ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រកាស​ថា ​ស្រ្តី​នឹង​មិន​ទទួល​បាន​សមភាព​យេនឌ័រ​រហូត​ដល់​ឆ្នាំ២១២៦


វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រាយការណ៍​ថា​ស្ត្រី​ទូទាំង​សកលលោក​នឹង​ត្រូវ​រង់ចាំ​រយៈពេល​១០៨ឆ្នាំ​ទៀត​។
វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រាយការណ៍​ថា​ស្ត្រី​ទូទាំង​សកលលោក​នឹង​ត្រូវ​រង់ចាំ​រយៈពេល​១០៨ឆ្នាំ​ទៀត​។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រាយការណ៍​ថា​ស្ត្រី​ទូទាំង​សកលលោក​នឹង​ត្រូវ​រង់ចាំ​រយៈពេល​១០៨ឆ្នាំ​ទៀត​ដើម្បី​បញ្ចប់​គម្លាត​យេនឌ័រ​និង​រយៈពេល​២០០ឆ្នាំ​ទៀត​ដើម្បី​អាច​ទទួល​បាន​ឱកាស​ការងារ​ដូច​នឹង​បុរស។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​របាយការណ៍​អំពី​ការវាស់ស្ទង់​ទៅលើ​គុណភាព​យេនឌ័រ​នៅ​ប្រទេស​ចំនួន១៤៩ ​ដោយ​ផ្អែកលើ​ការអនុវត្ត​នៅក្នុង​វិស័យ​ចំនួន៤ គឺ​ឱកាស​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ការពង្រឹង​អំណាច​លើ​វិស័យ​នយោបាយ​ ការទទួល​បាន​ការអប់រំ​និង​សុខភាព​ និង​ការរស់រាន​មាន​ជីវិត។

តាមរយៈ​ការវាស់ស្ទង់​នេះ​ ប្រទេសអ៊ីស្លង់​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​ការ​អនុវត្ត​ផ្នែកយេនឌ័រ​ល្អជាងគេ​បំផុត​ក្នុង​រយៈពេល១០ឆ្នាំ​ជាប់ៗ​គ្នា។ ប្រទេស​បន្ទាប់​គឺ​ប្រទេសន័រវេស​ ស៊ុយអ៊ែត ​និង​ប្រទេសហ្វាំងឡង់។ ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី៦​គឺ​ប្រទេសរវ៉ាន់ដា​ ខណៈ​ប្រទេសណាមីប៊ី​ស្ថិតក្នុង​ចំណាត់​ថ្នាក់ទី១០​ជា​លើក​ដំបូង ក្លាយ​ជា​ប្រទេសទីពីរ​នៅ​តំបន់​ភាគខាងត្បូង​នៃ​វាលខ្សាច់​សាហារ៉ា។

ចំណែកឯ​សហរដ្ឋអាមេរិក​វិញ​បាន​ធ្លាក់ចុះ​មក​នៅ​លេខរៀង​ទី៥១នៅ​ឆ្នាំ​នេះ។ លោកស្រី Saadia Zahidi ប្រធាន​ដឹកនាំ​ការសិក្សាស្រាវជ្រាវ​នេះ​បាន​ប្រាប់ VOA ថា ការ​ធ្លាក់ចុះ​ចំណាត់ថ្នាក់​របស់​សហរដ្ឋអាមេរិក​នេះ​គឺ​ដោយសារ​តែ​ប្រទេសនេះ​

អនុវត្ត​មិនបាន​ល្អ​ក្នុងវិស័យ​សេដ្ឋកិច្ច​និង​នយោបាយ។ លោកស្រី Zahidi​ បាន​ថ្លែង​ថា
«នៅ​ពេល​និយាយ​អំពី​ការចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច​ គេ​រក​ឃើញ​សូចនាករ​អាក្រក់​បំផុត​នៅ​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​ទៅនឹង​ប្រាក់ចំណូល​រកបាន​ដោយ​ស្រ្តី។ នៅក្នុង​ការស្រាវជ្រាវ​នេះ​យើង​ធៀប​ប្រាក់ចំណូល​ទាំងអស់​ដែល​ស្រ្តីរកបាន​គឺ​ស្មើនឹងប្រាក់​ចំណូល​ជា​មធ្យម​ទាំង​អស់ដែល​បុរស​រក​បាន។ នៅតែ​មាន​គម្លាត​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក។ ហើយ​ចំណុច​ទីពីរ​គឺ​ការពង្រឹង​សមត្ថភាព​ក្នុងវិស័យ​នយោបាយ​ ដែល​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទី៩៨​នៅ​ទូទាំង​ពិភពលោក​ ហើយ​បើ​គិត​ពី​មធ្យមភាគ​វិញ​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង»។​

លោកស្រី Zahidiបាន​ថ្លែង​បន្ត​ថា​ពិន្ទុ​លើ​ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នៅ​សហរដ្ឋអាមេរិក​គឺ​ទទួល​បាន​ប្រហែល១២,៥ភាគរយ​ ហើយ​ចំនួន​នេះ​ទាបជាង​មធ្យមភាគ​នៅ​ទូទាំង​សកលលោក​ដែល​មាន​ចំនួន​២២,៣ភាគរយ។ លោកស្រី​បាន​គូស​បញ្ជាក់​ថា​របាយការណ៍​នេះ​មិន​បាន​រួមបញ្ជូល​ការកើនឡើង​នៃ​ចំនួន​ស្រ្តី​នៅ​ក្នុង​

ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក​ទេ។
របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ផងដែរ​ថា ​ការឡើង​ចំណាត់ថ្នាក់​របស់​ប្រទេស​ណាមីប៊ី​នេះ​គឺ​មួយ​ផ្នែក​ដោយសារ​តែ​មាន​ការកើនឡើង​ចំនួន​ស្រ្តី​នៅក្នុង​រដ្ឋសភា។ របាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នា​ក់ទី១៩​ដោយសារ​មាន​ការវិវត្តន៍​មួយចំនួន​នៅក្នុង​ការលើកកម្ពស់​ផ្នែក​នយោបាយ។

គេ​បាន​រកឃើញ​ថា​ប្រទេសនេះ​មាន​ការថយចុះ​បន្តិចបន្តួច​នៅក្នុង​សមភាព​ប្រាក់​ឈ្នួល។ របាយការណ៍​ក៏​បាន​រកឃើញ​ថា​ប្រទេសអ៊ឺរ៉ុប​ខាងលិច​ជា​មធ្បម​គឺ​ជា​តំបន់​ដែល​មាន​កម្រិត​ខ្ពស់បំផុត​នៃ​សមភាពយេនឌ័រ។ ចំណាត់ថ្នាក់​បន្ទាប់​គឺ​ប្រទេស​នៅ​តំបន់អាមេរិក​ខាងជើង​ អាមេរិកឡាទីន​ អ៊ឺរ៉ុបខាងកើត​ អាស៊ីកណ្តាល​ និង​តំបន់​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក។

របាយការណ៍​បាន​បង្ហាញ​ថា​ គម្លាតយេឌ័រ​នៅតំបន់​ភាគខាងត្បូង​នៃ​វាលខ្សាច់​សាហារ៉ា​បាន​ចាប់ផ្តើម​រីកធំ​ម្តងទៀត​បន្ទាប់​ពី​តំបន់​នេះ​បាន​វិវត្តន៍​ទៅរក​ការបញ្ចប់

គម្លាត​យេនឌ័រ​ក្នុង​រយៈពេល​៦ឆ្នាំ​ជាប់ៗគ្នា។ របាយការណ៍​បាន​រាយការណ៍​ថា​ប្រទេស​នៅ​តំបន់អាស៊ី​ខាងត្បូង​បានទទួល​ពិន្ទុ​ទាបជាងគេ​បំផុត​ទីពីរ​នៅក្នុង​តំបន់ ​ខណៈ​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្រ្វិកខាងជើង​ត្រូវ​បាន​ដាក់​នៅក្នុង​ចំណាត់ថ្នាក់​អាក្រក់​បំផុត​ដែល​ត្រូវ​ធ្វើ​ការ​កែលម្អ​ផ្នែក​សមភាពយេនឌ័រ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG