ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និងអ្នកស្រី Truss ប្ដេជ្ញាប្រឆាំងនឹងរុស្ស៊ី ហើយនឹងព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច


នាយក​រដ្ឋមន្ត្រីថ្មី​របស់​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss ថ្លែង​សុន្ទរកថា​នៅ​ខាង​ក្រៅ​ការិយាល័យ​នាយក​រដ្ឋមន្រ្តី Downing Streetក្នុង​ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។
នាយក​រដ្ឋមន្ត្រីថ្មី​របស់​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss ថ្លែង​សុន្ទរកថា​នៅ​ខាង​ក្រៅ​ការិយាល័យ​នាយក​រដ្ឋមន្រ្តី Downing Streetក្នុង​ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អបអរសាទរ​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss នៅ​ក្នុង​ការ​និយាយ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ ហើយ​មេដឹកនាំ​ទាំង​ពីរ​បាន​សន្យា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ខណៈពេល​ដែល​ប្រទេស​ទាំង​ពីរ​រួម​គ្នា​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Biden បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​ទន្ទឹង​រង់ចាំ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ពិសេស​រវាង​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​ជ្រាលជ្រៅ​បន្ថែម​ទៀត និង​ធ្វើការ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​បញ្ហា​ប្រឈម​នានា​នៅ​លើ​ពិភពលោក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​គាំទ្រ​ជា​បន្ត​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ដែល​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ផង​ដែរ»។

មេដឹកនាំ​ទាំង​ពីរ​អាច​ជួប​គ្នា​ឆាប់​បំផុត​គឺ​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​នេះ។

អ្នកស្រី Truss បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ទៃ​ក្នុង​របស់​គណបក្ស​អភិរក្ស​និយម​របស់​អ្នកស្រី​កាលពី​ថ្ងៃចន្ទ​និង​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ជំនួស​លោក Boris Johnson កាលពី​ថ្ងៃ​អង្គារ នៅ​ចំ​ពេល​ដែល​ចក្រភព​អង់គ្លេស​ប្រឈម​នឹង​បញ្ហា​លំបាក​ខ្លាំង​ជា​ច្រើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក Biden និង​អ្នកស្រី Truss បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ជ្រាលជ្រៅ​ជាង​មុន​លើ​អង្គការ​អូតង់ (NATO) និង​អំពី​កិច្ច​ព្រមព្រៀង​សន្តិសុខ​រវាង​សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​មុន​ដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​លើកឡើង​ថា អ្នកស្រី Truss ទន្ទឹង​រង់ចាំ «ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Biden ក្នុង​នាម​ជា​មេដឹកនាំ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​សេរី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ជាពិសេស​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​របស់ [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin»។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​បញ្ហា​អ៊ុយក្រែន ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន ការ​រារាំង​ប្រទេស​អ៊ីរ៉ង់​មិន​ឱ្យ​សម្រេច​បាន​នូវ​កម្មវិធី​នុយក្លេអ៊ែរ និង «ការ​សម្រេច​ឱ្យ​បាន​នូវ​ធនធាន​ថាមពល​ដែល​មាន​ចីរភាព​និង​អាច​ចំណាយ​បាន»៕

XS
SM
MD
LG