នាពេលពេលបច្ចុប្បន្ននេះ រោងចក្រកាត់ដេរប្រមាណ៣០ បានព្យួរការងារកម្មករជិត២ម៉ឺននាក់ ដែលការណ៍នេះ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច និងជីវភាពធ្ងន់ធ្ងរទៅលើកម្មករ បើទោះបីពួកគេទទួលបានប្រាក់ឧបត្ថម្ភចំនួន៧០ដុល្លារអាមេរិកពីរដ្ឋាភិបាល និងថៅកែរោងចក្រក្តី។ នេះបើតាមការកត់សម្គាល់របស់ក្រុមមេដឹកនាំសហជីពដែលការពារប្រយោជន៍កម្មករ។
ឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់កម្មកររោងចក្រដែលបានបាត់បង់ការងារ ក្រុមមេដឹកនាំសហជីព បានស្នើក្រសួងការងារ និងថៅកែរោងចក្រ គិតគូរផ្តល់ប្រាក់ឧបត្ថម្ភនៃការព្យួរការងារឱ្យបាន៥០% នៃប្រាក់ខែគោល ដើម្បីឱ្យកម្មករដោះស្រាយជីវភាពបាន។ ពួកគេបន្ថែមថា រដ្ឋាភិបាលក៏ត្រូវពិនិត្យតាមរោងចក្រទាំងនោះឱ្យបានជាប់លាប់ ព្រោះបច្ចុប្បន្ន កលល្បិចថ្មីកំពុងកើតមាន ក្រោមរូបភាពម្ចាស់រោងចក្រខ្លះបិទរោងចក្រចាស់ទៅបើករោងចក្រថ្មី ដើម្បីគេចវេះ មិនចង់ផ្តល់ប្រាក់អតីតភាពការងារដល់កម្មករ។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ប្រាប់វីអូអេថា៖ «ជារួមយើងគិតថា ប្រហែលជា៣០ក្រុមហ៊ុន ហើយនៅក្នុងនោះប្រហែលជាជិត២ម៉ឺននាក់ ដែលយើងមើលតាមរបាយការណ៍ដែលក្រសួងការងារចេញផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារ»។
បើតាម លោក អាត់ អន់ ការបន្តព្យួរការងារ នៅតាមរោងចក្របែបនេះ គឺមួយផ្នែកបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល និងមួយផ្នែកទៀតអាចបណ្តាលមកពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ហៅកាត់ថាEBA២០% និងការមិនទាន់ទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក ហៅកាត់ថាGSPឡើងវិញ។
លោកថ្លែងថា៖ «វិបត្តិសកល វាពាក់ព័ន្ធនឹង GSP និង EBA ហ្នឹងឯង។ ហើយពាក់ព័ន្ធល្បិចអាក្រក់របស់ក្រុមហ៊ុនហ្នឹង គ្រាន់តែគាត់មិនអនុវត្តច្បាប់ ហើយមន្ត្រីអធិការយើងខ្សោយអត់តាមដានគាត់។ អ៊ីចឹងគាត់មានក្រុមហ៊ុAអ៊ីចឹង គាត់ទៅបើកB បន្ទាប់មកគាត់យកអីវ៉ាន់ពីAទៅដាក់ B យូរៗទៅ Aអត់ការងារធ្វើគាត់បិទអាហ្នឹងទៅ ហើយគាត់ចំណេញគរគោក ហើយគាត់ទៅបើកថ្មី គាត់ចំណេញឱកាសវិនិយោគពីរដ្ឋបន្ថែមទៀត អ៊ីចឹងអាហ្នឹងជាល្បិចអាក្រក់របស់ក្រុមហ៊ុន»។
ក្រៅពីនេះ លោកជំរុញឱ្យក្រសួងការងារ ត្រូវតែត្រួតពិនិត្យរោងចក្រដែលសម្រេចព្យួរកម្មករ ឱ្យបានត្រឹមត្រូវតាមច្បាប់ និងត្រូវចាប់មន្ត្រីខិលខូច ដែលគប់គិតជាមួយរោងចក្រ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីបញ្ចៀសភាពអយុត្តិធម៌ ដែលធ្លាក់លើកម្មករបម្រើការក្នុងវិស័យវាយនភណ្ឌនេះ។
ប្រធានសហជីពសហព័ន្ធកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា លើកឡើងថា ការព្យួរការងារកម្មកររោងចក្រនេះ បណ្តាលមកពី តម្រូវការនៃការបញ្ជាទិញពីបរទេស មានការធ្លាក់ចុះ ប៉ុន្តែបញ្ហានេះកើតឡើងទូទាំងសកលលោក។
ជាមួយគ្នានេះ លោកថា ការឧបត្ថម្ភធន សម្រាប់កម្មករដែលត្រូវបានព្យួរការងារ ពីសំណាក់រដ្ឋាភិបាល និងភាគីថៅកែរោងចក្រចំនួន៧០ដុល្លារក្នុងមួយខែ គឺជារឿងល្អ ប៉ុន្តែចំនួននេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយសេដ្ឋកិច្ចក្នុងគ្រួសាររបស់កម្មករបាននៅឡើយទេ ដូច្នេះរដ្ឋាភិបាល និងរោងចក្រ គួរគិតគូរផ្តល់ប្រាក់ឧបត្ថម្ភឱ្យបាន៥០%នៃប្រាក់ឈ្នួលគោល ដើម្បីអាចជួយសេដ្ឋកិច្ចកម្មករបាន នៅពេលដែលពួកគេកំពុងប្រឈមភាពគ្មានការងារធ្វើ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំគិតថា យ៉ាងហោចណាស់ក៏កម្មករត្រូវទទួលបានប្រាក់ឈ្នួលគាត់៥០% នៃប្រាក់ឈ្នួលគោលដែរ។ មានន័យថា បើនិយោជកជួយ[ឧបត្ថម្ភ] ៣០ដុល្លារ រដ្ឋាភិបាលគួរតែបន្ថែម៧០ដុល្លារ ដើម្បីឱ្យគ្រប់១០០ដុល្លារ ឱ្យស្មើ៥០% នៃប្រាក់ខែគោល ឬមួយក៏តម្រូវឱ្យនិយោជកបន្ថែមប្រាក់ឧបត្ថម្ភថ្លៃព្យួរការងារ៥០ដុល្លារ រដ្ឋាភិបាលជួយ៥០ដុល្លារ ធ្វើម៉េចក៏ដោយឱ្យកញ្ចប់ថវិកាគាត់ហ្នឹងយ៉ាងហោចណាស់ទទួលបាន៥០%នៃប្រាក់ឈ្នួលគោលដែរ ដើម្បីកាត់បន្ថយការលំបាករបស់បងប្អូនកម្មករក្នុងអំឡុងពេលដែលគាត់ពុំមានការងារធ្វើគ្រប់គ្រាន់»។
បើតាមលោក ប៉ាវ ស៊ីណា បច្ចុប្បន្ន កម្ពុជាមានរោងចក្រ ផ្នែកវាយភណ្ឌកាត់ដេរ សរុបជាង១៣០០រោងចក្រ ដែលមានកម្មករ កម្មការិនី ប្រមាណជាង៨៣ម៉ឺននាក់។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬ GMAC លោក ខេន លូ បាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបាននៅឡើយដែរ។
អ្នកស្រី ម៉ៅ ស្រីមុំ ដែលធ្លាប់ត្រូវបានព្យួរការងារអស់រយៈពេលពីរខែ ប្រាប់វីអូអេថា អំឡុងពេលព្យួរការងារនោះ អ្នកស្រីប្រឈមបញ្ហាសេដ្ឋកិច្ចខ្លាំង ដោយសារគ្មានប្រាក់ចំណូល។ អ្នកស្រីត្រូវស្វះស្វែងរកការងារធ្វើ ដើម្បីអាចរកចំណូលប្រចាំថ្ងៃ ដោះស្រាយស្ថានភាពសេដ្ឋកិច្ចគ្រួសារ ព្រោះអ្នកស្រីមិនបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល និងរោងចក្រនោះទេ អំឡុងពេលដែលអ្នកស្រីត្រូវបានផ្អាកពីការងារ។
អ្នកស្រីថ្លែងថា៖ «អត់ទទួលលុយអ្នកណាផង ដើរ[ធ្វើការ]ស៊ីថ្ងៃគេ យកលុយទិញបាយ ទិញអីហូបអ៊ីចឹងទៅព្រោះអីយើងអត់មានប្រាក់ឈ្នួល»។
អ្នកស្រី ស្នើឱ្យរដ្ឋាភិបាល និងក្រសួងការងារ គិតគូរអំពីជីវភាពរបស់កម្មករ ព្រោះអ្នកស្រីតែងតែប្រឈមបញ្ហាសេដ្ឋកិច្ច ដែលត្រូវចំណាយសព្វសារពើ ទាំងថ្លែផ្ទះជួល និងការហូបចុកជាដើម។ អ្នកស្រី ក៏ព្រួយបារម្ភខ្លាចថា រោងចក្រ ត្រូវបិទទ្វារ និងព្យួរការងារសារជាថ្មី ដែលអាចធ្វើឱ្យប៉ះពាល់ជីវភាពអ្នកស្រីជាថ្មីម្តងទៀតផងដែរ៕