ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយប្រហារ​​​ទៅ​លើ​ទីក្រុង​កំពង់ផែ Odesa របស់​អ៊ុយក្រែន


ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់ទឹក​ដាក់​អគារ​ដែល​រង​ការ​ខ្ទេចខ្ទាំ​បន្ទាប់​ពី​ត្រូវ​គ្រាប់​មីស៊ីល នៅ​ទីក្រុង Odesa ប្រទេស​អ៊ុយក្រែន។ រូប​នេះ​ថត​ពី​វីដេអូ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២។
ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់ទឹក​ដាក់​អគារ​ដែល​រង​ការ​ខ្ទេចខ្ទាំ​បន្ទាប់​ពី​ត្រូវ​គ្រាប់​មីស៊ីល នៅ​ទីក្រុង Odesa ប្រទេស​អ៊ុយក្រែន។ រូប​នេះ​ថត​ពី​វីដេអូ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២។

កងទ័ព​រុស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​ជា​ថ្មីកាល​ពី​ថ្ងៃ​ចន្ទ​ទៅ​លើទីក្រុង​កំពង់ផែ Odesa ដែល​ស្ថិត​នៅផ្នែក​និរតី​នៃ​ប្រទេស​អ៊ុយក្រែន ស្របពេល​ដែល​សហភាព​អឺរ៉ុបកំពុង​រៀបចំការដាក់​ទណ្ឌកម្ម​ជុំថ្មី​បន្ថែម​ទៀតលើ​ប្រេង​ឧស្ម័ន​របស់​រុស្ស៊ី​នោះ។

ក្រុមប្រឹក្សា​ទីក្រុង Odesa បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ ការវាយ​ប្រហារ​របស់​រុស្ស៊ី បានត្រូវ​ចំ​អគារ​លំនៅដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ដោយ​បាន​សម្លាប់​ក្មេង​ប្រុស​ម្នាក់​អាយុ​១៥ឆ្នាំ​ ម្នាក់​និង​ក្មេង​ស្រី​ម្នាក់​ទៀត​រងរបួស​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ អភិបាល​តំបន់​លោកMaksym Marchenko បាន​និយាយ​ថា​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​ក៏​បានធ្លាក់​ចំ​ស្ពាន​យុទ្ធសាស្ត្រ​សំខាន់មួយ​កន្លែង​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​ដែរ សហភាព​អឺរ៉ុប​ ត្រូវ​បាន​គេ​រំពឹងថា​នឹងរៀបចំ​ដាក់​ការដាក់​ទណ្ឌកម្ម​ជា​ថ្មី​មួយទៀតទៅ​លើ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​ក្នុង​នោះ​ក៏​រួមមាន​ទាំង​ការ​ដាក់​កម្រិត​លើ​ឧស្ម័ន​រុស្ស៊ី​ផង​ដែរ។ មន្ត្រី​អាល្លឺម៉ង់​មួយ​ចំនួន​បាន​បង្ហាញឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ប្រទេស​ខ្លួនអាចគាំទ្រលើ​ការដាក់​ទណ្ឌកម្ម​ប្រេង​ឧស្ម័ន​រុស្ស៊ីទាំង​ស្រុង​ពី​សំណាក់​សហភាព​អឺរ៉ុប។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​លោក Robert Habeck និយាយ​ថា៖ «យើង​អាច​ឈោង​ទៅ​ដល់​ស្ថានភាព​មួយដែល​អាល្លឺម៉ង់​អាច​មាន​លទ្ធភាពក្នុង​ការដាក់​ទណ្ឌកម្ម​ប្រេងទៅ​លើ​រុស្ស៊ី»។

ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​ប្រចាំ​រាត្រីកាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «យើង​រំពឹង​ថានឹងមាន​កម្មវិធី​ទណ្ឌកម្មថ្មីមួយ​ទៀត​ពី​សហភាព​អឺរ៉ុប​ប្រឆាំងនឹង​រុស្ស៊ី​ក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ។ កម្មវិធី​ទណ្ឌកម្ម​ថ្មី​នោះអាច​រួមមានការចាត់​វិធានការ​ដ៏​ជាក់លាក់​របស់​សហភាព​អឺរ៉ុប​ដើម្បី​រាំង​ខ្ទប់ប្រាក់​ចំណូលពី​ប្រភពថាមពល​របស់រុស្ស៊ី»។

ដោយ​ឡែក​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោកDmytro Kulebaបាន​និយាយកាល​ពីព្រឹក​ថ្ងៃ​ចន្ទ​ថា ការជម្លៀស​ជនភៀស​ខ្លួនចេញពី​ទីក្រុង​កំពង់ផែ Mariupolដែល​កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​រុស្ស៊ី​នោះ​នៅតែ​ស្ថិត​ក្នុង​ភាព​ផុយស្រួយ​នៅ​ឡើយ បន្ទាប់ពីមាន​ការជម្លៀស​មនុស្ស​មួយ​ក្រុមដំបូង​ចេញពី​រោងចក្រដែក​ថែបនោះ​ក្តី។

លោក Dmytro Kuleba បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋធានី​កៀវថា៖ «ស្ថានភាពអាច​មាន​ការប្រែប្រួលអាក្រក់​គ្រប់​ពេល​វេលា។ ដូច​នេះ​ជា​ការប្រសើរ​ដែល​យើង​ត្រូវរង់​ចាំ​រហូតដល់​ការជម្លៀស​ប្រជាពលរដ្ឋ​បាន​ចប់​សព្វគ្រប់​ចេញពី​រោង​ចក្រ​នោះ​សិន»។

អ្នក​យកព័ត៌មាន​របស់​វីអូអេ​លោក Myroslava Gongadze លោក Jeff Seldin និង​អ្នក​ស្រី Nike Ching បាន​រួម​វិភាគទាន​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG