ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​​ប្រសើរ​ជាង​មុន​សម្រាប់​ក្រុង​ភ្នំពេញ


រូបឯកសារ៖ ការកើន​ឡើង​នៃ​សំណង់​អគារ​ខ្ពស់ៗ​នៅ​បុរី​កីឡា តាម​បណ្តោយ​ផ្លូវ​លេខ​១៦៩​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)
រូបឯកសារ៖ ការកើន​ឡើង​នៃ​សំណង់​អគារ​ខ្ពស់ៗ​នៅ​បុរី​កីឡា តាម​បណ្តោយ​ផ្លូវ​លេខ​១៦៩​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណាVOA)

ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្កើន​កំណែ​ទម្រង់​ក្នុង​ប្រព័ន្ធ​រដ្ឋបាលគ្រប់គ្រង​ទី​ក្រុង​ភ្នំពេញ​ និង​កែ​លម្អ​ចំណុច​ខ្វះខាត​ជា​ច្រើន​ទៀត​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បរិយាកាស​រស់នៅ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នានា។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​ធនាគារ​ពិភពលោក។

រាជធានី​ភ្នំពេញ​ ដែលជា​បណ្តុំ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ វប្បធម៌​ និង​ការ​សិក្សា​អប់រំ​ ត្រូវ​គេ​សង្កេត​ឃើញ​ថា ​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន រួម​មាន​ ប្រព័ន្ធ​ផ្លូវ​ថ្នល់​ដែល​មាន​ការ​កក​ស្ទះ​ និង​ប្រព័ន្ធ​បង្ហូរ​ទឹក​ ដែល​នៅ​មិន​អាច​ឆ្លើយតប​នឹង​កម្លាំង​នៃ​ជំនន់​ទឹក​ភ្លៀង​ ដូច្នេះ​ការ​ជន់​លេច​ផ្លូវ​សាធារណៈ​បាន​កើត​ឡើង​ជា​ញឹកញាប់​នា​រដូវ​វស្សា។​ ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​កើត​ឡើង​នៅ​ក្នុង​រាជធានី​ចំណាស់​មួយ​នេះ​ផងដែរ។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ស្តី​ពី​របាយការណ៍​ដែល​មាន​ចំណង​ «ការ​អភិវឌ្ឍទីក្រុង​ រាជធានី​ភ្នំពេញ» បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ភាព​ប្រឈម​ជាច្រើន​ក្នុង​ការ​ផ្តល់​ជា​សេវាកម្ម​ជា​មូលដ្ឋាន​ ដែល​រួមមាន​ ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​ ស្ថានីយ​កែច្នៃ​ទឹក​ស្អុយ​ សេវា​ដឹកជញ្ជូន​ និង​ការ​គ្រប់​គ្រង​កាក​សំណល់​រឹង។ ការ​គ្រប់​គ្រង​ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការរៀបចំ​ក្រុង​ ការ​ពង្រឹង​អភិបាលកិច្ច​ និង​ការ​ផ្តល់​សេវាកម្ម​ ក៏​ជួប​បញ្ហា​ប្រឈម​ដែរ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា​ ទោះបី​ជា​មាន​ដំណើរការ​រៀបចំក្រុង​ដែល​មាន​ស្រាប់​ក៏​ដោយ​ ក៏​ការ​ផ្តល់​ហិរញ្ញប្បទាន​ និង​សមត្ថភាព​បច្ចេកទេស​ ជា​ញឹកញាប់​ បង្ក​នូវ​ឧបសគ្គ​ជា​ច្រើន​ដល់​ផែនការ​អភិវឌ្ឍ​ទី​ក្រុង​ ទីតាំង​និង​ផែនការ​ប្រើប្រាស់​ដី​ ជាពិសេស​នៅ​ថ្នាក់​ខណ្ឌ​និង​សង្កាត់។

​អ្នកស្រី​ អ៊ីហ្គូណា​ ដូប្រាចា​ (Inguna Dobraja) នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖​

«រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ការ​កែខៃ​ទីក្រុង​ជា​វិជ្ជមាន​មួយ​សម្រាប់​អនាគត​របស់​ខ្លួន​ ការ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ និង​ការ​បង្ក​លទ្ធភាព​ឲ្យ​មាន​សេវាកម្ម​កាន់តែ​ប្រសើរ​ជាង​មុន។​ ការ​អភិវឌ្ឍ​ទីក្រុង​ដែល​មាន​ការ​គ្រប់គ្រង​ និង​រៀបចំ​ផែនការ​បាន​ល្អ​ អាច​ជួយ​ធ្វើ​ឲ្យ​ទី​ក្រុង​មាន​ភាព​ល្បីល្បាញ​ក្នុង​ការ​ធានា​ឲ្យ​មាន​ស្តង់ដារ​រស់​នៅ​ប្រសើរ​សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ»។​

លោក​ ម៉េត មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ទៅ​លើ​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ ដោយ​ហេតុ​លោក​មិន​ទាន់​បាន​ឃើញ​របាយការណ៍​នោះ​ ហើយ​នៅ​ជាប់​រវល់​ក្នុង​ការ​ប្រជុំ​មួយ។

«ខ្ញុំ​ដូច​អត់​មាន​ អត់​ទាន់​ទទួល​អាហ្នឹង​ផង។ ខ្ញុំ​អត់មាន​យោបល់​ដែរ​បងណ៎ា»។​

រូប​គម្រប​នៃ​របាយការណ៍​ដែល​មាន​ចំណង​ «ការ​អភិវឌ្ឍទីក្រុង​ រាជធានី​ភ្នំពេញ» ​របស់​ធនាគារ​ពិភពលោក ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីគេហទំព័រ)
រូប​គម្រប​នៃ​របាយការណ៍​ដែល​មាន​ចំណង​ «ការ​អភិវឌ្ឍទីក្រុង​ រាជធានី​ភ្នំពេញ» ​របស់​ធនាគារ​ពិភពលោក ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីគេហទំព័រ)

របាយការណ៍​របស់​ធនាគារ​ពិភពលោក​មាន​ចំណង​ជើង​ថា​ «ការ​អភិវឌ្ឍ​ទីក្រុង​ រាជធានី​ភ្នំពេញ»​ បាន​ឲ្យ​ដឹង​ពី​ការ​រក​ឃើញ​ជាច្រើន​ ទាក់ទិន​ការ​វិវត្ត​របស់​ទី​ក្រុង​ភ្នំពេញ​ និង​ផែនការ​អនាគត​ដែល​អាជ្ញាធរនិង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ផ្តោត​ការ​យក​ទុក​ដាក់​សម្រាប់​កែលម្អ​កិច្ចការ​រដ្ឋបាល​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន័្ធ​ក្នុង​ទីក្រុង​ និង​កិច្ចការ​នគរូបនីយកម្ម។

របាយការណ៍​ដែល​មាន​កម្រាស់​៨៤​ទំព័រ​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ពុំ​មាន​ប្រទេស​ណា​បាន​សម្រេច​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិត​ខ្ពស់​ ដោយ​ពុំ​មាន​ការ​អភិវឌ្ឍ​ និង​ការ​ពង្រីក​ទី​ក្រុង​ឡើយ។ ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​ និង​ការ​ពង្រីក​ទីក្រុង​ ដោយ​មាន​ប្រជាជន​២១​ភាគរយ​ ក្នុង​ចំណោម​ប្រជាជន​ទាំងអស់​កំពុង​រស់នៅ​តាម​ទីក្រុង។ ត្រឹម​ឆ្នាំ​ ២០៥០​ គេ​រំពឹង​ថា​ ៣៦​ភាគរយ​ នៃ​ប្រជាជន​ទាំងអស់​នឹង​រស់នៅ​ក្នុង​តំបន់​ក្រុង។

របាយការណ៍​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ទីក្រុង​ភ្នំពេញ​បាន​សម្រេច​នូវ​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុងរយៈពេល​១០ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​បច្ចុប្បន្ន​នេះ​ មាន​ប្រជាជន​ជិត​២លាន​នាក់​កំពុង​រស់នៅ​ក្នុង​ទីក្រុង។ ដោយ​ហេតុ​ថា​ នេះជា​ទីក្រុង​ធំ​ជាងគេ​ និង​មាន​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ជាងគេ​ក្នុង​ប្រទេស​ ហើយ​ក៏​ជា​ច្រក​ផ្លូវ​ទំនាក់ទំនង​ជាមួយ​នឹង​សេដ្ឋកិច្ច​សាកលលោក​ផង​ដែរ»។

របាយការណ៍​បាន​លើកឡើង​ថា​ ការ​អភិវឌ្ឍ​និង​ការ​ពង្រីក​ទីក្រុង​របស់​ប្រទេស​កម្ពុជា​ កើត​ឡើង​ក្នុង​អត្រា​ទាប​ជាង​អ្វី​ដែល​គេ​រំពឹង​ទុក សម្រាប់​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​នេះ​ បង្ហាញ​ថា​ ល្បឿន​និង​វិសាលភាព​នៃ​ការ​អភិវឌ្ឍ​ និង​ការ​ពង្រីក​ទីក្រុង​ទំនង​ជា​នឹង​បន្ត​មាន​ការ​កើន​ឡើង។ ប្រទេស​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ (ហៅ​កាត់​ថា​ ផ.ស.ស)​ សម្រាប់​ប្រជាជន​ម្នាក់​ ដូច​ជា​ប្រទេស​បង់ក្លាដែស​ ឬ​កៀហ្ស៊ីស៊ីស្ថាន​ ជាដើម​មាន​អត្រា​នគរូបនីយកម្ម​ជិត​៣៥​ភាគរយ។

ក្នុង​គ្រា​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​នៃ​ល្បឿន​កិច្ច​អភិវឌ្ឍ​ក្នុង​ទីក្រុង​ភ្នំពេញ​ ទីក្រុង​ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ​ ត្រូវ​បាន​ធនាគារ​ពិភពលោក​ ពណ៌នា​ថា​ មាន​ភាព​ប្រឈម​ជាច្រើន​ ក្នុង​ការ​ផ្តល់​សេវា​ជា​មូលដ្ឋាន​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​លូ​ ការ​សម្អាត​ទឹក​ស្អុយ​ ការ​ដឹកជញ្ជូន​ជា​សាធារណៈ​ និង​សំណល់​រឹង។

ដើម្បី​ដោះស្រាយ​នឹង​ភាព​ប្រឈម​ទាំង​នោះ​ ធនាគារ​ពិភពលោក​ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​នូវ​អនុសាសន៍​សំខាន់ៗ​ដើម្បី​កែខៃ​និង​ទប់ស្កាត់​ស្ថានភាព​អាក្រក់ៗ​ផ្សេងៗ​ ដែល​បាន​បណ្តាល​មក​ពី​រីកសាយ​ធំ​នៃ​ទីក្រុង​ភ្នំពេញ។

ធនាគារ​នេះ​បាន​ផ្តល់​អនុសាសន៍​ចំនួន​បួន​ គឺ​កែ​លម្អ​ស្ថាប័ន​និង​លើក​កម្ពស់​អភិបាលកិច្ច​ កែ​លម្អ​ការ​រៀបចំ​ និង​អនុវត្ត​ផែនការ​ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ប្រកប​ដោយ​ចីរភាព​ និង​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​និង​ការ​ពង្រីក​ទីក្រុង​ប្រកបដោយ​បរិយាប័ន្ន​ ពោល​គឺ​ផ្តល់​នូវ​សេវា​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​ចាំបាច់​នៅ​ក្នុង​ទីក្រុង។

នៅ​ត្រង់​ចំណុច​ស្តី​ពី​ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ប្រកប​ដោយ​ចីរភាព អ្នក​ជំនាញ​របស់​ធនាគារ​ពិភពលោក​បាន​ពន្យល់​ថា៖

«ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ទីក្រុង​ និង​បង្កើត​នូវ​បរិយាកាស​ដែល​អាច​បង្កើន​ភាព​អាច​រស់​នៅ​បាន និង​ភាព​ប្រកួត​ប្រជែង​ ការ​វិនិយោគ​តាម​វិស័យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ទីក្រុង​ អាច​ធ្វើ​បាន​កាន់​តែ​ប្រសើរ​ ប្រសិន​បើ​មាន​ការ​តម្រង់​ទិស​ដោយ​ប្លង់​គោល​ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ»។

អ្នក​ស្រី ជូឌី បេគ័រ (Judy Baker )​ ប្រធាន​សេដ្ឋកិច្ច​វិទូ​របស់​ធនាគារ​ពិភពលោក​ ដែល​ជា​អ្នក​និពន្ធ​ម្នាក់នៃ​របាយការណ៍​ស្តី​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖

«ទី​ក្រុង​ទាំង​ឡាយ​ដែល​មាន​ផែនការ​ល្អ​ ធ្វើ​ឲ្យ​គេ​អាច​គ្រប់គ្រង​បាន​ល្អ​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សង្គម​ផ្នែក​នគរូបនីយកម្ម​ ​និង​អាច​បង្កើត​បាន​ជា​ទី​កន្លែង​ដែល​មាន​លក្ខណៈ​រស់រវើក អាច​រស់​នៅ​បាន​និង​មាន​ទីធ្លា​ប្រសើរ។ ផែនការ​នេះ​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ល្អ​សម្រាប់​រាជធានី​ភ្នំពេញ​ ក៏ប៉ុន្តែ​ វា​នឹង​ជា​ដំណើរការ​មួយ​ដែល​មាន​រយៈ​ពេល​វែង​ទាមទារ​ឲ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ប្រជាពលរដ្ឋ​និង​វិស័យ​ឯកជន»។

​តួលេខ​ប៉ាន់​ប្រមាណ​ផ្ដល់​ដោយ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ចំនួន​ប្រជាជន​សរុប​រស់​នៅ​ក្រុង​ភ្នំពេញ​មាន​ច្រើន​ជាង​៣​លាន​នាក់​ ​គិត​ត្រឹម​ដើម​ឆ្នាំ​២០១៦​កន្លងទៅ។ ​គម្រោង​វិនិយោគ​សំណង់​អគារ ​ខុនដូ ​និង​អគារ​ការិយាល័យ​ខ្ពស់ៗ​បាន​រីក​លូត​លាស់​ដូច​ផ្សិត ជា​ពិសេស​នៅ​រយៈ​ពេល​៦​ឆ្នាំ​ចុង​ក្រោយ​ប្រទេសកម្ពុជា​បាន​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​សាកល។

គ្រា​មាន​កិច្ច​អភិវឌ្ឍ​បែប​នេះ​ ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​អភវិឌ្ឍន៍​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ។

​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ទំនើប​នៅ​បឹង​កក់​ដោយ​ក្រុមហ៊ុន​របស់​ Shukaku Inc ​របស់​លោក​ ឡាវ ម៉េងឃីន​ ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ឈាន​ទៅ​ដល់​ការ​លុប​បឹង​ប្រវត្តិសាស្ត្រ​មួយ ​ដែល​មាន​ការ​ជាប់​ទាក់ទង​នឹង​ដើម​កំណើត ​និង​អត្តសញ្ញាណ​របស់​រាជធានី ​ហើយ​តម្រូវ​ឱ្យ​ប្រជា​ជន​ក្នុង​សហគមន៍​ក្រីក្រ​ ប្រមាណ​៤.០០០​គ្រួសារ ​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ប្ដូរ​ទីលំនៅ​ជាមួយ​នឹង​ការ​ផ្ដល់​សំណង​ដែល​រង​ការ​រិះ​គន់​ថា​ មិន​សមរម្យ។​ ការ​លុប​បឹង​កក់​នេះ​ក៏​ធ្វើ​ឲ្យ​បាត់​ប្រភព​ស្រូប​ជំនន់​ទឹក​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​ ​សាលា​រាជធានី​ភ្នំពេញ​ក៏​រង​ការ​រិះគន់​ខ្លាំង​ទាក់ទិន​នឹង​ជំនន់​នៅ​ទីក្រុង​ ក្រោយ​ពី​ការ​លុប​បឹងកក់​នេះ៕

XS
SM
MD
LG