យោងទៅតាមអង្គការមូលនិធិប្រឆាំងភាពក្រីក្រគឺ Oxfamឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់អ្នកមានបំផុតដែលមានចំនួនមួយភាគរយនៃមនុស្សលើពិភពលោកនឹងកាន់កាប់ទ្រព្យសម្បត្តិលើសទ្រព្យសម្បត្តិសរុបរបស់មនុស្ស៩៩ភាគរយនៅគ្រាណាមួយ នៅក្នុងឆ្នាំ២០១៦។ ក្រុមអ្នកធ្វើយុទ្ធនាការកំពុងទាមទារឲ្យក្រុមអ្នកធ្វើគោលនយោបាយចាត់វិធានការដោះស្រាយគម្លាតដែលកំពុងរីកធំឡើងរវាង«អ្នកមានទ្រព្យ» និង«អ្នកមិនមានទ្រព្យ»។
អង្គការ Oxfam បាននិយាយថា៖ «ការផ្ទុះឡើងនៃវិសមភាព»នេះកំពុងតែបង្កជាឧបសគ្គទៅលើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅលើពិភពលោក។ លោក Max Lawson នៃអង្គការ Oxfam បាននិយាយថា នៅពេលដែលប្រជាជន១ក្នុងចំណោមមនុស្ស៩នាក់ នៅជុំវិញពិភពលោក មិនមានអាហារគ្រប់គ្រាន់ដើម្បីទទួលទាននោះ គម្លាតរវាងអ្នកមាននិងអ្នកក្រគឺប្រកបដោយភាពចម្រូងចម្រាស។
«មានបណ្តុំទ្រព្យយ៉ាងសន្ធឹកសន្ធាប់មិនគួរឲ្យជឿនៅថ្នាក់កំពូលនៃសង្គម ដែលនេះពិតជាមានការបែកបាក់យ៉ាងខ្លាំង ហើយមិនមានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចទេ។ ដូច្នេះ យើងមានការព្រួយបារម្ភអំពីបញ្ហានោះ។ វាជាបញ្ហាមួយដែលអាក្រក់សម្រាប់ពិភពលោកទាំងមូល ក៏ដូចជាអាក្រក់សម្រាប់សេដ្ឋកិច្ចផងដែរ ហើយបញ្ហានោះហាក់ដូចជាកាន់តែមានសភាពអាក្រក់ឡើងៗ»។
របាយការណ៍នេះបានលេចឡើង នៅខណៈដែលថ្នាក់ដឹកនាំផ្នែកនយោបាយនិងជំនួញលើពិភពលោកត្រៀមនឹងធ្វើការជួបជុំគ្នានៅក្រុង Davos ប្រទេសស្វីសដើម្បីចូលរូមវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)។ ក្រុមអ្នកធ្វើយុទ្ធនាការ ដូចលោក Lawson កំពុងធ្វើការអំពាវនាវឲ្យក្រុមអ្នកធ្វើគោលនយោបាយរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាវិសមភាពខ្លាំងក្លានេះ ដោយចាប់ផ្តើមតាមរយៈការយកពន្ធបន្ថែមពីអ្នកមាន។
លោក Lawson បានថ្លែងថា៖«មានក្រុមហ៊ុនរ៉ែនៅអាហ្វ្រិក ដែលកំពុងតែប្រមូលចំណូលធ្វើជាអ្នកមាន ហើយមិនបានបង់ពន្ធ។ ការបង់ពន្ធមិនមែនសុទ្ធតែសំដៅទៅលើការបង់លុយជាសាច់ប្រាក់សុទ្ធនោះទេ។ វាជាការប្រសើរមួយដែលអាចបង់ពន្ធក្នុងរូបភាពជាការសាងសង់សាលារៀន ឬមន្ទីរពេទ្យជាដើម»។
ដោយប្រើទិន្នន័យពីធនាគារ Credit Suisse និងក្រុមហ៊ុន Forbes អង្គការ Oxfam បាននិយាយថា អ្នកមានបំផុត ដែលមានមនុស្សតែមួយភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបលើពិភពលោក មានទ្រព្យ៤៨ភាគរយនៃទ្រព្យសរុបលើពិភពលោក ហើយទ្រព្យនោះត្រៀមនឹងកើនឡើងហួស៥០ភាគរយ នាឆ្នាំក្រោយ។
សាស្រ្តាចារ្យ Andy Green នៃវិទ្យាស្ថានអប់រំនៃមហាវិទ្យាល័យក្រុងឡុងដ៍ (University College London) បានមានប្រសាសន៍ថា មានបណ្តុំយន្តការមួយចំនួនដែលជំរុញឲ្យមានវិសមភាពនេះ។
«ការប្រែប្រួលខាងបច្ចេកវិទ្យា ដែលលម្អៀងទៅរកមានជំនាញខ្ពស់ ហើយដែលបានកាត់បន្ថយការងារអ្នកមានជំនាញទាប ហើយជាលទ្ធផល វាបានបន្ទាបអំណាចរបស់គេនៅក្នុងការទាមទារដំឡើងប្រាក់កម្រៃរបស់ពួកគេ។ បន្តមកគឺ ការធា្លក់ចុះអំណាចសហជីព និងការកើនឡើងអំណាចសាជីវកម្ម»។
លោក Green បានបន្តថា អំណាចនោះ គឺត្រូវបានប្រើដើម្បីជះឥទ្ធិពលទៅលើគោលនយោបាយរដ្ឋាភិបាល។
«សាជីវកម្មធំៗមានអំណាចបញ្ចុះបញ្ចូលកាន់តែខ្លាំងឡើង នាពេលឥឡូវនេះ។ ហើយគោលនយោបាយនានាបានធ្វើឲ្យមានការខុសប្លែកគ្នាខ្លាំង មិនត្រឹមតែក្នុងបរិបទគ្រប់យ៉ាងដើម្បីប្រាក់ចំណេញរបស់ក្រុមហ៊ុននោះទេ គឺថែមទាំងធ្វើឲ្យមានការខុសប្លែកលើអ្វីដែលអ្នកអាចធ្វើបាននៅក្នុងការតបស្នងអ្នកផ្តល់ចំណូលថ្នាក់កំពូលរបស់អ្នក»។
សាស្រ្តាចារ្យ Trim Kreiger នៃមហាវិទ្យាល័យក្រុងហ្វ្រេប៊ីគ (Freiburg University) ប្រទេសអាល្លឺម៉ង់ បាននិយាយប្រាប់វីអូអេតាមប្រព័ន្ធ Skypeថា ស្របជាមួយនឹងទឡ្ហីករណ៍ផ្នែកសីលធម៌ និងសេដ្ឋកិច្ច ក៏មានទំនាក់ទំនងរវាងវិសមភាពខាងទ្រព្យ និងអំពើហិង្សាផងដែរ ដែលក្នុងនោះរួមមានទាំងភេរវកម្មផងដែរ។
«សូម្បីតែភេរវកម្មទាក់ទងនឹងសាសនាក៏មានធាតុផ្សំសេដ្ឋកិច្ចយ៉ាងរឹងមាំផងដែរ។ ដូច្នេះ អ្នកអាចប្រើសាសនាជាមធ្យោបាយមួយនៅក្នុងការបង្ហាញភាពមិនពេញចិត្តជាមួយនឹងស្ថានភាពនយោបាយ និងជាមួយនឹងស្ថានភាពសេដ្ឋកិច្ច។ ហើយក្នុងពេលនេះហើយដែលវិសមភាពជាកត្តាបង្ក»។
ក្រុមអ្នកវិភាគបាននិយាយថា ភាគខាងត្បូងអឺរ៉ុបគឺជាតំបន់មួយនៅក្នុងចំណោមតំបន់ផ្សេងៗដែលគេបានប្រទះឃើញវិសមភាពបាននាំឲ្យមាននូវភាពវឹកវរសង្គម នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រទេសហ្គ្រិចទទួលរងការប៉ះពាល់ខ្លាំងជាងគេដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកនោះ។ នយោបាយជ្រុលនិយមក្នុងប្រទេសនេះកំពុងតែកើនឡើង ហើយការស្ទង់មតិបង្ហាញថា គណបក្សឆ្វេងនិយម Syriza ត្រូវបានគេរំពឹងថា នឹងឈ្នះការបោះឆ្នោតនាសប្តាហ៍ក្រោយនេះ៕
ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា