ប្រទេសស៊ីមបាវ៉េកំពុងសង្ឃឹមថា ថ្ងៃមួយនឹងអាចទទួលបានងាររបស់ខ្លួនពីមុន ក្នុងនាមជាតំបន់អំណោយផលផ្នែកស្បៀងអាហារប្រចាំតំបន់អាហ្វ្រិកភាគខាងត្បូង។
លោក George Nyamakawa អាយុ ៥២ ឆ្នាំមកពីស្រុក Murehwa ដែលមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រភាគខាងកើតទីក្រុងហារ៉ារ៉េ គឺជាអាជ្ញាធរកសិករម្នាក់ក្នុងចំណោមកសិកររាប់លាននាក់ដែលកំពុងបណ្តុះបណ្តាលតាមរយៈកម្មវិធីគាំទ្រដោយអង្គការសហប្រជាជាតិហៅថា «Pfumvudza»។
កម្មវិធី Pfumvudza ដែលមានន័យថា «ពន្លកថ្មី» តាមភាសារបស់ជនជាតិ Shona គឺជាវិធីសាស្ត្រមួយនៃកសិកម្មអភិរក្សដែលផ្តោតលើដីទំហំតូចៗ ដែលអាចរក្សាទឹកបានងាយស្រួល ហើយមានប្រសិទ្ធិភាពជាងការភ្ជួររាស់ដីទំហំធំ។
លោក Nyamakawa ថ្លែងថា៖ «វាងាយស្រួលក្នុងការថែទាំ។ ហើយវាអាចផ្គត់ផ្គង់អាហារដល់ប្រទេសជាតិបាន»។
អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ បានបណ្តុះបណ្តាលវិធីសាស្ត្រនេះដល់មន្ត្រីរដ្ឋាភិបាល ដើម្បីជួយប្រយុទ្ធនឹងបញ្ហាកង្វះស្បៀងអាហារដែលបានញាំញីប្រទេសស៊ីមបាវ៉េជាងមួយទសវត្សរ៍។
រដ្ឋាភិបាលស៊ីមបាវ៉េបានសរសើកម្មវិធីនេះថា អាចជាដំណោះស្រាយសន្តិសុខស្បៀងអាហារមួយ។
ប៉ុន្តែ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ខ្លួននៅតែផ្គត់ផ្គង់ជំនួយស្បៀងអាហារដល់ជនជាតិស៊ីមបាវ៉ា ជាង ៨ លាននាក់ ដែលជាចំនួនច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប។
លោក Niels Balzer គឺជាអនុប្រធានកម្មវិធីស្បៀងអាហារពិភពលោក WFP ក្នុងប្រទេសស៊ីមបាវ៉េ។
លោក Balzer ថ្លែងថា៖«ខ្ញុំគិតថាវានឹងត្រូវការពេលបន្ថែមទៀតដើម្បីឆ្ពោះទៅរកការលែងមានភាពអត់ឃ្លាននិងការលុបបំបាត់បញ្ហានេះទាំងស្រុង។ ជាការពិត យើងនឹងប្រឈមនឹងរដូវ La Nina នៅពេលខាងមុខ ដែលវាមានន័យថានឹងមានភ្លៀងធ្លាក់ធម្មតានិងច្រើនជាងធម្មតា ដែលអ្នកវិទ្យាសាស្ត្របានទស្សទាយហើយយើងរីករាយនឹងព័ត៌មាននេះ។ ដូច្នេះរួមជាមួយនឹងវិធីសាស្ត្រ Pfumvudza ខ្ញុំគិតថាវានឹងធ្វើឲ្យការផ្លាស់ប្តូរហើយយើងអាចបង្កើនផលិតផលយើង»។
លោក Mandivamba Rukuni អតីតសាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យស៊ីមបាវ៉េ ដែលបច្ចុប្បន្នលោកដឹកនាំសកម្មភាពសប្បុរសធម៌ផ្តោតលើការច្នៃប្រឌិតកសិកម្មនៅអាហ្វ្រិក បាននិយាយថា ការធ្វើកសិកម្ម«ពន្លកថ្មី» មានដែនកំណត់របស់វា។
លោក Rukuni ថ្លែងថា៖ «នៅពេលដែលកម្មវិធី Pfumvudza ជាគំនិតល្អមួយទាក់ទងនឹងបច្ចេកវិទ្យាការងារដែលងាយស្រួលរក អ្នកណាក៏អាចជីករូងតូចមួយហើយដាំដំណាំបានដែរ។ ហើយទឹកត្រូវបានរក្សាទុក។ គុណវិបត្តិនៅតែមាន។ គុណវិបត្តិចម្បងគេនោះគឺវាត្រូវការកម្លាំងពលកម្មខ្លាំង។ ហើយប្រទេសស៊ីមបាវ៉េគឺដូចប្រទេសផ្សេងទៀតដែរ កម្លាំងពលកម្មកំពុងកាន់តែខ្សត់ទៅៗជាពិសេសនៅតំបន់ជនបទ ដែលមនុស្សម្នាបានប្តូរមករស់នៅទីប្រជុំជន»។
កសិករដូចជាលោក Nyamakawa សុខចិត្តធ្វើការងារបន្ថែមបើសិនជាអាចមានទិន្នផលខ្ពស់ហើយ ប្រសិនបើពួកគេអាចពឹងពាក់លើអាជ្ញាធរដើម្បីទទួលបានការគាំទ្រ៕
ប្រែសម្រួលដោយទុំ ម្លិះ