ស្ត្រីនៅទូទាំងអឺរ៉ុបនិងនៅតាមបណ្ដាប្រទេសដទៃទៀតបាននាំគ្នាធ្វើការតវ៉ាកាលពីថ្ងៃច័ន្ទកន្លងទៅនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងការបំពានដែលកាន់តែរាលដាលខ្លាំងឡើងទៅលើស្ត្រីនិងកុមារី។ អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ត្រីម្នាក់ក្នុងចំណោមបីនាក់ធ្លាប់ជួបប្រទះនឹងអំពើហិង្សាលើរូបរាងកាយ ឬអំពើហិង្សាផ្លូវភេទនៅក្នុងជីវិតរបស់ពួកគេ។ ពាក់កណ្ដាលនៃចំនួនស្ត្រីដែលត្រូវបានសម្លាប់ដោយអំពើហិង្សា រងគ្រោះដោយសារដៃគូឬសមាជិកគ្រួសាររបស់ពួកគេ។ អង្គការសហប្រជាជាតិបានយកថ្ងៃទី២៥ ខែវិច្ឆិកា ជាទិវាអន្តរជាតិដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។
ទិវាអន្តរជាតិដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីត្រូវបានប្រារព្ធឡើងក្នុងព្រឹត្តិការណ៍ជាច្រើន ដូចជាការតវ៉ានៅតាមដងផ្លូវ ការប្រារព្ធពិធីបុណ្យសាសនា និងការតាំងពិព័ណ៌ជាដើម។ នៅក្នុងប្រទេសប៊ែលហ្ស៊ិក ក្រុមអ្នករៀបចំកម្មវិធីបានដាក់តាំងបង្ហាញស្បែកជើងពណ៌ក្រហម ដែលតំណាងឲ្យស្ត្រីដែលត្រូវបានសម្លាប់ដោយសារអំពើហិង្សា។
អង្គការសហប្រជាជាតិបានព្រមានថា អំពើហិង្សាលើស្ត្រីត្រូវតែបញ្ឈប់ជាបន្ទាន់ ដោយសារតែវាគំរាមកំហែងដល់សន្ដិភាពនិងសន្ដិសុខសកលលោក។
អ្នកស្រី Maria Luiza Ribeiro Viotti នៃការិយាល័យប្រតិបត្តិរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា៖ «វប្បធម៌នៃអំពើហិង្សាទៅលើស្ត្រីក៏ផ្ដល់ផលវិបាកធ្ងន់ធ្ងរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលុបបំបាត់ភាពក្រីក្រ ប៉ះពាល់ដល់ការលើកកម្ពស់ដល់ការគិតគូរដល់មនុស្សគ្រប់គ្នា ហើយក៏ប៉ះពាល់ដល់ការអភិវឌ្ឍប្រកបដោយចីរភាពដែរ។ អំពើហិង្សាទប់ស្កាត់ស្ត្រីមិនឲ្យចូលរួមក្នុងគ្រប់វិស័យនៅក្នុងសង្គមបាន»។
រដ្ឋាភិបាលបារាំងបានប្រើប្រាស់ឱកាសនេះដើម្បីប្រកាសអំពីវិធានការថ្មីៗសម្រាប់ការពារស្ត្រី។
លោក Edouard Philippe នាយករដ្ឋមន្ត្រីបារាំងបានមានប្រសាសន៍ថា៖ «នៅឆ្នាំក្រោយ រដ្ឋាភិបាលនឹងវិនិយោគប្រាក់ជាងមួយពាន់លានអឺរ៉ូទៅលើសកម្មភាពទាំងអស់ដែលពាក់ព័ន្ធនឹងសមភាពរវាងស្ត្រីនិងបុរស។ ក្នុងនោះ ថវិកាចំនួន៣៩៧លានដុល្លារនឹងត្រូវប្រើប្រាស់រយៈពេលមួយឆ្នាំសម្រាប់ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី»។
ប៉ូលិសអាំងទែប៉ូលបានក្រើនរំឭកដល់ប្រជាជនឲ្យរាយការណ៍អំពីការជួញដូរនិងការកេងប្រវ័ញ្ចលើស្ត្រីនិងកុមារី នៅពេលដែលពួកគេបានដឹងអំពីរឿងនេះ។
លោក Jurgen Stock អគ្គលេខាធិការប៉ូលិសអាំងទែប៉ូលបានថ្លែងថា៖ «៧១%នៃជនរងគ្រោះដោយសារការជួញដូរមនុស្សនៅទូទាំងពិភពលោកគឺជាស្ត្រីនិងកុមារី ហើយ៧៥%គឺជាគោលដៅនៃការកេងប្រវ័ញ្ចផ្លូវភេទ។ ការអំពាវនាវរបស់ប៉ូលិសអាំងទែប៉ូលគឺជាការក្រើនរំឭកថា ការនាំជនល្មើសឲ្យទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនគឺជាមូលដ្ឋានមួយដ៏សំខាន់នៃសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ»។
ប្រទេសនីហ្សេរីយ៉ាបានធ្វើបញ្ជីឈ្មោះអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទថ្នាក់ជាតិកាលពីថ្ងៃច័ន្ទ ដែលមានគោលបំណងបញ្ចប់វប្បធម៌នៃការការពារអ្នករំលោភសេពសន្ថវៈ ជាជាងការពារជនរងគ្រោះ។
អ្នកស្រី Leymah Roberta Gbowee ជ័យលាភីពានរង្វាន់ណូបែលសន្ដិភាពឆ្នាំ២០១១បានថ្លែងថា៖
«ដល់ពេលហើយដែលក្រុមស្ត្រី បុរស និងស្ថាប័នដែលធ្វើការដើម្បីចេតនាល្អទាំងអស់បញ្ជាក់ឡើងវិញទៅកាន់សមាជិកសហគមន៍របស់ខ្លួន ដើម្បីឲ្យពួកគេដឹងថាការរំលោភសេពសន្ថវៈមិនមែនជាបញ្ហាដែលត្រូវផ្ដល់យុត្តិធម៌ដោយព្រះជាម្ចាស់នោះទេ។ ការណ៍ដែលឲ្យព្រះជាម្ចាស់ជាអ្នករកយុត្តិធម៌ឲ្យមិនមែនជាជម្រើសនោះទេ មានតែការផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ទេដែលជាជម្រើសដ៏ល្អមួយនោះ»។
ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែស្វាគមន៍ចំពោះវិធានការថ្មីនេះសម្រាប់ការពារស្ត្រីនោះទេ។ គណបក្ស Vox ដែលប្រកាន់ស្ដាំនិយមនៅក្នុងប្រទេសអេស៉្បាញបានបដិសេធមិនព្រមចុះហត្ថលេខាលើសេចក្ដីប្រកាសដែលមានគ្រប់គណបក្សនយោបាយចូលរួម ដើម្បីថ្កោលទោសដល់អំពើហិង្សាទៅលើស្ត្រីនោះទេ។
លោក Javier Ortega នៃគណបក្ស Vox ក្នុងប្រទេសអេស៉្បាញបានថ្លែងថា៖ «ក៏មានបុរសដែលរងគ្រោះដោយសារអំពើហិង្សាដែលប្រព្រឹត្តដោយស្ត្រីដែរ ដែលពួកគេត្រូវបានភរិយារបស់ខ្លួនធ្វើឃាត។ បុរសទាំងនោះគួរតែទទួលបានការការពារដូចគ្នាដែរ»។
អាជ្ញាធរតួកគីកាលពីដើមឡើយបានហាមឃាត់មិនឲ្យមានការតវ៉ានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលទេ ប៉ុន្តែក្រោយមកអាជ្ញាធរបានអនុញ្ញាតឲ្យពួកគេធ្វើការតវ៉ានៅតាមដងផ្លូវមួយចំនួន។ ប៉ូលិសបានបាញ់ទឹកធ្វើឲ្យក្រហាយភ្នែកទៅលើហ្វូងអ្នកតវ៉ាដើម្បីបំបែកអ្នកតវ៉ាដែលដើរហួសពីដែនកំណត់ដែលអាជ្ញាធរបានអនុញ្ញាត៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា