ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដករ​ណាហ្គា​វើលដ៍​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថ្មី​ពាក់ព័ន្ធ​អត្រា​អ្នក​មាន​ការងារ​ធ្វើ


រូបឯកសារ៖ លោក ហេង សួរ​ រដ្ឋមន្ត្រី​​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្ថិត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​ក្រោយ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ដើម្បី​ពិភាក្សា​អំពី​កម្មករ​ចំណាកស្រុក​កម្ពុជា ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៧។ កាលនោះ​លោក​នៅ​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ។
រូបឯកសារ៖ លោក ហេង សួរ​ រដ្ឋមន្ត្រី​​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្ថិត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​ក្រោយ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ដើម្បី​ពិភាក្សា​អំពី​កម្មករ​ចំណាកស្រុក​កម្ពុជា ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៧។ កាលនោះ​លោក​នៅ​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ។

កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មួយ​ចំនួន​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ពាក់ព័ន្ធ​នឹង​អត្រា​អ្នក​មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា​មាន​រហូត​ដល់​៩៩% ​ដែល​ពួក​គេ​ថា​មិន​ត្រូវ​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង​ ខណៈ​ពួកគេ​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​អត់​មាន​ការ​ងារ​ធ្វើ​ជាង​២​ឆ្នាំ​មក​ហើយ​ដោយ​សារ​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។​

ក្នុង​ពិធី​សំណេះ​សំណាល​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត ​ជា​មួយ​កម្មករ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​លោក​ ហេង សួរ​ បាន​លើក​ឡើង​ថា​ ស្ថានភាព​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ​ដោយ​រក្សា​បាន​នូវ​អត្រា​មាន​ការងារ​ធ្វើ​ខ្ពស់។​

លោក​ថ្លែង​ថា៖​«ស្ថានភាព​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ​ ដោយ​រក្សា​បាន​នូវ​អត្រា​មាន​ការងារ​ធ្វើ​ ប្រមាណ​ជាង​៩៩% ​នៃ​កម្លាំង​ពលកម្ម​សរុប​១០​លាន​៨​សែន​នាក់។​ លក្ខខណ្ឌ​ការងារ​និង​ ជីវភាព​រស់​នៅ​របស់​បងប្អូន​កម្មករ​និយោជិត​ក៏​មាន​ជីវភាព​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់»។​

អ្នកស្រី​ឃ្លាំង សុបិន្ត ​សមាជិក​សហជីព​ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ​កន្លះ​ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ប្រាប់​វីអូអេ​ថា​ ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ទាក់ទង​នឹង​អត្រា​អ្នក​មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​ មាន​ប្រមាណ​៩៩%​នោះ​គឺ​ជា​ការ​និយាយ​ដើម្បី​លើក​មុខ​មាត់​របស់​រដ្ឋា ភិបាល​តែ​ប៉ុណ្ណោះ។​

អ្នកស្រី​បាន​សង្កេត​ឃើញ​ថា​ ​រោងចក្រ​មួយ​ចំនួន​បាន​បិទ​ទ្វារ​ ហើយ​កម្មករ​ខ្លះ​ទៀត​កំពុង​អត់​ការងារ​ធ្វើ​ តួយ៉ាង​កូដករ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​នៅ​តែ​បន្ត​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ស្នើ​សុំ​ឱ្យ​ក្រសួង​ការងារ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ តែ​ជាង​២​ឆ្នាំ​មក​នេះ​ជម្លោះ​ក៏​មិន​ត្រូវ​បាន​ដោះស្រាយ​ ហើយ​កូដករ​បន្ត​អត់​ការងារ។​

អ្នកស្រី​ថ្លែង​ថា៖​«បើ​សិន​ជា​៩៩%​មែន​ យើង​ក្រឡេក​មើល​រឿង​ការ​តវ៉ា​របស់​កូដកម្ម​របស់​ណាហ្គា​វើលដ៍​ សល់​តែ​គ្នា​ប៉ុន្មាន​នាក់​ហ្នឹង​អត់​មាន​ការងារ​ធ្វើ​ផង​ហ្នឹង។​ ជាង​២​ឆ្នាំ​អត់​ឃើញ​មាន​ការ​គិត​គូរ​រឿង​ការងារ​ឱ្យ​គ្នា​ផង​ ហើយ​គាត់​នៅ​មាន​មុខ​លើក​ឡើង​ថា​អត្រា​មាន​ការងារ​ធ្វើ​របស់​ប្រជាជន​ខ្មែរ​ ឥឡូវ​វា​ឡើង​ដល់​អី​គេ​៩៩%។​ ខ្ញុំ​អត់​ជឿទេ។ ​ បើ​សិន​ត្រឡប់​ទៅ​៩៩%​អត់​ការងារ​ធ្វើ​អាហ្នឹង​អាច​វិញ»។​

បើ​តាម​អ្នកស្រី ​ឃ្លាំង សុបិន្ត​ ក្រសួង​ការងារ​គួរ តែ​មាន​សកម្ម​ភាព​ចូល​រួម​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ដែល​អត់​ការងារ​ធ្វើ​ ប្រសើរ​ជាង​បាន​ត្រឹម​តែ​និយាយ។​

អ្នកស្រី​បន្ថែម​ថា៖​«ចង់​ឱ្យ​គាត់​ធ្វើ​ម៉េច​ឱ្យ​អ្វី​ដែល​គាត់​និយាយ​សូម​ឱ្យ​គាត់​ធ្វើ​ឱ្យ​ដូច​ពាក្យ​សម្តី​របស់​គាត់​និយាយ ​មិន​មែន​បាន​ត្រឹម​តែ​អួត​ប៉ុន្តែ​សកម្ម​ភាព​អត់​មាន​ទេ។​ កាល​ពី​មុន​មន្រ្តី​តែ​បន្តិច​ផង​ នៅ​ចង់​ពិបាក​ឱ្យ​មាន​ការងារ​ធ្វើ​ចុះ​ឥឡូវ​ទីប្រឹក្សា​ក៏​ច្រើន​មន្រ្តី​ក៏​ច្រើន​ទៀត ​ខ្ញុំ​មិន​ដឹង​ថា​ តើ​យើង​អាច​មាន​ការងារ​ធ្វើ​ច្រើន​ដូច​មន្រ្តី​ដែល​មាន​ច្រើន​អាណត្តិ​ហ្នឹង​អត់»។​

ស្រដៀង​គ្នា​នេះ​ដែរ​ កញ្ញា​ម៉ែន សុធីវឌ្ឍនៈ ​អាយុ​៣១​ឆ្នាំ ​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​តែងតែ​ទៅ​ធ្វើ​កូដកម្ម​ជា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​ចាត់​ទុក​ថា​ ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ដែល​ថា​ អត្រា​អ្នក​មាន​ការងារ​ធ្វើ​មាន​រហូត​ដល់​៩៩%​ ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​អស់​សំណើច​ស្រប​ពេល​ដែល​កម្មករ និង​ប្រជាជន​មួយ​ចំនួន​ពុំ​មាន​ការងារ​ធ្វើ​ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​ព្យួរ​ការងារ​ជា​ដើម។​

កញ្ញា​ថ្លែង​ថា៖​«គួរឱ្យ​អស់​សំណើច​មែនទែន​ ដែល​ជាក់​ស្តែង​ហើយ​នឹង​អត្រា​នៅ​ក្នុង​ដៃ​របស់​គាត់​ហ្នឹង​វា​ខុស​គ្នា។​ ជាក់ស្តែង​គឺ​កំពុង​តែ​ធ្វើ​កូដកម្ម​រាល់​ថ្ងៃ​ហើយ​គាត់​និយាយ​បែប​ហ្នឹង​គឺ​យើង​ មើល​ឃើញ​ថា គាត់​រាល់​ថ្ងៃ​ហ្នឹង​គាត់​កាន់​ជើង​ទៅ​ខាង​ថៅកែ​ច្រើន​ជាង​កម្មករ។​ បើ​សិន​ជា​គាត់​ស្រឡាញ់​កម្មករ​ពិត​ប្រាកដ​មែន​គឺ​គាត់​ ដោះ​ស្រាយ​ឱ្យ​កម្មករ​មាន​ការងារ​ធ្វើ​ពិត​ប្រាកដ​ដូច​អ្វី​ដែល​គាត់​និយាយ​អ៊ីចឹង»។​

កូដករ​រូប​នេះ​ស្នើ​សុំ​ឱ្យ​ក្រសួង​ការងារ​ដែល​ដឹកនាំ​ដោយ​លោក​ហេង សួរ​ ពិចារណា​ឡើង​វិញ​ចំពោះ​ការ​លើក​ឡើង​អំពី​អត្រា​អ្នក​មាន​ការងារ​ធ្វើ​ ខណៈ​ពួកគេ​កំពុង​តែ​គ្មាន​ការងារ​ធ្វើ​ស្រាប់។​

កញ្ញា​បន្ថែម​ថា៖​«បើ​សិន​ជា​ចង់​ឱ្យ​កម្មករ​ដូច​អ្វី​ដែល​គាត់​និយាយ​ថា​ ប្រទេស​យើង​គឺ​មាន​អត្រា​ការងារ​ដល់​៩៩% ​អ៊ីចឹង​ក្នុង​ហ្នឹង​ក៏​មាន​ពួក​ខ្ញុំ​ដែរ។ ​ អ៊ីចឹង​សូម​ឱ្យ​គាត់​ដោះ​ស្រាយ​ឱ្យ​ពួក​យើង​មាន​ការងារ​ធ្វើ​មក។​ មួយ​វិញ​ទៀត​ កម្មករ​ខ្មែរ​មិន​មែន​ចង់​ទៅ​ឱ្យ​គាត់​ទៅ​ហូប​បាយ​ជា​មួយ​ហ្នឹង​ជា​ក្តី​សុខ​របស់​កម្មករ​ទេ។ ​ក្តី​សុខ​របស់​កម្មករ​នៅ​ពេល​ដែល​កម្មករ​មាន​បញ្ហា​ ហើយ​ក្រសួង​ការងារ​ចុះ​មក​ដោះស្រាយ​ ចុះ​មក​សួរ​សុខទុក្ខ​កម្មករ។ ​ហ្នឹង​ហើយ​បាន​ជា​អ្វី​ដែល​កម្មករ​ខ្មែរ​ចង់​បាន»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ទើប​តែង​តាំង​ថ្មី​លោក ​ហេង សួរ​ បាន​ទេ ​ដោយ​ទូរស័ព្ទ​ចូល​ តែ​មិន​មាន​អ្នក​ទទួល​ ហើយ​លោក​ក៏​មិន​ឆ្លើយ​តប​នឹង​សារ​ដែល​វីអូអេ​បាន​ផ្ញើ​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ និង​WhatsApp​នោះ​ដែរ។​

កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​តាំង​ពី​ខែ​ធ្នូ ​ឆ្នាំ​ ២០២១​មក។ ​ថ្នាក់​ដឹកនាំ​សហជីព​យ៉ាង​ហោច​ណាស់​៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់ ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ។​

កញ្ញា ​ឈឹម ស៊ីថរ ​មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​(LRSU) ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។​ ចំណែក​សមាជិក​សហជីព​ចំនួន​ ៨ ​នាក់ ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី ​១​ឆ្នាំ​ទៅ​ ១​ឆ្នាំ​កន្លះ ​ពី​បទ​ល្មើស​ដូចគ្នា​ ដោយ​ខ្លះ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ​និង​ខ្លះ​ត្រូវ​បាន​ព្យួរទោស៕

XS
SM
MD
LG