ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ស៊ីមបាវ៉េ​ស្នើ​មេដឹកនាំ​ជំនួញ​ឲ្យ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទំនិញ​ចាំបាច់​​


ប្រធានាធិបតី Emmerson Mnangagwa ប្រុងប្រយ័ត្ន​អំពី​ការ​រក​ឃើញ​ប្រាក់បញ្ញើរ​សាំង​និង​ហ្គាស​នៃ​ប្រទេស​ស៊ីមបាវ៉េកាលពី​ថ្ងៃទី០២ វិច្ឆិកា ឆ្នាំ ២០១៨។
ប្រធានាធិបតី Emmerson Mnangagwa ប្រុងប្រយ័ត្ន​អំពី​ការ​រក​ឃើញ​ប្រាក់បញ្ញើរ​សាំង​និង​ហ្គាស​នៃ​ប្រទេស​ស៊ីមបាវ៉េកាលពី​ថ្ងៃទី០២ វិច្ឆិកា ឆ្នាំ ២០១៨។

ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Emmerson Mnangagwa បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​ជំនួញ​នានា​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ធានា​ដល់​សាធារណជន​ថា រដ្ឋាភិបាល​របស់​លោក​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដែល​កាន់​តែ​ធ្លាក់​ចុះ​ មាន​ស្ថិរភាព​បាន។

ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Emmerson Mnangagwa បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​ជំនួញ​នានា​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ធានា​ដល់​សាធារណជន​ថា រដ្ឋាភិបាល​របស់​លោក​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដែល​កាន់​តែ​ធ្លាក់​ចុះ​ មាន​ស្ថិរភាព​បាន។ ប៉ុន្តែ​មេដឹកនាំ​ជំនួញ​ម្នាក់​បាន​ពន្យល់​ថា ភាព​មិន​ប្រាកដប្រជា​អំពី​ការ​ផ្គត់ផ្គង់​ក្រដាស​ប្រាក់​និង​រូបិយប័ណ្ណ​ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិបាក​ដំណើរការ​ទៅ​មុខ។

ក្នុង​ការ​ថ្លែង​ទៅ​កាន់​នាយក​ប្រតិបត្តិ​ជំនួញ​នានា​នៅ​ឯ​វិមាន​ប្រធានាធិបតី State House ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Emmerson Mnangagwa បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​តែ​ធ្វើការ​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព។ ​

ប្រជាជន​ស៊ីមបាវ៉េ​កំពុង​តែ​ជួបប្រទះ​នឹង​បញ្ហា​ខ្វះខាត​ទំនិញ​ចាំបាច់​បំផុត​នានា ដូចជា​ប្រេងសាំង ថ្នាំសង្កូវ ប្រេង​ចម្អិន​ម្ហូប និង​ទឹកស្អាត​ជា​ដើម។ តម្លៃ​ទំនិញ​កំពុង​តែ​កើនឡើង បើ​ទោះ​ជា​មិន​កើនឡើង​ដល់​អត្រា​ខ្ពស់​ដូច​កាល​ពី​ឆ្នាំ​២០០៨​ នៅ​ពេល​ដែល​អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ​ផ្លូវការ​ឡើង​ដល់​២៣១​លាន​ភាគរយ​ក៏​ដោយ។ ​

លោក Mnangagwa បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ជំនួញ​នានា​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទំនិញ​នេះ តាមរយៈ​ការ​ផ្គត់ផ្គង់​ទំនិញ​បន្ថែម​ទៀត​ទៅ​កាន់​ទីផ្សារ។

លោក Mnangagwa បាន​ថ្លែង​ថា «ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ថា សហគ្រាស​ផលិត​មួយ​ចំនួន​មិន​ផ្គត់ផ្គង់​ផលិតផល​របស់​ខ្លួន​ដល់​ក្រុមហ៊ុន​ចែកចាយ​បន្ត​ទេ។ ប្រសិន​បើ​នេះ​ជា​ការពិត​មែន វា​ពិត​ជា​គួរ​ឲ្យ​សោកស្តាយ​ណាស់។ ការ​ភ័យខ្លាច​បាត់បង់​ទ្រព្យសម្បត្តិ​និង​ប្រាក់​សន្សំ​ ដូច​ដែល​បាន​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ខ្លាំង គឺ​មិន​កើតឡើង​ទេ​ក្នុង​ពេល​ឥឡូវ​នេះ។ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ​និង​យល់​អំពី​ការ​ព្រួយបារម្ភ​និង​ការ​ភ័យខ្លាច​របស់​អ្នក​ទាំង​អស់​គ្នា»។

ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ស៊ីមបាវ៉េ លោក Sifelani Jabangwe បាន​ថ្លែង​ប្រាប់ VOA ថា ប្រសិន​បើ​ក្រុមហ៊ុន​ណាមួយ​មិន​លក់​ទំនិញ​ឲ្យ​អ្នក​លក់​រាយ​ទេ​ នោះ​គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​នោះ​ដឹង​ថា ខ្លួន​មិន​អាច​ផ្គត់ផ្គង់​ទំនិញ​បន្ថែម​ទៀត​បាន។ ​

លោក Jabangwe មាន​ប្រសាសន៍​ថា «ការ​ពិត​គឺ​ថា អត្រា​តម្លៃ​ទំនិញ​កើនឡើង ហើយ​គ្មាន​រូបិយប័ណ្ណ​បរទេស​ហូរ​ចូល​មក​នោះ​ទេ។ សហគ្រាស​ផលិត​ឬ​ក្រុមហ៊ុន​លក់​ដុំ​ដឹង​ថា ទំនិញ​ដែល​ពួកគេ​មាន​នៅ​ក្នុង​ស្តុក​គឺ​ជា​ទំនិញ​ចុង​ក្រោយ​បង្អស់​ដែល​ពួកគេ​មាន ដូច្នេះ​ប្រសិន​បើ​ពួកគេ​លក់​ទំនិញ​ទាំង​នោះ​អស់​ ក្រុមហ៊ុន​របស់​ពួកគេ​គឺ​ចប់​ហើយ ហើយ​យើង​ក៏​បាត់​បង់​ក្រុមហ៊ុន​នោះ​ដែរ។ ប្រសិន​បើ​ក្រុមហ៊ុន​ណា​មួយ​ស្តុក​ទុក​ទំនិញ​នោះ​ នោះ​ប្រហែល​ជា​ដោយសារ​តែ​ពួកគេ​កំពុង​តែ​រង់ចាំ​មើល​ថា​តើ​អត្រា​ប្តូរប្រាក់​នឹង​ទៅ​ជា​យ៉ាង​ណា។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​ធ្វើ​ដូច្នេះ​នោះ​ទេ។ តាមពិត​ ក្រុមហ៊ុន​ជាច្រើន​អស់​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​ទៅ​ហើយ»។ ​

បញ្ហា​ធំ​បំផុត​គឺ​ការ​ដែល​គ្មាន​ក្រដាស​ប្រាក់​ដែល​អាច​ចាយ​បាន។ ចាប់​តាំង​ពី​ប្រទេស​ស៊ីមបាវ៉េ​ឈប់​ចាយ​ប្រាក់​ដុល្លារ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៩​មក ប្រទេស​នេះ​ភាគច្រើន​ចាយ​ប្រាក់​ដុល្លារ​អាមេរិក​ ប្រាក់​ផោន​របស់​អង់គ្លេស និង​ប្រាក់​រែន​របស់​អាហ្វ្រិក​ខាង​ត្បូង​ដើម្បី​ទិញ​ដូរ​ទំនិញ​នានា។ ​

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រូបិយប័ណ្ណ​បរទេស​ទាំង​បី​នេះ​ពិបាក​រក​ណាស់ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​បាន​បង្ខំ​ឲ្យ​ប្រទេស​នេះ​ពឹងផ្អែក​លើ​ប័ណ្ណទិញទំនិញ។ ប័ណ្ណ​ទិញទំនិញ​ជា​រូបិយប័ណ្ណ​មួយ​ដែល​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​បោះពុម្ព​ឲ្យ​ប្រើប្រាស់​កាល​ពី​ពីរ​ឆ្នាំ​មុន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ខ្វះខាត​ក្រដាស​ប្រាក់។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ប្រធានាធិបតី Mnangagwa បាន​ថ្លែង​ថា «យើង​នឹង​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ប្តូរ​ប្រាក់​ពហុរូបបិយប័ណ្ណ»។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រាក់​នៅ​ក្នុង​ធនាគារ​របស់​ប្រជាជន​គឺ​មាន​សុវត្ថិភាព​ ហើយ​ពួកគេ​មិន​ចាំបាច់​ត្រូវ​ចាយ​ប្រាក់​នោះ ​ឬ​ប្តូរ​ប្រាក់​សន្សំ​របស់​ពួកគេ​ទៅ​ដាក់​កន្លែង​ផ្សេង​នោះ​ទេ។ ​

ប៉ុន្តែ​តម្លៃ​ប័ណ្ណទិញទំនិញ​កំពុង​តែ​ធ្លាក់​ចុះ។ រដ្ឋាភិបាល​ទទូច​ថា អត្រា​ប្តូរប្រាក់​របស់​ខ្លួន​ស្មើ​នឹង​ប្រាក់​ដុល្លារ​អាមេរិក។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ទីផ្សារ​ងងឹត មួយ​ដុល្លារ​អាមេរិក​មាន​តម្លៃ​ជិត​ស្មើ​នឹង​បួន​ប័ណ្ណទិញទំនិញ​៕ ​

ប្រែសម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG