ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ជួប​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​


រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken (ស្តាំ) ជួប​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy នៅ​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។
រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken (ស្តាំ) ជួប​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy នៅ​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​ថា​ លោក​ និង​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken​ ដែល​ធ្វើ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ទៅ​កាន់​ទីក្រុង​ កៀវ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ បាន​ពិភាក្សា​អំពី​ប្រធាន​បទ​ជាច្រើន​ រួមទាំង​ការ​ចាត់ទុកប្រទេស​រុស្ស៊ី​ជា​រដ្ឋ​ភេរវករ។​

លោក​ Zelenskyy​ និយាយ​ថា៖ ​«ការណ៍​ពិត​តាម​ផ្លូវ​ច្បាប់​ត្រូវតែ​ស្រប​ការណ៍​ពិត​ជាក់​ស្តែង​ជានិច្ច។ ​ ហើយ​វា​ជា​ការណ៍​ពិត​ដែល​រុស្ស៊ី​បាន​ក្លាយ​ជា​ប្រភព​នៃ​អំពើ​ភេរវកម្ម​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក។​ ពិភពលោក​ច្បាស់​ជា​ទទួល​បាន​សញ្ញា​ច្បាស់លាស់​ថា ​ភេរវករ​រុស្ស៊ី​នឹង​មិន​ត្រូវ​បាន​លើក​លែង​ទោស​ឡើយ»។​

នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​គាត់​ផង​ដែរ​ លោក​ Zelenskyy ​បាន​និយាយ​ថា៖ ​«ទឹកដី​របស់​យើង​ជាង​មួយ​ពាន់​គីឡូម៉ែត្រ​ក្រឡា​ត្រូវ​បាន​រំដោះ​ចាប់តាំង​ពី​ថ្ងៃ​ទី១ ​ខែ​កញ្ញា។​ ខ្ញុំ​ដឹង​គុណ​អ្នក​រាល់​គ្នា​ចំពោះ​ស្នាដៃ​នេះ។​ ខ្ញុំ​អរគុណ​កងទ័ព ​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ និង​សេវាកម្ម​ពិសេស​ដែល​ជ្រោង​ទង់ជាតិ​អ៊ុយក្រែន​សព្វ​ថ្ងៃ​នេះ»។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​បន្ទាប់​ពី​បាន​ជួប​លោក​ Zelenskyy លោក ​Blinken ​បាន​និយាយ​ថា៖​ «អ្នក​ការពារ​ជួរ​មុខ​មិន​ធម្មតា​របស់​អ៊ុយក្រែន ​បន្ត​ប្រយុទ្ធ​ដោយ​ក្លាហាន​ដើម្បី​សេរីភាព​ប្រទេស​របស់​ពួកគេ»។​

អ្នក​ការទូត​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​រូបនេះ​បាន​អះអាង​សារ​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ប្រធានាធិបតី​ Joe Biden ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​«ដរាប​ណា​បើ​នៅ​តែ​ចាំបាច់»។​

ទន្ទឹម​នឹង​នេះ ​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​គ្រោង​នឹង​បញ្ជូន​ជំនួយ​យោធា​រយៈ​ពេល​យូរ​ចំនួន​២ពាន់​២​រយ​លាន​ដុល្លារ​ទៅ​ប្រទេស​អ៊ុយក្រែន ​និង​ប្រទេស​ចំនួន​១៨​ ផ្សេង​ទៀត​នៅ​អឺរ៉ុប​ ដែល​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ​ហើយ​ថវិកា​ចំនួន ​៦៧៥​លាន​ ដុល្លារ​ផ្សេង​ទៀត​ឱ្យ​ដោយ​ផ្ទាល់​ទៅ​កាន់​រដ្ឋាភិបាល​ទីក្រុង​កៀវ​ ក្នុង​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រដ្ឋាភិបាល​ទីក្រុង​មូស្គូ៕

XS
SM
MD
LG