រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ស្របពេលដែលសហរដ្ឋអាមេរិកប្រកាសផ្ដល់ជំនួយថ្មីចំនួន ២.៦០០ លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែននិងប្រទេសចំនួន ១៨ ផ្សេងទៀតនៅក្នុងតំបន់ «ដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុតនៃភាពគឃ្លើនរបស់ប្រទេសរុស្ស៊ីនៅពេលអនាគត»។
ទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុនរបស់លោក Blinken នេះគឺជាទស្សនកិច្ចលើកទី ២ ទៅកាន់ប្រទេសអ៊ុយក្រែន តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈមក។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបដែលអមដំណើរលោក Blinken បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «លោករដ្ឋមន្ត្រី [Blinken] ចង់ធ្វើទស្សនកិច្ចលើកនេះយ៉ាងខ្លាំងនៅពេលឥឡូវនេះ ដោយសារតែវាជាដំណាក់កាលដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសអ៊ុយក្រែន»។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះបានសំដៅលើការប្រយុទ្ធតបតរបស់អ៊ុយក្រែនជិត ៧ ខែកន្លងមកនេះប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសកាលពីថ្ងៃពុធថាកងទ័ពអ៊ុយក្រែនបានដណ្ដើមមកវិញនូវក្រុងមួយចំនួនក្នុងតំបន់ Kharkiv។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា៖ «ជំនួយយោធាទាំងអស់នេះគឺដើម្បីជួយធានាថាប្រទេសអ៊ុយក្រែនទទួលបានជោគជ័យនៅក្នុងការប្រយុទ្ធតបតទៅវិញ [ប្រឆាំងនឹងរុស្ស៊ី]»។
ដំណើរទស្សនកិច្ចរបស់លោក Blinken នេះបានធ្វើឡើងនៅមុនពេលមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិចូលមកដល់ ដែលនៅក្នុងមហាសន្និបាតនោះ បណ្ដាមេដឹកនាំនានាមកពីជុំវិញពិភពលោកគ្រោងនឹងជួបប្រជុំគ្នាសម្រាប់អ្វីដែលមន្ត្រីសហរដ្ឋអាមេរិកថាជាឱកាសនៅក្នុងការបញ្ជាក់អះអាងជាថ្មីអំពីគោលការណ៍នៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលចែងអំពីអធិបតេយ្យភាពនិងបូរណភាពទឹកដី។
ក្នុងចំណោមជំនួយចំនួន ២.៦០០ លានដុល្លារដែលលោក Blinken បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ជំនួយចំនួន ៦៧៥ លានដុល្លារជាជំនួយផ្នែកសព្វាវុធនិងគ្រាប់រំសេវដែលបានមកពីក្រសួងការពារជាតិសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានយល់ព្រមផ្ដល់ជំនួយយោធាចំនួន ៦៧៥ លានដុល្លារនេះដល់ប្រទេសអ៊ុយក្រែន។
លោក Austin បានបញ្ជាក់បន្ថែមថា ជំនួយនេះនឹងមានដូចជាកាំភ្លើងធំធុនធ្ងន់ គ្រាប់កាំភ្លើងធំ រថពាសដែក និងប្រព័ន្ធបាញ់រថក្រោះជាដើម។ លោកថ្លែងដូច្នេះនៅក្នុងការប្រជុំរបស់ក្រុមទំនាក់ទំនងការពារអ៊ុយក្រែន (Ukraine Defense Contact Group) នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមានការចូលរួមពីបណ្ដារដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជាច្រើន។
លោក Austin បានលើកឡើងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន «គឺស្ថិតនៅដំណាក់កាលសំខាន់មួយទៀត» ស្របពេលដែលកងទ័ពអ៊ុយក្រែនបង្កើនការប្រយុទ្ធតបតទៅវិញនៅភាគខាងត្បូងប្រទេស និងថា «ឥឡូវនេះ យើងឃើញមានលេចឡើងនូវជ័យជម្នះនៃកិច្ចប្រឹងប្រែងរួមរបស់យើងនៅឯសមរភូមិ»។
លោកក៏បានបញ្ជាក់ផងដែរថា ក្រុមទំនាក់ទំនងការពារអ៊ុយក្រែននេះនឹងធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែននិងបំពេញតាមតម្រូវការរបស់អ៊ុយក្រែន «សម្រាប់រយៈពេលវែង»។
សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែនដូចនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃពុធបានសរសើរអ្វីដែលលោកបានហៅថាជា «ដំណឹងល្អ» ពីតំបន់ Kharkiv ដោយលោកបាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្ដើមមកវិញនូវក្រុងមួយចំនួនពីកងទ័ពរុស្ស៊ី។
លោក Zelenskyy បានលើកឡើងនៅក្នុងសុន្ទរកថាជាវីដេអូរបស់លោកអំពីកងយោធាអ៊ុយក្រែនមួយចំនួន ដោយបានសរសើរ «ភាពក្លាហាននិងវីរភាពរបស់ពួកគេដែលបានបង្ហាញឡើងក្នុងអំឡុងពេលនៃការអនុវត្តបេសកកម្មប្រយុទ្ធ»។
លោកក៏បាននិយាយផងដែរថា កងកាំភ្លើងធំរបស់អ៊ុយក្រែនបានធ្វើការវាយប្រហារយ៉ាងជោគជ័យប្រឆាំងនឹងកងទ័ពរុស្ស៊ីនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។
សហរដ្ឋអាមេរិកប្រកាសផ្ដល់ជំនួយ ២.៦០០ លានដុល្លារដល់អ៊ុយក្រែននិងប្រទេស ១៨ ផ្សេងទៀត
ក្រសួងការបរទេសអាមេរិក & រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន —