ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Mugabe ​នៃ​ប្រទេស​ស៊ីមបាវ៉េ​ បាន​បន្សល់​ទុក​កេរ​ដំណែល​ចម្រុះ


រូបឯកសារ៖ អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Robert Mugabe ថ្លែង​ក្នុង​ខួប​កំណើត​ទី​៩៣​របស់​លោក នៅ​ទីក្រុង​ហារ៉ារ៉េ កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Robert Mugabe ថ្លែង​ក្នុង​ខួប​កំណើត​ទី​៩៣​របស់​លោក នៅ​ទីក្រុង​ហារ៉ារ៉េ កាល​ពី​ឆ្នាំ​២០១៧។

លោក ​Robert Mugabe ​អតីតមេដឹកនាំ​នៃ​ប្រទេស​ ស៊ីមបាវ៉េ ​ដែល​បានក្ស័យ​ជីវិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​សុក្រ​ ក្នុង​ជន្មាយុ​៩៥​ឆ្នាំ​បាន​បន្សល់​ទុក​កេរ​ដំណែល​សាំញ៉ាំ​មួយ។

​សម្រាប់​មនុស្ស​ខ្លះ​ លោក​ជា​វីរបុរស​ម្នាក់​ខាង​ការ​រំដោះ​ជាតិ​ដែល​ប្រកាន់​តាម​គោលការណ៍​របស់​លោក។ ​ចំណែក​ឯ​អ្នក​ឯ​ទៀត​វិញ​យល់​ឃើញ​ថា លោក​ជា​អ្នក​គៃ​បន្លំ​សន្លឹក​ឆ្នោត​ហើយ​ថា ​លោក​បាន​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស ស៊ីមបាវ៉េ ដែល​ធ្លាប់​ជា​ប្រទេស​ផលិត​កសិកម្ម​ច្រើន​ជាង​គេ​ក្នុងទ្វីប​អាហ្វ្រិក។ ​អ្នក​ទាំង​នេះក៏​និយាយ​ដែរ​ថា​ លោក ​Mugabe ​បាន​បំភិត​បំភ័យ​ប្រជារាស្ត្រ​ច្រើន​ទសវត្សរ៍​មក​ហើយ។

លោក​ប្រធានាធិបតី​បច្ចុប្បន្ន ​Emmerson Mnangagwa ​បាន​ប្រកាស​តាម ​Twitter អំពី​មរណភាព​របស់​លោក ​Mugabe ​កាល​ពី​ថ្ងៃ​សុក្រ។

លោក Mnangagwa​ បាន​និយាយ​ថា៖ «ដោយ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ដែល​ខ្ញុំ​ប្រកាស​អំពី​មរណភាព​របស់​សមមិត្ត​ Robert Mugabe ​បិតា​អ្នក​បង្កើត​ប្រទេស​ ស៊ីមបាវ៉េ ​និង​អតីត​ប្រធានាធិបតី»។

អត្ថបទ​ទី​ពីរ​តាម ​Twitter ​បាន​ពណ៌នា​លោក ​Mugabe ​ថា​ជា​មនុស្ស​សំខាន់​ម្នាក់​នៃ​ការ​រំដោះ​ប្រទេស​ជាតិ, ​ជា​អ្នក​អាហ្វ្រិក​និយម​ខ្លាំង​ក្លា​ម្នាក់​ដែល​បាន​បូជា​ជីវិត​របស់​លោក​ដល់​ការ​រើ​បម្រះ​ពី​នឹម​អាណានិគម​ និង​ការ​ផ្តល់​អំណាច​ជូន​ប្រជារាស្ត្រ​របស់​លោក។

ឯក​អគ្គរដ្ឋទូត​សហភាព​អាហ្វ្រិក​ ប្រចាំ​ស.រ.អា. លោក​ Arikana Chihombori-Quao បាន​ពណ៌នា​លោក ​Mugabe​ ថា​ជា​មនុស្ស​ក្លាហាន​ដោយ​ផ្តល់​កិត្តិ​យស​ជា​ពិសេស​ឱ្យ​លោក​អំពី​អ្វី​ដែល​លោក ​Mugabe ​ហៅ​ថា​កំណែ​ទម្រង់​ដីធ្លី​និង​អ្វី​ដែល​ពួក​អ្នក​រិះ​គន់​លោក​ហៅ​ថា​ ជា​ការ​រឹប​អូស​យក​កសិដ្ឋាន​របស់​ក្រុម​ជន​ស្បែក​ស។

ក៏​ប៉ុន្តែ​មាន​មនុស្ស​ច្រើន​នាក់​ទៀត​មាន​ទស្សនៈ​អវិជ្ជមាន​អំពី​លោក​ Mugabe។

លោក ​Muleya Mwananyanda ​នាយក​រង​នៃ​អង្គការ​ Amnesty International ប្រចាំ​តំបន់​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក​ បាន​និយាយ​ថា៖ «នៅ​ពេល​លោក​បង្ហាញ​ខ្លួន​លោក​ថា​ ជា​អ្នក​ជួយ​ស្រោច​ស្រង់​ប្រទេស​ ស៊ីមបាវ៉េ ​លោក ​Robert Mugabe បាន​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​ច្រើន​ដល់​ប្រជារាស្ត្រ​និង​កេរ្តិ៍​ឈ្មោះ​នៃ​ប្រទេស​នេះ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG