ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ​ចូលសម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ


លោក​ប្រធានាធិបតី Emmerson Mnangagwa ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ស្រុក Zvimba កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី Emmerson Mnangagwa ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ស្រុក Zvimba កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធានាធិបតី​ស៊ីមបាវ៉េ​ Emmerson Mnangagwa​ បាន​និយាយកាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​ថា​ អតីត​ប្រធានាធិបតី​លោក​ Robert Mugabe ​មិន​អាច​ដើរ​បាន​ ហើយ​អ្នក​ជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​សិង្ហបុរី​​​រយៈ​ពេល​ប្រហែល​២ខែ​មក​ហើយ។​

ថ្លែងទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​ Zanu-PF ​នៅ​តំបន់​ជនបទ​ដែល​ជា​ស្រុក​កំណើត​របស់​លោក​ Robert Mugabe​ លោកប្រធានាធិបតី Emmerson​ Mnangagwa​ បាន​បញ្ជាក់​ថា​អតីត​អ្នកដឹកនាំមិន​អាច​ដើរ​បាន​ត​ទៅ​ទៀតទេ​ដោយសារ​តែ​អាយុ​ចាស់​ជរា​ហើយ​លោក​បាន​បន្ថែមថា​ អតីត​មេដឹកនាំ​វ័យ​៩៤ ​ឆ្នាំ​រូបនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​សិង្ហ​បុរី​ អស់​រយៈ​ពេលពីរខែ​កន្លង​មក​ហើយ​ជា​ទី​កន្លែង​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទីនោះ។​

លោក ​Mnangagwa​ បាន​ថ្លែង​ថា៖​

«យើង​កំពុងយក​ចិត្ត​ទុក​ដាក់​ចំពោះ​អតីត​ប្រធានាធិបតី។​ ឥឡូវ​នេះ​លោកគឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង។​ លោក​គួរ​តែ​ត្រឡប់​មក​វិញ​នៅ​ខែ​កញ្ញា​ប៉ុន្តែ​យើង​បាន​ទទួល​សារ​មួយ​ថា ​ស្ថានភាព​ជំងឺរបស់​លោក​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរទេ។​ ខ្ញុំ​បាន​ទទួល​សារ​ខណៈ​ពេល​ដែល​ខ្ញុំ​នៅទី​នេះ​និយាយថា​ លោក​អតីត​ប្រធានាធិបតី​មាន​សុខភាពល្អ​ឡើង​វិញឥឡូវនេះ ​ហើយ​នឹង​ត្រឡប់​មកវិញ​នៅ​ថ្ងៃទី​៣០ខែវិច្ឆិកា។​ បាទ​ ឥឡូវ​នេះ​លោកមិន​អាច​ដើរ​ដោយ​ខ្លួនឯង​បាន​ទេ​តែយើង​នឹង​ថែរក្សា​លោក។​ យើង​បាន​ផ្តល់​ជូន​នូវ​អ្វីៗ​គ្រប់​យ៉ាង​តាមដែល​លោក​ស្នើសុំ»។​

បន្ទាប់​ពី​បាន​ដឹកនាំ​ប្រទេស​ស៊ីមបាវ៉េ​ចាប់​តាំង​ពី​ទទួល​បាន​ឯករាជ្យភាព​របស់​ខ្លួន​ពី​ចក្រភព​អង់គ្លេស​នៅឆ្នាំ ​១៩៨០ ​លោក ​Mugabe​ បាន​លាលែង​ពី​មុខ​តំណែង​កាលពី​ឆ្នាំមុន​បន្ទាប់ពី​មាន​សម្ពាធ​ដែល​ដឹកនាំ​ដោយ​យោធា។​

លោក Mnangagwa​ ត្រូវ​បាន​តែងតាំង​ជា​អ្នក​ស្នង​តំណែង​របស់​លោក​ហើយ​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កាល​ពី​ខែកក្កដា។

ចាប់តាំង​ពី​លោក ​Mugabe ​បានលាលែង​ពីតំណែង​ លោក​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​តិចតួច​ ប៉ុន្តែ​លោក​បាន​ធ្វើ​ដំណើរ​ជាច្រើន​ដង​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ជាទី​ដែល​លោក​បានទទួល​ការ​ព្យាបាល​ជំងឺ​ដោយ​មិន​បាន​បញ្ជាក់​ពី​ស្ថាន​ជំងឺ​ពិត​ប្រាកដ៕

ប្រែសម្រួល​ដោយ​លោក​ ហេង រស្មី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG