ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​មួយ​ស្នើ​ឱ្យ​អាមេរិក​ប្តូរ​របៀប​ផ្តល់​ជំនួយ​ដល់​ប្រទេស​ក្រី​ក្រ


“Capacity: Helping Countries Lead” ជា​របាយការណ៍​មួយ​ក្នុង​ចំណោម​របាយការណ៍​ស្រាវជ្រាវ​​គោល​នយោបាយ​ចុង​ក្រោយ​បំផុត​របស់​អង្គការ​អុកស្វាម​អាមេរិក។
“Capacity: Helping Countries Lead” ជា​របាយការណ៍​មួយ​ក្នុង​ចំណោម​របាយការណ៍​ស្រាវជ្រាវ​​គោល​នយោបាយ​ចុង​ក្រោយ​បំផុត​របស់​អង្គការ​អុកស្វាម​អាមេរិក។

អង្គការ​ជំនួយ​មនុស្ស​ធម៌​មួយ​របស់​អាមេរិកាំង បាន​ព្រមាន​ក្នុង​របាយ​ការណ៍ថ្មីរបស់ខ្លួន​ថា​ ​ប្រសិទ្ធិភាព​ជំនួយ​របស់​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​នៅ​ជុំវិញ​ពិភព​លោក​ប្រហែល​ជា​អាច​រាំង​ស្ទះ​ ដោយ​សារ​មាន​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ក្រុម​អ្នក​ធ្វើ​ការ​ងារ​របស់​អាមេរិក​ ​ហើយ​ដែល​អាច​នឹង​ធ្វើឱ្យ​គាំង​ដល់​ការ​រីក​លូតលាស់​នៃ​សមត្ថភាព​មន្ត្រី​ក្នុង​ប្រទេស​ទទួល​ជំនួយ​ក្នុង​ការ​ដោះ​ស្រាយ​តម្រូវ​ការនិង​បញ្ហា​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ពួក​គេ។

អង្គការ​អុកស្វាមអាមេរិកាំង​បាន​ស្នើ​ឱ្យ​សហ​រដ្ឋ​អាមេរិក​ប្រើ​ប្រាស់​ធនធាន​មនុស្ស​ក្នុង​ប្រទេស​ដែល​ទទួល​ជំនួយ​ដើម្បី​ធានាបាននូវ​ប្រសិទ្ធិ​ភាពក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​និង​ជួយ​ឲ្យ​បណ្តា​ប្រទេស​ទាំង​នោះ​ម្ចាស់​ការ​បាន​លើ​គម្រោង​អភិវឌ្ឍន៍​នានា​ ​ព្រម​ទាំង​មាន​លទ្ធ​ភាព​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ខ្លួន​ឯង​បាន។

នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ដែល​ពិនិត្យ​មើល​ប្រសិទ្ធិ​ភាព​នៃ​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ ​ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ​គឺ​នៅ​មុន​ពេល​ដែល​មេ​ដឹក​នាំ​ពិភព​លោកគ្រោង​នឹង​មក​ជួប​ប្រជុំ​គ្នា​ពី​ថ្ងៃ​ទី​២០​ដល់​២២​ខែ​កញ្ញា​នេះ​ ​ក្នុង​បូរី​ញូវយ៉កដើម្បី​ពិនិត្យមើល​ការ​វិវត្ត​នានា​ទាក់​ទង​នឹង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ ​អង្គការ​អុកស្វាម​អាមេរិកាំង​បាន​គូស​បញ្ជាក់​ថា​ ​ការ​គាំទ្រ​ដល់​ការ​កសាង​សមត្ថ​ភាព​របស់​ប្រទេស​ទទួល​ជំនួយ ​គឺ​ជួយ​ឱ្យ​មាន​នូវ​តម្រូវ​ការ​ពី​ក្នុង​ប្រទេស​នោះ​មក​វិញ​ ​ជា​ជាង​អ្វី​ដែល​កំណត់​ដោយ​ម្ចាស់​ជំនួយ​ ​ជួយ​កាត់​បន្ថយ​បាននូវការ​ពឹង​ផ្អែក​មក​លើ​បុគ្គលិក​និង​ប្រព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ ​ហើយ​អាច​ជួយ​បង្កើន​បាន​នូវ​ការ​ប្រើ​ប្រាស់​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​ទាំង​នោះ​ផង​ដែរ។

លោក ​Gregory ​Adams​ នាយក​ខាង​ប្រសិទ្ធិ​ភាព​ជំនួយ​នៃ​អង្គការ​អុកស្វាម​អាមេរិកាំងបានប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទថា៖

“យើង​និយាយ​ជា​ច្រើន​អំពី​ការ​វិនិយោគ​លើ​សមត្ថ​ភាព​របស់​អ្នក​ទទួល​ជំនួយ​ ​ឱ្យ​ពួក​គេ​អាច​ធ្វើ​កិច្ចការ​បាន​ដោយ​ខ្លួន​ឯង។​ ​ប៉ុន្តែ​ជានិច្ច​កាល​ ​យើង​មិន​ផ្តល់​ជំនួយ​របស់​យើង​តាម​របៀប​មួយ​ដែល​ធ្វើ​ឱ្យ​ងាយ​ស្រួល​សម្រាប់​ពលរដ្ឋ​ទាំង​នោះ​ទេ។ ​ជាច្រើន​លើក​ច្រើនសារ​ ​យើង​ផ្តល់​មូល​និធិ​ដល់​អ្វី​ដែល​យើង​គិត​ថា​ ​អ្នក​ក្រ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវ​ការ​ ជា​ជាង​ចំណាយ​ពេល​ស្តាប់​អ្វី​ដែល​ជន​ក្រីក្រ​និង​រដ្ឋា​ភិបាល​គេ​និយាយ”។

របាយ​ការណ៍​នោះ​បាន​គូស​បង្ហាញ​នូវ​គោល​គំនិត​ដែល​ទទួល​បាន​មក​ពី​រដ្ឋា​ភិបាល​ ​អង្គការ​សង្គម​ស៊ីវិល ​និង​ទីភ្នាក់​ងារ​ជំនួយ​របស់​អាមេរិក​នៅ​ប្រទេ​ស​កំពុង​អភិវឌ្ឍន៍មួយ​ចំនួន​ ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​ផៃ ​ស៊ីផាន​ រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ប្រតិកម្ម​រហ័ស​ ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​ស្នើ​ឡើង​ដោយ​បញ្ជាក់​ថា​ ​វាស្រប​ទៅ​តាម​គោល​នយោបាយ​របស់​រដ្ឋា​ភិបាលកម្ពុជា។

“យើង​ជឿជាក់​ថា​ ​យើង​ដឹង​ថា​ ​យើង​មាន​ការ​ពិសោធ​ថា​ ​ភាគី​ដៃ​គូ​មិន​ដឹង​ថា​ ​អ្វីដែល​យើង​ចង់​បាន​ទេ​ មាន​តែ​ប្រទេស​ជាម្ចាស់​ផ្ទះ​នៃ​ភាគី​ដៃ​គូ​ហ្នឹង​គឺ​ដឹង​ថា​ ​យើង​ចង់​បាន​អ្វី​ ​ហើយ​យើង​មាន​សមត្ថ​ភាព​ប៉ុណ្ណា​ដែល​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ភាគី​ប្រទេស​ដៃ​គូ​ ​ហើយ​ជា​បទ​ពិសោធន៍​របស់​កម្ពុជា​គឺ​កម្ពុជា​ទទួល​បាន​ពិសោធន៍​យ៉ាង​ជាក់​ស្តែង​ ​ហើយ​ពិត​ប្រាកដ​ទៀត​ថា​ យើង​មាន​កំហុស​ច្រើន​ ​ប៉ុន្តែ​មិន​មែន​ជាច្រើន​ណាស់​ណា​ទេ​ ​គឺ​មាន​មួយ​ចំនួន​រវាង​ភាគី​ដៃ​គូ​ដែល​គាត់​ផ្តល់​ជំនួយ​ទៅតាម​អ្វី​ដែល​ភាគី​ដៃ​គូ​ចង់​បាន​ ​ប៉ុន្តែ​ប្រាស់​ចាក​ពី​អ្វី​ដែល​កម្ពុជា​ទាំង​លទ្ធ​ភាព​ទាំង​សមត្ថ​ភាព​ដែល​កម្ពុជា​មាន​គឺ​សមត្ថ​ភាព​ក្នុង​ការ​អនុវត្ត​នូវ​ផែន​ការ​ដើម្បី​ឆ្លើយ​តប​ពី​ផល​ប្រយោជន៍​និង​ការ​ចង់​បាន​របស់​ប្រទេស​កម្ពុជា"។

លោក​ផៃ ស៊ីផាន​ បញ្ជាក់​បន្ថែម​ថា​ ​មន្ត្រី​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដោយ​សារមន្រ្តី​ទាំងអស់​នោះ​ទទួល​បានការ​អប់​រំមកពី​ខាង​ក្រៅ​ស្រុក​ ​ហើយ​ស្គាល់​វប្បធម៌​របស់​ខ្លួន​ឯង។

កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ជំនួយ​អភិវឌ្ឍន៍​ពី​ប្រទេស​ម្ចាស់​ជំនួយ​ ដោយ​ថវិកា​ពី​ជំនួយ​បរទេស​គ្រប​ដណ្តប់​ប្រហែល​ជា​ពាក់​កណ្តាល​នៃ​ការ​ចំណាយ​របស់​រដ្ឋា​ភិបាល​ក្នុង​មួយ​ឆ្នាំៗ។​ សម្រាប់​ឆ្នាំ​២០១០​នេះ​ ​សហ​រដ្ឋ​អាមេរិកផ្តល់​ប្រាក់​ជំនួយ​ចំនួន​៦៨,៥​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា។

លោក​យ៉េង វីរៈ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គំនិត​ដែល​បាន​លើក​ឡើង​ ​ប៉ុន្តែ​បាន​ស្នើ​ឱ្យ​មាន​ការ​បន្ត​តាម​ដាន​ជាប់​ជា​ប្រចាំ​ចំពោះ​ការ​អនុវត្ត​ដែល​ដឹក​នាំ​ដោយ​រដ្ឋា​ភិបាល​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធិ​ភាព​ជំនួយ​នេះ។

“ជា​រួម​គឺ​ខ្ញុំ​គាំទ្រ​គំនិត​ថា​ ​ឱ្យ​ប្រទេស​ទទួល​ជំនួយ​ ​ឱ្យ​គាត់​មាន​ភាព​ជាម្ចាស់​ទៅ​លើគម្រោង​កម្ម​វិធី​ ​ហើយ​និង​ការ​ប្រើ​ប្រាស់​លុយ​ជំនួយ​ ប៉ុន្តែខ្ញុំគិត​ថា​ ​ប្រទេស​ម្ចាស់​ជំនួយ​រួម​ទាំងសហ​រដ្ឋ​អាមេរិក​ផង​ដែរ​ ​មិន​គួរ​គប្បី​ឱ្យ​មូលប្បទានប័ត្រ​ស​ទៅ​ប្រទេស​ទទួល​ជំនួយ​ទេ។​ តួយ៉ាង​ ​ដូចជា​ប្រទេស​កម្ពុជាជា​ដើម​នេះ​ ​ដោយ​ពុំ​មាន​ការ​តាម​មើល​ថា​ ​តើ​ការ​ប្រើ​ប្រាស់​ថវិកា​ជំនួយ​របស់​ខ្លួន​ហ្នឹង​បាន​ត្រឹម​ត្រូវ​ប៉ុណ្ណា​ ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​ភាគ​ច្រើន​ ជាពិសេស​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវ​ការ​ឱ្យ​សិទ្ធិ​របស់​គាត់​ត្រូវ​បាន​គេ​បំពេញ​ជូន”។

ចំណែក​ឯ​គណបក្ស​ប្រឆាំង​វិញ​បាន​សម្តែង​ការ​ស្វាគមន៍​ដោយ​ប្រយ័ត្ន​ប្រយែង។

លោកយឹម​ សុវណ្ណ​ អ្នក​តំណាង​រាស្រ្ត​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ដោយ​ទទួល​ស្គាល់​ថា​ ​មាន​មន្ត្រី​រដ្ឋា​ភិបាល​ខ្លះ​មាន​សមត្ថ​ភាព​បំពេញ​ការងារ​ ​ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​ ​កន្លង​មក​មាន​អំពើ​ពុក​រលួយ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​អនុវត្ត​គម្រោង​ដែល​ផ្តល់​ដោយ​ប្រទេស​ម្ចាស់​ជំនួយ​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​តាម​ដាន​មើល​ឱ្យ​បានដិត​ដល់​ ​បើ​រដ្ឋា​ភិបាល​យក​មក​អនុវត្ត​ដោយ​ខ្លួន​ឯង​ដើម្បី​ធានា​ថា​ ​ជំនួយ​បាន​ទៅ​ដល់​ដៃ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ពិត​ប្រាកដ។

“ជា​ការណ៍​ពិត​ណាស់​ត្រូវ​តែ​មាន​ការ​ពិភាក្សា​ជា​មួយ​ប្រជា​ពលរដ្ឋ​ដើម្បី​ឱ្យ​ដឹង​ពី​តម្រូវ​ការ​ជាក់​ស្តែង​ ពីព្រោះ​ថា​ ​មាន​គម្រោង​មួយ​ចំនួន​គឺ​ថា​ ​គឺ​ជា​គម្រោង​ដែល​យក​ទៅ​គឺ​បាន​ផល​ប្រយោជន៍​ទៅ​លើ​ប្រជា​ពលរដ្ឋ​តិចតួច​ណាស់​ ​មានគម្រោង​ខ្លះ​គឺ​បម្រើ​ទៅ​លើ​គណបក្ស​នយោបាយ​ខ្លួន​ ​បម្រើ​ទៅ​លើ​ផល​ប្រយោជន៍​របស់​បក្ខ​ពួក​ខ្លួន​ ​ដែល​ធ្វើ​ឱ្យ​មាន​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​យើង​ ​ដូច្នេះ​ហើយ​ត្រូវ​តែ​មាន​ការ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​ ​ហើយ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈ​ដ្ឋាន​ ​ជាពិសេស​គឺ​អ្នក​តំណាង​រាស្រ្ត ​ដើម្បី​ធានា​ថា​ ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​នោះ​គឺ​ជា​សេចក្តី​ត្រូវ​ការ​ពិត​ប្រាកដ​មែន​គឺ​អ្វី​ដែល​ប្រជា​ពល​រដ្ឋ​ចង់​បាន​មែន​ ​ហើយ​វា​ធានា​ផល​ប្រយោជន៍​ធ្លាក់​ទៅលើ​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ពិត​ប្រាកដ​មែន។​ តែ​បើ​យើង​ធ្វើ​ដោយ​គ្មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ ​ហើយ​ចេះ​តែ​កំណត់​តាម​តែ​ចិត្ត​ ​ពេល​នោះ​គឺ​ថា​ ​វានឹង​មាន​ទំនាស់​ផល​ប្រយោជន៍។ ​នៅទី​បំផុត​ ​អ្នក​ដែល​ក្រពិត​ប្រាកដ​មិន​បាន​ទទួល​ផល​ពី​គម្រោង​ទាំង​អស់​នោះ​ទេ”។

របាយ​ការណ៍​ដដែលបាន​ទទូច​ឱ្យ​សហ​រដ្ឋ​អាមេរិក​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ការងារ​និង​បុគ្គលិក​របស់​សហ​រដ្ឋ​អាមេរិក​ ​ដោយ​សារ​តែ​មាន​ហេតុផល​មួយ​ចំនួន​ ​ក្នុង​នោះ​គឺ​មាន​ការ​ចំណាយ​ច្រើន​ ​មិន​មាន​ភាព​ស្ថិត​ស្ថិរ​បាន​យូរ​ ​មាន​ការ​ភាន់​ច្រឡំក្នុង​ការ​ទទួល​ខុស​ត្រូវ​ទៅ​តាម​តម្រូវ​ការ​របស់​ប្រទេស​ទទួល​អំណោយ​ ​ហើយ​ដូច​ជា​ករណី​ប្រទេសកម្ពុជា​មាន​ការ​លើក​ឡើង​ពី​ការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ត្រូវ​ឆ្លង​កាត់​ពី​អ្នក​ទទួល​ការ​ងារធ្វើ​មួយ​ក្រុម​ទៅ​អ្នក​ទទួល​ការងារ​ធ្វើ​បន្ត​ទៀត​ ​ហើយ​បាន​បណ្តាល​ឱ្យ​មាន​ការ​រារាំង​ដល់​ការ​ច្នៃប្រឌិត​ ឬ​ក៏​ភាព​បត់​បែន​ដែល​អង្គការ​ក្នុង​ស្រុក​អាច​មាន។

ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​នៅ​កម្ពុជា​នៅ​ពុំទាន់​បាន​ឃើញ​របាយ​ការណ៍​នោះ​នៅ​ឡើយ​ទេ​ ​ហើយពុំ​អាច​ធ្វើ​អត្ថាធិប្បាយបាន​ឡើយ​ ​ប៉ុន្តែ​របាយ​ការណ៍​នោះ​ក៏​បាន​បញ្ជាក់​ថា​ ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរ​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក (USAID)​ កំពុង​មាន​ដំណើរការ​កំណែ​ទម្រង់​មួយ​ដល់​ប្រព័ន្ធ​លទ្ធ​កម្ម​ និងការ​អនុវត្ត​ការងារ​របស់​ខ្លួន​ដែល​មាន​គោល​ដៅ​ជួយ​ឱ្យ​មាន​ភាព​ម្ចាស់​ការ​ពី​ប្រទេស​ទទួល​ជំនួយ​ ដែល​មាន​ដូចជា​ផ្តល់​ការ​គាំទ្រ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​លទ្ធ​កម្ម​និង​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ និង​បង្កើន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ដែល​មាននៅ​ក្នុង​បណ្តា​ប្រទេស​នោះ​ជា​ដើម៕

XS
SM
MD
LG