ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារព័ត៌មាន​ប្រឆាំង​​អំពើ​ពុក​រលួយ​ប្រឈម​មុខ​តុលាការ៖ គ្មាន​សេរីភាព​សារព័ត៌មាន​​​ទេ​នៅ​​ស៊ីមបាវ៉េ


រូបឯកសារ៖ អ្នកកាសែត​ស៊ើបអង្កេត​​ស៊ីមបាវ៉េ​លោក Hopewell Chin’ono ដើរ​ចេញ​ពីរថយន្ដ​របស់​ពន្ធនាគារ​នៅ​តុលាការ​​ក្រុង​ហារ៉ារ៉េ កាល​ពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកកាសែត​ស៊ើបអង្កេត​​ស៊ីមបាវ៉េ​លោក Hopewell Chin’ono ដើរ​ចេញ​ពីរថយន្ដ​របស់​ពន្ធនាគារ​នៅ​តុលាការ​​ក្រុង​ហារ៉ារ៉េ កាល​ពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នេះ​គឺ​ជាអ្នកសារព័ត៌មាន​លោក Hopewell Chin'ono ​កំពុង​និយាយ​ជាមួយ​នឹង​ក្រុម​រដ្ឋអាជ្ញា​ បន្ទាប់​ពីការ​ចាប់ខ្លួន​លោក​ជា​លើក​ទី​ពីរ​នៅ​ឆ្នាំ​នេះ ដែល​ការ​ចាប់ខ្លួន​ទាំង​ពីរលើក​នេះ​គឺ​ដោយ​សារ​ការ​បង្ហោះសារ​របស់​លោក​នៅ​លើ​បណ្តាញ​សង្គម​ Twitter។

​ការ​ចាប់ខ្លួន​របស់​លោកជា​លើក​ដំបូង​នៅ​ចុង​ខែ​កក្កដា​គឺ​ដោយសារ​ការ​បង្ហោះ​សារ​របស់​លោក​តាម​បណ្តាញ​សង្គម Twitter ដោយ​គាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ ការ​ចាប់ខ្លួន​លោកជា​លើក​ទី​ពីរ​នៅ​ខែ​វិច្ឆិកា​គឺ​បន្ទាប់​ពី​មាន​ការ​បង្ហោះ​សារ​របស់​លោក​តាម​បណ្តាញ​សង្គម Twitter ដោយ​រិះគន់​ចៅក្រម​តុលាការកំពូល​នៅ​ប្រទេស​ស៊ីមបាវ៉េ។

​ពេល​នេះ​ លោក​កំពុងប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់​ញុះញង់បង្ក​ឲ្យ​មាន​ចលាចល និង​រារាំង​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា បទ​មើលងាយ​មក​លើ​គណៈ​រដ្ឋអាជ្ញា​ជាតិ។ ​

លោក Chin'ono និយាយ​ថា អាជ្ញាធរ​បាន​បង្ហាញ​នូវ​សារ​យ៉ាងច្បាស់​ជាមួយ​នឹង​ការ​ចាប់ខ្លួនលោក ហើយ​អ្នកសារព័ត៌មាន​នៅ​ស៊ីមបាវ៉េ​កំពុង​តែ​ស្តាប់​សារ​នេះ។

«ដូច្នេះ ដោយសារ​តែ​ការ​ចាប់ខ្លួន​ទាំង​នេះ ជា​លទ្ធផល​អ្នក​សារព័ត៌មាន​ភ័យខ្លាច​ចំពោះ​ការ​ចុច​សួរ​ឲ្យ​ដិតដល់ និង​ធ្វើ​រឿងត្រឹមត្រូវ។ នោះ​គឺ​ការប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន ពីព្រោះ​ពួកគេ​និយាយ​ទៅ​ខ្លួន​ឯង​ថា«ប្រសិន​បើ​ពួកគេអាច​ចាប់ខ្លួន​ Hopewell Chin'ono បាន​ពីរ​លើក ពី​ការ​គ្រាន់​តែ​ធ្វើ​តាម​វីជ្ជាជីវៈ​សារព័ត៌មាន តើអ្វី​អាច​កើត​មាន​មក​លើ​ពួក​យើង​នោះ? យើង​មិន​មាន​ឈ្មោះ​ល្បី​ដូច​គាត់​ផង អញ្ចឹង​យើង​អាច​ជាប់រ៉ាំរ៉ៃ​ក្នុង​ពន្ធនាគារ»។​

រូបឯកសារ៖ លោក Hopewell Chin'ono ថ្លែង​ទៅ​កាន់អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក Hopewell Chin'ono ថ្លែង​ទៅ​កាន់អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

​អតីត​ប្រធានាធិបតី​លោក Robert Mugabe តែងតែ​ប្រើ​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​តឹងរ៉ឹង​ដើម្បី​ចាប់ខ្លួន​អ្នក​សារព័ត៌មានណា​ដែល​ចូលចិត្ត​រិះគន់​ក្នុង​អំឡុង​ពេលលោកដឹកនាំ​រយៈពេល ៣៧​ឆ្នាំ។

​នៅ​ពេល​លោក Emmerson Mnangagwar ចូលកាន់​អំណាច​នៅ​ឆ្នាំ​ ២០១៧ លោក​បានសន្យា​ផ្តល់​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ ដែលការណ៍នេះ​នាំ​ឲ្យ​មាន​ក្តី​សង្ឃឹម​អំពី​ការ​ផ្លាស់ប្តូរ​ក្នុង​ចំណោម​អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ទូទៅ។

​អាជ្ញាធរ​នៅ​តែ​អះអាង​ថា ការ​ចាប់ខ្លួន​លោក Chin'ono គឺ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់ ហើយ​មិនមែន​ជា​ការបង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​នោះ​ទេ។

លោក Ndavaningi Mangwana គឺ​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ស៊ីមបាវ៉េ។

លោក​បាន​និយាយ​ថា៖

«គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លូន​ក្រោម​ច្បាប់​ណា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ច្បាប់​នោះ​ត្រូវ​បាន​បំពានខាង​ផ្នែក​សន្តិសុខ​របស់​ពួក​យើង ពិត​ណាស់​មិន​ថា អ្នកសារព័ត៌មាន មេធាវី ឬ​វេជ្ជបណ្ឌិត​នោះ​ទេ នឹង​ត្រូវ​ចាប់​ខ្លួន។ ក្រៅ​ពី​នេះ បរិយាកាស​សម្រាប់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំណើរការ​គឺមាន​លក្ខណៈ​អំណោយផល​ណាស់»។ ​

​មន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​បាន​កត់សម្គាល់​ថា ស្ថានីយ​ទូរទស្សន៍​ថ្មី​ចំនួន​ប្រាំ​មួយ​ទើប​ទទួល​បាន​អាជ្ញាប័ណ្ណ​ និង​បានបន្ថែម​ថា​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​ក៏​អាច​ដំណើរការដោយ​សេរី​បាន​ផង​ដែរ​នៅប្រទេស​ស៊ីមប៉ាវេ។

ប៉ុន្តែ​ក្រុម​គាំពារ​សេរីភាព​សារព័ត៌មាន​និយាយ​ថា រដ្ឋាភិបាល​ស៊ីមបាវ៉េ​មិន​ដែល​បញ្ឈប់កិច្ចប្រឹងប្រឹង​ ដើម្បី​បំបិទប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ។

លោក Tabani Moyo ជា​ប្រធាន​វិទ្យាស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្វ្រិក​ភាគ​ខាង​ត្បូង​នៅ​ប្រទេស​ស៊ីមបាវ៉េ។

លោក​បាន​និយាយ​ថា៖ «មួយ​ជំហាន​ទៅ​មុខ ដប់[ជំហាន]​ថយ​ក្រោយ។ ការ​ប្រេះ​ស្រាំ​ខាង​ផ្នែក​សារព័ត៌មាន​ស៊ើបអង្កេត​គឺ ករណី​លោក Hopewell Chin'ono។ ការ​វាយប្រហារ​ទៅ​លើ​ផ្នែក​នេះ​គឺ​មាន​ភាព​ខ្លាំងក្លា ហើយ​យើង​បាន​ឃើញនូវ​ការ​ប្រើប្រាស់​ច្បាប់​ជា​អាវុធ ការដាក់​ឲ្យ​អនុវត្តច្បាប់​សន្តិសុខ​អ៊ីនធឺណិត ដែល​ជួយ​ពង្រឹង និង​ផ្តល់​អំណាច​ដល់​ក្រុម​ឃោធា​ឲ្យ​បង្ក្រាប​ទៅ​លើ​ការ​បញ្ចេញ​មតិ​យោបល់។ ការ​ប្រើ​ដៃ​ធ្ងន់​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​មាន​ខ្លាំង»។

ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្លាយ​ទៅ​ជា​ច្បាប់ ពលរដ្ឋ​ស៊ីមបាវ៉េ​ដែល​រង​ការ​ចោទប្រកាន់​ពី​បទចែកចាយ​ព័ត៌មាន​មិន​ពិត​នៅ​តាមបណ្តាញ​សង្គម​អាច​ប្រឈម​នឹងទោស​ទណ្ឌ​ជាប់ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ។

លោក Chin'ono ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឡើង​សវនាការ​នៅ​ខែ​ធ្នូ​នេះ​ចំពោះ​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ពុករលួយ​កាល​ពី​ខែ​កក្កដាឆ្នាំ​នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG