ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ថា​ សង្គ្រាម​នៅ​អ៊ុយក្រែន​នឹង​ជួយ​ពង្រឹង​ប្រទេស​រុស្ស៊ី


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មើល​សមយុទ្ធ Vostok ឆ្នាំ ២០២២ (សមយុទ្ធ​បូព៌ា​ឆ្នាំ ២០២២) នៅ​ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី នៅ​ខាងក្រៅ​​ទីក្រុង Vladivostok កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មើល​សមយុទ្ធ Vostok ឆ្នាំ ២០២២ (សមយុទ្ធ​បូព៌ា​ឆ្នាំ ២០២២) នៅ​ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី នៅ​ខាងក្រៅ​​ទីក្រុង Vladivostok កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​រុស្ស៊ី​មិន​បាន​បាត់បង់​អ្វី​ពី​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ទេ ប៉ុន្តែ​ថា ​ប្រតិបត្តិការ​យោធា​នោះ​បាន​ពង្រឹង​អធិបតេយ្យភាព​របស់​ប្រទេស​រុស្ស៊ី។

លោក Putin បាន​ថ្លែង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​ថា រាល់​សកម្មភាព​របស់​រុស្ស៊ី «គឺ​សំដៅ​ជួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ Donbas [នៃ​ប្រទេស​អ៊ុយក្រែន]»។

លោក Putin បាន​បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ទីបំផុត ប្រតិបត្តិការ​យោធា​នេះ​នឹង​ឈាន​ទៅ​ដល់​ការ​ពង្រឹង​ប្រទេស​របស់​យើង​ពី​ខាង​ក្នុង និង​ការ​ពង្រឹង​ប្រទេស​របស់​យើង​នៅ​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន»។

ប្រទេស​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ហើយ​បន្ទាប់ពី​បាន​លះបង់​ចោល​ការ​ជំរុល​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​មក រុស្ស៊ី​បាន​ផ្តោត​កិច្ច​ខិតខំ​ប្រឹងប្រែង​យោធា​របស់​ខ្លួន​នៅក្នុង​តំបន់ Donbas នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែល​ជា​កន្លែង​ដែល​យុទ្ធជន​គាំទ្រ​រុស្ស៊ី​បាន​ប្រយុទ្ធ​ជាមួយ​នឹង​កង​កម្លាំង​អ៊ុយក្រែន​តាំងពី​ឆ្នាំ ២០១៤ មក។

លោក Putin ក៏​បាន​រិះគន់​ផង​ដែរ​លើ​កិច្ច​ព្រមព្រៀង​មួយ​ដែល​សម្រប​សម្រួល​ដោយ​អង្គការ​សហ​ប្រជាជាតិ​និង​ប្រទេស​តួកគី ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​នាំចេញ​ធញ្ញជាតិ​របស់​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ នៅ​ចំ​ពេល​ដែល​មាន​វិបត្តិ​ស្បៀង​អាហារ​ពិភពលោក ដោយ​លោក​បាន​និយាយ​ថា ការ​នាំ​ចេញ​ទាំង​នេះ​មិន​បាន​ទៅ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក​នោះ​ទេ។

មជ្ឈមណ្ឌល​សម្រប​សម្រួល​រួម (Joint Coordination Center) ដែល​កំពុង​មើល​ការ​ខុស​ត្រូវ​លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​អង្គារ ធញ្ញជាតិ​ជាង ២ លាន ២ សែន​តោន និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ទៀត​ត្រូវ​បាន​នាំ​ចេញ​ពី​កំពង់ផែ​អ៊ុយក្រែន​តាម​កប៉ាល់​ប្រហែល ១០០ គ្រឿង​ឆ្ពោះ​ទៅ​កាន់​គោលដៅ​មួយ​ចំនួន​ដូចជា​ប្រទេស​អ៊ីតាលី តួកគី អ៊ីរ៉ង់ ចិន រូម៉ានី ជីប៊ូទី អាល្លឺម៉ង់ និង​លីបង់​ជាដើម។

លោក Mykhailo Podolyak ដែល​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ការ​លើកឡើង​របស់​រុស្ស៊ី​អំពី​កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​ការ​លើកឡើង​ដែល «នឹក​ស្មាន​មិន​ដល់» និង «គ្មាន​មូលដ្ឋាន»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG