ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​អ្នក​ម្នាង​ Meghan ​ក្នុង​រាជវង្ស​អង់គ្លេស​នាំ​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចក្រភព​អង់គ្លេស​តាម​ទស្សនៈ​នយោបាយ​និង​វប្បធម៌


រូបឯកសារ៖ អ្នកម្នាង Meghan (ឆ្វេង) ព្រះអង្គម្ចាស់ Harry (កណ្ដាល) និង​ព្រះមហាក្សត្រី Elizabeth (ស្ដាំ) យាង​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដល់​មេដឹកនាំ​វ័យក្មេង នៅ​រាជវាំង Buckingham ក្នង​ទីក្រុង​ឡុងដ៍ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកម្នាង Meghan (ឆ្វេង) ព្រះអង្គម្ចាស់ Harry (កណ្ដាល) និង​ព្រះមហាក្សត្រី Elizabeth (ស្ដាំ) យាង​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដល់​មេដឹកនាំ​វ័យក្មេង នៅ​រាជវាំង Buckingham ក្នង​ទីក្រុង​ឡុងដ៍ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Boris Johnson ​បាន​ប្រកាស​ដោយ​មាន​ទំនុក​ចិត្ត​កាល​ពីមួយ​ឆ្នាំ​មុន​នេះ​ថា​«គេ​មិន​អាច​រិះគន់​រាជាធិបតេយ្យ​បាន​ទេ»។ ​ ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មីនា ​នៅ​ក្រោយ​មាន​ការ​រិះគន់​ខ្លាំង​ដោយ​ព្រះ​អង្គម្ចាស់ ​Harry ​និង​អ្នក​ម្នាង ​Meghan ​អំពី​រាជវង្ស ​ ​ មេ​ដឹកនាំ​អង់គ្លេស​រូប​នេះ​ហាក់​ដូច​ជា​មិនសូវ​អះអាង​ដូច​មុន​ទេ។​

លោក​ Johnson ​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​នោះ​ថា​ លោក​មាន​«ការ​គោរព​ខ្ពង់​ខ្ពស់​ណាស់»​ដល់​ព្រះ​មហា​ក្សត្រិយានី​ Elizabeth ​ តែ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​ឯទៀតៗ​នៃ​រាជវង្ស​ទេ។​ នេះ​ជា​គោល​ជំហរ​មួយ​ដែល​ពួក​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណៈ​រដ្ឋមន្ត្រី​លោក​បាន​ប្រកាន់​យក​នៅ​ក្រោយ​បទ​សម្ភាសន៍​ពីរ​ម៉ោង​របស់​ព្រះ​អង្គម្ចាស់ ​Harry​ និង​អ្នក​ម្នាង ​Meghan ​ជាមួយ​អ្នកស្រី ​Oprah Winfrey ​សេដ្ឋី​បណ្តាញ​ផ្សាយ​ព័ត៌មាន​ ដែល​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ ​ក្នុង​នោះ​មាន​ការលើក​ឡើង​អំពី​បញ្ហា​ប្រកាន់​ពូជសាសន៍​និង​អំណាច​រាជវង្ស។​

លោក ​Johnson​ បាន​និយាយ​ប្រាប់​ពួក​សមាជិក​សភា​ថា​ «នៅ​ពេល​មាន​បញ្ហា​ទាក់​ទង​នឹង​រាជវង្ស​ជាការ​ល្អ​ដែល​នាយក​រដ្ឋមន្ត្រី​មិន​ត្រូវ​និយាយ​អ្វី​ទាំង​អស់​ ​ហើយ​គ្មាន​អ្វី​និយាយ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ»។​

ជនជាតិ​អង់គ្លេស​ឯ​ទៀតៗ​មិន​សូវ​ប្រយ័ត្ន​ប្រយែង​ក្នុង​ប្រតិកម្ម​របស់​ពួក​គេ​ចំពោះ​បទ​សម្ភាសន៍​នោះ​ដែល​នៅក្នុង​នោះ​អ្នក​ម្នាង​ Meghan ​ដែល​ជា​ជនជាតិ​អាមេរិកាំង​និង​ជា​អតីត​តារា​បាន​ចោទ​ប្រកាន់​ថា​មាន​សមាជិក​ម្នាក់​នៃ​រាជវង្ស​អង់គ្លេស​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​បាន​សម្តែង​«កង្វល់»​អំពី​ពណ៌​សម្បុរ​ស្បែក​កូន​ទី​មួយ​របស់​គូ​ស្វាមី​ភរិយា​នេះ​ឈ្មោះ ​Archie​ នៅ​មុន​ប្រសូត។​

អ្នក​ម្នាង​ Meghan​ ក៏​បាន​អះអាង​ដែរ​ថា​ ​ជីវិត​មាន​ទុក្ខ​ព្រួយ​របស់​អ្នក​ម្នាង​ក្នុង​រាជ​វង្ស​អង់គ្លេស​បាន​នាំ​ឱ្យ​អ្នក​ម្នាង​ចង់​ធ្វើ​អត្តឃាត​ រហូត​ដល់​ពេល​គូ​ស្វាមី​ភរិយា​នេះ​ដក​ខ្លូន​ចេញ​ពី​រាជ​កាតព្វកិច្ច​ហើយ​មក​រស់​នៅ​ក្នុង​ស.រ.អា.។​

អ្នក​ម្នាង ​Meghan​ បាន​និយាយ​អះអាង​ថា​ ​សមាជិក​រាជវង្ស​មិន​សូវ​រាក់ទាក់​ហើយ​ មិន​អើពើ​អំពី​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ម្នាង​ដែល​ចុះ​ខ្សោយ​ ហើយ​មិន​បាន​ជួយ​ដល់​ការ​អង្វរ​ករ​របស់​អ្នក​ម្នាង​សុំ​ជំនួយ​វេជ្ជសាស្ត្រ​ទេ។ ​ព្រះ​អង្គម្ចាស់ ​Harry​ បាន​មាន​បន្ទូល​ថា ​ រាជវង្ស​របស់​ទ្រង់​មិន​បាន​និយាយ​អ្វី​ជា​សាធារណៈ​ប្រឆាំង​នឹង​អ្វី​ដែល​ទ្រង់​ឃើញ​ថា​ ជា​ការ​រាយ​ការណ៍​បែប​ប្រកាន់ពូជ​សាសន៍​នៅ​ក្នុង​កាសែត​ខ្នាត​តូច​ក្នុង​ចក្រភព​អង់គ្លេស​ទេ។​

ការ​ខ្វែង​គំនិត​គ្នា​រវាង​មនុស្ស​ជំនាន់​ផ្សេង​គ្នា​

បទ​សម្ភាសន៍​នេះ​បាន​នាំ​ឱ្យ​ប្រជារាស្ត្រ​អង់គ្លេស​ខ្វែង​គំនិត​គ្នា​តាម​ខ្សែ​បន្ទាត់​នយោបាយ​និង​ប្រជាសាស្ត្រ​ដូច​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុបដែរ​ ដែល​ហាក់​ដូចជា​សង្គ្រាម​វប្បធ៌ម​អំពី​អត្តសញ្ញាណ​មុខមាត់​និង​ប្រពៃណី​អង់គ្លេស។​

ចាប់​តាំង​ពី​ការ​ផ្សាយ​បទ​សម្ភាសន៍​នោះ​មក ​ ​ការ​ស្ទង់មតិ​បង្ហាញ​ថាក្រុម​មនុស្ស​អាយុ​ច្រើន​ជាង​៥៥​ឆ្នាំ​គាំទ្រ​រាជវង្សហើយ​មាន​ការ​សង្ស័យ​ថា​ការ​លើក​ឡើង​របស់​អ្នក​ម្នាង ​Meghan ​ដើម្បីបង្ហាញ​ថា​ ខ្លួន​ជា​ស្ត្រី​គ្មាន​ទោសពៃរ៍​និង​ជា​ជន​រង​គ្រោះ​ម្នាក់​នៃ​រាជវង្ស​ចិត្ត​អាក្រក់។​

ជនជាតិ​អង់គ្លេស​វ័យក្មេង​ ជា​ពិសេស​ពួក​ជន​អាយុ​ជាង​២០​ឆ្នាំ​មាន​ទំនោរ​ច្រើន​ជឿ​ការ​អះអាង​ដោយ​ព្រះ​អង្គម្ចាស់ ​Harry ​និង​អ្នក​ម្នាង​ Meghan ​អំពី​ទំនាក់​ទំនង​មិន​កក់ក្តៅ​ជា​មួយ​រាជវង្សហើយ​ក៏​មាន​សមានចិត្ត​ដល់​ការ​និយាយ​អះអាង​ដោយ​អ្នកម្នាង​ Meghan ​អំពី​ការ​ប្រកាន់​ពូជសាសន៍​ផង​ដែរ។ ​ ពួក​គេ​យល់​ឃើញ​ថា​ ​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ម្នាង​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ប្រទេស​មួយ​ដែល​មាន​ការ​រើសអើង​ខ្លាំង។​

ការ​ស្ទង់​មតិដោយ​ YouGov ​ បង្ហាញ​ថា​ ​ភាគ​ច្រើន​នៃ​ពួក​មនុស្ស​អាយុ​លើស​ពី​៦៥​ឆ្នាំ​មាន​ជំនឿ​ថា​ រាជវង្ស​បាន​រាប់​រក​គូ​ស្វាមី​ភរិយា​នេះ ​ដោយ​យុត្តិធម៌​ ​ចំណែក​ឯ​៦១%​នៃ​ក្រុម​ជន​អាយុ​ចន្លោះ​១៨​ឆ្នាំ​និង​២៤​ឆ្នាំ​ជឿ​ថា​ ព្រះ​អង្គម្ចាស់ ​Harry ​និង​អ្នក​ម្នាង​ Meghan ​មិន​បាន​ទទួល​ការ​រាប់រក​យុត្តិធម៌​ទេ។​

ពួក​អ្នក​បោះឆ្នោត​អភិរក្ស​និយម​ទំនង​ជា​លម្អៀង​ទៅ​ខាង​រាជវាំង​ Buckingham។ ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ពលករ​និង​ប្រជា​ធិបតេយ្យ​សេរី​និយម​លម្អៀង​ទៅ​ខាង​ព្រះ​អង្គម្ចាស់ ​Harry​ និង​អ្នក​ម្នាង ​Meghan។ ​

ពួក​មន្ត្រី​រាជ​វាំង ​Buckingham ​មាន​ការ​ស្រួល​ចិត្ត​ខ្លះ​ នៅ​ក្នុង​ការ​ស្ទង់មតិ​មួយ​ទៀត​ដោយ​កាសែត​ Daily Mail ​នៅ​ក្រោយ​ការ​ផ្សាយ​បទ​សម្ភាសន៍​នេះ​ដែល​ថាជនជាតិ​អង់គ្លេស​ភាគ​ច្រើន​យល់​ថាព្រះ​អង្គម្ចាស់​ Harry ​និងអ្នក​ម្នាង ​Meghan ​ធ្វើ​ខុសដោយ​បាន​ផ្តល់បទ​សម្ភាសន៍ដែល​កេង​ចំណេញហើយ​ថា​ ​គូស្វាមី​ភរិយា​នេះ​បាន​ធ្វើឱ្យ​ព្រះ​មហា​ក្សត្រិយានី​ស្រងាក​ព្រះទ័យ​ ហើយ​គួរ​ត្រូវ​ដក​រាជ​ឋានៈ​ពួក​គេ​ផង​ដែរ។​

ក៏​ប៉ុន្តែ​ការ​ស្ទង់មតិ​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា​ បទ​សម្ភាសន៍​នោះ​ប្រហែល​ធ្វើ​ឱ្យ​ខូច​ព្រះនាមមហា​ក្សត្រីយានី​នៅ​ពេល​ប្រជា​ប្រិយភាព​ព្រះ​អង្គ​កំពុង​ធ្លាក់​ចុះ។​

ពួក​អ្នក​ធ្វើ​បទ​អត្ថាធិប្បាយ​អំពី​រាជវង្ស​អង់គ្លេស​និយាយ​ថាការ​ខ្វែង​គំនិត​គ្នា​រវាង​មនុស្ស​ជំនាន់​ផ្សេង​គ្នា​អំពី​បទ​សម្ភាសន៍​នោះ​នាំ​ឱ្យ​យល់​ថា​ អាច​មាន​បញ្ហា​សម្រាប់​ព្រះ​រជ្ជទាយាទ​គឺព្រះ​អង្គ​ម្ចាស់​ Charles ដែល​នឹង​ត្រូវ​ភ្ជាប់​ទំនាក់​ទំនង​របស់​ព្រះអង្គ​ជា​ថ្មី​ជា​មួយ​ប្រជារាស្ត្រ​វ័យ​ក្មេងប្រសិន​បើ​ត្រូវ​ធ្វើ​ឱ្យ​មាន​ភាព​ប្រាកដ​ប្រជា​សម្រាប់​អនាគត​នៃ​រាជាធិបតេយ្យ។​

លោក​ Daniel Finkelstein ​ ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ចុះ​ក្នុង​សារ​ព័ត៌មាន​ The Times ​បាន​និយាយ​ថា​ នេះ​ជា​«ឧបសគ្គ​ច្បាស់លាស់​មួយ​សម្រាប់​ទ្រង់​នៅ​ពេល​នេះ»។​

ពួក​អ្នក​ធ្វើ​បទ​អធិប្បាយ​ខ្លះ​ដែល​មាន​សមាន​ចិត្ត​ចំពោះ​ព្រះ​អង្គម្ចាស់ ​ Harry ​ និង​អ្នក​ម្នាង​ Meghan ​ហើយ​នឹង​ប្រជារាស្ត្រ​អង់គ្លេស​វ័យ​ក្មេង​និយាយ​ថា​ ​រាជ​វង្ស​បាត់បង់​ឱកាស​មួយ​ក្នុង​ការ​ការពារ​រាជាធិបតេយ្យ​ក្នុង​ពេល​អនាគត​ដោយ​ប្រើ​លក្ខណៈ​ទាន់​សម័យ​និង​មាន​ភាព​ជឿន​លឿន​របស់​គូស្វាមី​ភរិយា​នេះ​ដើម្បី​ជួយ​ដល់​អន្តរកាល​បន្ត​ពូជពង្ស​នៃ​ស្ថាប័ន​នេះ​ពី​ព្រះ​មហា​ក្សត្រិយានី ​Elizabeth​ ព្រះជន្ម​៩៤​ព្រះ​វស្សា​ទៅ​ព្រះ​អង្គម្ចាស់ ​Charles ​និង​បន្ត​ទៅ​ព្រះ​រាជបុត្រា​ច្បង​របស់​ទ្រង់​គឺ​ព្រះ​អង្គម្ចាស់ ​William។​

ចាប់​តាំង​ពី​មាន​ការ​ផ្សាយ​បទ​សម្ភាសន៍​នោះ​មក​បណ្តាញ​សង្គម​ ​កាសែត​និងស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​ត្រូវ​គ្រប​ដណ្តប់​ដោយ​ការ​ជជែក​ដេញ​ដោល​គ្នា​ ដែល​ជួន​កាល​និយាយ​ហួស​ប្រមាណ​អំពី​ព្រះ​អង្គម្ចាស់ ​Harry ​និង​អ្នក​ម្នាង​ Meghan​ និង​រាជវង្ស។​

វោហារ​សាស្ត្រ​ខ្លាំង​ក្លា​បាន​នាំ​ឱ្យ​បាត់​បង់​ការងារ​មួយ​ខាង​បណ្តាញ​ព័ត៌មាន​ដោយ​សារ​លោក Piers Morgan​ អ្នក​ចាត់​ចែង​កម្មវិធី​ទូរទស្សន៍​ «Good Morning Britain» ​ឈប់​ធ្វើការ​ ​បន្ទាប់​ពី​អ្នក​មើល​កម្មវិធី​៤​ម៉ឺន​នាក់​ត្អូញ​ត្អែរ​អំពី​វោហារ​សាស្ត្រ​របស់​លោក​មិន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​របស់​អ្នក​ម្នាង ​Meghan ​ដែល​លោក​បាន​ហៅ​ថា​ជា​«ការ​និយាយ​រិះគន់​ផ្តេសផ្តាស»។​

ការ​ឆ្លើយ​តប​របស់រាជ​វាំង

រាជ​វាំង​Buckingham ​បាន​ព្យាយាម​បញ្ចៀស​ការ​បង្កើន​កំហឹង​ថែម​ទៀត​ដោយ​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​មាន​បី​វគ្គ​ដែល​គូស​បញ្ជាក់​ថារាជវង្ស​នៅ​តែ​ស្រឡាញ់​ព្រះ​អង្គម្ចាស់​ Harry ​និង​អ្នក​ម្នាង ​Meghan ​និង​កូន​ប្រុស​របស់​ពួក​គេ​ត​ទៅ​ទៀត​ហើយ​មាន​ទុក្ខព្រួយ​ដោយបាន​ដឹង​អំពី​ភាព​អត់ធន់​របស់​អ្នក​ម្នាង ​Meghan​ ដូច​ដែល​បាន​លើកឡើង។

សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏​បាន​ចែង​ដែរ​ថា​ ​រាជវង្ស​ប្រុង​ប្រៀប​ដោះស្រាយ​បញ្ហា​ដែល​ត្រូវ​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​នេះ​ជាបញ្ហា​ឯកជនដោយ​មាន​រួម​បញ្ចូល​ការ​រើសអើង​ពូជសាសន៍​ផង​ដែរ។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏​បាន​បង្ហើប​បន្តិច​ ដោយ​កត់​សម្គាល់​ថា​«ការ​ចងចាំ​ខ្លះ​អាច​ខុស​គ្នា»​រវាង​ការ​ចង​ចាំ​របស់​រាជវង្ស​និង​ការ​ចង​ចាំ​របស់​គូ​ស្វាមី​ភរិយា​ដែល​មាន​ទុក្ខ។ ​

លោក​ Rhiannon Mills អ្នក​ធ្វើ​អត្ថាធិប្បាយ​អំពី​រាជវង្ស​បាន​និយាយ​ប្រាប់​អ្នក​មើល​ទូរទស្សន៍​ Sky News ​ ថា​ ​សេចក្តី​ថ្លែង​ការណ៍​នេះ​ជា​«ការ​ប៉ុនប៉ង​មួយ​ដើម្បី​បញ្ឈប់​ការ​ជជែក​ដេញ​ដោល​សាធារណៈ»។​

អ្នក​វិភាគឯ​ទៀតៗ​និយាយ​ថា​ ​រាជវាំង​ហាក់​ដូច​ជា​ប្តេជ្ញា​បញ្ចៀស​កុំ​ឱ្យមាន​ជា​ថ្មី​ទៀត​នូវ​អ្វី​ដែល​ហៅ​ថា​«សង្គ្រាម​ខ្លី»​ដូច​រឿងរ៉ាវ​រវាង​មាតា​បិតា​របស់​ព្រះ​អង្គម្ចាស់ ​Harry​ គឺ​ព្រះ​អង្គម្ចាស់ ​Charles ​និង​អ្នក​ម្នាង​ Diana ​នៅ​ក្រោយ​លែង​លះ​គ្នា។​ព្រះ​អង្គម្ចាស់ ​Charles ​និង​អ្នក​ម្នាង​ Diana​ ព្រម​ទាំង​ពួក​បុគ្គលិក​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ ​លេច​ចេញ​ការ​ចោទ​ប្រកាន់​ប្រកប​ដោយ​ពឹសពុលប្រឆាំង​គ្នា​ដើម្បី​បំភ្លៃ​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ដើម្បី​ផល​ប្រយោជន៍​របស់​ពួក​គេ​អំពី​ការ​រស់​នៅ​បែក​គ្នា​និង​ការ​លែងលះ​គ្នា​យ៉ាង​ជូរ​ចត់។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មីនា​នៅ​ក្នុង​ការ​ឆ្លើយ​តបនឹង​សំណួរ​ស្រែកសួរ​មួយ​អំឡុង​ព្រះរាជ​ទស្សនកិច្ច​មួយ​ ​ ព្រះអង្គម្ចាស់ ​William ​បាន​ច្រាន​ចោល​ការ​ចោទ​ដែល​ថា ​រាជវង្ស​រើសអើង​ពូជ​សាសន៍។ ​ ព្រះអង្គម្ចាស់​ក៏​បាន​មាន​បន្ទូល​ដែរ​ថា​ ​ទ្រង់​មិន​ទាន់​បាន​មាន​បន្ទូល​ជា​មួយ​អង្គម្ចាស់ ​Harry ​ដែល​ជា​ព្រះអនុជ​នៅ​ឡើយ​ទេ​ តែ​ថាទ្រង់​នឹង​មាន​បន្ទូល​ជា​មួយ​ព្រះអនុជ។​

គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា​តើសេចក្តី​ថ្លែង​ការណ៍​នេះ​របស់​រាជវាំង​Buckingham ​នឹង​បន្ថយ​ការ​ប្តេជ្ញា​របស់​ពួក​ជន​ដែល​ប្រុងប្រៀប​ធ្វើ​សង្គ្រាម​វប្បធម៌​អំពី​ជម្លោះ​ក្នុង​រាជវង្ស​ឬ​បែប​ណា​ទេ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG