ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Netanyahu ថា ក្រុមហាម៉ាស់​នឹង​«ត្រូវ​សង‍‍»​ចំពោះ​ការ​មិន​ប្រគល់​សព​​របស់​ចំណាប់ខ្មាំង


យុទ្ធជន​ប៉ាឡេស្ទីន​ពាក់ម៉ាស់​ឈរនៅជិត​ម្ឈូស​ចំណាប់ខ្មាំង​អ៊ីស្រាអែល​នៅ​លើឆាកនៅទីក្រុង​ Khan Yunis ភាគខាងត្បូង​តំបន់ហ្កាហ្សា​កាលពីថ្ងៃទី​២០ កុម្ភៈ ឆ្នាំ២០២៥។
យុទ្ធជន​ប៉ាឡេស្ទីន​ពាក់ម៉ាស់​ឈរនៅជិត​ម្ឈូស​ចំណាប់ខ្មាំង​អ៊ីស្រាអែល​នៅ​លើឆាកនៅទីក្រុង​ Khan Yunis ភាគខាងត្បូង​តំបន់ហ្កាហ្សា​កាលពីថ្ងៃទី​២០ កុម្ភៈ ឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ក្រុម​ហាម៉ាស់​នឹង​«ត្រូវ​សង‍»​ចំពោះការ​ខកខាន​មិន​បាន​ប្រគល់​សាកសព​របស់​ចំណាប់​ខ្មាំង​អ្នកស្រី Shiri Babas ឱ្យ​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ខ្លួន​បាន​ធ្វើ​ជាមួយ​អ៊ីស្រាអែល។

នៅ​ក្នុង​សារ​ជា​វីដេអូ​លោក Netanyahu ថ្លែង​ថា៖ «យើង​នឹង​ចាត់​វិធានការ​ដោយ​ការ​ប្តេជ្ញាចិត្ត​ដើម្បី​យកអ្នកស្រី​ Shiri មក​មាតុភូមិ​វិញ ព្រម​ជាមួយ​នឹង​ចំណាប់​ខ្មាំង​ផ្សេង​ទៀត ទាំង​អ្នក​នៅ​រស់​និង​អ្នក​បាន​ស្លាប់ ហើយ​នឹង​ធានា​ថា​ក្រុម​ហាម៉ាស់​នឹង​សង​ឱ្យ​ពេញ​ថ្លៃ​ចំពោះ​អំពើ​ឃោរឃៅ​និង​ការ​រំលោភ​ដ៏​អាក្រក់​ចំពោះ​កិច្ច​ព្រមព្រៀង‍​នេះ»។​

ក្រុម​ហាម៉ាស់​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា សាកសព​របស់​អ្នកស្រី Shiri Babas ទំនង​ត្រូវ​បាន​គេ​ច្រឡំលាយឡំ​ជាមួយ​សាកសព​ដទៃ​ទៀត​នៅ​ក្នុង​គំនរ​បែកបាក់​ក្រោយ​ពី​អគារ​ដែល​អ្នកស្រី​ត្រូវ​បាន​គេ​ឃុំ​នោះ​បាន​រង​ការ​វាយប្រហារ​តាម​អាកាស​ពី​អ៊ីស្រាអែល។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

សាកសព​របស់​ចំណាប់​ខ្មាំង​អ៊ីស្រាអែល​បី​នាក់​និង​សាកសព​ទី​៤​របស់​ស្ត្រី​ម្នាក់​ដែល​គេ​មិន​ដឹង​អត្តសញ្ញាណ ត្រូវ​បាន​ក្រុម​ហាម៉ាស់ប្រគល់​ឱ្យ​អ៊ីស្រាអែលកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ការ​ប្រគល់​ចុងក្រោយ​បំផុត​ក្រោយ​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំង​ពីរ។

សពដែល​ត្រូវ​បាន​ដោះលែង​ទាំង​នោះ​រួម​មាន​សព​របស់ចំណាប់ខ្មាំង​វ័យក្មេង​បំផុត​គឺទារក Kfir Bibas អាយុ​៩​ខែនៅ​ពេល​ចាប់​ពង្រត់ និង​បងប្រុស​របស់​ទារក​នោះ​ឈ្មោះ Ariel Bibas មាន​អាយុ ៤ ឆ្នាំ។ ​

ប៉ុន្តែ​សព​របស់​ម្តាយ​គឺ​អ្នកស្រី Shiri Bibas ដែល​គ្រោង​ថា​នឹង​ត្រូវ​ប្រគល់​នោះ​ ​យោធា​អ៊ីស្រាអែល​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​មិន​មែន​ជា​សាកសព​របស់​អ្នកស្រី​ទៅវិញ​ ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណសព​នោះ​នៅ​ឡើយ៕


ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និងទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:29:58 0:00
XS
SM
MD
LG