ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នៅ​រស់​ពី​ការ​សម្លាប់​រង្គាល​ក្នុង​ទសវត្សរ៍ ១៩៨០ នៅ​ស៊ីមបាវ៉េ ចង់​បាន​សំណង


លោក​ប្រធានាធិបតី Emmerson Mnangagwa របស់​ប្រទេស​ហ្ស៊ីមបាវ៉េ​នា​ពេល​បច្ចុប្បន្ន​នេះ ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​សន្តិសុខ​នៅ​សម័យ​លោក Robert Mugabe ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ 

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ប្រទេស​ស៊ីមបាវ៉េ លោក Elasto Mugwadi និយាយ​ថា ការ​សម្លាប់​រង្គាល​ក្នុង​ប្រតិបត្តិការ Gukurahundi នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

នៅ​ក្នុង​តំបន់ Matabeleland ជនជាតិ​ភាគ​តិច Ndebele ជាង ២ ម៉ឺន​នាក់ ត្រូវ​បាន​ទាហាន​ដែល​ហ្វឹកហាត់​នៅ​កូរ៉េ​ខាង​ជើង​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ Gukurahundi ដែល​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ស៊ីមបាវ៉េ កាល​ពី​ពាក់​កណ្ដាល​ទសវត្សរ៍ ១៩៨០។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​សិទ្ធិ​មនុស្ស​នានា។

អ្នកស្រី Oppah Sikhosana ដែល​ជា​ស្ត្រី​មេម៉ាយ​អាយុ ៧០ ឆ្នាំ មក​ពី​តំបន់ Gatsheni-Matopo ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៦ រយ​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​រដ្ឋធានី​ហារ៉ារេ បាន​និយាយ​ថា ប្ដី​របស់​អ្នកស្រី​ត្រូវ​គេ​ចាប់​ពង្រត់​នៅ​ក្នុង​ឆ្នាំ ១៩៨៥ ដោយសារតែ​ធ្វើ​ជា​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន។

អ្នកស្រី​រំឭក​ថា នៅ​ពេល​នោះ​មាន​ទាហាន៧នាក់ បាន​មក​ផ្ទះ​របស់​អ្នកស្រី។

អ្នកស្រី Oppah Sikhosana និយាយ​ថា ទាហាន​ទាំង​នោះ​ចង់​ពិភាក្សា​រឿង​មួយ​ចំនួន​ជាមួយ​នឹង​ប្ដី​របស់​អ្នកស្រី​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​បន្តិច​ក្រោយ​មក អ្នកស្រី​បាន​ចេញ​ទៅ​មើល។ ប៉ុន្តែ ទាហាន​ម្នាក់​បាន​ប្រាប់​អ្នកស្រី​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ ហើយ​បន្ទាប់​មក​ទាហាន​នោះ​បាន​ចូល​តាម និង​ចាប់​រំលោភ​អ្នកស្រី។

បន្ទាប់​ពី​នោះ​មក អ្នកស្រី​បាន​រត់​គេច​ទៅ​ទីក្រុង Bulawayo។

អ្នកស្រី​បញ្ជាក់​ថា រដ្ឋាភិបាល​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​ត្រូវតែ​ផ្ដល់​សំណង​ដល់​ប្រជាជន ដើម្បី​បង្ហាញ​ថា ខ្លួន​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។

អ្នកស្រី​បាន​បន្ថែម​ថា អ្នក​ដែល​បាន​វាយ​ប្រយុទ្ធ និង​ពលី​ដើម្បី​ជាតិ មិន​សម​ត្រូវ​រដ្ឋាភិបាល​ដែល​ពួកគេ​ផ្ដល់​អំណាច​ជូន​សម្លាប់​នោះ​ទេ។ អ្នកស្រី​ថា រដ្ឋាភិបាល​ត្រូវតែ​ត្រៀម​សំណង​ដ៏​ទូលំទូលាយ​មួយ។

អ្នកស្រី​បន្ត​ទៀត​ថា លោក​ប្រធានាធិបតី Emmerson Mnangagwa របស់​ប្រទេស​ស៊ីមបាវ៉េ​នា​ពេល​បច្ចុប្បន្ន​នេះ ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​សន្តិសុខ​នៅ​សម័យ​លោក Robert Mugabe ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដូច្នេះ​ពួកគេ​ទទួល​រង​ការ​រិះគន់​ដូចៗ​គ្នា។

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ប្រទេស​ស៊ីមបាវ៉េ លោក Elasto Mugwadi និយាយ​ថា ការ​សម្លាប់​រង្គាល​ក្នុង​ប្រតិបត្តិការ Gukurahundi នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោក Mugwadi និយាយ​ថា៖ «យើង​ដឹង​អំពី​ការ​សម្លាប់​រង្គាល​នេះ ហើយ​ការ​សម្លាប់​រង្គាល​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយសារតែ​វា​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស បាត់បង់​ទ្រព្យ​សម្បត្តិ ហើយ​ច្បាប់​សិទ្ធិ​មនុស្ស​របស់​យើង​គឺ​ជា​បញ្ហា​ដ៏​សំខាន់។ គ្មាន​នរណា​ម្នាក់​ក្រៅ​ពី​ព្រះ​ជា​ម្ចាស់ មាន​សិទ្ធិ​ដក​ហូត​ជីវិត​នរណា​ម្នាក់​បាន​ទេ‍»។

អ្នកស្រី Netty Musanhu ដែល​មក​ពី​គណៈកម្មការ​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល បាន​និយាយ​ថា គណៈកម្មការ​នេះ​កំពុង​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «គណៈកម្មការ​នេះ​នឹង​ធ្វើ​ការ​ដោយ​ផ្ដោត​លើ​ក្ដី​ព្រួយ​បារម្ភ​របស់​ជន​រងគ្រោះ។ ខ្ញុំ​មិន​អាច​និយាយ​ទុក​មុន​ថា យើង​នឹង​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​នោះ​ទេ ដោយសារតែ​យើង​មិន​បាន​ទាក់ទង​ជន​រងគ្រោះ។ អ្វី​ដែល​យើង​ចង់​ធ្វើ​គឺ​បង្កើត​វេទិកា ដែល​យើង​អាច​ដឹង​ថា​ជន​រងគ្រោះ​ចង់​បាន​អ្វី​ដូចជា​ការ​សុំ​ទោស ឬ​ក៏​សំណង​ជា​ដើម ដែល​នេះ​ជា​អ្វី​ដែល​ដំណើរការ​នេះ​នឹង​ធ្វើ‍»។

ដូច​អ្នក​កាន់​តំណែង​មុន​មក​ដែរ លោក Mnangagwa បាន​បដិសេធ​មិន​ធ្វើ​ការ​សុំទោស ប៉ុន្តែ​បាន​និយាយ​ថា លោក​នឹង​ទទួល​យក​អនុសាសន៍​នានា​ពី​គណៈកម្មការ​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ ដែល​គណៈកម្មការ​នេះ​បញ្ជាក់​ថា នឹង​បើក​សវនាការ​សាធារណៈ​អំពី​ការ​សម្លាប់​រង្គាល​នេះ។

កាល​ពី​ដើម​ឆ្នាំ​នេះ លោក Zenzele Ndebele ដែល​ជា​អ្នក​កាសែត បាន​ផលិត​ភាពយន្ត​ឯកសារ​រយៈពេល​ជាង​មួយ​ម៉ោង​កន្លះ​អំពី​ការ​សម្លាប់​រង្គាល​នៅ​ទសវត្សរ៍ ១៩៨០ នេះ ហើយ​បន្ទាប់​មក លោក​ត្រូវ​បាន​ប៉ូលិស​សួរ​ចម្លើយ។ លោក​បាន​និយាយ​ថា ទោះបីជា​លោក Mugabe បាន​ចាកចេញ​ពី​តំណែង​ក៏​ដោយ ក៏​រដ្ឋាភិបាល​ស៊ីមបាវ៉េ​នៅតែ​ភ័យ​ខ្លាច​ដដែល ហើយ​មិន​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ។

លោក​និយាយ​ថា ភាគ​ច្រើន​នៃ​អ្នក​ដែល​ដឹកនាំ​ប្រតិបត្តិការ Gukurahundi នេះ នៅតែ​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល​ដដែល ដូចជា​លោក​អនុ​ប្រធានាធិបតី Constantino Chiwenga ជា​ដើម ដែល​កាល​នោះ​ជា​មេបញ្ជាការ​កង​ពល​តូច​ទទួល​បន្ទុក​វាយ​សម្រុក​ចូល​ផ្ទះ​របស់​ពួក​ប្រឆាំង​នៅ​ក្នុង​តំបន់ Matebeleland។ លោក Ndebele ក៏​បាន​លើកឡើង​ផង​ដែរ​ពី​លោក​ប្រធានាធិបតី Mnangagwa។

លោក Ndebele និយាយ​ដូច្នេះ​ថា៖ «សមមិត្ត​ដែល​បាន​និយាយ​ថា អ្នក​ដឹង​ទេ យើង​មាន​បញ្ហា​សត្វ​កន្លាត ហើយ​យើង​សម្រេច​ប្រើ​ថ្នាំ​បំពុល DDT។ បុរស​ដែល​បាន​និយាយ​ថា អ្នក​មាន​សុភមង្គល ដែល​ជា​អ្នក​ដើរ​តាម​មាគ៌ា​របស់​គណបក្ស ZANU-PF នោះ គួរតែ​មាន​បន្ថែម​ទៀត​នៅ​លើ​ភព​ផែនដី​នេះ។ ដូច្នេះ អ្នក​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​កំពុង​កាន់​អំណាច​នៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​និយាយ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ។ ប៉ុន្តែ ប្រជាពលរដ្ឋ​បាន​និយាយ​ថា អ្នក​ទាំង​នោះ​ចាំបាច់​ត្រូវ​ប្រាប់​ប្រជាពលរដ្ឋ​អំពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កាល​ពី​អតីតកាល‍»។

ឱកាស​និយាយ​ការ​ពិត​នេះ​ប្រហែល​ជា​អាច​នឹង​កើត​ឡើង ប្រសិនបើ​គណៈកម្មការ​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​បាន​និយាយ។

ករណី​នេះ​ប្រហែលជា​អាច​ធ្វើ​ឲ្យ​អ្នកស្រី Oppah Sikhosana ស្ងប់​ចិត្ត​បាន ប៉ុន្តែ គណៈកម្មការ​ភាគ​ច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​មុន មិន​ដែល​ផ្ដល់​លទ្ធផល​ជា​ផ្លែផ្កា​ណា​មួយ​នោះ​ឡើយ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG