារិទ្ធ

XS
SM
MD
LG