សេចក្តីរាយការណ៍ព័ត៌មានឲ្យដឹងថា ក្មេងស្រីពេញវ័យនៅប្រទេសកំពុងអភិវឌ្ឍន៍ដែលខ្លាចស្លាប់ដោយសារជំងឺកូវីដ១៩ កំពុងពិចារណារៀបការ ហើយមានកូនឱ្យបានរហ័ស។
អង្គការ CAMFED ជាអង្គការមួយផ្តោតការយកចិត្តទុកដាក់លើការសិក្សាអប់រំរបស់ក្រុមក្មេងស្រីនៅក្នុងតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា។ អង្គការនេះនិយាយថា ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានធ្វើឱ្យភាពក្រីក្រនិងអសន្តិសុខម្ហូបអាហារកាន់តែមានសភាពធ្ងន់ធ្ងរ ហើយសាលារៀនភាគច្រើនបានបិទទ្វារផងនោះ ក្មេងស្រីខ្លះផ្តល់អាទិភាពដល់ការរៀបអាពាហ៌ពិពាហ៌ច្រើនជាងការសិក្សាអប់រំ។
អ្នកស្រី Rose Alexander ជាសមាជិកានៃអង្គការ CAMFED ដែលធ្វើការដើម្បីបញ្ចៀសនិងបំបាត់ការរៀបការពីក្មេងនៅក្នុងប្រទេសម៉ាឡាវី។ អ្នកស្រី Alexander ឲ្យដឹងថា មានមនុស្សខ្លះនិយាយថា «សាលារៀនមិនបើកវិញទេ ដូច្នេះរៀបការទៅ»។
ជាការឆ្លើយតបនឹងគំនិតបែបនេះ ពួកសមាជិកនៃអង្គការ CAMFED ដូចជាអ្នកស្រី Alexander បានទាក់ទងនឹងពួកក្មេងស្រីហើយបានពណ៌នាអំពីហានិភ័យនៃការរៀបការពីក្មេងនិងការមានផ្ទៃពោះឆាប់ពេក នៅពេលអង្គការនេះគាំទ្រពួកក្មេងស្រីក្នុងការសិក្សារបស់ពួកគេ។
មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសាកល Center for Global Development ហៅកាត់ថា CGD ជាក្រុមស្រាវជ្រាវមួយមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ពួកអ្នកឆ្លើយតបនឹងការស្ទង់មតិរបស់មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសាកលចំនួន៧៨ភាគរយបានសម្តែងកង្វល់ថា ការបិទសាលារៀនបានបង្កើនអំពើហិង្សាទាក់ទងនឹងយ៉ែនឌ័រ។
លោក Faith NKala ជានាយកជាតិនៃអង្គការ CAMFED ប្រចាំប្រទេសស៊ីមបាវ៉េ។លោកបាននិយាយថា៖« សាលារៀនដែលមានការគាំទ្រខាងសង្គមដែលគេបានផ្តល់ឲ្យនោះ អាចជាកន្លែងមានសុវត្ថិភាពមួយសម្រាប់ពួកកុមារ ជាពិសេសពួកក្មេងស្រី ដែលនៅទីនោះពួកគេអាចទទួលការគាំទ្រដើម្បីដោះស្រាយបញ្ហាដែលពួកគេប្រឈមនៅក្នុងសាលារៀននិងនៅផ្ទះ»។
នៅក្នុងសេចក្តីសង្ខេបព័ត៌មានចេញផ្សាយនៅខែមីនាឈ្មោះឯកសារ COVID-19 Preparedness and Response Interim Technical Brief របស់ខ្លួន អង្គការមូលនិធិពលរដ្ឋអ.ស.ប.បានចង្អុលបង្ហាញអំពីគ្រោះថ្នាក់ដែលពួកក្មេងស្រីអាចប្រឈម នៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ឯកសារនេះបាននិយាយថា៖ «ពួកស្ត្រីនិងពួកក្មេងស្រីមានហានិភ័យខ្លាំងដោយសារអំពើហិង្សាខាងយ៉ែនឌ័រនិងការគំរាមកំហែងនៃការអនុវត្តដែលនាំឱ្យមានគ្រោះថ្នាក់ ដោយមានរួមបញ្ចូលការច្រិបយោនីនិងការបង្ខំឱ្យរៀបការពីក្មេង ជាពិសេសសម្រាប់ក្រុមក្មេងស្រីនៅក្នុងតំបន់ក្រីក្រនិងពិបាកធ្វើដំណើរទៅដល់»។
អ.ស.ប. បានហៅការកើនឡើងនៃអំពើហិង្សាផ្អែកលើយ៉ែនឌ័រនេះថា ជាការរាតត្បាតដោយលាក់កំបាំង។
ឯកសារមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសាកលបង្ហាញថា ពួកក្មេងស្រីមានផលប៉ះពាល់ច្រើនជាងក្មេងប្រុសដោយសារការបិទសាលារៀនបណ្តាលមកពីការរាត្បាតជាសាកលនៃជំងឺកូវីដ១៩។
ចំនួន៦៩ភាគរយនៃពួកអ្នកឆ្លើយតបការស្ទង់មតិបាននិយាយថា ពួកគេមានជំនឿថា កុមារីទំនងរងផលប៉ះពាល់ច្រើនជាងកុមារាដោយសារការបិទសាលារៀនបណ្តាលមកពីការរាត្បាតជាសាកលនៃជំងឺកូវីដ១៩។
ក្នុងបណ្តាចំនួន៦៩ភាគរយនេះ ជាងពាក់កណ្តាលនៃពួកអ្នកឆ្លើយការស្ទង់មតិនេះបាននិយាយយោងដល់កំណើនការងារក្នុងផ្ទះនៅពេលមានការរាតត្បាតនៃជំងឺនេះដោយនិយាយថា វាបានបង្អាក់ការសិក្សាតទៅទៀតរបស់ក្មេងស្រី ហើយ៤០ភាគរយបានថ្លែងថា ការរៀបការពីក្មេងនិងការមានផ្ទៃពោះបណ្តាលមកពីការបិទសាលារៀនក៏ជាការនាំឱ្យមានកង្វល់ផងដែរ។
ការស្ទង់មតិនេះមានរួមបញ្ចូលការឆ្លើយតបពីអង្គការចំនួន៨២ ដែលផ្តល់សេវាសិក្សាអប់រំនៅក្នុងប្រទេសយ៉ាងតិចណាស់ចំនួន៣២។ ពាក់កណ្តាលនៃអង្គការដែលបានចូលរួមក្នុងការស្ទង់មតិនេះគឺជា អង្គការមកពីតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា។ អង្គការក្រៅពីនេះគឺមកពីតំបន់នានាក្នុងតំបន់អាស៊ីខាងត្បូង តំបន់មជ្ឈឹមបូព៌ា ប៉ែកខាងជើងនៃទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន។
អង្គការឯទៀតៗក៏បាននិយាយល្អិតល្អន់អំពីបញ្ហាទាំងអស់នេះដែរ។
វិទ្យាស្ថាន អាហ្វហ្គានីស្ថានខាងការសិក្សា The Afghan Institute of Learning ហៅកាត់ថា AIL បានថ្លែងបន្ទរកង្វល់អំពីការមិនឲ្យតម្លៃការសិក្សារបស់ពួកក្មេងស្រីនៅពេលមានការរាតត្បាតជាសាកលនៃជំងឺនេះ។
អ្នកស្រី Sakena Yacoobi ជានាយិកាប្រតិបត្តិនៃវិទ្យាស្ថានអាហ្វហ្គានីស្ថាន ខាងការសិក្សានិងជាអ្នកបង្កើតវិទ្យាល័យឯកជនបួននៅក្នុងប្រទេសអាហ្វហ្កានិស្ថាន។ អ្នកស្រីបាននិយាយថា៖ «យើងត្រូវចំណាយពេលនិងត្រូវធ្វើការច្រើនដើម្បីឱ្យមានការទទួលស្គាល់អំពីតម្លៃនៃការសិក្សាសម្រាប់ក្រុមក្មេងស្រីនៅក្នុងតំបន់ដាច់ស្រយាលជាច្រើន ហើយខ្ញុំបារម្ភថា យើងនឹងបាត់បង់សមិទ្ធផលជាច្រើនដែលយើងបានធ្វើសម្រាប់ក្រុមក្មេងស្រីជំនាន់បច្ចុប្បន្ននេះ»។
ការខ្វល់ខ្វាយអំពីការសិក្សានិងអំពីសុខមាលភាពរបស់ក្រុមក្មេងស្រីនៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នៅពេលបច្ចុប្បន្ននេះ ឆ្លុះបញ្ចាំងឱ្យឃើញកង្វល់ដូចគ្នានៅពេលមានការរាតត្បាតជំងឺ Ebola ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៥។
របាយការណ៍មួយដោយមូលនិធិ Malala បានរកឃើញថា នៅពេលការរាតត្បាតនៃជំងឺ Ebola កើនឡើងដល់កំពូល ប្រទេសហ្គីនេ លីបេរីយ៉ា និងសៀរ៉ាឡេអូនបានបិទសាលារៀនជាងមួយម៉ឺន ហើយនាំឱ្យមានផលប៉ះពាល់ដល់ការសិក្សាអប់រំរបស់កុមារប្រមាណ៥លាននាក់។
តួលេខចុះឈ្មោះចូលរៀនរបស់ក្មេងស្រីនៅក្នុងប្រទេសទាំងបីនេះ ដែលមានតិចជាងចំនួនក្មេងប្រុសស្រេចទៅហើយនោះមិនបានវិលត្រឡប់មកដល់តួលេខមុនមានវិបត្តិជំងឺ Ebola ទេ។
ការសិក្សាស្រាវជ្រាវមួយទៀតបង្ហាញថា អង្គការ UNESCO បានរាយការណ៍ថា មានកំណើនក្មេងស្រីជំទង់មានផ្ទៃពោះរហូតដល់ ៦៥ភាគរយនៅក្នុងសហគមន៍ខ្លះនៃប្រទេសសៀរ៉ាឡេអូន នៅពេលមានការរាតត្បាតជំងឺ Ebola ជាស្ថានភាពមួយដែលក្មេងស្រីភាគច្រើនយល់ថា ជាផលវិបាកដោយផ្ទាល់បណ្តាលមកពីការឋិតនៅក្រៅបរិយាកាសការពារដែលសាលារៀនផ្តល់ឱ្យពួកគេ។
ដើម្បីបញ្ចៀសកុំឱ្យមានផលប៉ះពាល់ស្រដៀងគ្នានេះ នៅពេលមានការរាតត្បាតនៃវីរុសកូរ៉ូណា អង្គការ UNESCO បានសុំឲ្យរដ្ឋាភិបាល «ការពារសមិទ្ធផលដែលសម្រេចបានក្នុងវិស័យសិក្សារបស់ក្រុមក្មេងស្រី»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្គការសេវាសិក្សាអប់រំដែលបានចូលរួមក្នុងការស្ទង់មតិកាលពីពេលថ្មីៗនេះរបស់មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសាកលឲ្យដឹងថា ការបន្ថយថវិកានិងការចុះថយប្រាក់ជំនួយពីពួកអ្នកផ្តល់ជំនួយឯកជននិងពួកសប្បុរសជនដោយសារការរាតត្បាតនៃជំងឺនេះបានធ្វើឱ្យបេសកកម្មរបស់ពួកគេមានការពិបាក។
ទោះណាជាមានឧបសគ្គទាំងនេះក៏ដោយ ក៏អ្នកឆ្លើយតបនឹងការស្ទង់មតិនេះភាគច្រើនរាយការណ៍ថា ចាំបាច់ត្រូវមានផែនការធ្វើអន្តរាគមន៍បន្ថែមទៀតនៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩៕
ប្រែសម្រួលដោយលោកឈឹម សុមេធ