ពួកមេដឹកនាំពិភពលោកនិងសាធារណជនបានសម្តែងការកោតសរសើរដល់ព្រះអង្គម្ចាស់ Philip ស្វាមីព្រះមហាក្សត្រីយានី Elizabeth នៃចក្រភពអង់គ្លេសដែលចូលទិវង្គតកាលពីថ្ងៃសុក្រទី៩ខែមេសាក្នុងព្រះជន្ម៩៩វស្សា។
នៅលើក្លោងទ្វារវាំង Buckingham មានសារមួយកាលពីព្រឹកថ្ងៃសុក្រថា«ជាមួយទុក្ខព្រួយយ៉ាងក្រៀមក្រំ ព្រះមហាក្សត្រីយានីបានប្រកាសអំពីការសុគតនៃព្រះស្វាមីជាទីស្រឡាញ់គឺព្រះអង្គម្ចាស់ Philip Duke of Edinburg»។
ក្នុងពេលប៉ុន្មានម៉ោងបន្ទាប់មកបាច់ផ្កាបានចាប់ផ្តើមដាក់គលើគ្នានៅខាងក្រៅវាំង Buckingham ដែលជាលំនៅដ្ឋានព្រះរាជវង្សនៅកណ្តាលទីក្រុងឡុងដ៍ និងនៅឯប្រាសាទ Windsor នៅខាងលិចរាជធានីដែលនៅទីនោះព្រះអង្គម្ចាស់ Philipបានចូលទិវង្គតកាលពីថ្ងៃសុក្រ។
អ្នកស្រី Lisa Welsh ដែលជាអ្នកក្រុងឡុងដ៏ អាយុ៣១ឆ្នាំឋិតក្នុងចំណោមក្រុមមនុស្សដែលបានទៅវាំង Buckingham កាលពីថ្ងៃសុក្រ។ អ្នកស្រីបាននិយាយថា៖ «ខ្ញុំយល់ថានេះជាការបាត់បង់ធំមួយ មិនមែនតែដោយសារទ្រង់ជាសមាជិកម្នាក់នៃព្រះរាជវង្សប៉ុណ្ណោះទេ តែដោយសារទ្រង់ជាព្រះស្វាមីម្នាក់និងជាព្រះបិតាមួយអង្គផងដែរ។ ព្រះអង្គម្ចាស់បានជួយព្រះមហាក្សត្រីយានីក្នុងរយៈពេលដែលព្រះនាងសោយរាជ្យសម្បត្តិហើយខ្ញុំយល់ថាជាតិទាំងមូលនឹងសោកសៅ»។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិពីការិយាល័យនាយករដ្ឋមន្ត្រីនៅលើវិថី Downing ថា៖
«ព្រះអង្គម្ចាស់ Philip មានសេចក្តីស្រឡាញ់ពីមនុស្សច្រើនជំនាន់នៅទីនេះក្នុងទូទាំងចក្រភពអង់គ្លេស នៅបណ្តាក្រុមប្រទេសសហធននិងនៅជុំវិញពិភពលោកផងដែរ។ ព្រះអង្គម្ចាស់ជាគូជីវិតយូរបំផុតក្នុងប្រវត្តិសាស្ត្រ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនៅរស់ចុងក្រោយនៅក្នុងប្រទេសនេះដែលបានបម្រើការក្នុងសង្គ្រាមលោកលើកទីពីរ»។
លោក Johnson បានថ្លែងទៀតថា៖ «នៅពេលនេះការសញ្ជប់សញ្ជឹងរបស់ប្រទេសជាតិយើងត្រូវបង្វែរទៅព្រះមហាក្សត្រីយានីនិងព្រះរាជវង្សានុវង្សពីព្រោះពួកគេមិនមែនបាត់បង់តែឥស្សរជនសាធារណៈម្នាក់មានការគោរពខ្ពង់ខ្ពស់និងជាទីស្រឡាញ់ច្រើនប៉ុណ្ណោះទេ តែក៏បានបាត់បង់ដែរនូវព្រះស្វាមីមានចិត្តភក្តី ព្រះបិតានិងព្រះអយ្យកោប្រកបដោយមោទនភាពនិងជាទីស្រឡាញ់ហើយកាលពីពេលថ្មីៗនេះក៏ជាការបាត់បង់ព្រះអយ្យកោទួតផងដែរ»។
ប្រតិកម្មដំបូងមកពីព្រះរាជវង្សានុវង្សមានពីព្រះអង្គម្ចាស់ Harry ដែលជាព្រះនត្តាក្សត្រាគឺចៅប្រុសរបស់ព្រះអង្គម្ចាស់ Philip និងព្រះជាយាគឺអ្នកម្នាង Meghan ដែលបានលះបង់កាតព្វកិច្ចរាជវង្សកាលពីឆ្នាំទៅមិញហើយទៅរស់នៅក្នុងរដ្ឋCalifornia។ សារខ្លីមួយនៅលើគេហទំព័ររបស់អ្នកទាំងពីរគឺ archewell.com ចែងថា«សូមអរគុណព្រះអង្គដល់ព្រះសេវា...ព្រះអង្គនឹងមានការនឹករលឹកខ្លាំង»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកប្រធានាធិបតីសហរដ្ឋអាមេរិកJoe Biden និងភរិយាលោកគឺលោកស្រី Jill Biden បានសម្តែងមរណទុក្ខក្នុងនាមនៃប្រជាពលរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា៖ «ក្នុងជីវិត៩៩ឆ្នាំរបស់ទ្រង់ ព្រះអង្គម្ចាស់ Philip បានទតឃើញពិភពលោកយើងមានការផ្លាស់ប្តូរយ៉ាងខ្លាំង និងយ៉ាងញឹកញាប់។ ចាប់តាំងពីព្រះសេវារបស់ទ្រង់ក្នុងសង្គ្រាមលោកលើកទីពីរ ដល់រយៈពេល៧៣ឆ្នាំរបស់ទ្រង់នៅជាមួយព្រះមហាក្សត្រីយានីនិងក្នុងព្រះជីវិតទាំងស្រុងរបស់ទ្រង់ក្នុងក្រសែភ្នែកសាធារណជន-ព្រះអង្គម្ចាស់បានបំរើប្រជារាស្ត្រនៃចក្រភពអង់គ្លេស បណ្តាប្រទេសសហធននិងព្រះរាជវង្សានុវង្សរបស់ទ្រង់។ ផលប៉ះពាល់នៃរយៈពេលច្រើនទសវត្សរ៍នៃសេវាសាធារណៈរបស់ទ្រង់ត្រូវបានឃើញយ៉ាងជាក់ច្បាស់នៅក្នុងបុព្វហេតុសំខាន់ៗដែលទ្រង់បានលើកដំកើងក្នុងឋានៈទ្រង់ជាអ្នកឧបត្ថម្ភផ្ចុងផ្តើមក្នុងការខិតខំប្រឹងប្រែងការពារបរិដ្ឋានដែលទ្រង់ជាអ្នកនាំមុខ នៅក្នុងក្រុមសមាជិកនៃកងកម្លាំងប្រដាប់អាវុធដែលទ្រង់គាំទ្រ នៅក្នុងចំណោមក្រុមមនុស្សវ័យក្មេងដែលទ្រង់បានបំផុសគំនិតនិងក្នុងកិច្ចការជាច្រើនទៀត។ កេរដំណែលរបស់ទ្រង់នឹងមានតទៅទៀតមិនមែនតែតាមរយៈព្រះរាជវង្សានុវង្សរបស់ទ្រង់ប៉ុណ្ណោះទេ តែនៅក្នុងការខំប្រឹងខ្នះខ្នែងសប្បុរសធ៌មទាំងអស់ដែលទ្រង់បានរៀបចំ»។
លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama និងភរិយាលោកគឺលោកស្រី Michelle បានជួបព្រះមហាក្សត្រីយានីនិងព្រះអង្គម្ចាស់ Philip កាលពីឆ្នាំ២០០៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រទី៩មេសា លោកនិងលោកស្រី Obama បានមានប្រសាសន៍ថា«ព្រះអង្គម្ចាស់ Philip មានព្រះទ័យល្អនិងកក់ក្តៅ ដោយទ្រង់មានការវាងវៃ និងរួសរាយ...យើងនឹងនឹករឭកទ្រង់ខ្លាំង»។
នៅក្នុងក្រុង Ottawa ប្រទេសកាណាដាដែលជាសមាជិកមួយនៃក្រុមប្រទេសសហធនមានការបន្លឺជួងនៅឯសភាចំនួន៩៩ដងគឺសម្រាប់ឆ្នាំនីមួយៗនៃព្រះជីវិតព្រះអង្គម្ចាស់ Philip។ នៅក្នុងសារមួយថ្លែងតាមទូរទស្សន៍ លោកនាយករដ្ឋមន្ត្រី Justin Trudeau នៃប្រទេសកាណាដាបានមានប្រសាសន៍ថាព្រះអង្គម្ចាស់ Philip ជា«បុរសបំពេញសេវាម្នាក់ មានការជំរុញទឹកចិត្តដោយការបំពេញកាតព្វកិច្ចសម្រាប់អ្នកឯទៀត។ គេនឹងនឹកឃើញព្រះអង្គម្ចាស់ Philip ថាជាអ្នកជើងឯកម្នាក់សម្រាប់ក្រុមមនុស្សវ័យក្មេង ជានាយទាហានជើងទឹកម្នាក់បានទទួលគ្រឿងឥស្សរិយយស ជាសុប្បរសជនម្នាក់និងជាជនម្នាក់នៅជាប់ជានិច្ចក្នុងព្រះជីវិតនៃព្រះមហាក្សត្រិយានី Elizabeth ទីពីរ»។
លោកនាយករដ្ឋមន្ត្រី Scott Morrison នៃប្រទេសអូស្ត្រាលីបានសរសេរតាម twitter ថា«ក្នុងពេលជិត៨០ឆ្នាំ ព្រះអង្គម្ចាស់ Philip បានបម្រើព្រះម្កុដរាជ្យ ប្រទេសរបស់ទ្រង់និងក្រុមប្រទេសសហធន។ ព្រះអង្គម្ចាស់ជាកម្លាំងរបស់ព្រះមហាក្សត្រីយានី នេះបើតាមព្រះរាជបន្ទូលផ្ទាល់របស់ទ្រង់។ ព្រះអង្គម្ចាស់តំណាងជំនាន់មនុស្សមួយដែលយើងនឹងលែងឃើញទៀតទេ»។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសរសេរសារ Twitter មួយថា«ព្រះអង្គម្ចាស់ Philip មានអាជីពល្អប្រសើរក្នុងកងយោធាហើយទ្រង់ជាអ្នកនាំមុខនៅក្នុងការផ្តើមគំនិតនៃសេវាសហគមន៍ជាច្រើន។ សូមឱ្យព្រលឹងរបស់ទ្រង់ឋិតក្នុងភាពសុខសាន្ត»។
ប្រធានាធិបតីទួរគី Tayyip Erdogan បានសរសេរសារ Twitter មួយថា«ខ្ញុំសូមសម្តែងមរណទុក្ខខ្លាំងបំផុតរបស់ខ្ញុំក្នុងនាមនៃប្រទេសខ្ញុំនិងប្រជារាស្ត្រនៃប្រទេសតួកគី»។
ប្រធានាធិបតីនៃប្រទេស Zimbabwe គឺលោក Emmerson Mnangagwa ក៏បានសម្តែងមរណទុក្ខខ្លាំងបំផុតដែរ ខណៈដែលការកោតសរសើរនៅតែមានតទៅទៀតពីមេដឹកនាំពិភពលោកផ្សេងទៀត។
ព្រះអង្គម្ចាស់ Philip បានលះបង់អាជីពត្រចះត្រចង់ក្នុងកងទ័ពជើងទឹកនៅពេលទ្រង់បានរៀបព្រះអាពាហ៍ពិពាហ៍ជាមួយម្ចាស់ក្សត្រី Elizabeth ក្នុងឆ្នាំ១៩៤៧។ ព្រះអង្គម្ចាស់ក្សត្រី បានក្លាយជាព្រះមហាក្សត្រីយានីនៅពេលព្រះបិតារបស់ព្រះអង្គម្ចាស់ក្សត្រីគឺព្រះមហាក្សត្រ George ទី៦សុគតកាលពីឆ្នាំ១៩៥២។
ព្រះអង្គម្ចាស់ Philip ជាមនុស្សដែលមានបន្ទូលភ្លាមៗមិនបានគិតទុកជាមុនដែលជួនកាលបានបណ្តាលឱ្យមានការប៉ះពាល់ដល់អ្នកដទៃ ហើយដែលជាញឹកញយពួកបណ្ណាធិការកាសែតបានស្រង់យកមកផ្សាយដោយជួនកាលដាក់ចំណងជើងដែលនាំឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ អ្នកស្រី Penny Junor អ្នកនិពន្ធព្រះរាជជីវប្រវត្តិរាជវង្សបាននិយាយថាជាញឹកញយមានការយល់ច្រឡំអំពីព្រះអង្គម្ចាស់ Philip។
អ្នកស្រីបានថ្លែងថា«ខ្ញុំយល់ថានឹងមានការនឹករឮកច្រើនណាស់ដល់ព្រះអង្គម្ចាស់ពីព្រោះទ្រង់ជាមនុស្សម្នាក់មានការយកចិត្តទុកដាក់ខ្លាំង។ ហើយជំណងជើងអត្ថបទសារព័ត៌មានទាំងនេះបានបន្ថែមឱ្យមានការចាប់អារម្មណ៏ថែមទៀត»។
ជាសាធារណៈ គេមិនសូវឃើញព្រះអង្គម្ចាស់ Philip ឋិតនៅឆ្ងាយពីព្រះមហាក្សត្រីយានីទេ។ ទោះជាព្រះអង្គម្ចាស់មានមុខនាទីគាំទ្រព្រះមហាក្សត្រីយានីក៏ដោយ ក៏អ្នកដែលធ្លាប់បានជួបព្រះអង្គ មានការកោតសរសើរទ្រង់យ៉ាងខ្លាំង។
ព្រះអង្គម្ចាស់ Philip បានគង់ប្រថាប់មួយខែនៅក្នុងមន្ទីរពេទ្យកាលពីដើមឆ្នាំនេះដើម្បីទទួលការវះកាត់បេះដូង។ ទ្រង់បានយាងត្រឡប់មកប្រាសាទ Windsor វិញកាលពីដើមខែមីនា។ ទ្រង់បានសុគតពីរខែមុនខួបថ្ងៃប្រសូត១០០ឆ្នាំរបស់ទ្រង់៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ