ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក៖​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​ ​នឹង​កើន​ក្នុង​កម្រិត​ ​៦.៩​ភាគរយ​ក្នុង​ឆ្នាំ​២០១៨


រូបឯកសារ៖ កម្មករ​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រមួយ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៤។
រូបឯកសារ៖ កម្មករ​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រមួយ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៤។

​​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ត្រូវបាន​ព្យាករណ៍​ថា​​ នឹង​នៅ​តែ​រឹងមាំ​ក្នុង​កម្រិត​ ៦.៩​ភាគរយ​ នៅ​ឆ្នាំ​ ២០១៨។​ ​កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ការ​ធ្វើ​ចម្រុះ​កម្ម​នៃ​ការ​នាំចេញ​ ​លំហូ​ចូល​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស​​ និង​ភាព​ប្រសើរ​ឡើង​នៃ​ទស្សន​វិស័យ​ពិភពលោក។​ ​

ធនាគារពិភព​លោក​ប្រចាំកម្ពុជា​ឬ Wold Bank ​បានបញ្ជាក់​ឲ្យដឹងថា ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅឆ្នាំ ​២០១៨ ​នឹងនៅតែមាន​ការរីក​ចម្រើន​ខ្លាំង​ដដែល​ ទោះបីជា​ស្ថិរភាព​នយោបាយគ្មាន​លំនឹង ក្នុងពេល​បោះឆ្នោត​ខាងមុខក្តី។​ សេដ្ឋវិទូ​របស់​ធនាគារ​ពិភព​លោក​ បាន​ផ្តល់​អនុ​សាសន៍​ថា​ កម្ពុជា​ធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ឲ្យ​បាន​កាន់តែ​ស៊ី​ជម្រៅ​ជាង​មុន​ ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ ទាក់​ទិន​តម្លៃ​អគ្គិសនី​ និងគម្លាត​នៃ​ជំនាញ។​

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ត្រូវបាន​ព្យាករណ៍​ថា នឹង​នៅ​តែ​រឹងមាំ​ក្នុង​កម្រិត​ ៦.៩​ភាគរយ​ នៅ​ឆ្នាំ​ ២០១៨។​ ​កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ការ​ធ្វើ​ចម្រុះ​កម្ម​នៃ​ការ​នាំចេញ​ ​លំហូ​ចូល​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ភាព​ប្រសើរ​ឡើង​នៃ​ទស្សន​វិស័យ​ពិភពលោក។​ ​នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ ​Wold Bank​ ​និង​របាយការណ៍​ស្តីពី​បច្ចុប្បន្ន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។​

ថ្លែង​ក្នុង​ពិធី​ចេញផ្សាយ​របាយការណ៍​ស្តីពី​ ​«បច្ចុប្បន្ន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា»​ ​រៀបរៀង​ដោយ​អ្នក​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ ​នៅ​រាជធានីភ្នំពេញ​នា​ថ្ងៃ​ពុធនេះ​ អ្នក​ស្រី​ អ៊ីហ្គូណា​ ដូប្រាចា​ (Inguna Dobraja)​ ​នាយិកា​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​ បាន​មានប្រសាសន៍ថា​ ​ទស្សនវិស័យ​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​តែ​មាន​ភាព​វិជ្ជមាន​ ដោយ​កំណើន​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​នៅ​តែ​ខ្លាំង​ ក្នុង​កម្រិត​ ៦,៩​ ភាគ​រយ​ នៅ​ឆ្នាំ​ ២០១៨។​

អ្នកស្រី​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ការ​បោះ​ជំហាន​ឈាន​ឡើង​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​វិស័យ​កម្ម​ ពី​ការ​កើន​តែ​ផ្នែក​កាត់ដេរ មក​កើន​ផ្នែក​អគ្គិសនី​ និង​គ្រឿង​បន្លាស់​យានយន្ត។​ យ៉ាង​ណា​មិញ​ ​អ្នកស្រី​ថ្លែង​ថា​ ដើម្បី​រក្សា​បាន​នូវ​និន្នាការ​វិជ្ជមាន​នេះ​ កម្ពុជាត្រូវតែ​ធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ឲ្យបាន​កាន់តែ​ស៊ី​ជម្រៅ​ជាង​នេះ​បន្ថែម​ទៀត​ ​និង​ការ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ក្នុង​ការ​ផលិត។

«ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ទ្រទ្រង់​នៃ​និន្នាការ​វិជ្ជមាន​ទាំងនេះ​ កម្ពុជា​ត្រូវតែ​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​រចនា​សម័្ពន្ធ​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ​ជាង​នេះ​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បរិយាកាស​ធ្វើ​ជំនួញ​ ការ​ធ្វើ​ពិពិធ​កម្ម​ (ភាព​ចម្រុះ​ច្រើន​យ៉ាង)​ បន្ថែម​ទៀត​នៃ​ការ​នាំចេញ​នានា​ និង​ការ​កាត់​បន្ថយ​ថ្លៃចំណាយ​ទៅលើ​ភស្តុភារ​ ដោយ​ការ​បំពេញ​គន្លាត​នៃ​ជំនាញ»។

យោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ស្តី​ពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា៖​ ​កម្ពុជា​បោះ​ជំហាន​ឡើង​ខ្សែ​សង្វាក់​តម្លៃ​ក្នុង​វិស័យ​កម្មន្តសាល​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី២២​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​នេះ​បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​នៅ​តែ​ខ្លាំង​ក្លា​ រហូតដល់​ ​៧.០​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៦​ ហើយ​កំណើន​នេះ​ ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​អាច​ថយ​ចុះ​បន្តិច​មក​ត្រឹម​ ៦.៨​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧។​ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ កំណើន​នៃ​ការ​នាំចេញ​សម្លៀក​បំពាក់​បាន​ថមថយ​ ប៉ះប៉ូវ​ដោយ​ការ​នាំ​ចេញ​នូវ​ម៉ាស៊ីន​ឧបករណ៍​គ្រឿងបន្លាស់​អេឡិច​ត្រូនិច​ និង​គ្រឿង​បន្លាស់​រថយន្ត​ ដែល​ទើប​នឹង​លេច​ចេញ​ជា​រូបរាង​កាលពី​ពេល​ថ្មី​នេះ​ ខណៈ​ដែល​វិស័យ​សំណង់​បង្ហាញ​អំពី​សញ្ញា​នៃ​ការ​ថយ​ល្បឿន​។​ ​ក៏ប៉ុន្តែ កិច្ច​ខិត​ខំ​ប្រឹងប្រែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ពីសំណាក់​អាជ្ញាធរ ហាក់​បីដូច​ជា ​ទទួល​បាន​លទ្ធផល​ល្អ​ ដោយមាន​ការ​ងើប​ឡើងវិញ​នូវ​ចំនួន​ទេសចរណ៍​អន្តរជាតិ។​

ប្រធាន​ និង​ក្រុម​សេដ្ឋវិទូ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញអំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៨។​ (ហ៊ុល រស្មី/VOA)
ប្រធាន​ និង​ក្រុម​សេដ្ឋវិទូ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញអំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៨។​ (ហ៊ុល រស្មី/VOA)

ទោះបី​ជាសេដ្ឋកិច្ច​កម្ពុជា​ ត្រូវ​បាន​ព្យាករណ៍​ថា​ នៅ​តែ​មាន​កំណើន​ល្អ​ក្នុង​ឆ្នាំ​ ២០១៨​ក្តី​ ​ធនាគារ​ពិភព​លោក​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​និន្នាការ​វិជ្ជមាន​មួយ​ចំនួន។​ ហានិភ័យ​ទាំងនោះ​មាន​ដូច​ជា​ ការ​លូតលាស់​យឺត​ជាង​មុន​នៃ​សេដ្ឋកិច្ច​ចិន​ និង​ភាព​មិន​ប្រាកដ​ប្រជា ​ដែល​អាច​កើតឡើង​ ទាក់​ទង​ការ​បោះឆ្នោត​ដែល​កំពុង​ខិត​ជិត​មក​ដល់​។

ការ​ប្រកាស​ឲ្យដឹង​ពី​កំណើន​របស់​សេដ្ឋកិច្ច​កម្ពុជា​ ​នៅ​ឆ្នាំ​២០១៨​ ដែល​ជា​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ កើតមាន​ឡើង​ នៅ​ចំ​ពេល​ដែល​ប្រទេស​នេះ​ កំពុងរង​ការ​គំរាម​កំហែង​ពី​ការ​គាប​សង្កត់​ខាង​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​តែមួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ នេះ​រដ្ឋាភិបាល​ស៊ុយអែត​ ​បាន​ប្រកាសឈប់​ផ្តល់​ជំនួយ​ដល់ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ​ និងការ​មិន​បង្កើត​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​នានារវាង​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​បន្ត​ទៀត។​ រដ្ឋាភិបាល​ស៊ុយអែត​ ក៏​កំពុង​ពិនិត្យ​ឡើងវិញ​នៃ​ទម្រង់​ទំនាក់​ទំនង​ផ្សេង​ទៀត​ផង​ដែរ។​

យ៉ាងណា​ក្តី​លោក​ Miguel Sanchez ​អ្នកសេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ យល់​ថា​ ភាព​មិន​ច្បាស់​លាស់​នៃ​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​អាច​នឹង​មានផល​ប៉ះពាល់​ដល់​ វិស័យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ​។ ​លោក​ថា​ ស្ថានភាព​នៃ​ភាព​ប្រាកដ​ប្រជា​នេះ​បាន​កើតឡើង​នៅ​ក្នុង​អំឡុង​ពេល​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំមុនៗ​ ដោយ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នៃ​ការ​ផ្ញើ​ប្រាក់​បរទេស​ និង​បាន​ធ្វើ​ឲ្យ​សហគ្រិនពន្យារពេល​នៃ​ការ​សម្រេចចិត្ត​ធ្វើ​ពាណិជ្ជកម្ម​របស់​ពួកគេ​។​ យ៉ាង​ណា​មិញ​ លោក​អះអាង​ ស្ថានភាព​បែបនេះ​ បាន​កើត​ឡើង​មួយរយៈពេល​ខ្លី។​

ទាក់ទិន​ស្ថានការណ៍​បច្ចុប្បន្ន​នេះ​ លោក Miguel Sanchez​ ​បាន​លើក​ឡើង​ថា ធនាគារ​ពិភព​លោក​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់ ព្រោះ​ស្ថាន​ការណ៍​ដែល​កើត​កន្លង​មក​ ​ហើយ​ស្រដៀង​គ្នា​នឹង​ពេល​បច្ចុប្បន្ន​នេះ បាន​បង្ក​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច។​

«​បញ្ហា​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ហើយ​នេះ​គឺ​ជា អ្វី​ដែល​យើង​កំពុង​ឃ្លាំមើល​យ៉ាង​ល្អិតល្អន់»។

បើ​ទោះ​បី​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ខាង​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ ដោយ​ការ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ក្តី​ ក្រុមសេដ្ឋ​វិទូ​របស់​ធនាគារ​ពិភព​លោកចំនួន​បី​រូប​បាន​លើក​ឡើងពី​កំណែទម្រង់​រចនា​សម្ព័ន្ធដល់​ប្រទេស​កម្ពុជា​ ដើម្បី​រក្សា​កំណើន​រឹងមាំ​បន្ត​ទៀត​ក្នុង​វិស័យ​សេដ្ឋកិច្ច។​

កំណែ​ទម្រង់​រចនា​សម្ព័ន្ធទាំងនោះ​រួមមាន​ ​បង្កើត​ពិពិធកម្ម​នាំ​ចេញ​ តាមរយៈ​ការកំណត់​ថ្លៃ​អគ្គិសនី​ ដែល​មាន​ប្រសិទ្ធភាព​ និង​មាន​ការ​ប្រកួត​ប្រជែង​ ការកំណត់​ជំនាញ​ដែល​ខ្វះខាត​ ហើយ​បង្កើត​កម្មវិធី​សិក្សា​ ដើម្បី​បំពេញ​ចន្លោះ​នោះ​ ដោយ​យោងទៅតាម​គោល​នយោបាយ​បណ្តុះ​បណ្តាល​ជំនាញ​ និង​វិជ្ជា​ជីវៈ​ ២០១៧​-២០២៥។ បន្ត​សម្រួល​ដល់​ដំណើរការ​វិនិយោគ​ ដោយ​ផ្តោត​ជាពិសេស​ទៅលើ​វិស័យ​ផលិត​ផល​ ដែល​អាច​ជួញ​ដូរ​បាន​ និង​លើក​កម្ពស់​ការ​ចូល​ទៅកាន់​ទីផ្សារ​ និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ក្នុង​វិស័យ​ទេសចរណ៍​ ដោយ​កសិករ​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ​នឹង​ជួយ​ដល់​គ្រួសារ​ជន​បទ​ ដែល​រងគ្រោះ ដោយ​តម្លៃ​កសិផល​ទាប​ និង​បង្កើន​ការ​តាម​ដាន​យ៉ាង​ដិតដល់​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន ​នៃ​ភាព​រីកចម្រើន​យឺតយ៉ាវ​នៃ​វិស័យ​វាយនភណ្ឌ​ និង​សំណង់។​

ដោយ​សារ​ទេសចរណ៍​ជា​វិស័យ​ដែល​មាន​សក្តានុពល​មួយ​របស់កម្ពុជា ធនាគារ​ពិភពលោក​ ក៏បាន​ស្នើ​ឲ្យ​ធ្វើ​កំណែទម្រង់​មួយ​ចំនួន រួមមាន​ អភិវឌ្ឍ​តំបន់​អភិរក្ស​ទេសចរណ៍​ ជាមួយ​ នឹង​ផលិត​ផល​មាន​តម្លៃ​ខ្ពស់​ អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ការ​តភ្ជាប់​ ​ដោយសារ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទាប​សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​គោក​ ​ការ​ដោះស្រាយ​បញ្ហា​ធ្លាយ​ចំណូល​ទេសចរណ៍​ និង​ការ​ពង្រីក​ និង​លើក​កម្ពស់​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG