ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លាភាព​ទិន្នន័យ​ជំនួយ​ដូច​នៅអាហ្វ្រិក​គួរ​អនុវត្ត​នៅ​កម្ពុជា​


បុរស​ម្នាក់នេះបីកូន​ស្លាប់​នៅ​​ក្នុង​​មន្ទីរពេទ្យ ​ខណៈ​ដែល​​ស.រ.អ.​​ពិនិត្យ​មើល​ជំនួយ​ទៅ​ឲ្យ​ជន​រង​គ្រោះ​នៅ​អាហ្វ្រីក​ខាង​កើត​
បុរស​ម្នាក់នេះបីកូន​ស្លាប់​នៅ​​ក្នុង​​មន្ទីរពេទ្យ ​ខណៈ​ដែល​​ស.រ.អ.​​ពិនិត្យ​មើល​ជំនួយ​ទៅ​ឲ្យ​ជន​រង​គ្រោះ​នៅ​អាហ្វ្រីក​ខាង​កើត​
ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​មក​ពី​តំបន់​អាហ្រ្វិក​ដូច​ជា​ប្រទេស​រ៉វ៉ាន់ដា​ និង​ប្រទេស​តង់សានី ​បាន​អះអាង​ក្នុង​វេទិកា​ពិភាក្សា​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ពួក​គេបាន​ទទួល​ជោគជ័យ​ខ្លះៗ​ក្នុង​ការ​ព្យាយាម​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​តួលេខ​ថវិកា​ជំនួយ​ ​ ការ​ចំណាយ​លើ​គម្រោងមួយៗ​ដើម្បី​ផ្សព្វផ្សាយ​ជា​ទម្រង់ងាយ​យល់​ជូនដល់​ពល រដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ដឹង​អំពី​តម្លាភាព​នៃ​គម្រោង​ជំនួយ​ ឬ​ទិន្នន័យ​នានា ​របស់​រដ្ឋាភិបាល។​

កិច្ច​ពិភាក្សា​នេះ ធ្វើ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ខែតុលា​កន្លង​ទៅ​ ហើយ​រៀបចំ​ដោយ​អង្គការ ​Oxfam America។​ មាន​វាគ្មិន​បួនរូប​មកពី​តំបន់​អាហ្រ្វិក​គឺរួម​ ទាំង​លោក​អាឡិចស៊ីស ​គូរុនស្ស៉ីហ្សា ​(Alexis Nkurunziza) ​អ្នក​សម្រប​សម្រួល​ ផ្នែក​តស៊ូមតិ​ និង​គោល​នយោបាយ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ឈ្មោះ​ក្លាដូ (CLADHO) ​ក្នុង​ប្រទេស​រ៉វ៉ាន់ដា​ លោកស្រី​អេលីហ្សា ប៊ែត ​(Elizabeth Missokia) ​ជា​នាយិកា​អង្គការ​ ហាកគីអេលីម៊ូ ​(HakiElimu)​មកពី​ប្រទេស​តង់សានី​ និង​លោក ណេល កូល(Neil Cole) ​លេខាធិការ​ប្រតិបត្តិ​ប្រចាំ​នៅ​អាហ្រិ្វក​ខាងត្បូង​ផ្នែក​ គម្រោងផ្តួចផ្តើម​កំណែ​ទម្រង់បញ្ហា​ថវិកា​ហៅ​អង្គការ​ខាព្រី​(CABRI)។​ កិច្ច​ពិភាក្សា​នោះ​គឺផ្តោត​ទៅលើ​បញ្ហា​ថា ​តើ​ទិន្នន័យ​ជំនួយ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​គ្រប់​គ្រប់​ប្រទេស ​ឬទស្សនៈ​មួយ​មកពី​តំបន់​អាហ្វ្រិក។

ក្រុម​វាគ្មិន​បាន​បង្ហាញ​ពី​ជំនឿ​ថា​ ការ​ធ្វើឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ចំណាយ​ថវិកា​ តាម​មធ្យោបាយ​នានា​ ដែល​ពលរដ្ឋ​អាច​ចូលរួម​ត្រួត​ពិនិត្យ​បាន​គឺ​ជា​មធ្យោបាយ​ ទាក់ទាញ​យ៉ាង​ខ្លាំង​ពីម្ចាស់​ជំនួយ។​ ក្រុម​វាគ្មិន​ទាំង​នោះ​បាន​អះអាង​ថា​ គេ​បាន​ ធ្វើ​ឲ្យ​ឯកសារថវិកា​ចំណាយ​ និង​គម្រោងណាមួយ​ទៅ​ជា​សាមញ្ញងាយយល់​ តាម​រយៈ​ការ​បកប្រែ​ជាភាសា​ក្នុងស្រុក​ ហើយ​បិទ​នៅតាម​មូលដ្ឋាន​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​យល់។ ​ពួកគេ​ក៏​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ ដូចជា​វិទ្យុ​ កាសែតជាដើម​ ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ពី​គម្រោងរបស់​រដ្ឋាភិបាល​នានា​ដែល​អាច​បញ្ចេញ​តួលេខ​បាន។​

លោក ​Alexis Nkurunziza ​បានអះ​អាង​ថា​ ស្ថាប័ន​រដ្ឋនានា​ ដំបូង​មិនបាន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ទទួល​បាន​តួលេខ​ទេ​ តែការ​ព្យាយាម​បញ្ចុះ​បញ្ចូល​ពីក្រុម​សង្គម​ស៊ីវិល​រយៈ ពេល​បីឆ្នាំ​ ហើយ​ដោយសារ​រដ្ឋាភិបាល​ត្រូវ​បំពេញ​ចិត្ត​ម្ចាស់​ជំនួយ​ផង ​ទើប​រដ្ឋាភិបាល​ផ្តល់តួលេខ ​ឬទិន្នន័យ​ខ្លះ​ដល់​សារធារណជន។​

«ប្រទេស​ផ្តល់​ជំនួយ​ខ្លះ​ ឬ​អង្គការខ្លះ​គាំទ្រ​គំនិត​នោះ​ក្នុង​យុទ្ធនាការ​ធ្វើឲ្យ​រដ្ឋា ភិបាល​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​បញ្ចេញ​ទិន្នន័យ។​ ពួកគេ​ឈរនៅ​ខាង​ក្រុម អង្គការ​សង្គម​ស៊ីវិល។​ ដូច្នេះ​ការដែល​ឃើញ​រដ្ឋាភិបាល​បញ្ចេញ​ទិន្នន័យ​គឺពួក​គេ មាន​ការ​រីករាយ​ណាស់»។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​បាន​បន្ថែម​ថា​ មាន​វិស័យ​តែបួន​ប៉ុណ្ណោះ​ដែល​ រដ្ឋាភិបាល​បាន​បញ្ចេញ​តួលេខ​ឲ្យ​ដឹងជា​សាធារណៈ​តាម​រយៈ​អង្គការ​សង្គម​ ស៊ីវិល​គឺវិស័យ​អប់រំ​ សុខាភិបាល​ ហេដ្ឋា​រចនា​សម្ព័ន្ធ និង​កសិកម្ម។​ លោក​បាន​ ផ្តល់​ឧទាហរណ៍​ថា ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ទទួល​គម្រោងជំនួយ​ដើម្បី​សាង សង់​សាលា​រៀន​នៅទី​ជនបទ​មួយ​ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​តួលេខ​ឲ្យ​ដឹង​ថា​ សាលា​នោះ​ចំណាយ​អស់​ប៉ុន្មាន​ ចំណាយ​លើអ្វីខ្លះ​ សាងសង់​រយៈ​ពេល​ប៉ុន្មាន​ សាងសង់​ចប់​ពេលណា​ សាងសង់​នៅលើ​ទីតាំងណា​ ក្រុមហ៊ុន​ណា​ជាអ្នក​ទទួល​ខុសត្រូវ​ជា​ដើម។​ លោក​អះអាង​ថា​ ការ​ធ្វើ​ដូច្នោះ​ប្រជា​ពលរដ្ឋ​អាច​តាម​ឃ្លាំមើល​បាន ​ចូលរួម​សួរ​បាន​ ប្រសិនបើ​មាន​បញ្ហា​មិន​ប្រក្រតី​មួយ​កើត​ឡើង​ ឬ​ខុស​ពី​គម្រោង​ដើម។​ ហើយ​លោក​សង្កត់​ធ្ងន់​ថា ​ប្រទេស​ផ្តល់​ជំនួយ​នឹង​រិតតែ​ជឿជាក់​លើ​រដ្ឋាភិបាល។​

«ជាការណ៍​ពិត​ ការ​ផ្សព្វផ្សាយ​ទិន្នន័យ​នៅខាង​រដ្ឋាភិបាល​បាន​បង្កើត​ជំនឿ​ចិត្ត។​ ដូច្នេះ​ពេលនេះ​សហគមន៍​ផ្តល់ជំនួយ​កំពុង​ទុកចិត្ត​លើ​រដ្ឋាភិបាល។​ លោក​អ្នក ដឹង​ហើយ​ថា​ កិច្ចប្រឹង​ប្រែង​តែបន្តិច​បន្តួចរបស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​តួលេខ​ គឺ​ជា​ការ​ដែល​រដ្ឋាភិបាល​ស្ថាបនា​ការ​ជឿ​ទុកចិត្ត​ខ្លាំង​ពី​សហគមន៍​ផ្តល់ ជំនួយ»។​

លោកស្រី​ Elizabeth Missokia ​ជានាយិកា​អង្គការ​ Haki Elimu​ បាន​អះអាង​ថា ​រដ្ឋាភិបាល​មិន​អាច​បិទព័ត៌មាន​អំពី​ចំនួន​ថវិកា​ដែល​ត្រូវ​ចំណាយ​សម្រាប់​កម្មវិធី​សុខាភិបាល​ ឬ​អប់រំ​នោះ​ទេ។​

«ពលរដ្ឋ​មាន​សិទ្ធិ​ត្រូវ​ដឹង​ថា ​តើមាន​ថវិកា​ប៉ុន្មាន​ចំណាយ​ក្នុង​គម្រោង​ណា​មួយ។​ ដូច្នេះ​ពួកគេ​អាចបញ្ជាក់​ឲ្យ​ប្រាកដ ​ឬ​តាមដាន​ដើម្បី​ឲ្យឃើញ​ថា​ ថវិកានោះ​ត្រូវ ប្រើ​ក្នុង​គម្រោងនោះ​ដូច​បំណង ​ឬ​យ៉ាងណា»។​

លោកស្រី​បាន​បន្ថែម​ថា​ ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​នឹង​ពិត​ជាការ​ចាំបាច់​ក្នុង​ អភិវឌ្ឍន៍​ពិត​ប្រាកដ​ប្រកប​ដោយ​និរន្តភាព។​

«អ្វី​ដែល​យើងស្វែង​រក​គឺការ​ទាមទារ​របស់​ពលរដ្ឋ​នូវ​អ្វី​ដែល​គេ​ត្រូវការ ​ពីព្រោះ​ ពលរដ្ឋ​ដឹង​ពីអ្វី​ដែល​ពួក​គេ​ត្រូវការ​ និង​អាទិភាព​នានា។​ ហើយ​រដ្ឋាភិបាល​និង​ម្ចាស់​ជំនួយ​មិន​ដឹង​ពីអាទិភាព​របស់​គេ​ទេ។​ ពលរដ្ឋ​ខ្លួនគេ​ជាអ្នក​ដែលអាច​នាំការ អភិវឌ្ឍ​ ប្រសិន​បើពួកគេ​ត្រូវ​បាន​ផ្តល់​អំណាច​ជាមួយ​នឹង​ព័ត៌មាន​ និង​ប្រសិន បើពួកគេ​អាច​ប្រើប្រាស់​ព័ត៌មាន​នោះ​ដើម្បីធ្វើ​ឲ្យមាន​ការផ្លាស់​ប្តូរ»។​

អាហ្រ្វិក​ជាតំបន់​ដែលគេ​ចាត់ទុក​ថា ​ជាតំបន់​ក្រីក្រ​ជាងគេ​បំផុត​ក្នុង​ពិភព​លោក។​ មាន​តម្រូវការ​ខ្ពស់ផ្នែក​ជំនួយ​មនុស្សធម៌។​ អំពើ​ពុករលួយ​បាន​ញាំញី​តំបន់​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ ​ដែល​តម្រូវ​ឲ្យមាន​ការធានា​ឲ្យ​មានតម្លាភាព​ខ្លាំង​ ជាពិសេសជំនួយ។​

នៅពេល​សួរអំពី​ការ​អនុញ្ញាត​ឬថា ​តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចេញ​តួលេខ ​ឬ​ទិន្ន ន័យ​នៃ​ជំនួយ​ និង​គម្រោងនានា ​ដូចប្រទេស​ក្នុង​តំបន់​អាហ្រ្វិក​ឬ​ទេ​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​គឺ​លោក​ផៃ ស៊ីផាន​មិន​បាន​បញ្ជាក់​ចំៗ​ទេ។​ តែ​បាន​អះអាង​ថា​ រាល់​ គម្រោង​គឺ​ជា​របស់​ប្រទេស​ ឬភ្នាក់ងារ​ផ្តល់​ជំនួយ​ជាអ្នក​គ្រប់គ្រង​ទាំងអស់។​ រដ្ឋាភិបាល​ទទួល​បាន​ត្រឹមតែ​តួលេខ​ប៉ុណ្ណោះ។​

«រាជរដ្ឋា​ភិបាល​គ្រាន់តែ​សហការ​ជាមួយ​នឹង​ភ្នាក់ងារ​ ឬដៃគូ​មក​ចូលរួម​អភិវឌ្ឍ ជាមួយ​កម្ពុជា​ និង​គ្រាន់តែ​ជាអ្នក​សម្រប​សម្រួល​រវាង​ម្ចាស់​ជំនួយ​ហើយនឹង​អ្នក​ ទទួល​បន្ទុកផ្នែក​កុងត្រាក់ទ័រ។​ ដូចជា​រាល់ការ​ដេញ​ថ្លៃ​នីមួយៗ​ យើង​គ្រាន់តែ​ ជួយ​សម្រួល​ទេ ​តែ​អ្នក​សម្រេចដើម្បី​ផ្តល់​រង្វាន់​ដល់​កុងត្រាក់ទ័រ​ណាមួយ​នោះ​ជា ភារកិច្ច​របស់​ម្ចាស់​ជំនួយ។ ​រាជរដ្ឋាភិបាល​អត់មាន​លូកដៃ​លូកជើង​នៅ​ក្នុង​ រឿង​ហ្នឹង​ទេ​ គឺ​ទាំង​ចំណាយ​ ទាំង​ចំណូល​របស់​គេ។​ យើង​គ្រាន់តែ​បាន​តួលេខ​ថា​ មាន​ចំណាយ​ប៉ុណ្ណេះ​ ចំណូល​ប៉ុណ្ណេះ»។​

លោក​ផៃ ស៊ីផាន​អះអាង​ថា ​បញ្ហា​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ជំនួយ​គឺ​មិន​ពាក់ព័ន្ធ​ នឹង​រដ្ឋាភិបាល​ទេ ​ព្រោះ​ម្ចាស់​ជំនួយ ​និង​អ្នក​ជាប់​កិច្ចសន្យា​ជា​ក្រុមហ៊ុន​គេធ្វើ​កិច្ចការ​ជា​មួយ​គ្នា ​ហើយ​រដ្ឋាភិបាល​មាន​តួលេខ​ និង​គម្រោងជារួម​តែ​ប៉ុណ្ណោះ។​ ហើយ​តួលេខ​យ៉ាងណា​គឺ​ម្ចាស់​ជំនួយ​ជា​អ្នក​រៀបចំ។

លោក​ប៊ូ សារឿន ​អ្នកនាំពាក្យ​ការិយាល័យ​ធនាគា​ពិភព​លោក​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា ​ទិន្នន័យ​ជំនួយ​របស់​ធនាគារ​ពិភព​លោក​មាន​ការ​បង្ហាញ​លើ​ គេហទំព័រ។​ ពលរដ្ឋ​អាច​ចូល​មើល​ និង​តាម​ដាន​បាន។​

«ខាង​ធនាគារ​ពិភព​លោក​ យើង​មាន​សេវាកម្ម​ផ្សព្វផ្សាយ​ជាសាធារណៈ​អញ្ចឹង ដែរ​ គឺ​យើងមាន​ព័ត៌មាន​ទាំងអស់ ​យើង​ដាក់នៅ​ក្នុង​ប្រព័ន្ធ​វេបសាយ។​ ហើយ ទិន្ន័យ​គឺ​ខាង​អ្នក​ស្រាវជ្រាវ ​និស្សិត​ ឬ​ក៏​អង្គការ​ ឬ​ក៏ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ដែល​គាត់​ អាច​ចូល​ប្រើប្រាស់​អ៊ីនធ័រណិតបាន ​គឺគាត់​អាច​ពិនិត្យ​មើល​បាន។​ ទី១ហើយ​មួយ​ទៀត​គឺយើង​ធ្វើ​លក្ខណៈ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ដែរ​ គឺ​ផ្សព្វផ្សាយ​នៅ​តាម​ បណ្តា​ខេត្ត​ដែល​យើង​អញ្ជើញមន្ត្រី​ថ្នាក់​ខេត្ត ​អង្គការ​សង្គម​ស៊ីវិល​ និស្សិត​ សាកល​វិទ្យាល័យ​ហើយនឹង​តំណាង​យុវជន​ វិស័យ​ឯកជន​ចូលរួម។​ តែ​បញ្ហា​ មួយ​ដែល​យើង​ឃើញ​ដែរ​គឺទាក់​នឹង​ប្រជាជន​ ​ជាពិសេស​ពួក​គាត់ដែលនៅ​តំបន់​ដាច់​ស្រយាល​គឺគាត់​មិនអាច​ចូល​មើល​ប្រព័ន្ធ​វេបសាយ ​ឬ​ក៏ការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ទេ»។​

លោក ​នេល កូល​ (Neil Cole) ​បាន​អះអាង​ថា​ ក្នុង​ប្រទេស​ជាច្រើន ​បច្ចុប្បន​នេះ រដ្ឋាភិបាល​មាន​ការ​ឆ្លើយតប​ជាវិជ្ជាមាន​ចំពោះ​បញ្ហា​តម្លាភាព​ផ្នែក​ថវិកា ហើយ​បាន​ធ្វើ​ឲ្យ​ទិន្នន័យ​កាន់តែ​មាន​ការ​ដឹង​ឮ​ពីប្រជាពល​រដ្ឋ​កាន់តែ​ច្រើន។​

ក្រុម​អង្គការ​ក្នុង​ប្រទេស​អាមេរិក​ជាច្រើន​ កាលពី​ខែសីហា​ បាន​រួមគ្នា​ស្នើ​សុំ​ឲ្យ​សភា​អាមេរិកាំង​រិតត្បិត​ជំនួយ​ ឬ​ប្រាក់​បាន​មក​ពីការ​ប្រមូលពន្ធ​របស់​ពលរដ្ឋ​អាមេរិកាំង​ ចំណាយ​ទៅលើ​ពិភពលោក​នោះ​ ឲ្យ​មាន​តម្លាភាព​ និង​ប្រសិទ្ធិភាព៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG