បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ បន្តទទួលប្រយោជន៍ពីការផ្លាស់ប្តូរបច្ចេកវិទ្យាដែលកំពុងជះឥទ្ធិពលដល់ពិភពលោកទាំងមូល នេះបើយោងតាមវាគ្មិននៃកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលទើបតែបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
វាគ្មិននៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន បានពិភាក្សាអំពីតួនាទីរបស់អាស៊ាននៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលសំដៅលើស្វ័យប្រវត្តិកម្មនៃដំណើរការឧស្សាហកម្ម និងភាពឈានមុខនៃបច្ចេកវិទ្យាកុំព្យូទ័រ។
លោក Rajan Anandan ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Google ប្រចាំតំបន់អាស៊ីខាងត្បូង បាននិយាយថា «សេដ្ឋកិច្ចឌីជីថល» គឺជាចំណុចស្នូលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មីនៅក្នុងតំបន់នេះ។
លោកបានប្រាប់ទៅអ្នកចូលរួមថា៖
«នៅពេលដែលអ្នកគិតអំពីអាស៊ានដែលមានប្រទេសចំនួន១០នោះ សេដ្ឋកិច្ចឌីជីថលនៅអាស៊ាន គឺមានទំហំគួរសម ដែលរីកចំរើនយ៉ាងឆាប់រហ័ស ប៉ុន្តែវាមានសក្តានុពលយ៉ាងខ្លាំង»។
លោក Chu Ngoc Anh ដែលជារដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃប្រទេសវៀតណាម បានថ្លែងសុន្ទរកថាបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ានថា កាវិវត្តបច្ចេកវិទ្យាថ្មីនេះ គឺជាកម្លាំងជំរុញវិជ្ជមានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបានថ្លែងថា៖
«វានឹងផ្លាស់ប្តូរសង្គមយ៉ាងខ្លាំង និងផ្លាស់ប្តូរប្រទេសនានា និងផ្លាស់ប្តូរបណ្តាប្រទេសអាស៊ាន»។
លោក Syed Deddig Syed Abdul Rahman ដែលជារដ្ឋមន្រ្តីក្រសួងយុវជន និងកីឡានៃប្រទេសម៉ាឡេស៊ី បាននិយាយថា ប្រទេសម៉ាឡេស៊ីធ្វើការដើម្បីបង្កើតតំបន់បច្ចេកវិទ្យា «Silicon Valley សម្រាប់ម៉ាឡេស៊ី» និងដើម្បីជួយដល់យុវជនម៉ាឡេស៊ីឲ្យទទួលបានជំនាញដើម្បីប្រកួតប្រជែងក្នុងតំបន់។
លោកបានបន្ថែមថា ភាពជោគជ័យនៃបច្ចេកវិទ្យាបង្កើតថ្មី ត្រូវការការត្រៀមខ្លួនរួចជាស្រេចរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងគោលនយោបាយអប់រំ និងឧស្សាហកម្ម។
សហគ្រិនកម្ពុជាមួយចំនួន រីករាយចំពោះគោលដៅបច្ចេកវិទ្យាថ្មីនេះ ដូចជា Internet of Things ឬ ដែលមានន័យថា សម្ភារៈទូទៅដែលភ្ជាប់អ៊ីនធឺណិត និង Cloud Computing ឬ ដែលមានន័យថា កន្លែងផ្ទុកទិន្នន័យលើអ៊ីនធឺណិត។
លោក ស៊ីម ចាន់គិរីរត្ន ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ជី ដែលគ្រប់គ្រងគណនេយ្យលើប្រព័ន្ធអ៊ីធឺណិត បានប្រាប់ VOA តាមអ៊ីម៉ែលថា បច្ចេកវិទ្យាអនុញ្ញាតឲ្យសហគ្រិនកម្ពុជា អាចទទួលបានប្រភពហិរញ្ញវត្ថុ និងទីផ្សាថ្មីៗ។
លោកបានសរសេរក្នុងអ៊ីម៉ែលថា៖
«ការកែប្រែអាជីវកម្មឲ្យក្លាយជាលក្ខណៈឌីជីថល អាចជាឱកាសនិងអាចជាបញ្ហាប្រឈម។ ការធ្វើឲ្យប្រសើរឡើងនូវផលិតភាព និងប្រសិទ្ធិផល អាចទាញយកព័ត៌មានពីហិរញ្ញវត្ថុនិងទីផ្សាបានងាយស្រួលជាងមុន និងលទ្ធភាពក្នុងការពង្រីកអាជីវកម្ម គឺជាឱកាសដែលបានពីការប្រើប្រាស់បច្ចេកវិទ្យា ឬ ក៏ធ្វើការជាដៃគូជាមួយនឹងអាជីវកម្មដែលផ្អែកលើបច្ចេកវិទ្យា»។
បើយោងតាមសៀវភៅគោលនយោបាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០១៧ ការផ្លាស់ប្តូរដែលមកជាមួយបច្ចេកទេសឧហ្សាហកម្មថ្មីៗ អាចផ្លាស់ប្តូរដំណើរការរោងចក្រ និងឧស្សាហកម្មផ្នែកសេវាកម្ម ជាពិសេស «ការងារដែលប្រើជំនាញតិចតួច ឬ គ្មានជំនាញ» ដែលភាគច្រើននៃប្រទេសអាស៊ានពឹងផ្អែកលើវិស័យនេះ។
កម្ពុជា មានមនុស្សវ័យក្មេងប្រមាណ៣សែននាក់ ដែលចូលក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ ហើយប្រជាជនប្រមាណ៦សែននាក់ កំពុងធ្វើការក្នុងវិស័យកាត់ដេរ។ ទាំងនេះបានចោទជាសំណួរថាតើ ប្រទេសកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតការងារដើម្បីបំពេញចន្លោះបច្ចេកវិទ្យា ឬ យ៉ាងណា។
លោកស្រី Pauline Temesis ដែលជាអ្នកតំណាងអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាថ្នាក់ខ្ពស់នៅឯទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ថា កម្ពុជាគួរតែផ្តោតលើបញ្ហាពីរ ដើម្បីតាមទាន់សមាជិកអាស៊ានផ្សេងៗទៀត។
លោកស្រីបានថ្លែងថា៖
«ជំហានដំបូងគឺត្រូវធានាថា ម្ចាស់អាជីវកម្មក្នុងស្រុកអាចទទួលបានឱកាសក្នុងការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា។...ទីពីរគឺកម្ពុជាត្រូវដោះស្រាយបញ្ហាកម្លាំងពលកម្មដែលទទួលរងឥទ្ធិពលពីបដិវត្តន៍ឧស្សាហកម្ម និងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ដែលនៅពឹងផ្អែកខ្លាំងលើឧស្សាកម្មដែលប្រើកំលាំងពលកម្មនៅឡើយ»៕