ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដា​មេដឹកនាំ​ក្នុង​ពិភពលោក​ជួប​ប្រជុំគ្នា​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ


លោក Simon Stiell ប្រធាន​ផ្នែក​ទទួលបន្ទុកបញ្ហា​អាកាសធាតុ​នៃ​អង្គការ​សហប្រជាជាតិ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល COP27 របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​ទីក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប។
លោក Simon Stiell ប្រធាន​ផ្នែក​ទទួលបន្ទុកបញ្ហា​អាកាសធាតុ​នៃ​អង្គការ​សហប្រជាជាតិ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល COP27 របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​ទីក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប។

មេដឹកនាំ​នានា​មក​ពី​ជុំវិញ​ពិភពលោក​កំពុង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អាកាសធាតុ ស្រប​ពេល​ដែល​ពួកគេ​កំពុង​រង​សម្ពាធ​ឱ្យ​ពង្រឹង​ការ​តាំងចិត្ត​របស់​ខ្លួន​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ ​និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​រង​ផល​ប៉ះពាល់​រួច​ហើយ​ដោយសារ​ឥទ្ធិពល​នៃ​សីតុណ្ហភាព​កើនឡើង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សន្និសីទ​លើក​ទី ២៧ របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP27) នៅ​ក្នុង​ទីក្រុង Sharm el-Sheikh របស់​ប្រទេស​អេហ្ស៊ីប​នេះ​បាន​ធ្វើ​ឡើងនៅ​ចំពេល​ដែល​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​កំពុង​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ខ្លាំងក្លា​កើនឡើង​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត​គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ​នេះ ​និង​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​អស់​រាប់​ពាន់​លាន​ដុល្លារ។

នៅ​ឯ​ពិធី​បើក​សន្និសីទ​នេះ​កាលពី​ថ្ងៃ​អាទិត្យ មន្ត្រី​សន្និសីទ​នេះ​បាន​ជំរុញ​រដ្ឋាភិបាល​នានា​ឱ្យ​បន្ត​រក្សា​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បើ​ទោះបីជា​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន តម្លៃ​ថាមពល​កើនឡើង អតិផរណា​ខ្ពស់ ​និង​វិបត្តិ​ជំងឺ​កូវីដ១៩ជា​បន្ត​ក៏ដោយ។

លោក Simon Stiell ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​សន្និសីទ​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​នេះ​ថា៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​គឺ​ថា​គេ​ផ្ដល់​តម្លៃ​លើ​អាទិភាព​ផ្សេងៗ​ទៀត​មុន [បញ្ហា​អាកាសធាតុ]»។

លោក​បាន​បន្ថែម​ថា៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​គឺ​ថា​យើង​ខាត​ពេល​មួយ​ថ្ងៃ​ទៀត មួយ​សប្ដាហ៍​ទៀត មួយ​ខែ​ទៀត មួយ​ឆ្នាំ​ទៀត ដោយសារតែ​យើង​មិន​អាច[ធ្វើ​រឿង​នេះ]»។

ពិភពលោក​ទាំង​មូល​ត្រូវតែ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ឱ្យ​បាន ៤៥% នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ ដើម្បី​រក្សា​ការ​ឡើង​កម្ដៅ​ផែនដី​ឱ្យ​នៅ​ត្រឹម១,៥អង្សា​សេ​លើ​កម្រិត​សីតុណ្ហភាព​កាលពី​ចុង​សតវត្សរ៍​ទី១៩។

ប៉ុន្តែ ទំនោរ​បច្ចុប្បន្ន​នេះ​គឺ​ថា ការ​បំពុល​បរិយាកាស​ដោយសារ​ឧស្ម័ន​កាបូន​នឹង​កើន​ឡើង១០%នៅ​ត្រឹម​ចុង​ទសវត្សរ៍​នេះ ហើយ​ផ្ទៃ​ខាង​លើ​នៃ​ផែនដី​បាន​ឡើង​កម្ដៅ២,៨ អង្សា​សេ។ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​នានា​ដែល​បាន​បង្ហាញ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។

ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន​ប្រហែល ១១០ រូប ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​រយៈពេល២ថ្ងៃ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រធានាធិបតី​ចិន​លោក Xi Jinping ផង​ដែរ ដែល​ប្រទេស​របស់​លោក​គឺ​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​ប្រទេស​របស់​លោក​គឺ​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ច្រើន​ជាង​គេ​ទី​ពីរ​នៅ​លើ​ពិភពលោក​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​នេះ​នៅ​ពេល​ក្រោយ​នៅ​សប្ដាហ៍​នេះ៕

XS
SM
MD
LG