ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ខ្វះ​ថវិកា​ ២០០​ លាន​ដុល្លារ ​ខណៈ​បញ្ហា​អសន្តិសុខ​ស្បៀង​កើន​ឡើង​នៅស៊ីមបាវ៉េ


រូបឯកសារ៖ សិស្សសាលាម្នាក់ញ៉ាំអាហារនៅសាលាមួយ ដែលត្រូវបានយកធ្វើជាកន្លែងចែកចាយស្បៀងអាហាររបស់អង្គការស្បៀងអាហារពិភពលោក នៅប្រទេសហៃទី។

កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោករបស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​រៃ​អង្គាស​ថវិកា​ឲ្យ​បាន​លើស​ពី​ជាង ២០០ លាន​ដុល្លារ ដើម្បី​កាត់​បន្ថយ​បញ្ហា​អសន្តិសុខ​ស្បៀង​នៅក្នុង​ប្រទេស​ហ្ស៊ីមបាវ៉េ។ ការ​ដួល​រលំ​សេដ្ឋកិច្ច​ និង​គ្រោះ​រាំង​ស្ងួត បណ្ដាល​ឲ្យ​ប្រជាជន​ហ្ស៊ីមបាវ៉េ ចំនួន ៥លាន ប្រាំ​សែន​នាក់ ខ្វះ​ស្បៀង​អាហារ​បរិភោគ។

អ្នកស្រី Maria Gunzi កំពុង​ឆាយ​ដី​ ខណៈ​ពេល​រដូវ​វស្សា​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​បាន​ឈាន​ចូល​មក​ដល់។ ប៉ុន្តែ​ស្ត្រី​មេម៉ាយ​អាយុ ៦៦ ប្រកបរបរ​កសិកម្ម​រូប​នេះ​បារម្ភ​ថា​គ្រួសារ​របស់​អ្នកស្រី​នឹង​មិន​មាន​អាហារ​គ្រប់​គ្រាន់។

អ្នកស្រី Gunzi បាន​និយាយ​ថា៖ «ភាព​អន់​ឃ្លាន និង​ភាព​ក្រី​ក្រ​មាន​ពិត​មែន​នៅ​ទី​នេះ សូម្បី​តែ​ជី​រក៏​ខ្ញុំ​គ្មាន​សម្រាប់​ដាក់​ដី​ដែល​ខ្ញុំ​កំពុង​ឆាយ​នេះ​ដែរ។ ដំណាំ​របស់ខ្ញុំ​ត្រូវ​ខ្លោច​អស់​ដោយ​សារ​កម្ដៅ​ព្រះ​អាទិត្យរដូវ​មុន ហើយមិន​មាន​ជំនួយ​ស្បៀង​អាហារ​ទេ។ ផ្លែ​ឈើ​ព្រៃ​ទាំង​នេះ​គ្មាន​អ្នក​ទិញ​ទេ ដោយ​សារ​ប្រជាជន​គ្មាន​ប្រាក់។ ខ្ញុំប្រាថ្នាថា​រដ្ឋាភិបាល​នឹង​នាំ​ជំនួយ​យក​ជួយ​យើង ជាពិសេស​ជួយ​ដល់​ចាស់ជរា​ដូច​ពួក​ខ្ញុំ។ ភាព​អត់​ឃ្លាន​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​ណាស់»។

អ្នកស្រី Gunzi សង្ឈឹម​ថា​នឹង​មាន​អ្នក​ទិញ​ផ្លែ​ឈើព្រៃ ដើម្បីស្រី​អាច​កិន​ពោត​កន្លះ ធុង​ដែល​អ្នកស្រី​ទទួល​បាន​ពី​អ្នក​ចិត្ត​ល្អ​នានា ​កាល​ពី​ខែ​មុន និង​យក​ប្រាក់​ខ្លះទៅ​ទិញ​ប្រេង​ឆា សម្រាប់​ចម្អិន​បន្លែ​ក្រៀម​របស់​អ្នកស្រី។

អ្នកស្រី Gunzi គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​ប្រាំលាន​ប្រាំសែន​នាក់​នៅ​ក្នុង ប្រទេស​ស៊ីមបាវ៉េ ដែល​កម្មវិធី​ស្បៀង​អាហារពិភពលោក​បាន​ឲ្យ​ដឹង​ថា ប្រឈមបញ្ហា អសន្តិសុខស្បៀង យ៉ាង​ហោច​ណាស់​អូស​បន្លាយ​ដល់​ខែ​មេសា​ឆ្នាំ​ក្រោយ ដោយ​សារការ​ដួល​រលំ សេដ្ឋកិច្ច​និង​គ្រោះរាំងស្ងួតដែល​កើត​ឡើង​ជា​ថ្មី។

លោក Eddie Rowe នាយក​កម្មវិធីស្បៀង​អាហារ​ពិភពលោក​ប្រចាំ​ប្រទេស​ស៊ីមបាវ៉េ បាននិយាយថា៖ «សម្រាប់​យើង យើង​ផ្ដោត​ទៅលើ​កម្រិត​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​ភ្ជាប់​ទៅ​នឹង​ការ​ពិត​ដែល​ថា​ការ​ព្យាករណ៍សម្រាប់រដូវ​ដំា​ដុះ​ឆ្នាំ ២០១៩-២០២០ គឺ​មិន​សម​ប្រកបឡើយ វាស្រដៀងគ្នា​ទៅ​នឹង​ការ​ព្យាករណ៍​កាល​ពី​ឆ្នាំ​មុន។ យើង​គិត​ថា​ យើង​នឹង​ប្រឈមមុខ​នឹង​បញ្ហា​នេះ​រយៈ​ពេល​វែង‍»។

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក បាន​ឲ្យ​ដឹង​ថា ប្រទេសសំប៊ី ក្បែរ​ខាង​ដែល​កន្លែង​ដែលទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ នាំ​ចេញ​ស្បៀងទៅ​ជួយ​ស្ដារ​ស្ថានការណ៍​នៅ​ប្រទេស​ស៊ីមបាវ៉េ​ ក៏​ត្រូវ​បាន​ប៉ះពាល់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត និង​បានដាក់​បំរាម​ហាម​ឃាត់​មិន​ឲ្យ​នាំ​ចេញ​ពោត។

លើសពី​នេះ ទីភ្នាក់​ងារ​របស់អង្គការ​សហប្រជាជាតិ​នេះ ​បាន​ឲ្យដឹង​ថា​ខ្លួន​ត្រូវ​ការ​អង្គាស​ថវិកា​ច្រើន​ជាង​នេះ ដើម្បី​ជួយ​ដល់​ប្រទេសស៊ីមបាវ៉េ។​

លោក Eddie Rowe នាយក​កម្មវិធីស្បៀង​អាហារ​ពិភពលោក​ប្រចាំ​ប្រទេស​ហ្ស៊ីមបាវ៉េ បាន​បន្ថែម​ថា៖ «យើង​ជិត​អស់​ពេល​ហើយ។ យើង​ត្រូវ​ការ​ស្បៀងអាហារ​ឲ្យ​បាន​ត្រឹម​ខែ​មករា​។ សម្រាប់​ពួក​យើង ដើម្បីអនុវត្ត​គម្រោងនេះ​ជា​ទ្រង់ទ្រាយ​ធំ គឺចែក​ចាយ​អាហារ​ដល់​មនុស្ស ៤លាន​១សែននាក់ ពីខែមករា ដល់​ខែ​មេសា ហើយ​បន្ទាប់​មក ១លាន​៥​សែន​នាក់ ពី​ចន្លោះ​ខែ​ឧសភា ដល់​ខែ​មិថុនា​ ដែលសរុប​មក​យើង​ត្រូវ​ការ​ថវិកា ២៩៣​លាន​ដុល្លារ។ យើង​ទើប​តែ​ទទួល​បាន ៣០​ ភាគរយ​នៃ​ចំនួន​នេះ​ប៉ុណ្ណោះ។ មាន​ន័យ​ថា​យើង​ខ្វះ​ប្រមាណ​២១១​ លានដុល្លារ​ទៀត‍»។

លោក Rowe នៅ​តែ​មាន​សង្ឃឹម​ថាម្ចាស់ជំនួយ​អន្តរជាតិ នឹង​ជួយ​ដល់​ប្រទេស​ស៊ីមបាវ៉េ ទោះបី​ជា​លោក​ដឹង​ថា​ប្រទេស​នេះ​កំពុង​ប្រជែង​យក​ថវិកា​ជាមួយ​ស្ថាន​ភាព​អាសន្ន នៅ​ប្រទេស​ផ្សេងទៀត​ដែល​កំពុង​ហែក​ហួរ​ដោយ​សារ​សង្គ្រាម​ដូច​ជា​ប្រទេសយ៉េមែន ស៊ូដង់ និង​សូម៉ាលី។​

ជំនួយ​បែប​ណា​ក៏​ដោយ​នឹង​ជួយ​សម្រាល​បន្ទុក​ដល់​អ្នកស្រី Maria Gunzi ដែល​បាន​និយាយ​ថា​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​របស់​អ្នកស្រី​ ដែល​ពី​មុន​អ្នកស្រី​ធ្លាប់​តែ​អាចដាំដុះ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​បាន។

ប្រែសម្រួលដោយ ​សឿន​ វឌ្ឍនា

XS
SM
MD
LG