ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​ទឹក​នៅ​រដ្ឋធានី​ហារ៉ារ៉េ​បង្ខំ​ឲ្យ​ពលរដ្ឋក្នុង​សហគមន៍​ប្រើ​ប្រាស់​អណ្ដូង​នៅ​កន្លែង​បញ្ចុះ​សព


រូបឯកសារ៖ ស្ត្រី និង​កុមារ​នាំ​គ្នា​រង់ចាំ​ដល់​វេន​ដង​ទឹក​នៅ​សហគមន៍​ក្រីក្រ​មួយ​ក្នុង​ទីក្រុង​ហារ៉ារ៉េ ប្រទេស​ហ្ស៊ីមបាវ៉េ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ស្ត្រី និង​កុមារ​នាំ​គ្នា​រង់ចាំ​ដល់​វេន​ដង​ទឹក​នៅ​សហគមន៍​ក្រីក្រ​មួយ​ក្នុង​ទីក្រុង​ហារ៉ារ៉េ ប្រទេស​ហ្ស៊ីមបាវ៉េ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

នេះ​គឺ​ជា​ពលរដ្ឋ​នៃ​សហគមន៍ Hopley ស្ថិត​នៅ​ជាយ​រដ្ឋ​ធានី​ហារ៉ារ៉េ។ ពួក​គេ​កំពុង​មក​យក​ទឹក​នៅ​ពេល​ព្រឹក​ព្រលឹម​នៅ​ក្នុង​កន្លែង​ដែល​គេ​មិន​ធ្លាប់​គិត​ដល់ និង​ជា​កន្លែង​ដែល​គេ​មិន​ធ្លាប់​មក​ប៉ះ​ពាល់​ពី​មុន​ នោះ​គឺ​ទី​បញ្ចុះ​សព។

នៅ​ក្នុង​វប្បធម៌​ស៊ីមបាវ៉េ អ្នក​ដែល​ស្លាប់​ទៅ​គឺ​ជា​អ្នក​ដែល​ត្រូវបាន​គោរព ហើយ​ទីកន្លែង​តម្កល់​សាក​សព​មិន​គួរ​ត្រូវ​បាន​រំខាន​នោះ​ទេ ជា​ពិសេស​ចាប់​ពី​ពេល​ព្រលប់​រហូត​ដល់​ពេល​ព្រឹក​ព្រលឹម។

ប៉ុន្តែ អ្នកនាង ​Vimbai Sanyamas​ ដែល​មាន​អាយុ​ ២៥ ឆ្នាំ​និយាយ​ថា កង្វះ​ទឹក​ធ្ងន់​ធ្ងរ​បាន​បង្ខំ​ឲ្យ​គាត់​និង​អ្នក​ជិត​ខាង​ជា​ច្រើន​ទៀតត្រូវ​មក​យក​ទឹក​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​រណ្ដៅ​សាក​សព។

អ្នកនាង Vimbai Sanyama ថ្លែង​ថា៖«យើង​មិន​ខ្លាច​ទៀត​ទេ​ ពី​ព្រោះ​យើង​គ្មាន​ទឹក​ប្រើ​ប្រាស់​ទេ។ បើ​យើង​ខ្លាច តើ​យើង​បាន​ទឹក​ពីណា​សម្រាប់​បោក​គក់​និង​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀត​ទៅ?»

អ្នកនាង Sanyama បន្ទោស​ទៅ​លើ​អ្នក​នយោបាយ​ដែល​បាន​សន្យា ប៉ុន្តែ​មិន​គោរព​ពាក្យ​សន្យា​របស់​ពួក​គេ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កង្វះទឹក​ប្រើ​ប្រាស់ ដោយ​អ្នក​នាង​និយាយ​ថា នៅ​ពេល​ពួក​គេ​បាន​ជាប់​ឆ្នោត​ហើយ​នោះ ពួក​គេ​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ។

លោក​វេជ្ជបណ្ឌិត Alex Gasasira ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​ស៊ីមបាវ៉េ​ ព្រមាន​ថា ការ​បរិភោគ​ទឹក​មាន​ប្រភព​ពី​អណ្ដូង​នៅ​កន្លែង​បញ្ចុះ​សព​មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​នានាដូចជា ជំងឺ​គ្រុន​ពោះវៀន និង​ជំងឺ​អាសន្នរោគ​ជាដើម។

លោក​ Gasasiraថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «អ្នក​ដែល​បរិភោគ​ទឹក​មាន​ប្រភព​ពី​ទីវាល​ ដែល​ប្រហែល​ជា​បាន​ក្លាយ​ជា​ទឹក​កខ្វក់​នោះ​ អាច​ទទួល​រង​គ្រោះ​ដោយ​សារ​ជំងឺ​ដែល​មាន​ប្រភព​ពី​ទឹក។ មាន​ជំងឺ​ជា​ច្រើន​ដែល​មាន​ប្រភព​ពី​ទឹក ហើយ​ការ​បរិភោគ​ទឹក​បែប​នេះ​អាច​បង្ក​ជា​ជំងឺ​ជាច្រើន​និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ដែរ។ ជំងឺ​រាត​ត្បាត​ធម្មតា​ មាន​ដូច​ជា ជំងឺ​រាគរូស គ្រុន​ពោះវៀន និង​ជំងឺ​អាសន្នរោគ។ យើង​ដឹង​ហើយ​ថា មាន​ប្រភេទ​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ដែល​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នៅ​តំបន់​ត្រូពិច។ ទាំង​នេះ​គឺ​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ខ្ញុំ»។
ប៉ុន្តែ​ ពលរដ្ឋ​សហគមន៍ Hopley និយាយ​ថា ពួក​គេ​មាន​ជម្រើស​តិច​តួច​ណាស់។

ពួក​គេ​និយាយ​ថា កង្វះ​ទឹក​គឺ​ជា​រឿង​ធម្មតា​ទៅហើយ ហើយ​វា​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន បើ​ទោះ​បី​ជា​មាន​ការ​សន្យា​ពី​សំណាក់​មន្ត្រី​ជា​ច្រើន​នៅ​ពេល​បោះ​ឆ្នោត​ ថា​ពួក​គេ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ក៏​ដោយ។

លោក​ July Moyo រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន ​និយាយ​ថា​ លោក​មិន​បាន​ដឹង​ថា ប្រជា​ពលរដ្ឋ​រង​ទុក្ខ​ធ្ងន់​ធ្ងរ​រហូត​ដល់​ទៅ​យក​ទឹក​ពី​កន្លែង​បញ្ចុះ​សព​មក​ប្រើ​ប្រាស់​នោះ​ទេ ប៉ុន្តែ​លោក​សន្យា​ថា​នឹង​ចាត់​វិធានការលើ​រឿង​នេះ។

លោក July Moyo និយាយ​ដូច្នេះ​ថា៖ «ពិត​ណាស់ យើង​នឹង​តាម​ដាន​ និង​គិត​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​លុប​បំបាត់​គ្រោះ​មហន្តរាយ​នេះ។ ទឹក​គឺជា​វត្ថុ​ធាតុ​យ៉ាង​សំខាន់​សម្រាប់​មនុស្ស ហេតុ​ដូច្នេះ​ហើយ បាន​ជា​រៀង​រាល់​សប្ដាហ៍​យើង​ព្យាយាម​ពិនិត្យ​មើល​ថា​តើ​បញ្ហា​បែប​នេះ​កើត​ឡើង​នៅ​កន្លែង​ណា​ខ្លះ ហើយ​យើង​នឹង​ពិនិត្យ​មើល​បញ្ហា​មួយ​នេះ​ដែរ»។

ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ស៊ីមបាវ៉េ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដូច​ជា​អ្នកនាង Sanyama នៅ​ពេល​និយាយ​ពី​ការ​ផ្គត់​ផ្គង់​ទឹក​ អាជ្ញាធរ​តែង​តែ​មិន​សូវ​ជួយ​ដល់​ពលរដ្ឋ​នោះ​ទេ ​ចាញ់​ទាំងអ្នកដែល​បានស្លាប់​ទៅ​ហើយ​ទៀត៕

XS
SM
MD
LG